ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សមាគម​ហិរញ្ញវត្ថុ​ដាក់​ឲ្យ​ប្រើ​ប្រាស់​«ក្រម​ប្រតិបត្តិ»សម្រាប់​វិស័យ​ធនាគារ​និង​ហិរញ្ញ​វត្ថុ​ដើម្បី​ពង្រឹង​ការងារ​ឲ្យប្រសើរ


រូបឯកសារ៖ បុគ្គលិកធនាគារអេស៊ីលីដា រាប់ក្រដាស់ប្រាក់ដុល្លារ នៅក្នុងទីស្នាក់ការធនាគារអេស៊ីលីដា នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០។
រូបឯកសារ៖ បុគ្គលិកធនាគារអេស៊ីលីដា រាប់ក្រដាស់ប្រាក់ដុល្លារ នៅក្នុងទីស្នាក់ការធនាគារអេស៊ីលីដា នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០។

​សមាគមចំនួន ៣ ​ដែល​ធ្វើការ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​នៅ​កម្ពុជាបាន​កំណត់​បទដ្ឋាន​ក្រម​ប្រតិបត្តិ​បន្ថែម​ដល់​គ្រឹះ​ស្ថាន​ហិរញ្ញវត្ថុ​ទាំង​អស់​ឲ្យអនុវត្ត​តាម​ ដើម្បី​ឈាន​ទៅ​ដល់​ស្តង់ដា​រួម​គ្នា​មួយ ហើយ​ដើម្បី​បង្កើន​តម្លាភាព​ដល់អ្នក​ប្រើ​ប្រាស់​ និង​ការយល់ដឹង​កាន់​តែ​ល្អ​ប្រសើរ​នូវសេវា​របស់​គ្រឹះស្ថាន​ទាំង​អស់។

ការ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ក្រម​ប្រតិបត្តិ​នេះ គឺ​ដើម្បី​ធានា​ផលប្រយោ​ជន៍​កិច្ច​ការ​ពារដល់អតិថិជន និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ កុំ​ឲ្យ​មាន​ហានិភ័យ​ណាមួយ​កើត​ឡើងដោយ​ប្រការ​ណា​មួយ និង​ដើម្បីលើក​កម្ពស់ប្រ​សិទ្ធភាព​ទំនុក​ចិត្ត​ គណនេយ្យភាព​ ទំនួល​ខុសត្រូវ​ក្នុង​ការ​ប្រកប​វិជ្ជាជីវៈ​ធនាគារ​និង​ហិរញ្ញ​វត្ថុ និង​ដើម្បី​បង្កើន​តម្លាភាព​សម្រាប់​អ្នក​ប្រើប្រាស់​ក្នុង​ការ​យល់​ដឹង​ឲ្យ​កាន់តែ​ល្អប្រសើរ នូវ​អ្វី​ដែល​ពួកគេ​រំពឹង​ទុក​ពីសេវា​ដែល​នឹង​ត្រូវ​បាន​ផ្តល់ជូន។ នេះ​បើ​តាម​ការ​ប្រកាស​របស់​សមាគម​ទាំង​នោះ​ នៅ​ក្នុង​កិច្ច​ប្រជុំ​មួយ​កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ។​

​ស្ថាប័ន​ទាំង​នោះ​រួម​មាន​សមាគម​ធនាគារ​នៅ​កម្ពុជា សមាគម​មីក្រូ​ហិរញ្ញ​វត្ថុ​កម្ពុជា និង​សមាគមសហព័ន្ធ​ហិរញ្ញ​វត្ថុ​និង​បច្ចេកវិទ្យានៃកម្ពុជា។

​គោល​បំណង​ផ្សេង​ទៀតនៃ​ការ​ដាក់​ចេញក្រមនេះ​ គឺដើម្បី​កសាង​ទំនាក់​ទំនង​ល្អ​ប្រកប​ដោយ​ភាព​ស្មោះ​ត្រង់​និង​មាន​វិជ្ជា​ជីវៈ​រវាង​អ្នកប្រើប្រាស់​និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ ដោយ​ផ្អែក​លើគោលការណ៍​សមធម៌ និង​សមភាពដើម្បីបង្កើន​ទំនុក​ចិត្ត​លើ​ប្រព័ន្ធ​ធនាគារ និង​ហិរញ្ញ​វត្ថុ និង​ដើម្បី​លើក​ទឹក​ចិត្ត​ឲ្យ​មាន​វប្ប​ធម៌​ល្អក្នុង​ការ​ធ្វើ​អាជីវកម្ម​និង​ការ​ប្រកួត​ប្រជែង​ដោយ​ភាព​ស្មោះ​ត្រង់។

​ក្រម​ប្រតិបត្តិ​នៃ​វិស័យ​ធនាគារ​និង​ហិរញ្ញ​វត្ថុ ហៅ​កាត់​ថា​ «ក្រម» ​ត្រូវ​បាន​អនុម័ត​ឲ្យ​ប្រើប្រាស់​លើក​ទីមួយ​កាលពី​ថ្ងៃទី ១៦ ខែ​កុម្ភៈ​ឆ្នាំ​ ២០១៥ ដោយ​សមាគម​ធនាគារ​នៅ​កម្ពុជា។​

​លោក រ័ត្ន សុវណ្ណនរៈ អគ្គ​នាយក​ត្រួត​ពិនិត្យ​នៃ​ធនាគារ​ជាតិ​នៃ​កម្ពុជា​ (NBC)​ បាន​ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ «ក្រម​ប្រតិបត្តិ​សម្រាប់​វិស័យ​ធនាគារ​និង​ហិរញ្ញវត្ថុ»​ ថា ក្រម​នេះ ​គឺជា​គោល​ការណ៍​រួម​និង​ស្តង់​ដា​អប្បបរមា​មួយ​សម្រាប់​គ្រឹះ​ស្ថាន​ហិរញ្ញ​វត្ថុ​ អនុវត្ត​ក្នុង​ការ​ផ្តល់​សេវា​ហិរញ្ញ​វត្ថុ​ប្រកបដោយ​តម្លា​ភាព​ និង​ការ​ទទួល​ខុស​ត្រូវ។​ លោក​បន្ត​ថា ក្រម​ប្រតិបត្តិនេះ គឺជា​បទ​បញ្ញត្តិ​និង​គោល​ការណ៍​ផ្ទាល់​ខ្លួន​ សម្រាប់​អនុវត្ត​បន្ថែម​លើ​បទ​បញ្ញត្តិ​នានាដែល​ចេញ​ដោយ​ធនាគារ​ជាតិ​នៃ​កម្ពុជា។​

លោក​ថ្លែង​ថា៖ ​«ធនាគារ​ជាតិ​នៃ​កម្ពុជាជឿ​ជាក់​ថា ​ក្រម​ប្រតិបត្តិ​នេះ ​នឹង​ក្លាយ​ជា​គោលការណ៍​រួម​សម្រាប់​គ្រឹះ​ស្ថាន​ធនាគារ​ និង​ហិរ​ញ្ញវត្ថុ​ក្នុង​ការ​បង្កើត​តម្លាភាព​ក្នុង​ការ​ផ្តល់​សេវា​ និង​កិច្ច​ការពារ​អតិថិជន​ និង​កសាង​ទំនាក់​ទំនង​ល្អ​ ការ​ប្រកួត​ប្រជែង​ដោយ​ស្មើ​ភាព និង​ស្មោះ​ត្រង់​ ដើម្បី​ឲ្យ​ប្រព័ន្ធ​ធនាគារ​ រីក​ចម្រើន​ប្រកប​ដោយ​បរិយាបន្ន»។

លោក​បន្ត​ថា ក្រម​ប្រតិ​បត្តិ​នេះ​នឹង​ជួយ​ពង្រឹង​បន្ថែម​ទៀត​ដល់​មន្ត្រី​ទទួល​បន្ទុក​ក្នុង​ការផ្តល់​សេវា​ហិរញ្ញវត្ថុ​ និង​ឥណទាន​ដល់​ប្រជាពលរដ្ឋ​ ប្រកប​ដោយក្រម​សីល​ធម៌​វិជ្ជា​ជីវៈ​ត្រឹមត្រូវ​ ដោយ​កន្លង​មក​បុគ្គលិក​គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​មួយ​ចំនួន ​មិន​សូវ​មាន​ការ​ប្រា​ស្រ័យ​ទាក់​ទងល្អជាមួយ​អតិថិជន ឬ​ប្រជាពលរដ្ឋ​ នៅ​ពេល​ដែល​ពួកគេ​មានតម្រូវ​ការ​ហិរញ្ញវត្ថុ​នេះ។ ​

រូបឯកសារ៖ ពលរដ្ឋប្រើប្រាស់​សេវា​ឌីជីថល​របស់​ធនាគារ​ដើម្បីទូទាត់​ប្រាក់​បរិភោគ​អាហារ​នៅ​តូប​អាហារ​តូចៗ​តាម​ដងផ្លូវ នៅ​ខេត្ត​បាត់ដំបង នៅ​ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១។ (ខាន់ សុគុំមនោ/វីអូអេ)
រូបឯកសារ៖ ពលរដ្ឋប្រើប្រាស់​សេវា​ឌីជីថល​របស់​ធនាគារ​ដើម្បីទូទាត់​ប្រាក់​បរិភោគ​អាហារ​នៅ​តូប​អាហារ​តូចៗ​តាម​ដងផ្លូវ នៅ​ខេត្ត​បាត់ដំបង នៅ​ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១។ (ខាន់ សុគុំមនោ/វីអូអេ)

លោក សុខ វឿន ​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​ (CMA)​ និងជា​ប្រធាន​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ អិល​អូអិលស៊ី បាន​ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ «ក្រមប្រតិបត្តិ»​នោះ​ដែរ​ថា ក្រម​នេះពិត​ជា​មាន​សារៈ​សំខាន់​ខ្លាំង​ណា​ស់ ​ទាំង​គ្រឹះ​ស្ថាន​ហិរញ្ញវត្ថុ និង​អតិថិជន​ប្រើ​ប្រាស់​តែម្តង​ ដោយ​គ្រឹះស្ថាន​មីក្រូហិរញ្ញ​វត្ថុ​ត្រូវ​តែ​បង្កើត​ផលិត​ផល​មួយ​សមរម្យ​ទៅ​តាម​តម្រូវ​ការ​របស់​អតិថិជន​ដែល​ចង់​បាន និង​តាម​លទ្ធភាព​ជាក់​ស្តែង​របស់​អតិថិជន ដែល​រួម​មាន​សេវា​កម្ម​សមរម្យ​ ប្រកប​ដោយ​សម​ធម៌ និង​តម្លាភាព ​ដើម្បី​កុំ​ឲ្យ​អតិ​ថិជន​មា​ន​បំណុល​លើស​លប់​ជា​ដើម​។

លោក​បន្ត​ថា​ គ្រឹះស្ថាន​ទាំង​អស់​ត្រូវ​ផ្តល់​ព័ត៌​មាន​គ្រ​ប់ជ្រុង​ជ្រោយ​ ដើម្បី​ឲ្យ​អតិថិ​ជន​ដែល​មាន​តម្រូវ​ការហិរញ្ញវត្ថុ អាច​ពិចារណា​បា​នត្រឹមត្រូវ។ ​

​លោកថ្លែង​ថា៖ ​«វិស័យ​ធនាគារ ក៏​ដូចជា​អតិថិជន​មុនពេល​ធ្វើ​អ្វីមួយ ​ឬ​កិច្ច​សន្យា​ត្រូវ​តែមាន​តម្លា​ភាពត្រូវ​តែ​ផ្តល់​ព័ត៌​មាន​ឲ្យគ្រប់​ជ្រុង​ជ្រោយ​ឲ្យ​គ្រប់​សាច់​រឿង​ ហើយ​នឹង​មាន​ការ​យល់​ទាំង​អស់​គ្នា ​ដើម្បី​ឲ្យ​ការ​យល់​ទាំង​អស់​ហ្នឹង ​ដែលធ្វើ​ឲ្យមាន​ការ​សម្រេច​ចិត្ត​ត្រូវ​ឬ​ក៏​ខុស ប្រសិន​បើ​ការ​សម្រេច​ចិត្ត​ដោយ​មិន​មាន​ការ​យល់​ច្បាស់​ អត់​មាន​តម្លា​ភាព​ទេ វាធ្វើ​ឲ្យ​បញ្ហា​ហ្នឹង ការ​គិត​ ការ​សម្រេច​ចិត្ត​ហ្នឹង​ខុស​»។

លោក​បន្ត​ថា ប្រសិន​បើ​អតិថិ​ជន​មាន​ការ​មិន​យល់​ ឬមាន​ការ​ត្អូញត្អែរ​ ​មិន​ពេញចិត្ត​នូវ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ឬ​ធនាគារ​បាន​ធ្វើ ​ឬ​បាន​បំពេញ ​គឺ​អតិថិជន​មាន​សិទ្ធិ​ក្នុងការ​សួរ​នាំ​គ្រឹះស្ថានដោយ​ផ្ទាល់ ​ឬសមាគម​ទាំង​ ៣ ឬ​ធនាគារ​ជាតិ​ ដើម្បី​រក​ដំណោះ​ស្រាយ និង​ធានា​ថា ​ព័ត៌​មាន​មួយ​គ្រប់​ជ្រុង​ជ្រោយ ​និង​ការ​អនុវត្ត​បាន​ពេញ​លេញ​តាម​ក្រម​ប្រតិបត្តិ​។ ហើយ​ករណីមន្ត្រីគ្រឹះសា្ថន​ណាមួយមិន​បាន​អនុវត្ត​ល្អតាម​ក្រម នោះ​វា​នឹង​ជះ​ឥទ្ធិពល​អាក្រក់ដល់​ស្ថាប័ន​ហរិញ្ញ​វត្ថុ​តែម្តង​។

នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំ​មើល​នៃ​អង្គការ​លីកាដូ​ លោក​ អំ សំអាត ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​ថា​ការ​កំណត់​ស្តង់ដា​ប្រើប្រាស់«​ក្រម​ប្រតិបត្តិ​សម្រាប់​វិស័យ​ធនាគារ​ និង​ហិរញ្ញវត្ថុ»​ ជារឿង​ល្អ ក្នុង​ការ​ផ្តល់​កម្ចីដល់​ប្រជា​ពល​រដ្ឋ​ប្រកដ​ដោយ​ក្រម​សីល​ធម៌ និង​ជា​ការ​លើក​កម្ពស់​ជីវភាព​របស់​ប្រជាពលរដ្ឋ​ ដោយ​មិន​បំពាន​សិទ្ធិ និង​ការ​ការ​ពារ​ត្រឹម​ត្រូវជាដើម​ ពីព្រោះ​កន្លង​មក ​លោក​បានសម្គាល់​ឃើញ​នូវ​ភាព​មិន​ប្រក្រតី​របស់​មន្ត្រី​ឥណ​ទាន​មួយ​ចំនួន ទាក់ទង​ការ​និយាយ​អូស​ទាញផ្តល់កម្ចី​មិន​គោរព​តាមក្រម​សីលធម៌ ដែល​រួមមាន​ការ​ធ្វើ​ឯកសារ​មិន​សម​ស្រប​ ការ​ផ្តល់​កម្ចីមិន​ចំ​ទិសដៅ​ និងការ​គំរាម​កំហែង​បំភិត​បំភ័យ ឬ​បង្ខិតបង្ខំ​ឲ្យលក់ដី​សង​បំណុលជា​ដើម​។

លោក​បន្ត​ថា កន្លង​មក​ធនាគារ​ជាតិ​បា​នចេញ​គោណការណ៍​ណែនាំ​ច្រើន​ដែរ​ ប៉ុន្តែ​មិន​ទាន់បាន​ក្លាយជា​ការ​គោរព​នូវ​ស្តង់ដា​មួយ​ល្អ​ប្រសើរ​នៅ​ឡើយ​ទេ ។

លោកថ្លែង​ថា៖ ​«យ៉ាង​ណា​ក៏​ដោយ​មក​ដល់​ពេល​នេះ វាអត់​ទាន់បាន​ក្លាយទៅជា​ការ​គោរព​នូវ​ស្តង់ដា​អន្តរ​ជាតិ​មួយ​នៃ​កម្ចីមី​ក្រូហិ​រញ្ញវត្ថុ​បាន​នៅឡើយ​។ អ៊ីចឹង​ហើយ​បាន​ទាម​ទារ​ឲ្យមាន​ការ​កែ​លម្អ​គោល​នយោ​បាយ កែ​លម្អ​លើកិច្ច​សន្យាផ្សេង​ៗ ឬក៏ធានា ​ជាពិសេស​ការ​ធានាការ​ពារ​ដល់សិទ្ធិ​អ្នក​ខ្ចី»។

បើ​តាម ​«​ក្រម​ប្រតិបត្តិ​សម្រាប់​វិស័យ​ធនាគារ​ និង​ហិរញ្ញវត្ថុ»​ ដែល​មាន​កម្រាស់ ១៩ ទំព័រ​ និង​ត្រូវ​បាន​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជាផ្លូវ​ការ​នៅ​ថ្ងៃ​សុក្រនេះ ​គ្រឹះ​ស្ថា​នធនាគារ​ និង​ហិរញ្ញវត្ថុ​ត្រូវ​ធានា​ថា​បុគ្គលិក​ និង​អ្នក​តំណាង​របស់​ខ្លួន​ ទទួល​បាន​ការ​តម្រង់​ទិស និង​ទទួល​បាន​ការ​បណ្តុះ​បណ្តាល​ច្បាស់​លាស់ ​ដើម្បី​អាច​បំពេញ​ការ​ងារ​ប្រកប​ដោយ​សមត្ថភាព និង​យល់​ច្បាស់​ពីក្រម​នេះ ​ក្នុង​ការ​អនុវត្ត​សេវាកម្ម​ជូន​អ្នក​ប្រើ​ប្រាស់​បាន​ឆាប់​រហ័ស និង​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ជា​ដើម៕

XS
SM
MD
LG