មនុស្ស ២ នាក់ទៀតត្រូវបានធ្វើតេស្តរកឃើញមានវីរុសជំងឺកូវីដ១៩ កាលពីថ្ងៃអង្គារ ដោយធ្វើឲ្យចំនួនករណីឆ្លងជំងឺកូវីដ១៩ សរុបក្នុងប្រទេសកម្ពុជា កើនដល់ ៤៤១ នាក់។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលកម្ពុជា ដែលបានចេញផ្សាយកាលពីថ្ងៃទី ១៩ ខែមករា បានឱ្យដឹងថា ក្នុងចំណោមអ្នកឆ្លងជំងឺកូវីដ១៩ ចុងក្រោយបង្អស់ទាំង ២ នាក់នេះ ម្នាក់គឺជាទារកអាយុ ១ ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី ដែលជាកូនអ្នកដំណើរមកពីប្រទេសឥណ្ឌូនេស៊ីដែលបន្តជើងហោះហើរនៅប្រទេសសិង្ហបុរីនិងចូលមកដល់កម្ពុជាកាលពីថ្ងៃទី ១២ ខែមករាសប្តាហ៍មុន។ បច្ចុប្បន្ន អ្នកជំងឺនេះត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមជ្ឈមណ្ឌលជាតិកម្ចាត់រោគរបេងនិងហង់សិន ក្នុងរាជធានីភ្នំពេញ។
ចំណែកឯអ្នកឆ្លងកូវីដម្នាក់ទៀតគឺជាពលករខ្មែរវ័យ ៣១ ឆ្នាំ ដែលបានវិលត្រឡប់មកពីប្រទេសថៃ និងបានមកដល់កម្ពុជាកាលពីថ្ងៃទី ១៥ ខែមករា។ បច្ចុប្បន្ន អ្នកជំងឺដែលជាពលករស្ត្រីដែលមានទីលំនៅក្នុងក្រុងសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យនេះ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបន្ទាយមានជ័យ។
គិតត្រឹមថ្ងៃអង្គារនេះ ក្នុងចំណោមអ្នកឆ្លងជំងឺកូវីដ១៩ ទាំង ៤៤១ នាក់ មាន ៣៨៦ នាក់បានជាសះស្បើយ និង ៥៥ នាក់កំពុងសម្រាកព្យាបាល។ កន្លងមក មិនទាន់មានរបាយការណ៍ណាមួយអំពីករណីអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជានៅឡើយទេ៕