ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​សង្គម​ស៊ីវិល​រិះគន់​ការ​តែងតំាំង​លោក​ ឡុង ឌីម៉ង់​ ថា​ជាប់​ទាក់ទង​ញាតិបក្ខនិយម


រូបឯកសារ៖ លោក ឡុង ឌីម៉ង់ ផ្តល់​បទសម្ភាសន៍​ជាមួយ​ VOA អំពីវិធានការការពារកំុឲ្យ​ទឹកភ្លៀងរឺទឹកទន្លេលិចរាជធានីភ្នំពេញ។ (ផន បុប្ផា/VOA)
រូបឯកសារ៖ លោក ឡុង ឌីម៉ង់ ផ្តល់​បទសម្ភាសន៍​ជាមួយ​ VOA អំពីវិធានការការពារកំុឲ្យ​ទឹកភ្លៀងរឺទឹកទន្លេលិចរាជធានីភ្នំពេញ។ (ផន បុប្ផា/VOA)

លោក​ជុំ សុន្ទរី អ្នក​នាំ​ពាក្យ​​ក្រសួង​ការ​បរទេស ​បាន​ប្រាប់​ VOA ​នៅ​ថ្ងៃច័ន្ទ​នេះ​ថា ​លោក ​ឡុង ឌីម៉ង់ ​និង​លោក​ ឡុង វិសាលោ​​ ​មិន​បាន​ដឹង​ខ្លួន​ជា​មុន​ទេ ​ទាក់ទង​នឹង​​​ការ​តែង​តាំង​ធ្វើ​ជា​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​​នៅ​​សាធារណរដ្ឋ​កូរ៉េ (កូរ៉េ​ខាង​ត្បូង) នេះ។​

ការ​តែងតាំង​ឆ្លង​ស្ថាប័ន​ឲ្យ​លោក ឡុង ឌីម៉ង់ ដែល​ជា​កូន​មន្ត្រី​ជាន់​ខ្ពស់ក្នុង​ក្រសួង​ការ​បរទេស​ ​ធ្វើ​ជា​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំនៅសាធារណរដ្ឋ​កូរ៉េ (កូរ៉េ​ខាង​ត្បូង) នោះ ​ត្រូវ​បាន​សង្គម​ស៊ីវិល​រិះ​គន់​ថា ​បង្ហាញ​លក្ខណៈ​ញាតិ​បក្ខនិយម។ តែ​មន្ត្រី​ក្រសួង​ការបរទេស​ច្រាន​ចោល​ការ​សន្និដ្ឋាន​នេះ។

មន្ត្រី​ក្រសួង​ការបរទេស​បាន​បដិសេធ​ថា ​ការ​តែងតាំង​លោក ​ឡុង​ ឌីម៉ង់ ​អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ​ឲ្យ​ធ្វើ​ជា​ឯក​អគ្គរាជទូត​របស់​កម្ពុជា​ប្រចាំ​សាធារណ​រដ្ឋ​កូរ៉េ​នោះ​មិន​មាន​ទាក់ទង​នឹង​ញាតិ​បក្ខ​និយមរវាង​លោក ​ឡុង ឌីម៉ង់​ និង​ឪពុក​របស់​លោក​គឺ​លោក ​ឡុង វិសាលោ​ រដ្ឋ​លេខាធិការ​ក្រសួង​ការ​បរទេស​នោះ​ទេ។ ​

លោក​ជុំ សុន្ទរី អ្នក​នាំ​ពាក្យក្រសួង​ការ​បរទេស ​បាន​ប្រាប់​ VOA ​នៅ​ថ្ងៃច័ន្ទ​នេះ​ថា ​លោក ​ឡុង ឌីម៉ង់ ​និង​លោក​ ឡុង វិសាលោ ​មិន​បាន​ដឹង​ខ្លួន​ជា​មុន​ទេ ​ទាក់ទង​នឹង​ការ​តែង​តាំង​នេះ។​

«មាន​ការ​លើក​ឡើង​ពី​លើ​បញ្ហា​ហ្នឹង​ច្រើន ​ហើយ​ខ្ញុំ​ក៏​បាន​ឆ្លើយ​បញ្ជាក់​រួច​ហើយ​បាទ! ​ការណ៍​ពិត​ ឯកឧត្តម ​ឡុង​ វិសាលោ​ គាត់​អត់​បាន​ដឹង​ខ្លួន​ទេ​ពី​បញ្ហា​ហ្នឹង។​ គាត់​អត់​ដឹង​ខ្លួន​សោះ»។ ​

លោក​ ឡុង ឌីម៉ង់ ​ដែល​នឹង​ក្លាយ​ជា​ឯកអគ្គរាជ​ទូត​ខ្មែរប្រចាំ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ក្នុង​ពេល​ឆាប់ៗ ​បាន​បញ្ជាក់​ថា ​លោក​បានឃើញ​អនុក្រឹត្យ​ និង​ព្រះរាជក្រឹត្យ​ដែល​តែងតាំង​លោក​ភ្លាមៗកាល​ពី​ចុង​សប្តាហ៍នោះហើយ​ ​តែ​លោក​ត្រូវរង់ចាំ​ការ​ព្រមព្រៀង​ពី​រដ្ឋាភិបាល​កូរ៉េ​ខាង​ត្បូង​ជា​មុន​សិន ​ទើប​លោកទៅ​កាន់​តំណែង​នេះ។ ​

លោក ឡុង ឌីម៉ង់ ថ្លែង​ប្រាប់ VOA ថា៖

«កំពុង​រង់ចាំ​ការណែនាំ​ពី​ក្រសួង​ការ​បរទេស​រួច​សិន។ ​កំពុង​ធ្វើ​នីតិវិធី​ដើម្បីឲ្យខាង​ភាគី​កូរ៉េ​គេទទួល​យក​ហើយ​ ខ្ញុំ​នឹង​ចេញ​ទៅ​ហើយ​ បាទ»។

នៅ​ពេល​សួរ​ថា ​តើ​ឪពុក​របស់​លោក​និង​គ្រួសារ​មាន​ស្នើ​សុំ​ការ​តែង​តាំង​ឬ​យ៉ាង​ណា លោក​និយាយ​ថា​ លោក​រវល់​ ហើយ​បាន​ដាក់​ទូរស័ព្ទ​ចុះ។​

«ខ្ញុំ​ជួប​ភ្ញៀវ​បន្តិច​បង!​ សុំទោស​ចាំ​និយាយ​ថ្ងៃ​ក្រោយ​ទៀត»។​

​ទោះ​ជា​យ៉ាង​ណា​ក្តី ​លោក ​កែម ឡី ​អ្នក​វិភាគ​ឯករាជ្យ ​និង​ជា​អ្នក​ឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម​យល់​ឃើញ​ថា ​ការ​តែងតាំង​មន្ត្រី​ក្នុង​រដ្ឋាភិបាល​សំខាន់ៗ​ច្រើន​ធ្វើ​ឡើង​ចំពោះ​មន្ត្រី​ដែលស្មោះស្ម័គ្រ​នឹង​គណបក្ស ​ ​ធ្វើ​សកម្មភាព​ការពារ​គណបក្ស​ និង​ភាគ​ច្រើន​បំផុត​គឺ​ខ្សែ​លោហិត។

«ជា​ទូទៅ​យើង​មើល​ឃើញ​តែ​ខ្សែ​សង្វាក់​កង​ព័ន្ធ​អញ្ចឹង​ទេ ​ការ​តែងតាំង​នោះ ​មិន​មែន​ផ្តោត​ទៅ​លើ​សមត្ថភាព​ទេ។ ​មិន​មែន​អត់​មាន​ទេ​ ក្រសួង​ការ​បរទេស ...ថ្មីៗ​ ក្មេងៗ​មាន​សមត្ថភាព​ច្រើន​ណាស់»។​

លោក​បន្ត​ថា ​ការ​តែង​តាំង​ភាគ​ច្រើន​មិន​យោង​តាម​បទ​ពិសោធន៍ និង​គុណភាព​ការងារ​ទេ។​ លោក​មើល​ឃើញ​ថា ក្នុង​ក្រសួង​ការ​បរទេស​មាន​មន្ត្រី​មាន​សមត្ថភាព​ច្រើន ​ហើយ​ការ​តែងតាំង​បែប​នេះ​អាច​នាំ​ឲ្យ​មាន​ការ​បែកបាក់ ​និង​មាន​ការ​អន់ចិត្ត​របស់​លេខា​ទី១ ​លេខា​ទី២​ដែល​មាន​បទ​ពិសោធន៍​នៅ​កូរ៉េ​ខាងត្បូង។​

ដូច​គ្មាន​នេះ​ដែរ លោក ​ជា មុន្នី ប្រធាន​សហជីព​សេរីកម្មករ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ​បាន​និយាយ​ថា ​ការ​តែង​តាំង​លោក ​ឡុង ឌីម៉ង់ ​មិនមែន​ជា​រឿង​ភ្ញាក់​ផ្អើល​ទេ ព្រោះ​នៅ​តាម​ក្រសួង​ មន្ត្រី​ភាគ​ច្រើន​មាន​ខ្សែ​ស្រឡាយ​សាច់​ញាតិ។​

«អ្នក​ដែល​មាន​តួនាទី​ជា​ថ្នាក់​ដឹកនាំ​រដ្ឋ​នៅ​ក្នុង​ក្រសួង​នីមួយៗ​តែងតាំង​កូន​អញ្ចឹង​វា​ធ្វើ​ឲ្យ​មាន​វិប្បដិសារី​ដល់​ឧត្តម​មន្ត្រី​មួយ​ចំនួន​ដែល​នៅ​ក្នុង​ស្ថាប័ន​ហ្នឹង»។

លោក​បន្ត​ថា ​ការ​តែង​តាំង​លោក ឡុង ឌីម៉ង់​ ដែល​ជា​អ្នកនាំ​ពាក្យ​រាជធានី​ភ្នំពេញ​ធ្វើ​ជា​ឯកអគ្គរាជទូតនេះគឺ​ជា​រឿង​ចម្លែក​ ព្រោះ​ជា​ការ​តែងតាំង​ឆ្លង​ស្ថាប័ន​ ខុស​បទពិសោធន៍ការងារ​ដែល​អាច​ធ្វើ​ឲ្យ​ការងារ​សកម្ម​ក្នុង​ស្ថាប័ន​រដ្ឋ​ ដូចជា​តាម​ក្រសួង​មន្ទីរ​នានា។​

​ទោះជា​យ៉ាង​ណាក្តី ​លោកជុំ សុន្ទរី ​បាន​អះអាង​ថា​ ការ​តែងតាំង​នេះ​សម្រេច​ដោយ​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល​ ដោយ​ផ្អែក​តាម​លក្ខណៈ​សម្បត្តិ​ ​ ​ហើយ​ឯក​អគ្គរាជទូត​ប្រចាំ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ត្រូវ​មាន​លក្ខណៈ​សម្បត្តិ​ខ្ពស់​ ព្រោះ​កូរ៉េ​ខាង​ត្បូង​ជា​ប្រទេស​មាន​ទំនាក់​ទំនង​សំខាន់​ជាមួយ​កម្ពុជា ​ដូច​ជា​នយោបាយ ​សេដ្ឋកិច្ច ​ជា​ពិសេស​ការវិនិយោគទុន ​ទេសចរណ៍ ​ហើយ​មាន​ពលករ​ខ្មែរ​ធ្វើ​ការ​នៅ​ទីនោះ​ច្រើន។​ ​ឯកអគ្គរាជទូត​នៅ​ទី​នោះ​ត្រូវ​មាន​ចំណេះដឹង​ខាង​ទំនាក់ទំនង​អន្តរជាតិ ​ការទូត ​និង​មាន​ទេព​កោសល្យ​ក្នុង​ការ​ជួយ​ដោះស្រាយ​បញ្ហា​របស់​ពលករ​ខ្មែរ​នៅ​កូរ៉េ​ខាង​ត្បូង។​

«នេះ​ជា​លក្ខណៈ​វិនិច្ឆ័យ​ដែល​ថ្នាក់​ដឹកនាំ​យើង​ផ្តោត​ជា​សំខាន់​ក្នុង​ការ​ស្វែងរក​ឯក​អគ្គរាជទូត​ប្រចាំ​នៅ​កូរ៉េ​ខាងត្បូង ​គឺ​ពុំ​បាន​ផ្អែក​លើ​កត្តា​ណាមួយ​ផ្សេង​ឡើយ ​ឬ​ផ្អែក​ទៅ​លើ​ខ្សែ​ស្រឡាយ​នោះ​គឺ​អត់​មាន​ទេ​ បាទ!»​

ទោះ​ជា​យ៉ាងណា​ក្តី ​អ្នក​នាំ​ពាក្យក្រសួង​ការ​បរទេសនេះ​បាន​ឲ្យ​ដឹង​ថា​ ការ​តែង​តាំងលោក​ ឡុង ឌីម៉ង់ ធ្វើឡើង​ដោយ​យោង​តាម​សមត្ថភាព​និង​ជំនាញ​ ហើយ​លោក​ ឡុង ឌីម៉ង់ ​មាន​សញ្ញាប័ត្រ​អនុបណ្ឌិត​ខាង​ទំនាក់​ទំនង​អន្តរជាតិ​នៅ​ប្រទេស​បារាំង។ ​លោក​ឲ្យ​ដឹង​ថា​ ភាគី​កម្ពុជា​បាន​ធ្វើ​ការតែងតាំង​លោក​ ឡុង ឌីម៉ង់ ​ចប់​សព្វគ្រប់ ​ហើយនៅ​ចាំ​តែ​កិច្ច​ព្រមព្រៀង​រវាង​កម្ពុជា​និង​កូរ៉េ​ខាង​ត្បូង​តែប៉ុណ្ណោះ។​

លោក ​ឡុង ឌីម៉ង់ ​ត្រូវ​បាន​តែងតាំងជំនួស​លោក​ ស៊ុត ឌីណា ​ដែល​ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ចាប់​ខ្លួនកាល​ពី​ថ្ងៃ​ទី​៤ ​ខែ​មេសា ពី​បទ​សង្ស័យ​ថា ​ពុករលួយ​ ហើយ​មាន​លុយ​ជាង​៧​លាន​ដុល្លារ ​និង​មាស​ជាង​១២​គ.ក្រ.។ ​លោក ​ស៊ុត ឌីណា​ ​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​សម្រេច​បញ្ជូន​ទៅ​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​នៅ​ពន្ធនាគារ ព្រៃ​ស ​កាល​ពី​ថ្ងៃ​ទី​៧​ខែ​មេសា។ ​លោក​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ​កេង​យក​ផល​ប្រយោជន៍​ដោយ​ខុស​ច្បាប់​នៃ​ក្រម​ព្រហ្មទណ្ឌ​កម្ពុជា​ និង​បទ​រំលោភ​អំណាច​ដែល​អាច​ឲ្យ​លោក​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​រហូត​ដល់​១៥​ឆ្នាំ ​បើ​តុលាការ​រក​ឃើញ​ថា ​លោក​មាន​កំហុស​ដូច​ការ​ចោទ​ប្រកាន់៕

XS
SM
MD
LG