ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ខុស​ពី​ភាព​ផ្អែមល្ហែម​ឆ្នាំ​មុន ចូល​ឆ្នាំ​ខ្មែរ​ឆ្នាំ​នេះ​ល្អក់​កករ​ដោយ​ភាព​តានតឹង


រូបឯកសារ៖ លោក សម រង្ស៊ី និងលោក ហ៊ុន សែន​ នៅ​ក្នុង​ពិធី​បើក​ព្រឹត្តិការណ៍​អង្គរ​សង្រ្កាន្ត​​នៅ​ខេត្តសៀមរាបនៃ​ប្រទេសកម្ពុជា ឆ្នាំ២០១៥។​
រូបឯកសារ៖ លោក សម រង្ស៊ី និងលោក ហ៊ុន សែន​ នៅ​ក្នុង​ពិធី​បើក​ព្រឹត្តិការណ៍​អង្គរ​សង្រ្កាន្ត​​នៅ​ខេត្តសៀមរាបនៃ​ប្រទេសកម្ពុជា ឆ្នាំ២០១៥។​

ប្រជាជាតិ​ខ្មែរ​ទូទាំង​សាកលលោក​បាន​ប្រារព្ធ​ពិធី​ចូល​ឆ្នាំ​ថ្មី មហា​សង្ក្រាន្ត ឆ្នាំវក ដែល​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី១៣ ខែ​មេសា​នេះ ​ខណៈ​ដែល​ស្ថានការណ៍​នយោបាយ​មាន​សភាព​តានតឹង និង​អាប់អួរ។

ស្រប​ពេល​ដែល​ប្រជាជន​កម្ពុជា​រាប់​លាន​នាក់​នៅ​ទូទាំង​ពិភពលោក​កំពុង​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ឆ្លង​ឆ្នាំ​វក​នៅ​ថ្ងៃ​ពុធ​នេះ​ ស្ថានការណ៍​នយោបាយ​របស់​ប្រទេស​ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ​មាន​ភាព​ល្អក់​កករ​និង​អាប់អួរ ​ផ្ទុយ​ពី​ភាព​ល្អូកល្អិន​រវាង​មេដឹកនាំ​នយោបាយ​កាល​ពីឆ្នាំ​មុន។

ខុស​ពី​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី ឆ្នាំ​មមែ កាល​ពី​មួយ​ឆ្នាំ​មុន (២០១៥) ប្រជាជាតិ​ខ្មែរ​ទូទាំង​សាកលលោក​បាន​ប្រារព្ធ​ពិធី​ចូល​ឆ្នាំ​ថ្មី មហា​សង្ក្រាន្ត ឆ្នាំវក ដែល​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី១៣ ខែ​មេសា​នេះ ​ខណៈ​ដែល​ស្ថានការណ៍​នយោបាយ​មាន​សភាព​តានតឹង និង​អាប់អួរ។

ពលរដ្ឋ​បាន​សម្រុក​ចេញ​ពី​រាជធានី​និង​ទី​ប្រជុំជន​ធំៗ ទៅ​ស្រុក​កំណើត និង​ចេញ​ទៅ​ធ្វើ​ដំណើរ​កម្សាន្ត​ដូច​សព្វ​មួយ​ដង។ នៅ​តាម​ទី​រួម​ខេត្ត​នានា មាន​ការ​ប្រារព្ធ​ពិធី​អបអរ​ឆ្នាំ​ថ្មី​ដោយ​ឡែកៗ​ពី​គ្នា ដូច​ជា​នៅ​ខេត្ត​សៀមរាប មាន​ការ​រៀបចំ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​លើក​ទី​បួនឆ្នាំ​ជាប់​គ្នា​ដ៏​គគ្រឹក​គគ្រេង​ ទីដែល​មាន​នូវ​អនុស្សាវរីយ៍​នយោបាយ ដែល​មេដឹកនាំ​នយោបាយ​ធ្លាប់​បាន​សាង​ភាព​ផ្អែមល្ហែម​កាល​ពី​ឆ្នាំ​ទៅ។

ប្រជាពលរដ្ឋខ្មែរប្រមូលផ្ដុំនៅមុខព្រះបរមរាជវាំងនារាជធានីភ្នំពេញនៅមុខរូបព្រះមហាក្សត្រខ្មែរនៅរាជធានីភ្នំពេញដើម្បីប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរ កាលពីថ្ងៃសៅរ៏ទី០៩ខែមេសានេះ។ប្រជាជនខ្មែរប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរចាប់ពី ថ្ងៃទី ១៣ដល់ទី១៦ខែមេសាឆ្នាំ២០១៦នេះ នៃឆ្នាំសត្វស្វា។ (ឡេង ឡែន/VOA)
ប្រជាពលរដ្ឋខ្មែរប្រមូលផ្ដុំនៅមុខព្រះបរមរាជវាំងនារាជធានីភ្នំពេញនៅមុខរូបព្រះមហាក្សត្រខ្មែរនៅរាជធានីភ្នំពេញដើម្បីប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរ កាលពីថ្ងៃសៅរ៏ទី០៩ខែមេសានេះ។ប្រជាជនខ្មែរប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរចាប់ពី ថ្ងៃទី ១៣ដល់ទី១៦ខែមេសាឆ្នាំ២០១៦នេះ នៃឆ្នាំសត្វស្វា។ (ឡេង ឡែន/VOA)

គេ​នៅ​ចាំ​បាន អំឡុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី ឆ្នាំ​មមែ កាល​ពី​ឆ្នាំ​ទៅ​មិញ មាន​ការ​ដោះ​លែង​ក្រុម​សកម្មជន​ និង​មន្ត្រី​បក្ស​ប្រឆាំង​ដែល​ជាប់​ពន្ធនាគារ ជាមួយ​នឹង​ការ​សម្រេច​ព្រម​ព្រៀង​អនុម័ត​ច្បាប់​សំខាន់ៗ ដែល​បើក​ផ្លូវ​ឱ្យ​មាន​កំណែ​ទម្រង់​ការ​បោះឆ្នោត។

លើស​ពី​នេះ​ទៅ​ទៀត ដៃ​គូ​បដិបក្ខ​នយោបាយ​យូរ​ឆ្នាំ គឺ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​មាន​វត្តមាន​រួម​គ្នា​នៅ​មុខ​ប្រាសាទ​បាយ័ន ខេត្ត​សៀមរាប ដើម្បី​ប្រារព្ធ​ពិធី​ស្វាគមន៍​ឆ្នាំ​ថ្មី ដែល​គ្រា​នោះ​ស្ថានការណ៍​នយោបាយ​កម្ពុជា ត្រូវ​បាន​អ្នក​ឃ្លាំ​មើល​បរិយាយ​ថា ឈាន​ដល់​ស្ថានភាព​ល្អូកល្អិន​មិន​ធ្លាប់​មាន​ពីមុន​មក។

មុន​ថ្ងៃ​ចូល​ឆ្នាំ​តែ​ប៉ុន្មាន​ថ្ងៃ​(២០១៥) ច្បាប់​ស្ដីពី​ការ​បង្កើត​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ត្រូវ​បាន​អនុម័ត​ និង​ឈាន​ទៅ​ដល់​ការ​រុះរើ​សមាសភាព គ.ជ.ប. ដែល​រង​ការ​រិះគន់​ជា​យូរ​លង់​ថា ​ជា​ដើម​ចម​នាំ​ឱ្យ​មាន​ជម្លោះ​ប្រទាំងប្រទើស ​ក្រោយ​ការ​បោះឆ្នោត​ម្ដងៗ។ ព្រម​ពេល​ជាមួយ​គ្នា ​មន្ត្រី​សកម្មជន​បក្ស​ប្រឆាំង និង​សកម្មជន​ដីធ្លី ត្រូវ​បាន​ដោះលែង​ឱ្យ​នៅ​ក្រៅ​ពន្ធនាគារ​ភ្លាមៗ ដែល​ញ៉ាំង​ឱ្យ​បរិយាកាស​នយោបាយ មាន​សភាព​ធូរស្រាល បង្ក​ឱ្យ​មាន​ការ​រំពឹង​ទុក​ជា​វិជ្ជមាន​ជា​ច្រើន​នា​គ្រា​នោះ។

បន្ទាប់​ពី​ពិធី​ចូល​ឆ្នាំ​ខ្មែរ​ឆ្នាំ​មមែ​ឆ្នាំ​មុន លោក ហ៊ុន សែន និង​លោក សម រង្ស៊ី បាន​ដឹក​ដៃ​គ្នា​ទៅ​ជួប​ពលករ​ខ្មែរ​នៅ​ប្រទេស​ម៉ាឡេស៊ី ហើយ​ត្រឡប់​មក​កម្ពុជា​វិញ ដើម្បី​ពិសារ​អាហារ​ពេល​ល្ងាច​រួម​គ្នា​ជា​លក្ខណៈ​គ្រួសារ។ នោះ​ហើយ​ជា​ពេល​វេលា​ផ្អែម​ល្ហែម​ចុង​ក្រោយ​បំផុត​នៃ​អ្នក​នយោបាយ​ទាំង​ពីរ។

រូបឯកសារ៖ នៅ​ក្នុង​រូបថត​ដែល​ត្រូវ​ចែកចាយ​យ៉ាង​ទូលំទូលាយ​តាម​បណ្តាញ​សង្គម លោក សម រង្ស៊ី ប្រធាន​គណបក្ស​ប្រឆាំង​ថត​រូប selfie ជាមួយ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ដើម្បី​បញ្ជាក់​ពី​«វប្បធម៌​សន្ទនា‍» ក្នុង​អំឡុងការ​ទទួល​ទាន​អាហារ​រួម​គ្នា​រវាង​ក្រុម​គ្រួសារអ្នក​នយោបាយ​ទាំង​ពីរ នៅ​សណ្ឋាគារកាំបូឌីយ៉ាណា​ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃអាទិត្យទី​១២ ខែ​កក្កដា ឆ្នាំ ២០១៥។ (រូបថតដោយ​ សម រង្ស៊ី)
រូបឯកសារ៖ នៅ​ក្នុង​រូបថត​ដែល​ត្រូវ​ចែកចាយ​យ៉ាង​ទូលំទូលាយ​តាម​បណ្តាញ​សង្គម លោក សម រង្ស៊ី ប្រធាន​គណបក្ស​ប្រឆាំង​ថត​រូប selfie ជាមួយ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ដើម្បី​បញ្ជាក់​ពី​«វប្បធម៌​សន្ទនា‍» ក្នុង​អំឡុងការ​ទទួល​ទាន​អាហារ​រួម​គ្នា​រវាង​ក្រុម​គ្រួសារអ្នក​នយោបាយ​ទាំង​ពីរ នៅ​សណ្ឋាគារកាំបូឌីយ៉ាណា​ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃអាទិត្យទី​១២ ខែ​កក្កដា ឆ្នាំ ២០១៥។ (រូបថតដោយ​ សម រង្ស៊ី)

ចាប់​ពី​ពេល​នោះ​មក​ គណបក្ស​សង្គ្រោះ​ជាតិ បាន​ដឹក​នាំ​យុទ្ធនាការ​ពិនិត្យ​ខ្សែបន្ទាត់​ព្រំដែន​ភាគ​ខាង​កើត ដែល​រាជរដ្ឋាភិបាលគណបក្ស​ប្រជាជន​កម្ពុជា បាន​កំពុង​ដំណើរ​ការ​បោះ​បង្គោល​កំណត់​ព្រំ​សីមា​ជាមួយ​នឹង​វៀតណាម។

វោហាស័ព្ទ​នយោបាយ និង​ការ​ដឹកនាំ​ចលនា​របស់​អ្នក​តំណាងរាស្ត្រ​បក្ស​ប្រឆាំង បាន​ឡើង​ដល់​ចំណុច​កំពូល ​ពេល​ដែល​មនុស្ស​ជាង​២.០០០​នាក់​បាន​តាម​ដង្ហែ​លោក អ៊ុំ សំអាន និង​លោក រៀល ខេមរិន្ទ ទៅ​កាន់​បង្គោល​ព្រំដែន ក្នុង​ស្រុក​កំពង់រោទិ៍​ ខេត្ត​ស្វាយរៀង ។ ពីរ​ថ្ងៃ​ក្រោយ​មក សាលក្រម​បន្ទាន់​មួយ​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ដាក់​គុក​សកម្មជន​ និង​មន្ត្រី​បក្ស​ប្រឆាំង​១១រូប ទាក់ទង​នឹង​ទំនួល​ខុស​ត្រូវ​លើ​អំពើ​ហិង្សា​នយោបាយ​កើត​ឡើង​នៅ​ស្ពាន​នាគ ក្បែរ​វត្ត​ភ្នំ ក្នុង​ខែ​កក្កដា​ឆ្នាំ២០១៤។

បន្ទាប់​មក​ទៀត តំណាងរាស្ត្រ​ពីរ​រូប​របស់​បក្ស​ប្រឆាំង គឺ​លោក គង់ សភា និង​លោក ញ៉យ ចំរើន ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​វាយដំ​ឱ្យ​របួស​ជា​ទម្ងន់​នៅ​ក្បែរ​មន្ទីរ​រដ្ឋសភា ទី​ដែល​មាន​ក្រុម​បាតុករ​បាន​ទាមទារ​ឱ្យ​លោក កឹម សុខា លាលែង​ពី​ដំណែង​អនុ​ប្រធាន​ទីមួយ​រដ្ឋសភា។

បន្តិច​ក្រោយ​មក លោក កឹម សុខា ត្រូវ​បាន​រដ្ឋ​សភា ដែល​មាន​តែ​សមាជិក​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ ដក​ដំណែង​ជា​អនុ​ប្រធាន​ទី​មួយ ហើយ​លោក សម រង្ស៊ី ក៏​ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​ឱ្យ​អនុវត្ត​ទោស​រឿង​បរិហារកេរ្តិ៍​លោក​អតីត​រដ្ឋមន្ត្រី​ការ​បរទេស ហោ ណាំហុង នាំ​ឱ្យ​លោក​រស់​នៅ​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​ដល់​ពេល​នេះ។

ផ្ទុយ​ពី​ចូល​ឆ្នាំ ឆ្នាំ​មុន​ដែល​អ្វី​ដែល​គេ​ហៅ​ថា «អ្នក​ទោស​នយោបាយ» ត្រូវ​បាន​ដោះ​លែង លោក​តំណាងរាស្ត្រ

រូបឯកសារ៖ លោក​ អ៊ុំ​ សំអាន​ តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ​ សួរ​ដេញ​ដោល​អំពី​បញ្ហា​ព្រំដែន​ នៅ​ក្នុង​សន្និសីទ​កាសែត​ដែល​បង្ហាញផែនទី​ដែលប្រើ​បោះ​សម្រាប់​បង្គោល​ព្រំដែន​ នៅ​ឯ​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី​ កាល​ពី​ថ្ងៃ​ទី​២​ ខែ​កក្កដា​ ឆ្នាំ​២០១៥។ (នៅ​ វណ្ណារិន/VOA​)​
រូបឯកសារ៖ លោក​ អ៊ុំ​ សំអាន​ តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ​ សួរ​ដេញ​ដោល​អំពី​បញ្ហា​ព្រំដែន​ នៅ​ក្នុង​សន្និសីទ​កាសែត​ដែល​បង្ហាញផែនទី​ដែលប្រើ​បោះ​សម្រាប់​បង្គោល​ព្រំដែន​ នៅ​ឯ​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី​ កាល​ពី​ថ្ងៃ​ទី​២​ ខែ​កក្កដា​ ឆ្នាំ​២០១៥។ (នៅ​ វណ្ណារិន/VOA​)​

ដែល​រិះគន់​រាជ​រដ្ឋាភិបាល​មិន​សំចៃ​មាត់​រឿង​កិច្ចការ​ព្រំដែន​កម្ពុជា​វៀតណាម ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​កាល​ពី​ដើម​សប្ដាហ៍​នេះ ហើយ​កំពុង​តតាំង​ក្ដី​នៅ​តុលាការ​រាជធានី ទាំង​មាន​អភ័យឯកសិទ្ធិ ​ក្រោម​បទ​ចោទ​ញុះញង់​បង្ក​ភាព​ចលាចល។

លោក សុខ ឥសាន សមាជិក​រដ្ឋសភា និង​ជា​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ហៅ​ការ​ធ្លាក់​ដុនដាប​នៃ​ទំនាក់​ទំនង​ជាមួយ​នឹង​បក្ស​សង្គ្រោះ​ជាតិ​ថា​ បណ្ដាល​មក​ពី​មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ​ខ្លួន​ឯង​ដែល​ជា​អ្នក​បង្ក​បញ្ហា និង​បណ្ដាល​ឱ្យ​«ស្ថានការណ៍​ស្រុក​ទេស​ច្របូក​ច្របល់»។

លោក​ សុខ ឥសាន ថ្លែង​ប្រាប់ VOA ថា៖ «អស់​លោក​អ្នក​នយោបាយ​ប្រឆាំង គាត់​នៅ​តែ​មាន​បញ្ហា​មិន​ចេះ​ចប់​មិន​ចេះ​ហើយ ធ្វើ​ឱ្យ​ស្ថានការណ៍​ស្រុក​ទេស​ច្របូក​ច្របល់។ មិន​មែន​ជា​ការ​គាបសង្កត់​រឹតត្បិត​ពី​គណបក្ស​កាន់​អំណាច​នោះ​ទេ​ នោះ​ជា​អំពើ​ប្រព្រឹត្ត​របស់​គាត់(មន្ត្រី​បក្ស​ប្រឆាំង) ដែល​ហុច​លទ្ធផល​យ៉ាង​ដូច្នេះ ដែល​នាំ​ឱ្យ​មាន​ការ​ល្អក់​កករ​ក្នុង​អារម្មណ៍​របស់​យើង​ពេល​ចូល​ឆ្នាំ​ខ្មែរ»។

VOA មិន​ទាន់​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​ និង​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ដើម្បី​សុំ​មតិ​យោបល់​បាន​ទេ នៅ​ថ្ងៃ​ពុធ​នេះ។ ប៉ុន្តែ​លោក សម​ រង្ស៊ី កាល​ពី​ខែ​តុលា​ឆ្នាំ​ទៅ​មិញ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​ថា គណបក្ស​ប្រជាជន​កម្ពុជា បាន​នឹង​កំពុង​ប្រើប្រាស់​វិធីសាស្ត្រ​ហ្វាស៊ីស (ក្រុម​កាន់​អំណាច​ផ្ដាច់​ការ​នៅ​អ៊ីតាលី អំឡុង​សង្គ្រាម​លោក​លើក​ទី​ពីរ) ដើម្បី​រក្សា​ការ​កាន់​អំណាច។ ហើយ​ជា​បន្ត​បន្ទាប់ បក្ស​ប្រឆាំង​បាន​ហៅ​ចំណាត់ការ​របស់​អាជ្ញាធរ​រដ្ឋ មាន​តុលាការ​ជាដើម​ទៅ​លើ​មន្ត្រី និង​សកម្មជន​របស់​ខ្លួន​ថា ធ្វើ​ឡើង​ក្រោម​សម្ពាធ​នយោបាយ ហើយ​បក្ស​ជំទាស់​ធំ​ជាង​គេ​នៅ​កម្ពុជា​មួយ​នេះ តែង​បាន​ធ្វើ​ការ​អត្ថាធិប្បាយ បរិហារ​ថ្កោល​ទោស​ចំណាត់ការ​ទាំងនោះ​ជា​បន្ត​បន្ទាប់។

​លោក ព្រាប កុល អ្នក​ឃ្លាំ​មើល​នយោបាយ និង​ជា​នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​អន្តរជាតិ (Transparency International) ប្រចាំ​នៅ​កម្ពុជា បាន​និយាយ​ថា​ ការណ៍​ដែល​ទំនាក់ទំនង​រវាង​បក្ស​ទាំង​ពីរ​ធ្លាក់​ចុះ​ក៏​ដោយ​សារ​តែ​ទំនោរ​នៃ​ការ​ជ្រែង​ជើង​គ្នា​ដណ្ដើម​ការ​គាំទ្រ​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ​២០១៧ និង​២០១៨ កាន់​តែ​ខិត​ជិត​មក​ដល់។

រូបឯកសារ៖ លោក ព្រាប កុល នាយកប្រតិបត្តិនៃ​អង្គការតម្លាភាពកម្ពុជាចូល​រួម​ពិភាក្សា​អំពី​«តើយុវជន​ខ្មែរ​ជំនាន់​ក្រោយ​បាន​ឆ្លង​ជំងឺ​ពុករលួយ​ដែរ​ឬ​ទេ?‍» នៅ​ក្នុង​កម្មវិធី Hello VOA ប្រចាំ​ខែ​អំពី​ការ​ប្រឆាំង​អំពើ​ពុករលួយ កាល​ពី​ថ្ងៃព្រហស្បតិ៍​ទី​១២ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។ (លឹម សុធី/VOA)
រូបឯកសារ៖ លោក ព្រាប កុល នាយកប្រតិបត្តិនៃ​អង្គការតម្លាភាពកម្ពុជាចូល​រួម​ពិភាក្សា​អំពី​«តើយុវជន​ខ្មែរ​ជំនាន់​ក្រោយ​បាន​ឆ្លង​ជំងឺ​ពុករលួយ​ដែរ​ឬ​ទេ?‍» នៅ​ក្នុង​កម្មវិធី Hello VOA ប្រចាំ​ខែ​អំពី​ការ​ប្រឆាំង​អំពើ​ពុករលួយ កាល​ពី​ថ្ងៃព្រហស្បតិ៍​ទី​១២ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។ (លឹម សុធី/VOA)

​លោក ព្រាប កុល ប្រដូច​ស្ថានភាព​នេះ​ថា៖ «លទ្ធិ​ប្រជាធិបតេយ្យ​របស់​យើង​ដូច​ចង្វាក់​បូឡេរ៉ូ (bolero) ​អ៊ីចឹង ... គឺ​យើង​រាំ​ទៅ​មុខ​បី​[ជំហាន] ថយ​ក្រោយ​បី​[ជំហាន] ដូច្នេះ​គឺ​វា​នៅ​ទ្រឹង​ដដែល ហើយ​ពេល​ខ្លះ​វា​ដើរ​ថយ​ក្រោយ​ក៏​មាន»។

​លោក ព្រាប កុល ក៏​បាន​លើក​ឡើង​ផង​ដែរ អំពី​កង្វះ​ការ​អនុគ្រោះ​គ្នា​ និង​ភាព​ចាស់​ទុំ​ផ្នែក​នយោបាយ​នៃ​អ្នក​នយោបាយ​គណបក្ស​ទាំង​ពីរ ដែល​នាំ​ឱ្យ​ការ​បែកបាក់​ផ្នែក​នយោបាយ​នៅ​កម្ពុជា​កាន់​តែ​មាន​សភាព​ជ្រាលជ្រៅ​ និង​ធ្ងន់ធ្ងរ​ឡើង៕

XS
SM
MD
LG