ទោះជាគណបក្សជំទាស់ធ្វើពហិការមិនចូលរួមអង្គប្រជុំពិសេសរបស់រដ្ឋសភាក៏ដោយ រដ្ឋសភាជាតិដែលមានតែគណបក្សកាន់អំណាចបានធ្វើការអនុម័តឲ្យតុលាការក្រុងភ្នំពេញបន្តនីតិវិធីរបស់ខ្លួនក្នុងរឿងក្តីតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ អ៊ុំ សំអាន ដែលមានអភ័យឯកសិទ្ធិសភានោះ។ នៅថ្ងៃដដែលនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានប្រកាសចាប់ខ្លួនជនណាដែល បន្តធ្វើការរិះគន់ការប្រើប្រាស់ផែនទីបោះបង្គោលព្រំដែនរបស់រដ្ឋាភិបាលលោក។
នាសៀលថ្ងៃអង្គារនេះ រដ្ឋសភាកម្ពុជាដែលមានតែតំណាងរាស្ត្ររបស់គណបក្សកាន់អំណាច បានលើកដៃអនុម័ត ឲ្យតុលាការបន្តនីតិវិធីរបស់ខ្លួនលើករណីតំណាងរាស្ត្រគណបក្សជំទាស់ អ៊ុំ សំអាន ដែលធ្វើការរិះគន់ រដ្ឋាភិបាលលោក ហ៊ុន សែន រឿងការប្រើប្រាស់ផែទីនិងការបោះបង្គោលព្រំដែនជាមួយប្រទេសវៀតណាម។
ក្នុងអង្គប្រជុំពិសេសរបស់រដ្ឋសភា ដែលមិនដល់ ១០នាទីនៅពេលរសៀលផងនោះ តំណាងរាស្ត្រមកពីគណបក្សកាន់អំណាចចំនួន ៦៣រូប រួមទាំងលោក ហ៊ុន សែន ផង ដែលមានវត្តមានក្នុងអង្គប្រជុំពិសេសរបស់សភា បានលើកដៃគាំទ្រឲ្យអាជ្ញាធរនិងតុលាការ បន្តកាងាររបស់ខ្លួនលើករណីសមាជិកសភាមកពីគណបក្សជំទាស់ ដោយមិននិយាយពីអភ័យឯកសិទ្ធិអ្វីនោះទេ។
ក្រោយពីការលើកដៃយល់ព្រម ដោយពុំមានវត្តមានពីសមាជិករដ្ឋសភារបស់គណបក្សជំទាស់សង្គ្រោះជាតិ លោក ហេង សំរិន ប្រធានរដ្ឋសភានិងជាប្រធានកិត្តិយសរបស់គណបក្សកាន់អំណាចបានប្រកាសថា៖
«អង្គសភាបានអនុម័ត យល់ព្រមឲ្យក្រសួងមានសមត្ថកិច្ចបន្តនីតិវិធីចោទប្រកាន់ ចាប់ខ្លួន ឃាត់ខ្លួន ឃុំខ្លួន ឯកឧត្តម អ៊ុំ សំអាន តំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប ទទួលបានចំនួនបាន ៦៣សំឡេងនៃសមាជិកនៃរដ្ឋសភាទាំងមូល»។
ការសម្រេចនេះគឺធ្វើឡើងក្រោយពីតុលាការក្រុងភ្នំពេញសម្រេចឃុំខ្លួន និងចោទប្រកាន់ជាផ្លូវការលើតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិក្នុងអភ័យឯកសិទ្ធិរូបនេះ ពីបទ«ញុះញង់ឱ្យប្រព្រឹត្តបទ ឧក្រិដ្ឋជាអាទិ៍» និង «ញុះញង់ឱ្យមានការរើសអើង»។ យោងតាមដីកាបញ្ជាឲ្យឃុំខ្លួនលោក អ៊ុំ សំអាន ដែលចេញដោយចៅក្រម តុប ឈុនហេង នៅព្រឹកថ្ងៃអង្គារនេះ ឲ្យដឹងថា លោក អ៊ុំ សំអាន បានប្រព្រឹត្តបទល្មើសជាក់ស្តែងនេះក្នុងអំឡុងឆ្នំា២០១៥ដល់ថ្ងៃទី១០ខែមេសាឆ្នាំ២០១៦។
នៅថ្ងៃដដែលនោះ គណបក្សសង្គ្រោះជាតិបានប្រកាសធ្វើពហិការ មិនចូលរួមការបោះឆ្នោត លើករណីនេះ ដោយសារតែរដ្ឋសភាកំពុងធ្វើការខុសពីគោលការណ៍រដ្ឋធម្មនុញ្ញកម្ពុជា ទាក់ទិននឹងការចាប់ខ្លួនតំណាងរាស្ត្រក្នុងអភ័យឯកសិទ្ធិ។ ប្រធានអភិបាលនៃតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ បានប្រាប់អ្នកសារព័ត៌មាននៅក្នុងសន្និសីទ នាព្រឹកថ្ងៃអង្គារនាទីស្តីការគណបក្សជំទាស់ថា តំណាងរាស្ត្រគណបក្សសង្គ្រោះមិនអាចចូលរួមជាមួយតំណាងរាស្ត្រគណបក្សកាន់អំណាចក្នុងការធ្វើខុសនឹងច្បាប់នឹងអាប់អោនកិតិ្តយសសភាកម្ពុជា។
លោក សុន ឆ័យ ថ្លែងថា៖
«យើងមិនអាចបណ្តែតបណ្តោយឲ្យស្ថាប័នជាតិស្ថាប័នរដ្ឋសភានេះ ដែលចែងច្បាស់លាស់ថា ជាស្ថាប័នឯករាជ្យ ជាស្ថាប័នដែលតំណាងឲ្យប្រជាជាតិទាំងមូល ប្រជាជាតិខ្មែរទំាងមូលនេះ ទៅធ្វើការងារមួយដែលមិនច្បាស់លាស់តាមគោលការណ៍រដ្ឋធម្មនុញ្ញ។ គឺយើងមិនចូលរួមធ្វើខុស គឺចង់ជំរុញឲ្យមានការធានាពីឯករាជ្យភាពនៃស្ថាប័នរដ្ឋសភានេះ»។
យ៉ាងណាក៏ដោយលោកថា គណបក្សសង្គ្រោះជាតិនៅតែបន្តវិប្បធម៌សន្ទនារវាងគណបក្សកាន់អំណាចដើម្បីបន្ធូរបន្ថយស្ថានការណ៍នយោបាយដែលកំពុងតានតឹងនេះ។ លោក សុន ឆ័យ ថាគណបក្សរបស់លោកក៏នឹងរិះរកគ្រប់នីតិវិធីដើម្បីឲ្យមានការដោះលែងលោក អ៊ុំ សំអាន និងសមាជិក១៥នាក់របស់ខ្លួនដែលកំពុងជាប់ឃុំឃាំង។
«ដូច្នេះ យើងនឹងធ្វើការងារហ្នឹង គឺគណបក្សសង្គ្រោះជាតិ មិនចូលរួមការប្រជុំអចិន្ត្រៃយ៍ ហើយក៏នឹងមិនចូលរួមក្នុងរសៀលនេះក្នុងម៉ោងបួនល្ងាចនេះ នៅក្នុងការសម្រេចយ៉ាងណា ដែលយើងយល់ថា ជាករណីប្រព្រឹត្តខុសដោយអាជ្ញាធរ ពាក់ព័ន្ធនឹងឯកឧត្តម អ៊ុំ សំអាន នេះ។ នៅក្នុងជំហរនេះដែរ យើងក៏អំពាវនាវឲ្យមានការដោះលែងឯកឧត្តម អ៊ុំ សំអាន»។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមណ្ឌលសៀមរាប លោក អ៊ុំ សំអាន ដែលមានសញ្ជាតិអាមេរិក ត្រូវបានអាជ្ញាធរការចាប់ខ្លួននារាត្រីថ្ងៃអាទិត្យ តាមអ្វីដែលអាជ្ញាធរអះអាងថា ជាបទល្មើសជាក់ស្តែង ក្នុងការរិះគន់ការប្រើប្រាស់ផែនទីនិងការបោះបង្គោលព្រំដែនកម្ពុជាវៀតណាម។ លោក អ៊ុំ សំអាន ត្រូវបានបញ្ចូនខ្លួនទៅកាន់តុលាការភ្លាមៗនាថ្ងៃច័ន្ទ។ ការចាប់និងបញ្ចូលខ្លួនរបស់តំណាងរាស្ត្រក្នុងអភ័យឯកសិទ្ធិត្រូវរងការរិះគន់ពីអង្គការសង្គមស៊ីវិលនិងគណបក្សជំទាស់យ៉ាងខ្លាំង។
ឆ្លើយតបទៅនឹងការរិះគន់ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាបានថ្លែងពីខេត្តសៀមរាបថា ការចាប់ខ្លួនរបស់អាជ្ញាធរគឺធ្វើត្រឹមត្រូវតាមនីតិវិធីច្បាប់ ហើយលោក អ៊ុំ សំអាន បានធ្វើបទល្មើសជាក់ស្តែងដោយសំអាងលើភស្តុតាងក្នុងទំព័រហេ្វសប៊ុករបស់លោក អ៊ុំ សំអាន។
មិនប៉ុន្មានម៉ោង មុនពេលដែលធ្វើដំណើរតាមយន្តហោះ ពិសេសមកក្រុងភ្នំពេញដើម្បីចូលរួមការបោះឆ្នោតក្នុងសភា លោក ហ៊ុន សែន ដ៏មានឥទ្ធិពលថ្លែងថា៖
«អ្នកឯងនិយាយពីផែនទីក្លែងក្លាយ ខ្ញុំចាប់អ្នកឯងភ្លាម មិនថាអ្នកឯងជាសមាជិកសភា ឬសមាជិកព្រឹទ្ធសភានោះទេ។ អាហ្នឹងគឺជាបទល្មើសជាក់ស្តែង ព្រោះនេះជាការញុះញង់ធំណាស់ ដែលបង្កមហន្តរាយដល់ប្រទេសជាតិ។ អ៊ីចឹងបើអ្នកច្បាប់ទាំងឡាយនិយាយពីច្បាប់ អ្នកឯងនិយាយពីច្បាប់ខ្ញុំនិយាយពីច្បាប់។ អ្នកឯងកុំអាងមានអភ័យឯកសិទ្ធិ ហើយមកធ្វើបទល្មើសជាក់ស្តែង។ នេះជាបទល្មើសជាក់ស្តែង បើសិនជានិយាយទៅ បើអ្នកឯកដកចេញពី Page ហ្នឹង កន្លះឆ្នាំឬក៏បីខែរួចហើយ ខ្ញុំក៏មិនអាចចាប់អ្នកឯងបាននោះទេ»។
លោក ហ៊ុន សែន ក៏ប្រកាសចាប់ខ្លួនជនណាដែលហ៊ានធ្វើការរិះគន់ការប្រើប្រាស់ផែនទីបោះបង្គោលព្រំដែន ដែលលោកអះអាងថា បានអនុឡោមតាមរដ្ឋធម្មនុញ្ញកម្ពុជា។
«ហើយក៏សុំផ្តាំត្រង់ៗថា អ្នកណាក៏ដោយឲ្យតែហ៊ាននិយាយថា រដ្ឋាភិបាលប្រើផែនទីក្លែងក្លាយត្រូវជាប់ខ្នោះទាំងអស់!»
ការចាប់ឃុំខ្លួនតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន ដែលបានធ្វើការបញ្ចេញមតិលើការប្រើប្រាស់ផែនទីបោះបង្គោព្រំដែនជាមួយវៀតណាម បានធ្វើឲ្យចំនួនសមាជិកនិងសកម្មជនគណបក្សជំគណបក្សដែលជាប់ឃុំឃាំងកើនឡើងដល់១៦រូប។ ក្នុងនោះក៏មានលោក ហុង សុខហួរ សមាជិកព្រឹទ្ធសភា ដែលជាប់ចោទក្នុងរឿងព្រំដែនដូចគ្នានោះ។
គេស្គាល់ថា លោក អ៊ុំ សំអាន ជាអតីតប្រធានចលនានិសិ្សតប្រជាធិបតេយ្យ ក្នុងអំឡុង ទសវត្ស៩០។ លោកបានទៅសិក្សាអនុបណ្ឌិតនៅសាកលវិទ្យាល័យ Cambridge College រដ្ឋ Massachusetts សហរដ្ឋអាមេរិកក្នុងឆ្នាំ២០០៣។ ក្រោយពេលទទួលបានសញ្ជាតិអាមេរិកកាំង លោក អ៊ុំ សំអាន បានពេលត្រឡប់មកកាន់កម្ពុជាវិញនាឆ្នាំ២០១៣ នឹងធ្វើជាតំណាងរាស្ត្រគណបក្សជំទាស់។ កាលពីឆ្នាំកន្លងទៅលោក អ៊ំ សំអាន តំណាងរាស្ត្រខេត្តសៀមរាម បានធ្វើការរិះគន់និងការតស៊ូមតិដោយស្នើឲ្យមានការបកស្រាយពីរដ្ឋាភិបាលកម្ពុជាលើការប្រើប្រាស់ផែនទីនិងបោះបង្គោលព្រំដែនកម្ពុជាវៀតណាម។ បើទោះជាលោកមានអភ័យឯកសិទ្ធិសភាក៏ដោយ ក៏តុលាការក្រុងភ្នំពេញបានសម្រេចឃុំខ្លួនលោកជាបណ្តោះអាសន្ននៅពន្ធនាគារកាលពីថ្ងៃអង្គារនេះ មុនពេលតុលាការសម្រេចកាន់ទោសលោកនោះ៕