ធនាគារពិភពលោក បានរាយការណ៍ថា សេដ្ឋកិច្ចរបស់កម្ពុជា បានរងការប៉ះទង្គិចយ៉ាងដំណំដោយសារតែការផ្ទុះឡើងនូវវីរុសកូរ៉ូណាថ្មីឬកូវីដ១៩។
ការផ្ទះវីរុសនៅទូទាំងពិភពលោកនេះ បានធ្វើឲ្យកំណើនសេដ្ឋកិច្ចរបស់កម្ពុជា បានធ្លាក់ចុះយ៉ាងគំហុកក្នុងត្រីមាសទី១នៃឆ្នាំ២០២០ ដោយធ្វើឲ្យសកម្មភាពឧស្សាហកម្មទេសចរណ៍ និងសំណង់ធ្លាក់ចុះខ្សោយយ៉ាងខ្លាំង។ នេះបើយោងតាមរបាយការណ៍របស់ធនាគារពិភពលោក ដែលបានចេញផ្សាយនៅថ្ងៃទី៣១ខែមីនា។
របាយការណ៍នេះ បញ្ជាក់ទៀតថាបើយោងតាមសេណារីយោបន្ទាត់គោលកំណើនក្នុងឆ្នាំ២០២០ សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករណ៍ទុកថានឹងថយល្បឿនមកនៅត្រឹម២,៥ភាគរយ។
កាលពីឆ្នាំ២០១៩ កំណើនសេដ្ឋកិច្ចកម្ពុជា ស្ថិតក្នុងអត្រា៧,១ភាគរយ ប៉ុន្តែវីរុសនេះ បានធ្វើឲ្យម៉ាស៊ីនកំណើនសេដ្ឋកិច្ចធំៗរបស់កម្ពុជា ធ្លាក់ចុះយ៉ាងគំហុកនៅដើមឆ្នាំនេះ។ ននេះបើយោងតាមរបាយការណ៍របស់ធនាគារពិភពលោក។
គិតមកត្រឹមបំណាច់ខែមីនានេះ កម្ពុជា មានអ្នកឆ្លងវីរុសនេះចំនួន១០៩នាក់៕