លោក កឹម សុខា មេដឹកនាំគណបក្សប្រឆាំងដែលកំពុងស្ថិតក្រោមការឃុំឃាំងក្នុងផ្ទះ បានផ្ញើសារជូនពរឆ្នាំថ្មី ដោយអំពាវនាវឲ្យមេដឹកនាំគ្រប់និន្នាការ បញ្ឈប់ការធ្វើនយោបាយបែបអគុណធម៌ និងជូនពរឲ្យកម្ពុជាលែងមានការគាបសង្កត់ជិះជាន់ និងគំរាមកំហែង។
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ នេះ លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយ បានបង្ហោះសារជូនពរឆ្នាំសកលមួយលើទំព័រហ្វេសប៊ុករបស់លោក ខណៈដែលកំពុងត្រូវបានឃុំខ្លួនក្នុងផ្ទះថា លោកជូនពរជាពិសេសដល់ព្រះរាជាណាចក្រកម្ពុជា និងប្រជាពលរដ្ឋខ្មែរ ឲ្យទទួលបានសុខសន្តិភាព និងវឌ្ឍនភាព តាមគោលការណ៍ប្រជាធិបតេយ្យ ដោយចាប់ផ្តើមពីការផ្សះផ្សាជាតិពិតប្រាកដ មិនយកខ្មែរណាជាសត្រូវ។
លោកបញ្ជាក់តាមន័យដើមថា៖
«សូមឲ្យឆ្នាំថ្មីនេះ នឹងបើកនូវទំព័រប្រវត្តិសាស្ត្រថ្មីមួយដែលលុបបំបាត់ឲ្យអស់នូវជំងឺពីរយ៉ាងដែលកំពុងរាតត្បាតក្នុងសង្គមខ្មែរ៖ ទី១គឺការគាបសង្កត់ជិះជាន់ គំរាមកំហែង ជាពិសេសដោយអំពើហិង្សា និងទី២គឺការស្អប់ឈ្នានីស ជាពិសេសតាមរូបភាពលាបពណ៌ ជេរប្រមាថ និងបង្ខូចកេរ្តិ៍ឈ្មោះ។ សូមឲ្យទំព័រប្រវត្តិសាស្ត្រថ្មីនេះចាប់ផ្តើមពីមេដឹកនាំគ្រប់និន្នាការ ដើម្បីជាគំរូ ដោយបញ្ឈប់ការធ្វើនយោបាយតាមបែបអគុណធម៌ មិនថាតាមរយៈការគំរាមកំហែង ឬការមួលបង្កាច់ ហើយវិលទៅរកទសពិធរាជធម៌វិញ ដើម្បីត្រួសត្រាយផ្លូវជូនប្រជាពលរដ្ឋ ជាពិសេសកូនខ្មែរជំនាន់ក្រោយ»។
លោក កឹម សុខា ក៏បានជូនពរបន្ថែមថា សូមឲ្យឆ្នាំថ្មី២០១៩នេះ នាំមកនូវសុភមង្គល ភាពរុងរឿង យុត្តិធម៌ ភាពស្ងប់សុខ និងសេរីភាពពេញលេញបរិបូរណ៍ដល់ខ្មែរគ្រប់រូប។
លោក សួស យ៉ារ៉ា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ដែលកំពុងដឹកនាំប្រទេស បានប្រាប់ VOA នារសៀលថ្ងៃច័ន្ទនេះថា សាររបស់លោក កឹម សុខា គឺជាការបញ្ចេញមតិរបស់បុគ្គលប៉ុណ្ណោះ មិនពាក់ព័ន្ធនឹងការអនុវត្តការងាររបស់រដ្ឋាភិបាលកម្ពុជានោះទេ។
លោកបញ្ជាក់ថា៖
«យើងអត់មានអីទេ ព្រោះជានិច្ចកាល ទាមទាររបស់បុគ្គល ជាសេរីភាពបុគ្គលក្នុងការបញ្ចេញមតិ ជាសាររបស់គាត់ទូទៅទេ។ អញ្ចឹងវាមិនពាក់ព័ន្ធដល់ការអនុវត្តច្បាប់ទេ ព្រោះការអនុវត្តច្បាប់គឺខាងស្ថាប័នតុលាការ ស្ថាប័នរបស់រដ្ឋជាអ្នកទទួលខុសត្រូវហើយ។ អញ្ចឹងយើងកុំយករឿងហ្នឹងមកនយោបាយច្រើនពេក»។
លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សត្រូវបានតុលាការកំពូលរំលាយ កាលពីខែវិច្ឆិកា ឆ្នាំ២០១៧ ទៅតាមបណ្តឹងរបស់ក្រសួងមហាផ្ទៃ ត្រូវបានតុលាការចោទប្រកាន់ និងឃុំខ្លួនពីបទសន្ទិដ្ឋិភាពជាមួយបរទេស ដែលស្មើនឹងបទក្បត់ជាតិ។ ក្រោយត្រូវបានឃុំខ្លួនក្នុងពន្ធនាគារតាំងពីដើមខែកញ្ញា ឆ្នាំ២០១៧ អស់រយៈពេលជាង១ឆ្នាំ ដោយមិនមានការកាត់ទោស លោកត្រូវបានតុលាការបញ្ជូនទៅផ្ទះវិញ ដោយដាក់ឲ្យស្ថិតក្រោមការឃ្លាំមើលរបស់តុលាការចាប់តាំងពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ មក។
សារជូនពររបស់លោក កឹម សុខា ចេញក្រោយបន្តិចនៃសារជូនពរឆ្នាំសកល និងសារអបអររបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងការប្រារព្ធពិធីសម្ពោធវិមានអនុស្សាវរីយ៍ «នយោបាយ ឈ្នះ ឈ្នះ» ដើម្បីអបអរខួប២០ឆ្នាំ ដែលលោក ហ៊ុន សែន ហៅថា ជាខួបនៃការបញ្ចប់ភ្លើងសង្គ្រាមនៅកម្ពុជា។
សារដែលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បង្ហោះលើទំព័រហ្វសប៊ុករបស់លោកនាព្រឹកថ្ងៃច័ន្ទនេះ បញ្ជាក់តាមន័យដើមថា៖
«ខ្ញុំនិងភរិយា សូមប្រគេនពរ ព្រះតេជគុណគ្រប់ព្រះអង្គ និងជូនពរបងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេស ព្រមទាំងកងទ័ពជាតិដែលកំពុងឈរជើងការពារទឹកដីនៅតាមព្រំដែន ជួបតែសេចក្តីសុខ សេចក្តីចម្រើន មានសុខភាពល្អ ទទួលបានជោគជ័យក្នុងការងារ និងមុខរបរ និងមានលាភសំណាងគ្រប់ៗគ្នានៅក្នុងឆ្នាំថ្មី២០១៩ ដែលនឹងចូលមកដល់នៅពាក់កណ្តាលអាធ្រាត្រយប់នេះ»។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានប្រកាសថា លោកនឹងទៅចូលរួមរាំដើម្បីឆ្លងឆ្នាំ នៅវិមានឈ្នះ ឈ្នះ នាយប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨នេះផងដែរ។
ក្រោយការចាប់ខ្លួនលោក កឹម សុខា យកទៅឃុំក្នុងពន្ធនាគារ និងដោះលែងពីពន្ធនាគារបញ្ជូនទៅឃុំក្នុងផ្ទះវិញ ត្រូវបានអង្គការអន្តរជាតិផ្នែកការពារសិទ្ធិមនុស្ស និងសហគមន៍អន្តរជាតិជាច្រើនបន្តរិះគន់រដ្ឋាភិបាលរបស់លោក ហ៊ុន សែន និងទាមទារឲ្យមានការទម្លាក់ចោលបទចោទលើលោក កឹម សុខា ដោយឥតលក្ខខណ្ឌ។
យ៉ាងណាក្តី ក្រុមមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលបានចេញមុខការពារចំណាត់ការឃុំខ្លួនលោក កឹម សុខា ថាធ្វើឡើងទៅតាមច្បាប់ ស្របតាមប្រទេសនីតិរដ្ឋប៉ុណ្ណោះ៕