ក្រុមសង្គមស៊ីវិលច្រានចោលការចោទប្រកាន់របស់លោក ទៀ បាញ់ ប្រមុខកងទ័ពកម្ពុជា ដែលថា ក្រុមសង្គមស៊ីវិលមានមហិច្ឆតានយោបាយផ្តួលរំលំរដ្ឋាភិបាល។ ពួកគេបានស្នើឲ្យកងទ័ពប្រកាន់គោលជំហរឯករាជ្យ និងការពារប្រជាពលរដ្ឋខ្មែរស្មើៗគ្នា។
មេដឹកនាំអង្គការសង្គមស៊ីវិលបានស្នើឲ្យប្រមុខកងទ័ពកម្ពុជារក្សាជំហរអព្យាក្រិត ក្នុងការប្រើប្រាស់កម្លាំងទ័ពដែលត្រូវបង្កើតឡើងដើម្បីការពារប្រជាជន មិនមែនសម្រាប់តែការពារអំណាចរបស់រដ្ឋាភិបាលនោះទេ។
ពួកគេបានស្នើយ៉ាងដូច្នេះ បន្ទាប់ពី លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិបានចោទក្រុមសង្គមស៊ីវិលមួយចំនួនថា មានចេតនាបំផុសបំផុលឲ្យមានចលនាផ្តួលរំលំរដ្ឋាភិបាលនាពេលបច្ចុប្បន្ន។ លោក ទៀ បាញ់ បានលើកឡើងផងដែរអំពីយុទ្ធនាការ «ថ្ងៃច័ន្ទពណ៌ខ្មៅ» ដែលលោកចាត់ទុកថា ជាសកម្មភាព ដែលធ្វើឡើងដើម្បីប្រយោជន៍នយោបាយ មិនមែនជាការសម្តែងមតិនោះទេ។
ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារសាលប្រជុំថ្មីនៃសាកលវិទ្យាល័យការពារជាតិកាលពីថ្ងៃទី១៩ ខែ ឧសភាឆ្នាំ ២០១៦ លោករដ្ឋមន្ត្រីក្រសួងការពារជាតិ ទៀ បាញ់ បានមានប្រសាសន៍ ទៅសមភាគីវៀតណាម និងអ្នកចូលរួមដទៃទៀតថា អ្នកមានមហិច្ឆតានយោបាយមួយចំនួន ដែលចងគំនិតគិតចង់ផ្តួលរំលំរដ្ឋាភិបាល បានសម្ងំលាក់ខ្លួននៅក្រោមផ្លាកសមាគម និងអង្គការក្រៅរដ្ឋាភិបាលដើម្បីធ្វើសកម្មភាពបម្រើមហិច្ឆតានយោបាយរបស់ខ្លួន។
លោករដ្ឋមន្ត្រីការពារជាតិបានថ្លែងថា៖
«គោលដៅដ៏ធំរបស់គេ គឺថាធ្វើយ៉ាងណា ផ្តួលរំលំហៅថា រដ្ឋាភិបាលស្របច្បាប់ ឬនិយាយមែនទែន គឺផ្តួលរំលំឲ្យបានរដ្ឋាភិបាលដែលមានគណបក្សប្រជាជនដឹកនាំ សំដៅផ្តួលរំលំគណបក្សប្រជាជននេះឯង»។
លោក ទៀ បាញ់ ព្រមានថា រដ្ឋាភិបាលនឹងចាត់វិធានការប្រឆាំងនឹងក្រុមដែលបង្កឲ្យមានអស្ថិរភាពសង្គម៖
«អ្វីដែលហៅថា ជាការបង្ក ការរារាំង ឬយើងនិយាយមួយម៉ាត់ថា អាណាដែលវាបង្កើតនូវភាពរាំងស្ទះ ដល់ដំណើរការវិវត្តន៍ទៅមុខរបស់យើង គឺយើងចាត់ការ ចាត់ការនេះ គឺទៅតាមភាពត្រឹមត្រូវ»។
លោក ស ម៉ូរ៉ា ប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារនិងសេវាកម្មកម្ពុជា បានប្រាប់ VOA ថា ក្រុមសង្គមស៊ីវិល គ្រាន់តែធ្វើការតស៊ូមតិ តាមការប្រមូលផ្តុំគ្នាដើម្បីទាមទារយុត្តិធម៌ដល់មន្ត្រីសមាគមអាដហុក បួនរូប និងអគ្គលេខាធិការរង គ.ជ.ប មួយរូបតែប៉ុណ្ណោះ។ លោកថា យុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ មិនមែនជាចលនាដែលមានបំណងផ្តួលរំលំរដ្ឋាភិបាល តាមអ្វីដែលមន្ត្រីរដ្ឋាភិបាលមួយចំនួនយល់ថា ជាបដិវត្តន៍ពណ៌នោះ។ លោកបញ្ជាក់បន្តថា លោករដ្ឋមន្ត្រី ទៀ បាញ់ ត្រូវប្រកាន់យកជំហរអព្យាក្រឹត ដោយឈរនៅកណ្តាលរវាងក្រុមសង្គមស៊ីវិល និងរដ្ឋាភិបាល។
លោក ស ម៉ូរ៉ា ថ្លែងថា៖
«យើងមើលឃើញថា ក្នុងនាមគាត់ជាទាហាន ឬក៏ជាអ្នកការពារជាតិអីផ្សេងៗហ្នឹង គឺត្រូវប្រកាន់នូវគោលការណ៍កណ្តាល អព្យាក្រិតអីផ្សេងៗ អញ្ចឹងវា ការលើកឡើង ការចោទប្រកាន់របស់គាត់មកហ្នឹង វាហាក់ដូចជារឿងមិនត្រឹមត្រូវ ហើយសមស្របទេមកលើអង្គការសង្គមស៊ីវិល»។
លោក វន់ ពៅ ប្រធានមេដឹកនាំសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ ហៅកាត់ថា IDEA បានច្រានចោលការចោទប្រកាន់របស់លោករដ្ឋមន្ត្រី ទៀ បាញ់ មកលើក្រុមសង្គមស៊ីវិល។ លោកបន្តថា ក្រុមសង្គមស៊ីវិលមិនមានចេតនាផ្តួលរំលំរដ្ឋាភិបាលនោះទេ ហើយថា ការលើកឡើងរបស់លោក ទៀ បាញ់ មានចេតនាបំភិតបំភ័យដល់ក្រុមអង្គការសង្គមស៊ីវិល ដែលប្រឹងប្រែងទាមទារឲ្យមានការដោះលែងអ្នកជាប់ឃុំទាំងប្រាំនាក់។
លោក វន់ ពៅ ថ្លែងប្រាប់ VOA៖
«ខ្ញុំគិតថា ការលើកឡើង វាជាសារមួយ គ្រាន់តែគំរាមបំភិតបំភ័យនៃសង្គមស៊ីវិលទាំងឡាយណា ដែលធ្វើការតវ៉ា ទាក់ទងរឿងយុត្តិធម៌ ដោះលែងអ្នកទាំងប្រាំនាក់តែប៉ុណ្ណោះឯង»។
លោក វន់ ពៅ បានស្នើឲ្យលោក ទៀ បាញ់ ប្រកាន់ជំហរអព្យាក្រឹត ក្នុងការការពារប្រជាជនខ្មែរឲ្យបានស្មើគ្នា ដោយមិនលម្អៀងទៅខាងក្រុមណានោះទេនៅក្នុងទឹកដីខ្មែរ។
សាលាដំបូងរាជធានីភ្នំពេញកាលពីដើមខែឧសភានេះ បានសម្រេចចោទប្រកាន់មន្ត្រីសិទ្ធិមនុស្ស៤រូបនៃសមាគមសិទ្ធិមនុស្សអាដហុក រួមមានលោក នី សុខា លោក យី សុខ សាន្ត លោក ណៃ វង់ដា និង លោកស្រី លឹម មុន្នី ពីបទសូកប៉ាន់សាក្សី និងលោក នី ចរិយា អគ្គលេខាធិការរងនៃគ.ជ.បពីបទសមគំនិតសូកប៉ាន់សាក្សី។
ពួកគេទាំងប្រាំនាក់នេះ កំពុងស្ថិតក្នុងពន្ធនាគារបណ្ដោះអាសន្ន រង់ចាំការកាត់ទោស។ ការសម្រេចឃុំខ្លួនអ្នកទាំង៥ បានបង្កឲ្យមានការរិះគន់យ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ ក្រុមសង្គមស៊ីវិលក្នុងស្រុក និងក្រៅប្រទេស។ ពួកគេបានហៅការឃុំខ្លួននេះ ថាជាការបំបិទសំឡេងក្រុមសង្គមស៊ីវិល ដែលប្រាសចាកពីគោលការណ៍លទ្ធិប្រជាធិបតេយ្យ។
បន្ទាប់ពីការសម្រេចឃុំខ្លួននេះមក ក្រុមអង្គការសង្គមស៊ីវិលក្នុងស្រុកមួយចំនួន បានផ្ដើមធ្វើយុទ្ធនាការ «ថ្ងៃច័ន្ទពណ៌ខ្មៅ»។ យុទ្ធនាការនេះ បានរងការបង្ក្រាបក្នុងរយៈពេលពីរសប្ដាហ៍ជាប់ៗគ្នា ដោយមានមនុស្សចំនួន១៣នាក់ត្រូវបានឃាត់ខ្លួន តែត្រូវដោះលែងដោយអាជ្ញាធរកម្ពុជាវិញ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានថា យុទ្ធនាការពណ៌អ្វីក៏ដោយឲ្យតែត្រូវបានធ្វើឡើងដោយខុសច្បាប់នឹងប្រឈមមុខការចាប់ខ្លួន។
លោក ទៀ បាញ់ រដ្ឋមន្ត្រីការពារជាតិកម្ពុជា និងជាសមាជិកគណៈកម្មាធិការកណ្តាលរបស់គណបក្សប្រជាជនកម្ពុជា ក៏បានរំឭកឡើងវិញផងដែរអំពីការព្រមានរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានស្ថិតក្នុងអំណាចជាង៣០ឆ្នាំមកនេះ។ ការលើកឡើងរបស់លោក ទៀ បាញ់ អំពីការប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលពីក្រុមអង្គការសង្គមស៊ីវិល មានលក្ខណៈស្រដៀងគ្នា នឹងការថ្លែងរបស់លោក ឈាង វុន អ្នកតំណាងរាស្ត្រគណបក្សគ្រប់គ្រងប្រទេស ដែលបានចោទក្រុមអង្គការក្រៅរដ្ឋាភិបាលកាលពីពេលកន្លងមកថា មានបំណងបំផុសបំផុលប្រជាពលរដ្ឋខ្មែរងើបបះបោរ ប្រឆាំងនឹងរដ្ឋាភិបាល៕