នៅក្នុងការថ្លែងដោយមិនបញ្ចេញឈ្មោះប្រទេស ប៉ុន្តែទំនងសំដៅលើសហរដ្ឋអាមេរិក រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា លោក ទៀ បាញ់ បានអះអាងថាការចោទប្រកាន់អំពីមូលដ្ឋានកងទ័ពចិននៅកម្ពុជា គឺដើម្បីចំណេញផលប្រយោជន៍ភូមិសាស្រ្តនយោបាយតែប៉ុណ្ណោះ។
លោកបញ្ជាក់បែបនេះនៅក្នុងពិធីមួយនៃការបញ្ជូនតំណក់ប្រេងដំបូងរបស់កម្ពុជាមកតម្កល់នៅវិមានឈ្នះ-ឈ្នះនៅរាជធានីភ្នំពេញ ដែលធ្វើឡើងកាលពីព្រឹកថ្ងៃពុធ។
លោក ទៀ បាញ់ បានថ្លែងបែបនេះជាការឆ្លើយតបទៅនឹងការលើកឡើងរបស់អាមេរិកអំពីការចោទប្រកាន់ថាកម្ពុជានឹងកសាងហេដ្ឋារចនាសម្ព័ន្ធសម្រាប់យោធាចិននៅមូលដ្ឋានកងទ័ពជើងទឹករាមក្នុងខេត្តព្រះសីហនុ។
លោកថ្លែងថា៖ «មិនបានតាមបំណងប្រាថ្នារបស់គេ គេមិនទទួលយកទេ តែប៉ុណ្ណឹងយើងយល់ហើយ។ ខ្ញុំថាមិនបាច់បកស្រាយអីទេ ហើយជាពិសេសអ្នកសារព័ត៌មាន ចេះវិភាគដែរ។ រឿងភូមិសាស្រ្តនយោបាយយ៉ាងម៉េចៗ គឺយល់ច្បាស់ណាស់»។
លោកទៀ បាញ់ បន្តថាការលើកឡើងរបស់អនុរដ្ឋមន្រ្តីការបរទេសអាមេរិក អ្នកស្រី Wendy Sherman ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជាកាលពីថ្ងៃទី១ ខែមិថុនា និងជួបជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មិនត្រឹមត្រូវទាល់តែសោះ ពាក់ព័ន្ធនឹងការសួរនាំអំពីអនាគតនៃមូលដ្ឋានកងទ័ពចិននៅរាម។
លោកបញ្ជាក់ថា៖ «កន្លងមកនេះ អនុរដ្ឋមន្រ្តីShermanបានជួបជាមួយសម្តេចតេជោ ហើយគាត់បានពោលពាក្យមួយចំនួន គឺខុសឆ្ងាយណាស់ រឿងរ៉ាវនៅសមុទ្ររាមខាងត្បូង។ ខ្ញុំនិយាយច្រើនណាស់ ខ្ញុំមិននិយាយទៀតទេ។ ក៏ប៉ុន្តែក្នុងនោះ គាត់សុំឲ្យអនុព័ន្ធយោធាអាមេរិកបានទៅមើល ហើយសម្តេចតេជោ គាត់ថាអូខេឲ្យទៅមើល»។
រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា ក៏បានគូសបញ្ជាក់អំពីនយោបាយការបរទេសកម្ពុជាថាអព្យាក្រឹត មិនដូចការចោទប្រកាន់ថាលម្អៀងទៅកាន់ប្រទេសចិននោះទេ។
លោកបន្ថែមថា៖ «ឥឡូវនេះ គឺគេគូសបន្ទាត់ដាក់ឲ្យហ្មងយើងហ្នឹងគឺ pro [គាំទ្រឬលម្អៀងទៅខាង]ចិនជាដើម។ ក៏ប៉ុន្តែអត់ទេ អាហ្នឹងស្រេចតែគេតើ។ គេចង់គូស ចង់ខ្វាស ចង់ថាអី រឿងរបស់គេ។ តែរឿងយើង យើងមាននយោបាយរបស់យើងអព្យាក្រឹត។ យើងធ្វើការជាមួយនឹងមិត្តភក្តិទាំងអស់ដែលមករាប់រកគ្នា»។
លោក Chad Roedemeier អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាមិនបានអធិប្បាយចំៗជាការឆ្លើយតបទៅនឹងការថ្លែងរបស់លោក ទៀ បាញ់ នោះទេ។ ប៉ុន្តែលោកបានលើកឡើងអំពីការព្រួយបារម្ភយ៉ាងខ្លាំងរបស់អនុរដ្ឋមន្រ្តីការបរទេសអាមេរិក អ្នកស្រី Sherman ទាក់ទងនឹងអនាគតនៃវត្តមានកងទ័ពចិននិងការស្ថាបនាសំណង់នៅរាម។
នៅក្នុងជំនួបមួយកាលពីដើមខែមិថុនា អនុរដ្ឋមន្រ្តីការបរទេសអាមេរិកបានចោទសួរអំពីអនាគតនៃមូលដ្ឋានកងទ័ពចិននៅសមុទ្ររាមហើយក៏បានស្វែងរកការបំភ្លឺទៅលើការវាយកម្ទេចសំណង់អគាររបស់អាមេរិកនៅរាមដោយពុំមានការជូនដំណឹងឬសេចក្តីពន្យល់ដល់អាមេរិក និងយល់ថាវត្តមានមូលដ្ឋានយោធារបស់ចិននៅកម្ពុជានឹងធ្វើឲ្យមានភាពទន់ខ្សោយនៃអធិបតេយ្យភាពរបស់កម្ពុជា គំរាមកំហែងដល់សន្តិសុខតំបន់និងប៉ះពាល់អវិជ្ជមានលើទំនាក់ទំនងរវាងប្រទេសទាំងពីរ។
អនុរដ្ឋមន្រ្តីការបរទេសអាមេរិក ក៏បានជំរុញឲ្យការដឹកនាំរបស់កម្ពុជា«ត្រូវរក្សានូវគោលនយោបាយការបរទេសដែលមានតុល្យភាពនិងឯករាជ្យមួយ ដើម្បីជាប្រយោជន៍ដ៏ល្អបំផុតសម្រាប់ប្រជាជនកម្ពុជា»។
កាលពីសប្តាហ៍មុន រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ បានបញ្ជាក់ថាប្រទេសចិននឹងបញ្ជូនអ្នកជំនាញរបស់ខ្លួនមកជួយអភិវឌ្ឍនិងធ្វើទំនើបកម្មមូលដ្ឋានកងទ័ពរាមក្នុងខេត្តព្រះសីហនុ។
លោក ឯម សុវណ្ណារ៉ា សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយនិងជាអ្នកតាមដានសង្គមមួយរូបមានប្រសាសន៍ថាកម្ពុជាបារម្ភអំពីការយល់ច្រឡំនិងការវាយតម្លៃរបស់អាមេរិកដូច្នេះកម្ពុជាត្រូវតែបញ្ជាក់ប្រាប់សហគមន៍អន្តរជាតិអំពីអព្យាក្រឹតភាពរបស់ខ្លួន។
លោកថ្លែងថា៖ «ការបញ្ជាក់ឬក៏ការយល់ឃើញក្នុងក្របខណ្ឌណាមួយក៏ដោយ មានប្រសិទ្ធភាពលុះត្រាតែឥរិយាបថ ឬការស្តែងចេញទង្វើហ្នឹង ធ្វើឲ្យគេជឿជាក់ ជាជាងគ្រាន់តែការថ្លែងការនិយាយ»។
លោកបន្ថែមថា៖ «ការមកទស្សនកិច្ចរបស់អ្នកស្រីShermanនេះគឺបញ្ជាក់អំពីជំហរនិងភាពច្បាស់លាស់នៃនយោបាយការបរទេសរបស់សហរដ្ឋអាមេរិកជាមួយនឹងកម្ពុជាហើយ។ បើសិនបើពុំមានការឆ្លើយតប គេហៅថាពេញលេញ ឬក៏តាមការលើកឡើងទេ ឬកង្វល់របស់អាមេរិកទេ ខ្ញុំគិតថាយន្តការឬក៏មធ្យោបាយផ្សេងៗ សហរដ្ឋអាមេរិកអាចចាត់វិធានការ មិនរង់ចាំទេ»។
លោក ឯម សុវណ្ណារ៉ា បញ្ជាក់ថាការចំណេញភូមិសាស្រ្តនយោបាយជារឿងធម្មតាទេសម្រាប់ប្រទេសនីមួយៗ ក្នុងនាមជាប្រទេសមហាអំណាច។
លោកបណ្ឌិត អ៊ា សុផល ដែលជាសាស្ត្រាចារ្យខាងការទូតនិងកិច្ចការអន្តរជាតិនៃមហាវិទ្យាល័យOccidental College ក្នុងទីក្រុង Los Angeles រដ្ឋ California សហរដ្ឋអាមេរិកមានប្រសាសន៍ថាការលើកឡើងថាកម្ពុជាមិនលម្អៀងទៅចិន វាដូចជាការនិយាយខ្មៅថាស ហើយសថាខ្មៅ ដោយសារសកម្មភាពរបស់រដ្ឋាភិបាលកម្ពុជា មិនឆ្លុះបញ្ចាំងនោះទេ។
នៅក្នុងសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំទ្វេភាគីរវាងរដ្ឋមន្រ្តីការបរទេសកម្ពុជា លោក ប្រាក់ សុខុន និងរដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី នៅក្នុងទីក្រុង Chongqing ប្រទេសចិនកាលពីថ្ងៃទី៨ខែមិថុនា ប្រទេសទាំងពីរបានបញ្ជាក់នូវការប្តេជ្ញាយ៉ាងមុតមាំក្នុងការពង្រឹងនិងធ្វើឲ្យកាន់តែស៊ីជម្រៅនូវចំណងមិត្តភាពដូចដែកថែប ព្រមទាំងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើវិស័យជាច្រើនដើម្បីជាប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ និងសំដៅកសាងសហគមន៍វាសនារួមកម្ពុជា-ចិន៕