ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សមាគម​កាត់ដេរ​ស្នើ​ឲ្យ​សហភាព​អឺរ៉ុប​ផ្តល់​ឋានៈ​អនុគ្រោះ​ពន្ធ EBA ឲ្យ​កម្ពុជា​វិញ


រូបឯកសារ៖ កម្មការនីកំពុង​ធ្វើការ​នៅ​ក្នុង​រោងចក្រ​កាត់ដេរ​មួយនៅ​រាជធានី​ភ្នំពេញ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦។
រូបឯកសារ៖ កម្មការនីកំពុង​ធ្វើការ​នៅ​ក្នុង​រោងចក្រ​កាត់ដេរ​មួយនៅ​រាជធានី​ភ្នំពេញ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦។

មួយ​សប្តាហ៍​បន្ទាប់​ពី​គណៈកម្មការអឺរ៉ុប​បាន​សម្រេច​ព្យួរផ្នែក​ខ្លះ​នៃ​ឋានៈ​អនុគ្រោះ​ពន្ធ «គ្រប់មុខ​ទំនិញ​លើកលែង​សព្វាវុធ‍» ឬ​ហៅ​ថា “Everything But Arms” (EBA) សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) បាន​ស្នើ​សុំ​ឲ្យ​សមាជិក​សភា​អឺរ៉ុប​ «ផ្តល់​អត្ថប្រយោជន៍ EBA ដូច​ដើម​វិញ‍» ដល់​កម្ពុជា។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សមាគម GMAC ដែល​វីអូអេ​ទទួល​បាន​នៅ​ថ្ងៃ​ពុធ។

នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃទី ១៧ ខែ​កុម្ភៈ សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ដែល​តំណាង​ឲ្យ​រោងចក្រ​សម្លៀក​បំពាក់ ស្បែក​ជើង និង​ផលិតផល​ធ្វើ​ដំណើរ​ជាង ៥៨០ រោងចក្រ បាន​លើក​ឡើង​ថា៖ «សមាគម​សូម​ជំរុញ​សហភាព​អឺរ៉ុប​ផ្តល់​អត្ថប្រយោជន៍ EBA ដូច​ដើម​វិញ សម្រាប់​វិស័យ​របស់​យើង​ដើម្បី​បុព្វហេតុ​នៃ​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព និង​ប្រជាជន​កម្ពុជា​រាប់​សែន​នាក់ ដែល​បាន​ទទួល​អត្ថប្រយោជន៍​ពី​កម្មវិធី EBA ដើម្បី​ចាកចេញ​ពី​ភាព​ក្រីក្រ​ លើក​កម្ពស់​សិទ្ធិ​របស់​ពួកគេ​នៅ​កន្លែង​ការងារ និង​ផ្គត់ផ្គង់​គ្រួសារ​របស់​ពួកគេ»។

ការ​សម្រេច​ព្យួរ​បណ្តោះ​អាសន្ន​កើតឡើង បន្ទាប់ពីមាន​ការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ និង​ជា​ប្រព័ន្ធ​នៅ​កម្ពុជា។

សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា បាន​សង្កត់​ធ្ងន់​ថា ការ​ដក​ផ្នែក​ខ្លះ​នៃ​ឋានៈ​អនុគ្រោះ​ពន្ធ EBA នេះ ​នឹង​«ធ្វើ​ឲ្យ​បាត់បង់​ការងារ និង​នាំ​ឲ្យ​មាន​ភាព​ក្រីក្រ‍»។ វិស័យ​កាត់ដេរ​នៅ​កម្ពុជា បាន​ផ្តល់​ឱកាស​ការងារ​ដល់​ពលរដ្ឋ​កម្ពុជា​ជិត ១លាន​នាក់ ដែល​ភាគ​ច្រើន​ជា​ស្ត្រី។

សមាគម​នេះ​ក៏​បាន​បញ្ជាក់​គោល​ជំហរ​គាំទ្រ​របស់​ខ្លួន​លើ​សហភាព​អឺរ៉ុប ក្នុង​ការ​កែ​លម្អ​គោល​នយោបាយ​សិទ្ធិមនុស្ស​នៅ​កម្ពុជា ក៏ប៉ុន្តែ​បាន​សង្កត់​ធ្ងន់​ថា ​ការ​ព្យួរ​ផ្នែក​ខ្លះ​នៃ​ឋានៈអនុគ្រោះ​ពន្ធ EBA ដល់​កម្ពុជា «មិន​មែន​ជា​វិធី​ដែល​ត្រូវ​បន្ត​ទៅ​មុខ​នោះ​ទេ‍»។

ការ​ព្យួរ​នេះ​នឹង​ប៉ះពាល់​ផលិត​ផល​ស្បែក​ជើង និង​សម្លៀក​បំពាក់​មួយ​ចំនួន។ ហើយទំនិញ​សម្រាប់​ធ្វើ​ដំណើរ និង​ស្ករ​ត្រូវបាន​សម្រេច​ព្យួរ​ទាំងស្រុង ក្នុង​ទំហំ​ទឹក​ប្រាក់​ប្រមាណ​ ១១០០លាន​ដុល្លារ​ជា​រៀង​រាល់​ឆ្នាំ។ ប្រសិន​បើ​គ្មាន​ការ​ជំទាស់​ពី​សភា​អឺរ៉ុប និង​ក្រុមប្រឹក្សានៅ​ពេល​ខាង​មុខ​ ការ​ព្យួរ​នេះ​នឹង​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ទី​១២​ ខែ​សីហា ​ឆ្នាំ​២០២០៕

XS
SM
MD
LG