ខេត្តមណ្ឌលគីរី —
អ្នកភូមិជនជាតិដើមភាគតិចនៅក្នុងខេត្តមណ្ឌលគីរី និយាយថា អាជ្ញាធរពាក់ព័ន្ធដែលមានតួនាទីបង្រ្កាបឧក្រិដ្ឋកម្មព្រៃឈើ បែរជាឃុបឃិតជាមួយឈ្មួញនិងក្រុហ៊ុនកាប់ឈើទៅវិញ។ ការណ៍នេះបានធ្វើឲ្យប៉ះពាល់ដល់ជីវភាពរស់នៅដែលពឹងផ្អែកទៅលើព្រៃឈើរបស់ពួកគេ។
នៅក្នុងភូមិពូគង់ ឃុំស្រែព្រះ ស្រុកកែវសីមានៃខេត្តមណ្ឌលគីរីនេះ ក្រុមអ្នកភូមិលើកឡើងថា ជីវភាពរស់នៅរបស់ពួកគេកំពុងរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារការបាត់បង់ព្រៃឈើដែលពួកគេពឹងអាស្រ័យលើ។
លោកវណ្ណា ក្វើកគឺជាអ្នកភូមិជនជាតិព្នងម្នាក់នៅទីនេះ។
លោកថ្លែងថា៖ «ព្រៃឈើគឺជាយុទ្ធសាស្ត្រដែលប្រជាពលរដ្ឋពឹងដូចជាជ័រទឹកជាដើមសម្រាប់ជីវភាពគ្រួសារនៅក្នុងភូមិហ្នឹង។ ដល់ពេលគេបង្កើតជាក្រុមហ៊ុនទៅកាប់ឈើយកលក់ទាំងមូលៗហ្នឹង និងឈូសឆាយដីទៀត វាអត់មានផលប្រយោជន៍ជូនប្រជាពលរដ្ឋទេ»។
ដូចអ្នកភូមិជនជាតិដើមភាគតិចជាច្រើនទៀតនៅទីនេះដែរ លោកវណ្ណា ក្វើក មានប្រសាសន៍ថា ក្រុមអ្នកភូមិមិនអាចធ្វើអ្វីបាន ដើម្បីបញ្ឈប់ក្រុមហ៊ុនវៀតណាមមួយឈ្មោះបិន ភឿក១បានទេ។ ពួកគេអះអាងថា ក្រុមហ៊ុនវៀតណាមនេះកំពុងកាប់បំផ្លាញព្រៃឈើដែលពួកគេពឹងអាស្រ័យលើនោះ។
លោកវណ្ណា ក្វើកមានប្រសាសន៍ថា៖ «វាថា រាជរដ្ឋាភិបាលឲ្យកាប់ហើយ បងឯងម៉េចហ៊ានប្រកែកជាមួយគេ។ ដល់ពេលអញ្ចឹង ពួកខ្ញុំ ប្រជាពលរដ្ឋហ្នឹង បើថា រាជរដ្ឋាភិបាលឲ្យកាប់ហើយ មានតែអស់ហើយ។ បើអស់ព្រៃ អស់ឈើហើយ មានតែយើងទៅរស់នៅលើថ្នល់ឲ្យឡានកិនតែម្តងទៅ។ អញ្ចឹងបានថា វាអស់ជំនឿហើយ រាល់ថ្ងៃហ្នឹង»។
មណ្ឌលគីរីគឺជាខេត្តដែលសម្បូរព្រៃឈើមួយនៅក្នុងប្រទេសកម្ពុជា ហើយក៏ជាទឹកដីកំណើតរបស់ជនជាតិដើមភាគតិចភាគច្រើនដែរ។ ប្រជាជនទាំងនេះពឹងផ្អែកជាសំខាន់ទៅលើព្រៃឈើ និងអនុផលព្រៃឈើ ដូចជាវល្លិ៍ ផ្តៅ ទឹកឃ្មុំ និងជ័រទឹកជាដើមសម្រាប់ការរស់នៅប្រចាំថ្ងៃរបស់ពួកគេ។
ប៉ុន្តែប្រជាសហគមន៍នៅក្នុងតំបន់នេះអះអាងថា ការកាប់ព្រៃឈើពីសំណាក់ឈ្មួញ និងក្រុមហ៊ុនបានកំពុងបំផ្លាញជីវភាព និងជីវិតរស់នៅតាមបែបប្រពៃណីរបស់ពួកគេ។
ក្រុមអ្នកភូមិលើកឡើងថា នគរបាល មន្ត្រីរដ្ឋបាលព្រៃឈើ និងអាជ្ញាធរមូលដ្ឋានមិនត្រឹមតែមិនអើពើចំពោះការកាប់បំផ្លាញព្រៃឈើប៉ុណ្ណោះទេគឺថែមទាំងជួយការពារផលប្រយោជន៍ឲ្យឈ្មួញ និងក្រុមហ៊ុនកាប់ឈើទៀតផង។
លោកទ្រឹប ធើមគឺជាអនុប្រធានផ្នែកដីធ្លីនៃជនជាតិដើមភាគតិចនៅទីនេះ។
«អាជ្ញាធរហ្នឹងហើយចង់បំផ្លាញប្រជាពលរដ្ឋ! និយាយឲ្យចំទៅ!។ អាជ្ញាធរស្អីទៀត! អាជ្ញាធរហ្នឹងហើយពុករលួយខ្លាំងជាងគេ យកលុយពីក្រុមហ៊ុន»។
នៅក្នុងដំណើរប្រមូលព័ត៌មានមួយកាលពីពេលថ្មីៗនេះ ទៅកាន់តំបន់ដែលអ្នកភូមិរាយការណ៍ថា មានការកាប់ឈើខុសច្បាប់ អ្នកយកព័ត៌មានមួយក្រុម ដោយរួមទាំងអ្នកយកព័ត៌មានវីអូអេម្នាក់ដែរ ត្រូវបានក្រុមនគរបាលប្រដាប់ដោយកាំភ្លើងអាកា ឃាត់ដំណើរមិនឲ្យចូលទៅក្នុងតំបន់នោះទេ។
នៅពេលយប់ ក្រុមអ្នកសារព័ត៌មានក៏បង្ខំចិត្តចាកចេញពីតំបន់នេះ ក្រោយពីមានការព្រមាន និងបង្ខំឲ្យចាកចេញពីសំណាក់មេឃុំស្រែព្រះ។
នៅព្រឹកបន្ទាប់ ដោយមានជំនួយពីអ្នកតំណាងសហគមន៍ជនជាតិដើមភាគតិចម្នាក់ អ្នកយកព័ត៌មានវីអូអេបានប៉ុនប៉ងចូលទៅក្នុងតំបន់នោះម្តងទៀត ប៉ុន្តែត្រូវបានរារាំងដំណើរជាថ្មីទៀតដោយក្រុមនគរបាលប្រដាប់ដោយអាវុធ។
លោកកែវ សាវុធ ដែលបានដឹកនាំកម្លាំងនគរបាលក្នុងប្រតិបត្តិការរារាំងក្រុមអ្នកយកព័ត៌មាននេះ មានប្រសាសន៍ថា លោកធ្វើតែតាមបទបញ្ជាពីថ្នាក់លើរបស់លោកតែប៉ុណ្ណោះ។ ប៉ុន្តែលោកបានបដិសេធ មិនឆ្លើយតបចំពោះការលើកឡើងរបស់អ្នកភូមិដែលថា អាជ្ញាធរទទួលសំណូកពីក្រុមហ៊ុនកាប់ឈើនោះទេ។
លោកកែវ សាវុធ៖«ខ្ញុំអត់ដឹងទេ»។
មេឃុំស្រែព្រះគឺលោកព្ចើប ប៉េ ដែលបានព្យាយាមគេចពីអ្នកយកព័ត៌មាន តែមិនអាចគេចបាននោះ មានប្រសាសន៍ថា លោកមិនអនុញ្ញាតឲ្យអ្នកសារព័ត៌មានចូលក្នុងតំបន់នោះទេ ដោយសារតែពួកគេគ្មានការអនុញ្ញាតពីថ្នាក់លើរបស់លោក។
លោកក៏បានស្នើសុំឈ្មោះអ្នកភូមិដែលបានចោទប្រកាន់ថា លោកបានប្រព្រឹត្តអំពើពុករលួយនោះ។
«នរណាគេដែលចោទខ្ញុំហ្នឹង ឲ្យជួបខ្ញុំមក! ឲ្យតែមានភស្តុតាង ខ្ញុំទទួលខុសត្រូវ»។
ក្រុមអ្នកភូមិនិងមន្ត្រីឃ្លាំមើលសិទ្ធិដីធ្លីនៅទីនេះលើកឡើងថា នៅពេលដែលពួកគេរាយការណ៍ប្រាប់អាជ្ញាធរមូលដ្ឋានជាមុនអំពីផែនការល្បាតព្រៃនៅក្នុងតំបន់ដែលមានការសង្ស័យថា មានការកាប់បំផ្លាញព្រៃឈើខុសច្បាប់ ក្រុមអ្នកកាប់ឈើតែងតែដឹងមុន ហើយបានចាកចេញពីតំបន់នោះ មុនពេលក្រុមអ្នកភូមិទៅដល់។
លោកឯម សុភ័្រក្តិគឺជាមន្ត្រីសម្របសម្រួលនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ប្រចាំខេត្តមណ្ឌលគីរីនេះ។
«ប្រសិនបើមន្ត្រីអាជ្ញាធរគាត់មានឆន្ទៈការពារជាតិ ការពារព្រៃឈើ ការពារសហគមន៍ គាត់មិនរារាំងក្រុមអង្គការក្រៅរដ្ឋាភិបាល និងមិនឲ្យអ្នកសារព័ត៌មានទៅយកព័ត៌មានពិតនៅក្នុងតំបន់នេះឡើយ។ អញ្ចឹង យើងឃើញថា ប្រហែលជាមានការពាក់ព័ន្ធផលប្រយោជន៍ជាមួយក្រុមទុច្ចរិត ដែលកាប់បំផ្លាញព្រៃឈើ ទើបពួកគាត់ព្យាយាម ហើយព្យាយាមទៀត មិនឲ្យយើងចូលទៅក្នុងតំបន់ដែលកាប់បំផ្លាញព្រៃឈើនេះ»។
ដោយខឹងសម្បារនឹងការមិនអើពើពីសំណាក់អាជ្ញាធរ ក្រុមអ្នកភូមិពូគង់ និងប្រជាសហគមន៍ជនជាតិដើមភាគតិចផ្សេងៗទៀតបានលើកគ្នាឡើងមកតវ៉ានៅសាលាខេត្តនេះដើម្បីទាមទារឲ្យថ្នាក់ដឹកនាំខេត្តជួយរកដំណោះស្រាយឲ្យពួកគេ។
ជាការឆ្លើយតបនឹងការទាមទាររបស់ក្រុមអ្នកភូមិជនជាតិភាគតិចទាំងនេះ លោកយឹម លុច្យ អភិបាលរងខេត្តមណ្ឌលគីរី បានថ្លែងថា ក្រុមហ៊ុនដែលទទួលបានសម្បទានពីរដ្ឋាភិបាលមានសិទ្ធិកាប់ព្រៃឈើ។
«ក្រុមហ៊ុនដែលគេកាប់ព្រៃនេះគឺគេកាប់ទៅតាមច្បាប់។ គេមានច្បាប់ពីរាជរដ្ឋាភិបាលឲ្យកាប់។ អាហ្នឹងគេកាប់ហើយ មិនខុសទេ។ ប៉ុន្តែបងប្អូនយើងទៅកាប់ ដល់ពេលវាអត់ច្បាប់ វាខុសច្បាប់»។
លោកមានប្រសាសន៍បន្ថែមថា លោកពុំបានដឹងអំពីបទបញ្ជាណាមួយឲ្យឃាត់ដំណើររបស់ក្រុមអ្នកសារព័ត៌មានទៅកាន់តំបន់ដែលមានការសង្ស័យអំពីការកាប់បំផ្លាញព្រៃឈើដោយខុសច្បាប់នៅក្នុងភូមិពូគង់នោះទេ។
វីអូអេខ្មែរមិនអាចទាក់ទងតំណាងក្រុមហ៊ុនបិនភឿក១ដើម្បីសុំការអត្ថាធិប្បាយណាមួយសម្រាប់របាយការណ៍នេះបានទេ។
លោកសារ៉ូ រតនា នាយរងរដ្ឋបាលព្រៃឈើប្រចាំខេត្តមណ្ឌលគីរីនេះ បានថ្លែងថា រូបលោកនិងមន្ត្រីរបស់លោក ពុំដែលពាក់ព័ន្ធនឹងការទទួលសំណូកពីក្រុមហ៊ុនកាប់ឈើនោះទេ។
«បើមានមន្ត្រីណាដែលពាក់ព័ន្ធ បើមានភស្តុតាងជាក់ស្តែង សូមអស់លោករាយការណ៍មក។ ខ្ញុំនឹងមានវិធានការរដ្ឋបាល ចាត់ការមន្ត្រីនោះ»។
យ៉ាងណាក៏ដោយ ប្រជាសហគមន៍ជនជាតិដើមភាគតិចនៅទីនេះនិយាយថា ពួកគេមិនចង់ធ្វើជាកម្មករស៊ីឈ្នួលឲ្យក្រុមហ៊ុនឯកជនណាមួយទេ ហើយបានទទូចឲ្យមានការការពារព្រៃឈើដើម្បីទុកឲ្យពួកគេអាចបន្តជីវិតរស់នៅរបស់ខ្លួននិងកូនចៅទៅតាមទំនៀមទម្លាប់របស់ពួកគេបានតទៅមុខទៀត៕