លោកគង់ រ៉ៃយ៉ា អាយុ២៨ឆ្នាំ និងលោកសួង នាគព័ន្ធ អាយុ២៩ឆ្នាំ ត្រូវបានតុលាការក្រុងភ្នំពេញចោទប្រកាន់នៅថ្ងៃព្រហស្បតិ៍នេះ ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ក្រោយពីបុរសទាំងពីររូបនេះបានប៉ុនប៉ងធ្វើសកម្មភាពទាក់ទិនទៅនឹងការរំឭកវិញ្ញាណក្ខន្ធឧទ្ទិសដល់ខួបគម្រប់៣ឆ្នាំនៃការបាញ់សម្លាប់លោកបណ្ឌិតកែម ឡី អ្នកវិភាគនយោបាយនិងសង្គមដ៏ល្បីល្បាញនៅក្នុងប្រទេសកម្ពុជា។ នេះបើយោងតាមក្រុមមន្ត្រីការពារសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា។
ការចោទប្រកាន់បុរសទាំងពីរនេះគឺផ្អែកតាមមាត្រា៤៩៤ និងមាត្រា៤៩៥នៃក្រមព្រហ្មទណ្ឌ។ បទចោទនេះអាចឲ្យពួកលោកប្រឈមនឹងការជាប់ពន្ធនាគារពី៦ខែដល់២ឆ្នាំ ប្រសិនបើតុលាការរកឃើញថា លោកមានពិរុទ្ធភាព។
លោកគង់ រ៉ៃយ៉ា ដែលក្រុមអង្គការសិទ្ធិមនុស្សអះអាងថា ជាអ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិ ត្រូវចាប់ឃាត់ខ្លួនកាលពីថ្ងៃអង្គារជាមួយភរិយារបស់លោក និងសាច់ញាតិរបស់លោកចំនួនពីរនាក់ផ្សេងទៀត។ ការចាប់ខ្លួននេះធ្វើឡើង ដោយសារតែពួកលោកបានប្រកាសលក់អាវយឺតមានភ្ជាប់រូបថតអ្នកវិភាគនយោបាយលោកកែម ឡី តាមបណ្តាញសង្គមហ្វេសប៊ុក។
នៅផ្នែកខាងក្រោយនៃអាវយឺតនោះមានសរសេរសម្រង់សម្តីលោកកែម ឡីថា៖ «បើអ្នកមិនធ្វើអ្វីសោះ ក៏គង់នឹងរងគ្រោះដែរ គ្រាន់តែមិនទាន់ដល់វេនអ្នកប៉ុណ្ណោះ»។
ដោយឡែកលោកសួង នាគព័ន្ធ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃពុធម្សិលមិញ ខណៈដែលលោកព្យាយាមចែកខិតប័ណ្ណដែលមានខ្លឹមសារស្នើឲ្យបញ្ឈប់«ការសម្លាប់មនុស្សក្រៅប្រព័ន្ធ» ដើម្បីរំឭកខួបនៃការបាញ់សម្លាប់លោកកែម ឡី នៅស្ថានីយ៍ប្រេងឥន្ធនៈកាល់តិច ស្តុបបូកគោ ជាទីដែលអ្នកវិភាគរូបនេះត្រូវធ្វើឃាតដោយខ្មាន់កាំភ្លើងកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។
លោកអំ សំអាត នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលនិងការពារសិទ្ធិមនុស្សនៃអង្គការលីកាដូ (Licadho) មានប្រសាសន៍ថា ការចោទប្រកាន់ខាងលើគឺជាការបំភិតបំភ័យដល់អ្នកគាំទ្រសពលោកបណ្ឌិតកែម ឡី។
«ការចាប់នេះ វាជាការគំរាមកំហែង បំភិតបំភ័យទៅលើយុវជន ឬក៏ទៅលើអ្នកដែលគាំទ្រ ស្រឡាញ់លោកបណ្ឌិតកែម ឡី ហ្នុងទេ ហើយអ្វីដែលសំខាន់ ការចាប់ខ្លួន ការចោទប្រកាន់ វាជាការបំបិទសិទ្ធិសេរីភាពនៅក្នុងការបញ្ចេញមតិរបស់ពលរដ្ឋទៅវិញទេបាទ»។
លោកស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមសិទ្ធិមនុស្សអាដហុក អធិប្បាយដោយផ្តោតលើករណីលោកគង់ រ៉ៃយ៉ា។
«គោលបំណងនៃលោកគង់ រ៉ៃយ៉ា ហ្នឹងមិនមែនជាគោលបំណងនៃការប្រព្រឹត្តនៃបទល្មើសឧក្រិដ្ឋអាទិ៍អីទេ បើយើងមើលក្នុងសារខ្លឹមសារដែលលោកបោះពុម្ពនៅលើអាវយឺត ឬក៏លោកផ្សព្វផ្សាយនៅតាមបណ្តាញសង្គមជាសាធារណៈ»។
ចំណែកឯសេចក្តីថ្លែងការណ៍របស់សមាគមសម្ព័ន្ធនិស្សិតបញ្ញាវន្តខ្មែរនៅថ្ងៃនេះចាត់ទុកថា ការចោទប្រកាន់លើលោកសួង នាគព័ន្ធ «មិនសមហេតុផល» និងជាការបំបិទសេរីភាពក្នុងសកម្មភាពនយោបាយនិងសិទ្ធិបញ្ចេញមតិ។
កាលពីថ្ងៃពុធ ក្រុមមន្ត្រីអង្គការ និងអ្នកការពារសិទ្ធិមនុស្សរាប់សិបនាក់បានប្រមូលផ្តុំនៅក្នុង និងក្បែរហាងម៉ាតរបស់ស្ថានីយ៍ប្រេងសាំងកាល់តិច ស្តុបបូកគោ ក្នុងខណ្ឌចំការមន ក្នុងគោលបំណងធ្វើពិធីសាសនា គោរពវិញ្ញាណក្ខន្ធលោកកែម ឡី ដើម្បីរំឭកខួបឆ្នាំទី៣នៃការបាញ់សម្លាប់រូបលោក។ តែការជួបជុំនោះត្រូវបានបំបែកដោយអាជ្ញាធរក្រុងភ្នំពេញ។មនុស្សចំនួនប្រាំពីរនាក់ត្រូវចាប់ខ្លួន។ ប៉ុន្តែមនុស្សប្រាំនាក់ត្រូវបានដោះលែងមកវិញ ក្នុងនោះរួមមាន ភរិយាលោកគង់ រ៉ៃយ៉ា និងសាច់ញាតិពីរនាក់ផ្សេងទៀត និងបងប្អូនភ្លោះលោកជុំ ហួត និងលោកជុំ ហួ។ អ្នកទាំងនេះត្រូវបានដោះលែង បន្ទាប់ពីពួកគេយល់ព្រមធ្វើកិច្ចសន្យាជាមួយអាជ្ញាធរមានសមត្ថកិច្ច។
លោកគង់ រ៉ៃយ៉ា ធ្លាប់ត្រូវបានតុលាការក្រុងភ្នំពេញកាត់ទោសឲ្យជាប់ពន្ធនាគារចំនួន១៨ខែ កាលពីឆ្នាំ២០១៦ ក្រោមការចោទប្រកាន់ពីបទ «ញុះញង់ឲ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍» ក្រោយពីរូបលោកបានប្រកាសឲ្យសាធារណជនចូលរួមធ្វើបដិវត្តន៍ពណ៌ប្រឆាំងនឹងរដ្ឋាភិបាលបច្ចុប្បន្ន៕