ភ្នំពេញ៖ រដ្ឋាភិបាល ដែលគ្រប់គ្រងដោយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន បាននិយាយថា ខ្លួនបានចាប់ផ្តើមធ្វើការស៊ើបអង្កេតទៅលើអ្នកសារព័ត៌មានរបស់វិទ្យុអាស៊ីសេរីមុននឹងសម្រេចចិត្តដាក់ពាក្យបណ្តឹងទៅកាន់តុលាការយោធា បន្ទាប់ពីវិទ្យុនេះបានផ្សព្វផ្សាយអំពីការបាត់បង់បូរណភាពទឹកដីរបស់កម្ពុជាជាមួយនឹងប្រទេសវៀតណាម និងប្រទេសថៃ។
លោកផៃ ស៊ីផាន អ្នកនាំពាក្យនៃទីស្តីការគណៈរដ្ឋមន្ត្រី បាននិយាយថា មន្ត្រីរដ្ឋាភិបាលបានចាប់ធ្វើការស៊ើបអង្កេតទៅលើអ្នកយកព័ត៌មានរបស់វិទ្យុអាស៊ីសេរី ក្រោយពីអ្នកយកព័ត៌មានរូបនោះបានធ្វើសេចក្តីរាយការណ៍ថា បូរណភាពទឹកដីកម្ពុជាបានបាត់បង់ទៅខាងប្រទេសជិតខាង។
លោកផៃ ស៊ីផានមិនបានបញ្ជាក់ថា តើអ្នកយកព័ត៌មានរូបណាទេ ដែលបម្រើការងារនៅក្នុងវិទ្យុអាស៊ីសេរី ដែលសង្ស័យថា រដ្ឋាភិបាលកំពុងធ្វើការស៊ើបអង្កេតនោះ។
«ពីព្រោះការងារធ្វើព័ត៌មានពាក់ព័ន្ធនឹងបញ្ហាព្រំដែនយើងមើលឃើញជាការងារទិសដៅមិនមែនជាអ្នកធ្វើព័ត៌មានទេ។ វាជាការងារដទៃទៀត។ ដូចយើងបានពិនិត្យមើលតាំងពីព្រំដែនខាងកើតរហូតដល់ព្រំដែនខាងលិច ការប្រើប្រាស់ពាក្យ បំណងហើយនឹងទឹសដៅមិនចំជាអ្នកធ្វើព័ត៌មានទេ»។
កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាបានព្រមាន ចំៗថា នឹងប្តឹងវិទ្យុអាស៊ីសេរី ជាវិទ្យុឯងរាជ្យមួយផ្សាយជាខេមរភាសាឧបត្ថម្ភដោយសហរដ្ឋអាមេរិក ប្រសិនណាបើវិទ្យុនេះនៅតែធ្វើសេចក្តីរាយការណ៍ទាក់ទិននឹងបូរណភាពទឹកដីកម្ពុជា។
ការប្រកាសរបស់រដ្ឋាភិបាលបានកើតឡើងក្រោយពីវិទ្យុអាស៊ីសេរីផ្នែកខេមរភាសាបានផ្សព្វផ្សាយនៅក្នុងអត្ថបទរបស់ ខ្លួនដោយដាក់ចំណងជើងថា «ពលរដ្ឋតាមព្រំដែនចោទថា ទាហានថៃរំលោភយកទឹកដីខ្មែរ»។
នៅក្នុងខ្លឹមសារនៃអត្ថបទរបស់ខ្លួន អ្នករាយការណ៍បានដកស្រង់សម្តីពលរដ្ឋម្នាក់ ជាអតីតកងទ័ពខ្មែរក្រហម រស់នៅស្រុកសំឡូត ខេត្តបាត់ដំបង ដែលបានអះអាងថា ប្រទេសថៃបានរំកិលយកព្រំដែនខ្មែរប្រមាណ១០គីឡូម៉ែត្រ។
ស្ថានីយ៍វិទ្យុអាស៊ីសេរីបានថ្លែងការពារការផ្សាយរបស់ខ្លួនទាក់ទងនឹងបញ្ហាព្រំដែន ហើយបានហៅការព្រមានរបស់រដ្ឋាភិបាលមកលើវិទ្យុនេះថា ជាការបំភិតបំភ័យមួយ។
នៅក្នុងសារឆ្លើយតបវិញ ដែលវីអូអេបានទទួល វិទ្យុនេះបានថ្លែងថា៖
«ការវាយប្រហាររបស់រដ្ឋាភិបាលមកលើវិទ្យុអាស៊ីសេរីគឺគ្រាន់តែជាការគំរាមជាសាធារណៈនិងជាឯកជនដែលមានជាបន្តបន្ទាប់ មានចេតនាបំភិតបំភ័យអ្នកយកព័ត៌មានរបស់យើងនិងបំបាក់ទឹកចិត្តដល់ការធ្វើសេចក្តីរាយការណ៍មិនលម្អៀងលើបញ្ហារសើបរបស់រដ្ឋាភិបាលតែប៉ុណ្ណោះ»។
អ្នកយកព័ត៌មានវិទ្យអាស៊ីសេរី មួយរយៈកាលចុងក្រោយនេះ បានធ្វើការរិះគន់អំពីបូរណភាពទឹកដីពាក់ព័ន្ធនឹងការបាត់បង់កោះត្រល់របស់កម្ពុជាទៅឲ្យប្រទេសវៀតណានិងការបាត់បង់បូរណភាពទឹកដីមួយផ្នែកនៃភាគខាងលិចទៅឲ្យប្រទេសថៃ។
លោកងួន ទឹម អាយុ៥៤ឆ្នាំអតីតប្រធានប៉ុស្តិ៍ប៉ូលិស«បថ្មី» ដែលមានទីតាំងនៅក្បែរបង្គោលព្រំដែនលេខ៦៨នៅក្បែរព្រំដែនកម្ពុជាថៃក្នុងខេត្តប៉ៃលិន បាននិយាយថា លោកត្រូវបានដកហូតចេញពីមុខតំណែងជាប្រធានប៉ុស្តិ៍ ក្រោយពីលោកបាននាំអ្នកសារព័ត៌មាន ក្នុងនោះមានអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរីផងទៅពិនិត្យបង្គោលព្រំដែនលេខ៦៤ ដែលប្រទេសថៃបានរំកិល។
លោកបាននិយាយថា ឥឡូវនេះលោកត្រូវបានដកហូតចេញពីមុខតំណែង រួចហើយយកមកបញ្ឃរជើងនៅឯស្នងការនគបាលខេត្តវិញ។ លោកបាននិយាយថា ស្នងការនគបាលខេត្តបានតម្រូវឲ្យលោកចុះបញ្ជីវត្តមានមួយថ្ងៃ៤ដងដែលទង្វើនេះខុសពីមន្ត្រីប៉ូលិសផ្សេងៗទៀត។
លោកបាននិយាយថា ទង្វើបែបនេះប្រៀបបីដូចជារបបមួយគ្រប់គ្រងទៅរកភាពផ្តាច់ការ។
«ផ្តាច់ការហ្នឹងឯង គ្រាន់តែនាំអ្នកកាសែតទៅថតបង្គោលប៉ុណ្ណឹង ថ្ងៃក្រោយកុំឲ្យវាមានថៃរំកិលចូលមកទៀត។ យើងចំណាំទីតាំងរបស់យើងបង។ ដល់អញ្ចឹង ទៅជាខ្ញុំអ្នកខុសទៅវិញ។ ខ្ញុំឆ្ងល់ដល់ហើយ»។
លោកអំ សំអាត មន្ត្រីផ្នែកស៊ើបអង្កេតរបស់អង្គការឃ្លាំមើលការរំលោភសិទ្ធិមនុស្សលីកាដូ បាននិយាយថា លោកមិនទាន់បានទទួលពាក្យបណ្តឹងជាផ្លូវការពីអ្នកយកព័ត៌មានរបស់វិទ្យុអាស៊ីសេរីនៅឡើយទេពាក់ព័ន្ធនឹងការគម្រាមប្តឹងរបស់រដ្ឋាភិបាល។
លោកបាននិយាយថា ប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិនិយាយរឿងបញ្ហាព្រំដែននិងគួរតែស្គាល់ឲ្យបានច្បាស់លាស់ មិនមែនជារឿងរបស់រាជរដ្ឋាភិបាលតែម្នាក់ឯងទេ។ លោកមានប្រសាសន៍ថា ការយកតុលាការយោធាមកចាត់ការទៅលើអ្នកសារព័តមានគឺមិនត្រូវទេ វាទាល់តែអ្នកសារព័ត៌មានរូបនោះទម្លាយកិច្ចការសម្ងាត់របស់យោធា ឬក៏កិច្ចការការពារជាតិទាំងមូល ឲ្យបានដឹងទើបត្រឹមត្រូវ៕