លោកស្រី ឃួន សុដារី ដែលមានវ័យ ៧១ ឆ្នាំ នឹងក្លាយជាប្រធានរដ្ឋសភាថ្មីសម្រាប់នីតិកាលទី ៧ និងជាស្រ្តីដំបូងគេក្នុងប្រវត្តិថ្នាក់ដឹកនាំកំពូលរបស់ស្ថាប័ននីតិបញ្ញត្តិមួយនេះ។ នេះបើតាមការ ប្រកាសរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ លោកនាយករដ្ឋមន្រ្តីកាលពីថ្ងៃទី ៩ ខែសីហា បានផ្សាយសារសំឡេងរបស់លោក ដោយបញ្ជាក់ថា លោកស្រី ឃួន សុដារី នឹងក្លាយជាប្រធានរដ្ឋសភាថ្មី សម្រាប់អាណត្តិទី ៧ នេះ ជំនួសលោក ហេង សំរិន ដែលបានកាន់តំណែងនេះប្រមាណជាបីអាណត្តិមកហើយ។
លោកបញ្ជាក់ថា៖ «ខ្ញុំសូមជម្រាបជូនអស់លោកទាំងអស់គ្នាឱ្យបានជ្រាបថា លោកជំទាវ ឃួន សុដារី ដែលបច្ចុប្បន្នជាអនុប្រធានទី ២ នៃរដ្ឋសភានឹងក្លាយទៅជាប្រធានរដ្ឋសភានាពេលខាងមុខដែលជាការអនុវត្តការលើកកម្ពស់តួនាទីរបស់ស្រ្តី»។
លោកនាយករដ្ឋមន្រ្តីបន្ថែមថា លោក ជាម យៀប ជាអនុប្រធានទី ១ នៃរដ្ឋសភា ហើយលោក វង សូត្រ ដែលបច្ចុប្បន្នជារដ្ឋមន្ត្រីក្រសួងសង្គមកិច្ច នឹងក្លាយទៅជាអនុប្រធានទី ២ នៃរដ្ឋសភា។
លោកស្រី ឃួន សុដារី បច្ចុប្បន្នមានតួនាទីជាអនុប្រធានទី ២ នៃរដ្ឋសភា ហើយក៏ជាស្រ្តីទី ១ ដែលកាន់តំណែងជាអនុប្រធានរដ្ឋសភា។ លោកស្រីមានស្រុកកំណើតនៅខេត្តបាត់ដំបង ប៉ុន្តែលោកស្រីបានក្លាយជាអ្នកតំណាងរាស្រ្តមកពីគណបក្សប្រជាជនកម្ពុជា មណ្ឌលខេត្តកណ្តាល តាំងពីអាណត្តិទី ២ ក្នុងឆ្នាំ ១៩៩៨ មក។ លោកស្រីក៏ធ្លាប់ធ្វើជាប្រធានគណៈកម្មការសិទិ្ធមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភានៃរដ្ឋសភាផងដែរ។
វីអូអេមិនទាន់អាចទាក់ទងសុំការអត្ថាធិប្បាយពីលោកស្រី ឃួន សុដារី បាននៅឡើយទេ។
លោក ឈាង វុន ប្រធានគណៈកម្មការទី ២ នៃរដ្ឋសភា ប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍នេះថា រចនាសម្ពន្ធរដ្ឋសភា និងនាយករដ្ឋមន្រ្តីថ្មីនឹងត្រូវប្រកាសជាផ្លូវការ នៅល្ងាចថ្ងៃទី ២២ ខែសីហា បន្ទាប់ពីចូលស្បថនៅព្រះបរមរាជវាំង។
លោកថ្លែងថា៖ «រចនាសម្ពន្ធរដ្ឋសភា និងរចនាសម្ពន្ធគណៈរដ្ឋមន្រ្តី ពាក្យថារចនាសម្ពន្ធគណៈរដ្ឋមន្ត្រី សមាជិកគណៈរដ្ឋមន្រ្តីថ្មីទាំងអស់ហ្នឹង រួមទាំងនាយករដ្ឋមន្រ្តីថ្មីផង ដែលសភាអនុម័តហើយហ្នឹង មិនទាន់ទៅជាផ្លូវការទេ ត្រូវទៅស្បថសិន។ ល្ងាចថ្ងៃទី ២២ ខាងគណៈរដ្ឋមន្រ្តីថ្មីទៅស្បថនៅព្រះបរមរាជវាំង នឹងទៅធ្វើការងារបានហើយ»។
អ្នកសម្របសម្រួលកម្មវិធីអប់រំ និងយេនឌ័រនៃអង្គការខុមហ្រ្វែល អ្នកស្រី សឺនកេត សិរីលក្ខណ៍ ប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍នេះថា អ្នកស្រីសាទរចំពោះវត្តមានរបស់លោកស្រី ឃួន សុដារី ដែលនឹងក្លាយទៅជាប្រធានរដ្ឋសភានាពេលខាងមុខ។ ប៉ុន្តែអ្នកស្រីថា បើការដឹកនាំរបស់ប្រធានរដ្ឋសភាថ្មីរូបនេះមិនឯករាជ្យ និងស្ថិតនៅក្រោមការគ្រប់គ្រងរបស់គណបក្សណាមួយនោះ អ្នកស្រីថា កម្ពុជាក៏មិនមានការអភិវឌ្ឍរីកចម្រើនដែរ។
អ្នកស្រីនិយាយថា៖ «ទោះបីគាត់មកតាមរយៈការឈរឈ្មោះជាសមាជិកគណបក្សមែន តែស្ថាប័នជាតិនេះជាស្ថាប័នឯករាជ្យ ជាស្ថាប័នសម្រាប់ប្រជាជាតិទាំងមូលជួយដល់ប្រជាពលរដ្ឋ ធ្វើឱ្យប្រទេសកម្ពុជាយើងមានការរីកចម្រើនប្រសើរជាងមុន។ ព្រោះតាមការរកឃើញថា នៅពេលមានមេដឹកនាំជាស្រ្តីស្ថិតនៅថ្នាក់កំពូលៗក្នុងការដឹកនាំកាន់តែច្រើន នឹងធ្វើឱ្យលទ្ធផលក្នុងប្រទេសកាន់តែប្រសើរ»។
ខណៈដែលសមាសភាពប្រធានរដ្ឋសភាថ្មីត្រូវបានផ្លាស់ប្តូរជាស្រ្តី ប៉ុន្តែចំនួនស្រ្តីអ្នកតំណាងរាស្រ្តក្នុងអាណត្តិទី ៧ នេះ ថយចុះពី ២០ ភាគរយ មកនៅត្រឹម ១២ ភាគរយ ឬថយពី ២៦ នាក់ មកនៅត្រឹម ១៦ នាក់ប៉ុណ្ណោះ។
អ្នកស្រី សឺនកេត សិរីលក្ខណ៍ បន្ថែមថា ប្រធានរដ្ឋសភានីតិកាលថ្មីដែលជាស្រ្តី គួរតែជំរុញឱ្យមានការគិតគូរបន្ថែមកុំឱ្យមានការរើសអើងលើស្រ្តី និងផ្តល់ឱកាសការងារដល់ស្រ្តីឱ្យបានច្រើនបន្ថែមទៀតទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ៕