ច្បាប់ស្តីពីថវិកាជាតិក្នុងឆ្នាំ២០១៧ នឹងកំណត់កំណត់ឲ្យមន្រ្តីរាជការ និងនិយោជិតដែលមានប្រាក់ខែចាប់ពី១លានរៀលឡើងទើបត្រូវជាប់កាតព្វកិច្ចពន្ធលើប្រាក់បៀវត្សរ៍។ ការកំណត់នេះត្រូវបានអ្នកឃ្លាំមើលពីការអភិវឌ្ឍសង្គមយល់ថា មិនអាចជួយសម្រួលអ្វីបានដល់អ្នកមានកាតព្វកិច្ចបង់ពន្ធនោះទេ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសពីការកែប្រែកម្រិតប្រាក់បៀវត្សរ៍ត្រូវជាប់កាតព្វកិច្ចពន្ធដែលនឹងមានចែងក្នុងច្បាប់ថវិកាឆ្នាំ២០១៧។ ការកែប្រែនេះបានកំណត់ឲ្យនិយោជិតដែលមានប្រាក់ខែចាប់ពី១លានរៀលឡើងទើបត្រូវជាប់កាតព្វកិច្ចពន្ធលើប្រាក់បៀវត្សរ៍ ខណៈច្បាប់សារពើពន្ធឆ្នាំ២០១៦ អ្នកមានប្រាក់ខែចាប់ពី៨០ម៉ឺនរៀលឡើងត្រូវជាប់ពន្ធបៀវត្សរ៍។
ថ្លែងក្នុងពិធីប្រគល់សញ្ញាប័ត្រដល់និស្សិតនៃសាកលវិទ្យាល័យមួយ នៅថ្ងៃទី៦ ខែតុលានេះ លោក ហ៊ុន សែន មានប្រសាសន៍ថា សេចក្តីព្រាងច្បាប់ស្តីពីថវិកាឆ្នាំ២០១៧ នឹងត្រូវសម្រេចដាក់ឲ្យប្រើប្រាស់ឲ្យបានមុនដំណាច់២០១៦នេះ។ លោកបន្ថែមថា ច្បាប់នេះនឹងកំណត់ប្រាក់ខែចាប់ពី១លានឡើងទើបត្រូវជាប់ពន្ធ ដើម្បីសម្រួលដល់ជីវភាពរបស់មន្រ្តីរាជការ និងនិយោជិត។
លោកនាយករដ្ឋមន្ត្រីថ្លែងទៅកាន់និស្សិតថា៖ «ដើម្បីកាត់បន្ថយការលំបាករបស់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ជាពិសេសក្នុងហ្នឹងមានលោកគ្រូអ្នកគ្រូ គ្រូពេទ្យរបស់យើង ដែលមានចំនួនប្រមាណជា១៤ម៉ឺននាក់ គឺយើងបានរំកិលពី៨០ម៉ឺនទៅ១លាន អញ្ចឹងចាប់ពីមួយលានទៅ អាហ្នឹងបានជាប់ពន្ធ ប៉ុន្តែក៏មានដែរមួយលានដល់ប៉ុន្មានអាហ្នឹងបានជាប់ប៉ុន្មានភាគរយ មួយលានដល់ប៉ុន្មានជាប់ប៉ុន្មានភាគរយ ប៉ុន្តែមិនមែនយកអាមួយលានហ្នឹងទៅបូកទាំងអស់ទេ ដូចថា មួយលានម្ភៃម៉ឺន អញ្ចឹងគេយកតែម្ភៃម៉ឺនទេមកគិតប៉ុន្មានភាគរយ អញ្ចឹងបង់ទៅវាតែប៉ុន្មានពាន់រៀលតែប៉ុណ្ណឹងទេ»។
ការប្រកាសនេះធ្វើឡើងតែប៉ុន្មានថ្ងៃក្រោយពីលោក ហ៊ុន សែន ប្រកាសដំឡើងប្រាក់ខែអប្បបរមាជូនគ្រូបង្រៀនដល់ជាង៩៥ម៉ឺនរៀល ហើយប្រាក់ខែអប្បបរមារបស់កម្មករនិយោជិតក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងត្រូវដំឡើងក្នុងចំនួន១៥៣ដុល្លារអាមេរិកសម្រាប់ឆ្នាំ២០១៧។
លោក សន ជ័យ នាយកប្រតិបត្តិនៃអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា (ANSA) ប្រាប់ VOA ថា ការប្រកាសកាត់ពន្ធប្រាក់ខែដែលមានចំនួនចាប់ពីមួយលានរៀលនេះ គ្រាន់តែជារូបភាពនៃការលើកទឹកចិត្តដល់អ្នកបង់ពន្ធដែលមានប្រាក់ខែទាបប៉ុណ្ណោះ។ លោកបន្ថែមថា ការប្រមូលពន្ធលើប្រាក់ខែ ជាទូទៅត្រូវប្រមូលពីអ្នកមានប្រាក់ចំណូលខ្ពស់ ដើម្បីជួយដល់អ្នកមានប្រាក់ចំណូលទាប។ ដូច្នេះលោកថា រដ្ឋាភិបាលគួរមានវិធានការផ្សេងដែលអាចសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋបានពិតប្រាកដ។
លោក សន ជ័យ បញ្ជាក់ថា៖
«ទោះបីជាជាប់ពន្ធក្នុងកម្រិតមួយលានរៀលហ្នឹងក៏ជាពន្ធមួយដែលជាប់តិចតួចដែរទេ អញ្ចឹងសំខាន់គឺរដ្ឋត្រូវមានយន្តការមួយដែលត្រូវប្រមូលពន្ធពីអ្នកមានស្តុកស្តម្ភហ្នឹងឲ្យបង់កាតព្វកិច្ចពន្ធហ្នឹងឲ្យបានគ្រប់គ្នាទៅ ខ្ញុំគិតថា ពេលហ្នឹងចំណូលសេដ្ឋកិច្ចជាតិ ចំណូលថវិកាជាតិហ្នឹងក៏វាអាចហ្នឹងកើនឡើងទៅតាមហ្នឹងដែរ។ យកអាថវិកាពន្ធហ្នឹងមកជាប្រយោជន៍ដល់ការលើកកម្ពស់សេវាសុខុមាលភាពដល់ប្រជាពលរដ្ឋ ជាពិសេសអ្នកដែលក្រីក្រហ្នឹង»។
ការកំណត់អត្រាបង់ពន្ធលើប្រាក់បៀវត្សរ៍ ត្រូវធ្វើស្របតាមសេចក្តីប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលក្នុងនោះការកំណត់មានចាប់ពី០ភាគរយ ទៅ២០ភាគរយ អាស្រ័យតាមចំនួនប្រាក់ខែរបស់អ្នកមានកាតព្វកិច្ចបង់ពន្ធ៕