វ៉ាស៊ីនតោន — រយៈពេលបីឆ្នាំក្រោយពីលោកបណ្ឌិត កែម ឡី អតីតអ្នកវិភាគនយោបាយនិងសង្គម ត្រូវបានឃាតកសម្លាប់ ក្រុមអ្នកគាំទ្រនិងអ្នកមានសមានចិត្តនៅតែចងចាំពីសេចក្តីក្លាហាន និងការបណ្តុះយុវជនជំនាន់ក្រោយឱ្យចូលរួមក្នុងឆាកនយោបាយ។
អ្នកគាំទ្រទាំងនោះនិងអង្គការសិទ្ធិមនុស្សក៏បានអំពាវនាវឱ្យបញ្ឈប់ការសម្លាប់មនុស្សក្រៅប្រព័ន្ធច្បាប់ និងធ្វើការស៊ើបអង្កេតឯករាជ្យដើម្បីស្វែងរកអ្នកពាក់ព័ន្ធដទៃទៀតយកមកកាត់ទោសផងដែរ។
លោកសួង នាគព័ន្ធ អ្នកដឹកនាំការរៀបចំពិធីរំលឹកដល់លោកបណ្ឌិតកែម ឡី បានបញ្ជាក់ប្រាប់វីអូអេថា៖
«យើងរំលឹកនូវការបាញ់សម្លាប់ហ្នឹងដោយមិនមានយុត្តិធម៌សម្រាប់គាត់ យើងនិយាយសារមួយទៅរដ្ឋាភិបាល ឱ្យរដ្ឋាភិបាលវែកមុខឃាតកពិត ឃាតកដែលគាត់ចាប់បានគឺជាឃាតកសិប្បនិម្មិត ជាឃាតកក្លែងបន្លំ ជាឃាតកដូរមនុស្ស មិនមែនយើងមិនដឹងទេ ប៉ុន្តែយើងចង់ឱ្យរដ្ឋាភិបាលវែកមុខរកឃាតកពិតមកថានៅពីក្រោយខ្នងជាអ្នកណា»។
លោកកែម ឡី ដែលជាអ្នករិះគន់មិនសំចៃមាត់លើការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ត្រូវបានខ្មាន់កាំភ្លើងដើរចូលទៅបាញ់ដល់កៅអីអង្គុយ ក្នុងពេលដែលលោកកំពុងទទួលទានកាហ្វេនៅពេលព្រឹកក្នុងហាងកាហ្វេនៅស្ថានីយ៍សាំងកាលតិច ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។
ការបាញ់សម្លាប់កើតឡើងក្រោយពីលោកបានធ្វើសេចក្តីអធិប្បាយក្នុងការចេញផ្សាយមួយរបស់អង្គការការពារបរិស្ថាន Global Witness ដែលរិះគន់អំពើពុករលួយទាក់ទងនឹងសមាជិកគ្រួសារលោកនាយករដ្ឋមន្ត្រីហ៊ុន សែន។
លោកកែម ឡី គឺជាជនរងគ្រោះចុងក្រោយដែលធ្លាប់ធ្វើសកម្មភាពលេចធ្លោក្នុងសង្គម។ កន្លងមកមានជនរងគ្រោះដទៃទៀតដែលបានធ្វើសកម្មភាពសង្គម ហើយបានស្លាប់បាត់បង់ជីវិតដែរ ដែលមានដូចជាលោកឈុត វុទ្ធី សកម្មជនការពារព្រៃឈើ លោកជា វិជ្ជា សកម្មជនសិទ្ធិកម្មករ និងព្រះសង្ឃសំ ប៊ុនធឿន ជាដើម។
បើទោះបីលោកកែម ឡី ជាមនុស្សគ្មានឋានៈខ្ពង់ខ្ពស់នៅក្នុងស្ថាប័នរដ្ឋ ប៉ុន្តែពិធីបុណ្យសពរបស់លោកមានមនុស្សជាច្រើនម៉ឺននាក់បានចូលរួមដង្ហែរតាំងពីរាជធានីភ្នំពេញរហូតដល់កន្លែងបញ្ចុះសពនៅស្រុកកំណើតក្នុងខេត្តតាកែវ។ រីឯនៅក្រៅប្រទេសវិញ ពលរដ្ឋខ្មែរជាច្រើនបានប្រារព្ធពិធីនេះ ហើយគ្រាន់តែនៅសហរដ្ឋអាមេរិកមួយ គឺមានពិធីសាសនាជាច្រើនត្រូវបានរៀបចំធ្វើឡើងដើម្បីឧទ្ទិសដល់វិញ្ញាណក្ខន្ធនិងស្នាដៃរបស់លោក។
លោកកែម ឡី បានធ្វើបទវិភាគលើបញ្ហាជាច្រើននៅក្នុងសង្គមដែលមានដូចជាបញ្ហាព្រំដែន សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ បរិស្ថាន បក្សពួកនិយម និងអំពើពុករលួយក្នុងសង្គមជាដើម។
សកម្មជនសិទ្ធិមនុស្សដែលបានក្លាយខ្លួនជាអ្នកនយោបាយដូចជា លោកយ៉េង វីរៈ ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដែលជាគណបក្សមួយចូលរួមបង្កើតដោយលោកបណ្ឌិតកែម ឡី នៅចងចាំពីគោលការណ៍របស់អតីតអ្នកវិភាគរូបនេះ ដែលទទូចឱ្យថ្នាក់ដឹកនាំការពារបូរណភាពទឹកដីទប់ទល់នឹងការឈានពានពីប្រទេសជិតខាង។ រីឯក្រុមយុវជនខ្លះចងចាំពីការបំផុសលើកទឹកចិត្តពួកគេឱ្យចូលរួមសកម្មភាពនយោបាយនិងសង្គម។
លោកសួង នាគព័ន្ធ ដែលជាសមាជិកសមាគមសម្ព័ន្ធនិស្សិត បញ្ញវន្តខ្មែរបានបញ្ជាក់បន្ថែមប្រាប់វីអូអេថា៖
«កាលពីគាត់នៅមានជីវិត គឺគាត់បណ្តុះបណ្តាលពួកខ្ញុំឱ្យចូលរួមកិច្ចការងារសង្គមជាតិ ឱ្យចេះធ្វើនយោបាយដើម្បីផលប្រយោជន៍ជាតិនិងប្រជាពលរដ្ឋជាធំ នីតិវិធីក្នុងការធ្វើការងារសង្គមជាតិ យើងនិយាយការពិតមិននិយាយការពារ។ យើងសិក្សាស្រាវជ្រាវ យើងមានឯកសារយោងត្រឹមត្រូវ យើងមានរបៀបក្នុងការធ្វើការរបស់យើង មិនផ្កាប់មុខ បក្សនេះបក្ស «ក» បក្ស«ខ»។ មិនយកខ្មែរណាជាសត្រូវ។ នេះជាគោលបំណងធំរបស់គាត់ដែលគាត់ថា យុទ្ធសាស្ត្រទឹកត្រជាក់ ត្រីកុំ»។
សកម្មភាពមួយទៀតរបស់លោកកែម ឡី គឺការស្រាវជ្រាវនិងចងក្រងបញ្ហាធំៗនៅក្នុងសង្គមតាមរយៈកម្មវិធី១០០រាត្រី ដែលតម្រូវឱ្យក្រុមសិក្សាស្រាវជ្រាវចុះដល់មូលដ្ឋាន។
សកម្មជនយុវជននៃក្រុមការងារ១០០រាត្រី របស់លោកបណ្ឌិតកែម ឡី នៅតែបន្តការងារដែលមកដល់ពេលនេះឈានមកដល់រាត្រីទី៤៧ ដែលផ្តោតលើបញ្ហាព្រំដែនកម្ពុជា បញ្ហាជនអន្តោប្រវេសន៍វៀតណាមនៅបឹងទន្លេសាប វប្បធម៌នយោបាយ លទ្ធិប្រជាធិបតេយ្យយុត្តិធម៌ និងនីតិរដ្ឋ។
លោកមួង សូនី ប្រធានសមាគមសម្ព័ន្ធនិស្សិត បញ្ញវន្តខ្មែរដែលដឹកនាំការសិក្សាស្រាវជ្រាវនេះបានបញ្ជាក់បន្ថែមប្រាប់វីអូអេថា៖
«របាយការណ៍ហ្នឹងទៀតសោតក្រុមការងារ១០០រាត្រីបានធ្វើការផ្សព្វផ្សាយតាមបណ្តាញសារព័ត៌មាន បណ្តាញសង្គម យូធូប ហ្វេសប៊ុក ហើយមានរបាយការណ៍មួយចំនួនដែលទាក់ទិននឹងលទ្ធិប្រជាធិបតេយ្យ យើងបានដាក់ជូនទៅអង្គការអន្តរជាតិពាក់ព័ន្ធ និងស្ថានទូតនានាដែលពាក់ព័ន្ធហ្នឹងឱ្យជួយជំរុញលើកកម្ពស់យុត្តិធម៌ ការគោរពនីតិរដ្ឋ ការគោរពច្បាប់ ហើយនឹងលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជាយើង»។
ប៉ុន្តែក្នុងការបំពេញការងារនេះពួកគេបានត្អូញត្អែពីការគាបសង្កត់ហាមឃាត់ ការគំរាមកំហែង និងការតាមដានសកម្មភាពពីអាជ្ញាធរមូលដ្ឋានជាច្រើន។
លោកមួង សូនី បានបន្ថែមទៀតថា៖
«ទាំងនេះជាបញ្ហាដែលយើងបានជួប ក៏ប៉ុន្តែយ៉ាងណាក៏ដោយ យុវជនយើងអត់មានរាថយទេគឺយើងនៅតែធ្វើតាមកាលៈទេសៈ ដើម្បីយើងចូលរួមជួយប្រទេសជាតិ យើងឱ្យមានការរីកចម្រើន ហើយពួកខ្ញុំដែលជាក្រុមការងារ១០០រាត្រី ក៏យើងមិនបន្ទោសរដ្ឋាភិបាល ឬក៏អាជ្ញាធរដែលគាត់បំបិទសិទ្ធិសេរីភាពយើងទេ។ យើងចេះតែព្យាយាមពន្យល់គាត់ឱ្យយល់ពីច្បាប់និងលទ្ធិប្រជាធិបតេយ្យវិញ»។
ពួកគេប្តេជ្ញាបន្តការងារនេះយ៉ាងហោចណាស់ចំនួនពីរឆ្នាំទៀត មុននឹងបញ្ចប់ហើយនឹងផ្តោតលើបញ្ហាសន្តិសុខព្រំដែន វប្បធម៌នយោបាយ ជីវភាពពលរដ្ឋ កសិកម្ម ការអភិវឌ្ឍប្រកបដោយចីរភាព វប្បធម៌អរិយធម៌ខ្មែរសុរិន្ទនិងកម្ពុជាក្រោម និងកម្រងកោះទាំង៦៤របស់កម្ពុជា និងប្រទេសប្រជាធិបតេយ្យពិភពលោក ពលរដ្ឋខ្មែរនៅជុំវិញពិភពលោកដែលបានជួយជំរុញឱ្យកម្ពុជាមានលទ្ធិប្រជាធិបតេយ្យ។
លោកសួង នាគព័ន្ធ បានប្តេជ្ញាថា ការស្រាវជ្រាវដើម្បីឆ្លុះបញ្ចាំងពីបញ្ហានៅក្នុងសង្គម និងការចង់បានរបស់ពលរដ្ឋ៖
«ជាគោលបំណងយើង យើងត្រូវមានការផ្លាស់ប្តូរ គោលបំណងប្រជាពលរដ្ឋចង់មានបំណងផ្លាស់ប្តូរអ្នកនយោបាយនៅប្រទេសកម្ពុជា ពីព្រោះដោយសារតែជាង៣០ឆ្នាំហើយ យើងអត់អាចទទួលយកបានទេ យើងចង់ផ្លាស់ប្តូរពីរអណត្តិបក្សមួយ ពីរអណត្តិបក្សមួយដើម្បីឱ្យគ្រប់គណបក្សនយោបាយទាំងអស់ចូលរួមអភិវឌ្ឍប្រទេសចូលរួមគិតគំនិតដែលប្រជាពលរដ្ឋចង់បាន»។
រហូតមកដល់ពេលនេះ ការពិភាក្សាពាក់ព័ន្ធនឹងការធ្វើឃាតលោកបណ្ឌិតកែម ឡី ស្ទើរតែក្លាយជាបញ្ហារសើបដែលអ្នកបញ្ចេញមតិខុសពីអ្វីដែលរដ្ឋាភិបាលបានប្រកាសត្រូវប្តឹងឡើងតុលាការ និងរត់ភៀសខ្លួនចេញពីប្រទេស។ មានមនុស្សចំនួន៥នាក់បានជាប់ទោស និងរត់ភៀសខ្លួន ក្នុងនោះមានលោក ផែង វណ្ណៈ មន្ត្រីប៉ូលិសថ្នាក់វរសេនីយ៍ទោត្រូវជាប់ពន្ធនាគារមួយឆ្នាំ ដោយសារតែពាក់ព័ន្ធនឹងការអត្ថាធិប្បាយភ្ជាប់លោក ហ៊ុន សែន ទៅនឹងសំណុំរឿងឃាតកម្មលោកបណ្ឌិតកែម ឡី ប៉ុន្តែត្រូវបានដោះលែងវិញ ក្រោយពីធ្វើលិខិតសុំទោសលោកនាយករដ្ឋមន្ត្រី។
មនុស្ស ៤ នាក់ទៀតមានលោកសម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោកស្រីថាក់ ឡានី អតីតសមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី លោកគឹម សុខ អ្នកវិភាគនយោបាយនិងសង្គមនិងអ្នកលេងហ្វេសប៊ុកឈ្មោះ ហេង លក្ខណា ត្រូវមានទោសនិងភៀសខ្លួនព្រោះតែការរិះគន់ថា លោក ហ៊ុន សែន និងក្រុមគ្រួសាររបស់លោកមានជាប់ទាក់ទិននឹងឃាតកម្មលោកបណ្ឌិត កែម ឡី។
ហើយនៅខួបលើកទីបីនៃការធ្វើឃាតលោកកែម ឡី ក៏មានមនុស្សរហូត៧នាក់ ត្រូវបានចាប់ឃាត់ខ្លួននិងបញ្ជូនទៅតុលាកា រដោយសារតែជម្នះធ្វើពិធីនេះនៅកន្លែងដែលលោកត្រូវបានសម្លាប់និងលក់អាវយឺតដែលមានរូបនិងសម្តីដើមរបស់លោក។ ក្នុងនោះមានលោក សួង នាគព័ន្ធ និងលោកគង់ រ៉ៃយ៉ា ដែលនឹងត្រូវប្រឈមនឹងចំណាត់ការរបស់តុលាការ។
នៅខួបលើកទីបីនេះ ពិធីបុណ្យរំលឹកដល់លោកបណ្ឌិត កែម ឡី ក៏មានប្រារព្ធធ្វើនៅប្រទេសដទៃទៀត ដូចជានៅសហរដ្ឋអាមេរិក បារាំង កូរ៉េខាងត្បូង និងអូស្ត្រាលីជាដើម តាំងពីដើមខែកក្កដារហូតមក។
នៅសហរដ្ឋអាមេរិក សកម្មជនសហគមន៍ខ្មែរ-អាមេរិកាំងដែលមានសមានចិត្តនឹងលោកបណ្ឌិតកែម ឡី អតីតអ្នកវិភាគនយោបាយនិងសង្គម បានជួបជុំគ្នាធ្វើពិធីរំលឹកដល់លោកនៅតាមរដ្ឋមួយចំនួន។
កាលពីថ្ងៃអាទិត្យកន្លងទៅ សកម្មជនសហគមន៍បានជួបជុំគ្នានៅភោជនីយដ្ឋានសំពៅមាសក្នុងទីក្រុងឡូវ៉ែល រដ្ឋម៉ាស្សាឈូសិត។ សកម្មជនទាំងនេះក៏បានអំពាវនាវសុំឱ្យពលរដ្ឋខ្មែរនិងសហគមន៍អន្តរជាតិខិតខំការពារអ្នកលើកស្ទួយសិទ្ធិសេរីភាព ក្នុងការបញ្ចេញមតិនិងលទ្ធិប្រជាធិបតេយ្យដទៃទៀត ដែលនៅរស់រានមានជីវិតផងដែរ។
លោកប៉ែន សុខផល អ្នករៀបចំកម្មវិធីបានបញ្ជាក់ប្រាប់វីអូអេថា៖
«ក្នុងគោលបំណងដែលសំខាន់បំផុត គឺយើងចង់ឱ្យពលរដ្ឋខ្មែររក្សានូវសេចក្តីគោរពស្រឡាញ់នូវគុណូបការៈរបស់លោកដែលជាបុរសម្នាក់អាចធ្វើឱ្យប្រជាពលរដ្ឋខ្មែរទាំងមូលទូទាំងប្រទេសយល់អំពីសិទ្ធិសេរីភាព និងការតស៊ូបញ្ចេញមតិ ក៏ដូចជាការប្រើនូវឧត្តមគំនិតខ្លួនឯងហ្នឹងឱ្យមានប្រយោជន៍ដល់ជាតិបាន»។
លោកប៉ែន សុខផល បានសំណូមពរឱ្យពលរដ្ឋខ្មែរត្រូវជួយថែរក្សាការពារនិងលើកស្ទួយអ្នកដែលមានស្មារតីជាតិ និងសេចក្តីក្លាហានដោយកុំធ្វេសប្រហែសទាល់តែពួកគេបាត់បង់ជីវិតហើយ ទើបនឹងស្តាយស្រណោះដែលក្នុងនោះមានលោកមាស នី អតីតមិត្តភក្តិជិតស្និទ្ធរបស់លោកកែម ឡីហើយបានចេញមុខមកធ្វើការវិភាគបន្ត។
«ខ្ញុំសូមឱ្យយើងហ្នឹងមេត្តាជួយជ្រោមជ្រែងដល់ស្មារតី ឬក៏អស់លោក ឬបញ្ញវ័ន្តណាមានបេះដូងស្រឡាញ់ជាតិ ស្នេហាជាតិពិតប្រាកដដូចលោកកែម ឡី ដូចលោកមាស នី អីចឹងសូមកុំឱ្យនឹកសោកស្តាយនឹកចងចាំនៅពេលដែលបាត់បង់ជីវិត បាត់បង់របស់ដែលមានតម្លៃទៅ។ អីចឹងអ្វីដែលសំខាន់គឺពួកគាត់កំពុងតែមានជីវិតរស់នៅបច្ចុប្បន្ន ហើយគាត់កំពុងតែជួបគ្រោះលំបាកយ៉ាងដូច្នេះ ក្នុងនាមយើងជាប្រជាពលរដ្ឋខ្មែរដូចគ្នា ហើយជាពិសេសក្នុងនាមគាត់ជាអ្នកបានជ្រោមជ្រែងលទ្ធិប្រជាធិបតេយ្យដែរ ដូច្នេះសូមឱ្យយើងជួយគ្នាឡើង ចេះជួយយកអាសារគ្នាឡើង តិចច្រើន ខាងទឹកចិត្តក្តី កម្លាំងថវិកាក្តី គឺយើងត្រូវហ៊ានបង្ហាញសេចក្តីស្រឡាញ់ចងជាសម្ព័ន្ធភាព ចងជាកម្លាំងដើម្បីឱ្យយើងមានកម្លាំងកាន់តែខ្លាំងដើរទៅមុខ»។
នៅប្រទេសបារំាង ពលរដ្ឋខ្មែរជាច្រើនក៏បានមកជួបជុំគ្នានៅវត្តធម្មរង្ស៊ី ក្រុងបាញើ ដែលស្ថិតនៅក្បែរទីក្រុងប៉ារីស កាលពីថ្ងៃអាទិត្យ ដើម្បីធ្វើពិធីរំលឹកដល់លោកបណ្ឌិតកែម ឡី ផងដែរ។
កញ្ញាលឹម កណ្ណិកា ប្រធានចលនាយុវជននៃសាខាគណបក្សសង្គ្រោះជាតិប្រចាំទីក្រុងប៉ារីស ប្រទេសបារំាង បានប្រាប់វីអូអេថា ក្រុមយុវជនសោកស្តាយដែលបាត់បង់មនុស្សដែលសំខាន់ដូចលោកបណ្ឌិតកែម ឡី៖
«សំឡេងពីខាងយុវជនយើង យើងស្តាយណាស់ យើងបាត់មនុស្សដែលសំខាន់សម្រាប់ប្រទេសកម្ពុជា។ មិនមែនតែសម្រាប់ប្រទេសកម្ពុជាទេ គឺយើងស្តាយមនុស្សដែលជាសកម្មជននយោបាយ ដែលគាត់បានធ្វើការងារច្រើនសម្រាប់ឱ្យយុវជនជំនាន់ក្រោយយល់នូវនយោបាយ»។
កញ្ញា លឹម កណ្ណិកា បានបញ្ជាក់ថា សិទ្ធិសេរីភាពនៃប្រទេសមួយត្រូវបានវាស់ស្ទង់តាមរយៈសិទ្ធិក្នុងការបញ្ចេញមតិដោយសេរីដោយគ្មានការសងសឹក៖
«យើងយល់ថា បើសិនជាយើងមិនអាចធ្វើវិភាគខាងនយោបាយ ហើយគេមកសម្លាប់យើង ឬមកសម្លាប់មនុស្សដែលគេគ្រាន់តែធ្វើការ[វិភាគ] យើងយល់ថា អត់មានសិទ្ធិសេរីភាពទេនៅក្នុងប្រទេសកម្ពុជា។ យើងមិនអាចទៅមុខទៀតដូចអីចឹងទេ ព្រោះថាយើងត្រូវតែគិតអនាគតសម្រាប់យុវជនក្រោយទៀត»។
រហូតមកដល់ពេលនេះ មានមនុស្សតែម្នាក់គត់គឺបុរសឈ្មោះ អឿត អាង ហៅជួប សម្លាប់ ត្រូវបានអាជ្ញាធរប៉ូលិសបង្ហាញថា ជាអ្នកលើកផែនការ និងជាជនដៃដល់សម្លាប់ដោយសារតែគំនុំខ្ចីប្រាក់ ហើយត្រូវតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិត។ សវនាការនោះមិនមានការចូលរួមពីសមាជិកក្រុមគ្រួសារលោកកែម ឡី ទេដោយសារតែពួកគេមិនជឿថា ជននោះជាឃាតកពិត និងធ្វើសកម្មភាពម្នាក់ឯង និងមូលហេតុនៃការសម្លាប់នោះ ដោយសារតែលោកកែម ឡី ជំពាក់ប្រាក់បន្តិចបន្តួចឡើយ ដោយសារតែអ្នកទាំងពីរនាក់មិនដែលស្គាល់គ្នាពីមុនមកផង។
អង្គការការពារសិទ្ធិមនុស្សជាតិនិងអន្តរជាតិសំខាន់ៗសរុបចំនួន២៤ រួមមានអង្គការលីកាដូ (Licadho) សមាគមអាដហុក (Adhoc) គណៈកម្មការ ចៅក្រមអន្តរជាតិ (ICJ) អង្គការ Amnesty International របស់ប្រទេសអង់គ្លេសនិងអង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch (HRW) របស់សហរដ្ឋអាមេរិកបានទទូចឲ្យរដ្ឋាភិបាលកម្ពុជាបង្កើតគណៈកម្មការឯករាជ្យមួយ ដើម្បីស៊ើបអង្កេត «ដោយហ្មត់ចត់ និងមានប្រសិទ្ធភាព»ទៅលើការធ្វើឃាតលោកបណ្ឌិត កែម ឡី។
លោកផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានលើកឡើងថា ការទទួលយកឬមិនទទួលយកការកាត់ក្តីរបស់តុលាការអាស្រ័យលើបុគ្គលផ្ទាល់ខ្លួន៖
«ការពេញចិត្តឬការមិនជឿអាស្រ័យទៅលើសិទ្ធិឯកជនណាមួយ ឬក្រុមណាមួយក្នុងការវិនិច្ឆ័យក្តីនេះ ក៏ប៉ុន្តែគេមានសិទ្ធិគ្រប់គ្រាន់នៃការមិនពេញចិត្តនេះ គួរតែស្វែងរកភស្តុតាងពិតប្រាកដ ដើម្បីយកមកប្រជែងនៅក្នុងសាលវិនិច្ឆ័យក្តីនេះ»។
រីឯអាជ្ញាធរប៉ូលិសបានអះអាងថា ការស៊ើបអង្កេតស្វែងរកអ្នកនៅពីក្រោយខ្នងការធ្វើឃាតនេះនៅបន្តនៅឡើយ៕