រដ្ឋមន្រ្តីក្រសួងការពារជាតិ លោក ទៀ បាញ់ បានបញ្ជាក់ថាប្រទេសចិននឹងបញ្ជូនអ្នកជំនាញរបស់ខ្លួនមកជួយអភិវឌ្ឍនិងធ្វើទំនើបកម្មមូលដ្ឋានសមុទ្ររាមរបស់កងទ័ពជើងទឹកក្នុងខេត្តព្រះសីហនុ។
ការលើកឡើងរបស់លោកឧបនាយករដ្ឋមន្រ្តីកម្ពុជា ខណៈសហរដ្ឋអាមេរិកបានបង្ហាញក្តីបារម្ភចាប់តាំងពីឆ្នាំ២០១៩មកថាកម្ពុជានិងចិនបានចុះកិច្ចព្រមព្រៀងសម្ងាត់មួយ ដើម្បីអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធនៅរាម សម្រាប់ជាមូលដ្ឋានកងទ័ពចិននៅពេលខាងមុខ។
ក្តីព្រួយបារម្ភនេះ ក៏ត្រូវបានអ្នកស្រី Wendy Sherman អនុរដ្ឋមន្រ្តីការបរទេសអាមេរិកបន្តលើកឡើងនៅពេលដែលអ្នកស្រីបានមកបំពេញទស្សនកិច្ចនៅកម្ពុជាកាលពីថ្ងៃអង្គារ ដោយពិភាក្សាជាមួយលោកនាយករដ្ឋមន្រ្តីហ៊ុន សែន។
នៅក្នុងសារជាសំឡេងមួយដែលត្រូវបានផ្សព្វផ្សាយដោយសារព័ត៌មានFresh News ដែលស្និទ្ធនឹងរដ្ឋាភិបាល លោក ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ បានថ្លែងថាកម្ពុជាត្រូវការអភិវឌ្ឍមូលដ្ឋានរាមឲ្យក្លាយជាកន្លែងសមរម្យមួយ រួមមានផែសម្រាប់នាវាធំៗចូលចតបានក្នុងជម្រៅទឹកជ្រៅ មាន រោងជាងសម្រាប់ជួសជុល និងកន្លែងធំទូលាយជាដើម។
លោករដ្ឋមន្រ្តីបញ្ជាក់ថាការងារទាំងអស់នេះ មិនមែនកម្ពុជាអាចធ្វើបានតែឯងនោះទេ ហើយវាត្រូវការថវិកាច្រើនផងដែរ ដែលតម្រូវឲ្យកម្ពុជារកដៃគូចិន ដើម្បីជួយរឿងនេះ។
លោក ទៀ បាញ់ បន្ថែមថាប្រទេសចិនកំពុងដំណើរការក្នុងការរៀបចំ ដើម្បីបញ្ជូនវិស្វករនិងអ្នកជំនាញផ្សេងៗមកកសាងហេដ្ឋារចនាសម្ព័ន្ធទាំងនេះ។
នៅក្នុងបទសម្ភាសន៍ជាសំឡេងមួយប្រមាណ១០នាទី លោក ទៀ បាញ់ បានថ្លែងថា៖ «ដូច្នេះគឺគេឆ្លើយតបមកជួយនេះ កម្ពុជាគឺដឹងគុណណាស់ អរគុណគេ ហើយគេមកជួយ។ គេជួយដោយឥតមានចំណងទេ។ ហើយជួយវិនិយោគ កសាងផែ កសាងរោងជាង ឬក៏ធ្វើអ្វីទាំងអស់ រួមទាំងការអភិវឌ្ឍមូលដ្ឋានយោធារាមនេះ គឺមិនមែនជាប្រាក់មួយរៀលពីររៀលធ្វើបានទេ ព្រោះវាត្រូវវិនិយោគត្រូវចំណាយច្រើនគួរសមដែរ តែខ្ញុំក៏មិនអាចទៅនិយាយប៉ុន្មានពិតប្រាកដទេ»។
រដ្ឋមន្រ្តីការពារជាតិបន្តថាការស្ថាបនាទាំងនេះជាសំណង់«ធំធេង» ដែលត្រូវការប្រទេសចិនជួយកសាង ប៉ុន្តែបដិសេធថាមិនមែនផ្តល់ឲ្យចិនធ្វើជាមូលដ្ឋានកងទ័ពសម្រាប់ប្រទេសមហាអំណាចនេះនៅពេលខាងមុខនោះទេ។
លោក ទៀ បាញ់ បញ្ជាក់ថា៖ «ហើយកម្ពុជាទេជាអ្នកប្រើប្រាស់។ កម្ពុជាទេអភិវឌ្ឍសម្រាប់ជាតិមាតុភូមិរបស់ខ្លួន។ តើរឿងនេះ តើកម្ពុជាមានសិទ្ធិទេ? កម្ពុជាមានសិទ្ធិធ្វើកិច្ចការហ្មឹងទេ? ទៅស្វះស្វែងរកជំនួយ ស្វះស្វែងរកការអភិវឌ្ឍប្រទេសរបស់ខ្លួន។ ក្នុងរដ្ឋធម្មនុញ្ញមានចែងច្បាស់លាស់ណាស់។ ព្រះរាជាណាចក្រកម្ពុជារក្សាសិទ្ធិក្នុងការទទួលយកជំនួយបរទេស ជាអាវុធ គ្រាប់រំសេវ ការហ្វឹកហ្វឺន និងបញ្ហាផ្សេងៗទៀត ដើម្បីការពារជាតិមាតុភូមិ ការពារសណ្តាប់ធ្នាប់របស់ប្រទេស»។
លោកបញ្ជាក់បន្ថែមថា៖ «រឿងនេះវាខុសអីចំពោះកម្ពុជា? វាខុសត្រង់ថាភូមិសាស្រ្តនយោបាយហ្នឹងទេ។ អារឿងនេះ គេមិនមែនចោទតែពេលនេះទេ គេចោទមកយូរហើយ ហើយវាចោទតែគ្រប់រឿងទាំងអស់»។
VOA មិនអាចសុំការអត្ថាធិប្បាយពីស្ថានទូតចិនប្រចាំនៅកម្ពុជានិងក្រសួងការបរទេសចិន តាមរយៈសារអ៊ីមែលបានទេនៅថ្ងៃព្រហស្បតិ៍នេះ។
សារព័ត៌មាន Fresh News នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ក៏បានផ្សព្វផ្សាយថារដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតឲ្យអនុព័ន្ធយោធាសហរដ្ឋអាមេរិក ចុះពិនិត្យកំពង់ផែរាមនៅពេលខាងមុខ។
លោក Chad Roedemeier អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាមិនបានឆ្លើយចំៗទៅលើសំណួរអំពីការចុះពិនិត្យមើលរបស់អនុព័ន្ធយោធាសហរដ្ឋអាមេរិកនៅពេលខាងមុខនោះទេ ប៉ុន្តែលោកបញ្ជាក់ថាដំណើរជាប្រចាំនិងញឹកញាប់របស់មន្រ្តីយោធាបរទេសទាំងអស់ទៅកាន់មូលដ្ឋានទ័ពជើងទឹករាម អាចបង្កើននូវតម្លាភាពលើបញ្ហានេះ។
អ្នកនាំពាក្យរូបនេះក៏មិនបានបង្ហាញការយល់ឃើញអំពីគម្រោងនៃការស្ថាបនាហេដ្ឋរចនាសម្ព័ន្ធនៅរាម ដោយមានជំនួយពីប្រទេសចិន។
នៅក្នុងជំនួបមួយកាលពីថ្ងៃអង្គារ អនុរដ្ឋមន្រ្តីការបរទេសអាមេរិក អ្នកស្រី Wendy Sherman បានបង្ហាញក្តីព្រួយបារម្ភយ៉ាងខ្លាំងអំពីការកសាងហេដ្ឋារចនាសម្ព័ន្ធនៅមូលដ្ឋានទឹករាម ដែលអាចនឹងអនុញ្ញាតឲ្យមានយោធាចិនក្នុងប្រទេសកម្ពុជា។
អ្នកស្រីក៏បានស្វែងរកការបំភ្លឺទៅលើការវាយកម្ទេចសំណង់អគាររបស់អាមេរិកនៅសមុទ្ររាមដោយពុំមានការជូនដំណឹង ឬសេចក្តីពន្យល់ដល់អាមេរិកនិងយល់ថាវត្តមានមូលដ្ឋានយោធារបស់ចិននៅកម្ពុជានឹងធ្វើឲ្យមានភាពទន់ខ្សោយនៃអធិបតេយ្យភាពរបស់កម្ពុជា គំរាមកំហែងដល់សន្តិសុខតំបន់និងប៉ះពាល់អវិជ្ជមានលើទំនាក់ទំនងរវាងប្រទេសទាំងពីរ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ការិយាល័យអ្នកនាំពាក្យក្រសួងការបរទេសអាមេរិក។
ជាការឆ្លើយតបលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ច្បាស់អំពីស្ថានភាពនៅមូលដ្ឋានកងទ័ពជើងទឹករាម និងបានរំឭកពីការប្តេជ្ញាចិត្តដ៏ម៉ឺងម៉ាត់របស់រដ្ឋាភិបាលកម្ពុជាក្នុងការថែរក្សានិងការពារឯករាជ្យ អព្យាក្រឹត និងអធិបតេយ្យភាពរបស់ខ្លួន ទាំងនយោបាយផ្ទៃក្នុងប្រទេសនិងកិច្ចការបរទេស។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាចេញផ្សាយកាលពីថ្ងៃពុធ។
លោកបណ្ឌិត អ៊ា សុផល ដែលជាសាស្ត្រាចារ្យខាងការទូតនិងកិច្ចការអន្តរជាតិនៃមហាវិទ្យាល័យOccidental College ក្នុងទីក្រុងLos Angeles រដ្ឋ Californiaសហរដ្ឋអាមេរិកមានប្រសាសន៍ថាការបញ្ជាក់របស់កម្ពុជាថាចិនជាអ្នកអភិវឌ្ឍនៅទីនោះ បង្ហាញអំពីអ្វីដែលសហរដ្ឋអាមេរិកបាននិយាយយូរមកហើយ។
លោកប្រាប់VOAតាមសារអ៊ីមែលនៅថ្ងៃព្រហស្បតិ៍នេះថា៖ «កាលណាទីក្រុងប៉េកាំងកាន់តែផ្តល់ឲ្យ[កម្ពុជា] កាន់តែទីក្រុងប៉េកាំងចង់បានមកវិញ។ ហើយកាន់តែទីក្រុងភ្នំពេញបដិសេធ វាកាន់តែជាការពិត»។
កាលពីឆ្នាំ២០១៩ សហរដ្ឋអាមេរិកបានលើកឡើងថាខ្លួនមានព័ត៌មានច្បាស់ការថាកម្ពុជាបានចុះកិច្ចព្រមព្រៀងសម្ងាត់ជាមួយប្រទេសចិនក្នុងការបើកឲ្យមានមូលដ្ឋានកងទ័ពចិននៅកម្ពុជា។
នៅក្នុងសន្និសីទអន្តរជាតិមួយកាលពីថ្ងៃទី២០ ខែឧសភា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចាត់ទុកការចោទប្រកាន់លើការចុះកិច្ចព្រមព្រៀងសម្ងាត់នេះថា«អយុត្តិធម៌ពេក»សម្រាប់កម្ពុជានិង«អយុត្តិធម៌»សម្រាប់ចិនផងដែរ៕