កិច្ចប្រជុំគណៈរដ្ឋមន្ត្រីដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃសុក្រនេះ បានផ្តល់ការយល់ព្រមលើសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧។ សេចក្តីព្រាងច្បាប់នោះបានឲ្យដឹងថា រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយជាង៥.០០០លានដុល្លារអាមេរិកក្នុងឆ្នាំ២០១៧ សម្រាប់ប្រតិបតិ្តការរបស់រដ្ឋាភិបាល។
គម្រោងនៃការចំណាយថវិកាជាតិឆ្នាំ២០១៧នេះ ស្មើនឹង ២២.៧៦ភាគរយ នៃផលិតផលក្នុងស្រុកសរុប (ផសស) គឺបានកើនលើស១៥.៦ភាគរយពីថវិកាជាតិឆ្នាំ ២០១៦ ដែលបានអនុម័តដោយសភាជាតិកាលពីខែធ្នូឆ្នាំ២០១៥ ក្នុងចំនួន៤.៣០០លានដុល្លារអាមេរិក។ នេះបើយោងទៅតាមសេចក្តីសម្រេចរបស់ទីសី្តការគណៈរដ្ឋមន្ត្រី ដែលបានចេញផ្សាយជាសាធារណៈនារសៀលថ្ងៃសុក្រនេះ។
យោងតាមសេចក្តីសម្រេចរបស់ទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋាភិបាលគ្រោងនឹងចំណាយទៅលើវិស័យសំខាន់ៗរួមមាន វិស័យការពារជាតិ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ដែលគ្រោងនឹងចំណាយចំនួនជាង ៨២២លានដុល្លារ គឺកើនឡើង២០.៤ភាគរយ ធៀបនឹងថវិកាឆ្នាំ២០១៦ វិស័យសេដ្ឋកិច្ច ដែលគ្រោងនឹងចំណាយចំនួនជាង ៣២២លានដុល្លារ គឺកើនឡើង ១៣.១ភាគរយ ធៀបនឹងថវិកាឆ្នាំ ២០១៦ វិស័យសង្គមកិច្ច ដែលគ្រោងនឹងចំណាយជាង ១.១៩២លានដុល្លារ គឺកើនឡើង ១២.៧ភាគរយ ធៀបនឹងថវិកាឆ្នាំ២០១៦។
ឯកសារសង្ខេបនៃសេចក្តីសម្រេចរបស់ទីស្តីការគណៈរដ្ឋមន្ត្រីបានពន្យល់ថា៖
«ថវិកាឆ្នាំ២០១៧ ត្រូវបានគិតគូរ និងរៀបចំឡើងដើម្បីធានាចលនានៃការកែទម្រង់ ព្រមទាំងតម្រង់ និងតម្រឹមគោលដៅនៃការកែទម្រង់ស្របទៅតាមបំណងប្រាថ្នារបស់ប្រជាជនកម្ពុជា ព្រមទាំងបានគិតគូរផងដែរ ទៅដល់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០១៧ និងការត្រៀមទប់ទល់នឹងវិបត្តិដែលអាចកើតមានឡើងជាយថាហេតុ។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់ VOA នៅថ្ងៃសុក្រនេះថា គម្រោងចំណាយរបស់រាជរដ្ឋាភិបាល គឺត្រូវបានសម្រេច ក្រោយការគិតគូរយ៉ាងលម្អិតទៅលើធនធានថវិកា ដែលរដ្ឋាភិបាលអាចលៃលកបាន។
«ខ្ញុំយល់ថា យើងដាក់នេះ ដាក់តាមលទ្ធភាព ថវិកាយើងដែលយើងផ្តល់អាទិភាពទៅជូនក្រសួងមួយចំនួន ដើម្បីនឹងប៉ះប៉ូវ ពាក់ព័ន្ធនឹងជីវភាពរស់នៅរបស់ប្រជាជន ដូចជាក្រសួងអប់រំ ក្រសួងសុខាភិបាល ក្រសួងអភិវឌ្ឍន៍ជនបទអីជាដើមបាទ»។
លោកបញ្ជាក់ថា ការសម្រេចដំឡើងការចំណាយបន្ថែមដល់ទៅជាង៧០០លានដុល្លារ ធៀបនឹងឆ្នាំ ២០១៦នេះ គឺធ្វើឡើងដើម្បីសម្រួលការដំឡើងប្រាក់បៀវត្សដល់មន្ត្រីរាជការ។
ក្នុងការចំណាយរបស់រដ្ឋាភិបាលដែលមានចំនួន៤.៣០០លានដុល្លារសម្រាប់ឆ្នាំ ២០១៦ រដ្ឋាភិបាលក៏បានដំឡើងការខ្ចីប្រាក់ពីកម្រិត ៦០០លាន SDR (ឬប្រមាណជា ៨៤០លានដុល្លារអាមេរិក) នៅឆ្នាំ ២០១៥ ទៅដល់ ៧០០លាន SDR (ឬប្រមាណជា ៩៨០លានដុល្លារអាមេរិក) នៅឆ្នាំ២០១៦។ នេះបើយោងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់គម្រោងថវិកាឆ្នាំ២០១៦។
លោក សុខ ឥសាន អ្នកតំណាងរាស្ត្រគណបក្សគ្រប់គ្រងប្រទេសមិនអាចបញ្ជាក់បានថា តើរដ្ឋាភិបាលមានគម្រោងខ្ចីប្រាក់ពីបរទេសដើម្បីទ្រទ្រង់គម្រោងនៃការចំណាយរបស់រដ្ឋាភិបាលក្នុងឆ្នាំ២០១៧នោះទេ។ ឯកសារសង្ខេបស្តីពីផែនការចំណាយចេញដោយទីស្តីការគណៈរដ្ឋមន្ត្រី ក៏មិនបានលើកឡើងពីគម្រោងនៃការខ្ចីប្រាក់របស់រដ្ឋាភិបាលនោះដែរ។
លោក សន ជ័យ នាយកប្រតិបត្តិនៃអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា ហៅកាត់ថា ANSA ថ្លែងថា រដ្ឋាភិបាលនៅពុំទាន់ធ្វើឲ្យមានតម្លាភាពនិងគណនេយ្យភាព នៅក្នុងការគ្រប់គ្រងចំណាយចំណូល ទៅលើវិស័យសំខាន់ៗរបស់រដ្ឋាភិបាល ក្នុងនោះមានវិស័យអប់រំ និងសុខាភិបាល ក៏ដូចជាគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានា ដែលមិនបានធ្វើឡើងក្នុងគុណភាពសមស្រប និងអាចស្ថិតស្ថេរបានយូរអង្វែង។
លោក សន ជ័យ ថ្លែងប្រាប់ VOA ថា៖
«យើងចង់ឃើញផ្លូវថ្នល់កម្ពុជាមាន មានការថែទាំ មានការកសាងឡើង ដោយមានតម្លាភាព បើកចំហព័ត៌មាន ធ្វើម៉េចកុំឲ្យ គុណភាពសេវាទាំងអស់នេះវា វានៅមានបញ្ហាដូចសព្វថ្ងៃ»។
លោកបន្តថា អំពើពុករលួយជាផ្នែកមួយនៃការបន្តទាញឲ្យគុណភាពសេវាសាធារណៈរបស់រដ្ឋធ្លាក់ចុះ ហើយយន្តការវិមជ្ឈការថវិកាសម្រាប់ថ្នាក់ខេត្តក្រុង ឃុំសង្កាត់ដែលនៅមិនទាន់អាចអនុវត្តបានពេញលេញនោះ ក៏បានរួមចំណែកដល់ការមិនបានធ្វើឲ្យប្រសើរឡើងនៃសេវាសាធារណៈសំខាន់ៗ ដូចជាវិស័យ អប់រំ សុខាភិបាល និងកសិកម្មជាដើម។
លោកបានស្នើឲ្យអាជ្ញាធរសវនកម្មជាតិ មានភាពរហ័សរហួនជាងមុន ក្នុងការឃ្លាំមើលតាមដានចំណូលចំណាយរបស់រដ្ឋាភិបាល ហើយធ្វើរបាយការណ៍បង្ហាញដល់សាធារណៈជនទូទៅ។ ក្នុងគ្រាដែលអ្នកនយោបាយនៃគណបក្សធំៗទាំងពីរដែលជាប់ឆ្នោតក្នុងសភា មិនទាន់មានការចុះសម្រុងគ្នានោះ លោក សន ជ័យ យល់ថា ការអនុម័តសេចក្តីព្រាងច្បាប់ថវិកាសម្រាប់ឆ្នាំ២០១៧នេះ នឹងធ្វើឡើង ដោយខ្វះការពិនិត្យផ្ទៀងផ្ទាត់ និងមិនធានាថា ផែនការចាយវាយរបស់រដ្ឋាភិបាលនោះ នឹងប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាពនោះទេ។
ថវិកាជាតិសម្រាប់ឆ្នាំ២០១៦ គឺត្រូវបានអនុម័ត ដោយអ្នកតំណាងរាស្ត្រនៃគណបក្សប្រជាជនកម្ពុជា តែប៉ុណ្ណោះ ដោយសារក្រុមអ្នកតំណាងរាស្ត្រគណបក្សប្រឆាំងបានពហិការមិនចូលសភា។
សេចក្តីព្រាងថវិកាសង្ខេបឆ្នាំ២០១៧ ដែលចេញផ្សាយដោយទីស្តីការគណៈរដ្ឋមន្ត្រី បានឲ្យដឹងផងដែរថា រដ្ឋាភិបាលមានផែនការសម្រួលជីវភាពរបស់មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ គ្រូពេទ្យ កងកម្លាំង ប្រដាប់អាវុធ និងបងប្អូនកម្មករបុគ្គលិក និយោជិក តាមរយៈការសម្រេចកែសម្រួលមាតា៤៧ថ្មីនៃច្បាប់សារពើពន្ធ ដើម្បីដំឡើងកម្រិតអប្បបរមានៃប្រាក់បៀវត្សរ៍ជាប់ពន្ធឲ្យឡើងដល់១លានរៀល (ឬប្រមាណជា ២៥០ដុល្លារអាមេរិក) និងដំឡើងកម្រិតកាត់បន្ថយមូលដ្ឋានគិតពន្ធលើបៀវត្សរ៍ ចំពោះកូនក្នុងបន្ទុក និងសហព័ទ្ធជាមេផ្ទះរបស់មន្ត្រីរាជការក្នុងម្នាក់ៗពី៧៥.០០០រៀល (ឬប្រមាណជា១៩ដុល្លារអាមេរិក) ដល់ ១៥០.០០០រៀល (ឬប្រមាណជា៣៧ដុល្លារ) ក្នុងមួយខែ។
ការប្រកាសពីផែនការចាយវាយរបស់រដ្ឋាភិបាលសម្រាប់ឆ្នាំ២០១៧ កើតមានឡើង តែមួយសប្តាហ៍ ក្រោយការធ្វើទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីចិន Xi Jinping នៅប្រទេសកម្ពុជា។ ក្នុងដំណើរទស្សនកិច្ចរបស់លោក Xi រដ្ឋាភិបាលចិន និងកម្ពុជាបានចុះកិច្ចព្រមព្រៀង និងពិធីសារចំនួន៣១ ដែលគ្របដណ្តប់វិស័យជាច្រើន រួមមានវប្បធម៌ សង្គម សេដ្ឋកិច្ច និងការពារជាតិ និងការកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសកម្ពុជា។
ក្នុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិនដដែលនោះ ភាគីចិនបានយល់ព្រមលុបបំណុលដែលកម្ពុជាជំពាក់ចិនកាលពីឆ្នាំ២០១៥ ចំនួន៦០០លានយ៉ន់ (ឬប្រមាណជា៨៩លានដុល្លារ) និងផ្ដល់ជាជំនួយឥតសំណងដល់វិស័យយោធាកម្ពុជាចំនួន១០០លានយ៉ន់ (ឬប្រមាណជាជិត១៥លានដុល្លារ) ផងដែរ៕