ក្រោយមានព័ត៌មានផ្សព្វផ្សាយថា មន្ត្រីអន្តោប្រវេសន៍បានយកលុយពីអ្នកទេសចរអន្តរជាតិនៅព្រលានយន្តហោះថ្មីខេត្តសៀមរាប អគ្គនាយកដ្ឋានអន្តោប្រវេសន៍ កាលពីថ្ងៃអង្គារ បានចេញសេចក្តីក្តីបំភ្លឺមួយ ដោយអះអាងថា ការផ្សព្វផ្សាយនោះមិនមានប្រភពច្បាស់លាស់ និងថា កាលបរិច្ឆេទរបស់អ្នកបញ្ចេញមតិនោះ គឺនៅមុនការដាក់ឲ្យដំណើរការនៃព្រលានយន្តហោះថ្មីនេះ។
កាលពីថ្ងៃទី ៩ ខែមករា ឆ្នាំ ២០២៣ ទំព័រហ្វេសប៊ុកមួយឈ្មោះ The CEROC បានផ្សព្វផ្សាយព័ត៌មានអំពីអាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី ដោយស្រង់យកសម្តីភ្ញៀវទេសចរអន្តរជាតិដែលបានរិះគន់ថា ព្រលានយន្តហោះថ្មីនេះមានអំពើពុករលួយ សេវាកម្មអត់ល្អ បន្ទប់ទឹកមិនស្អាត និងថែមទាំងផ្តាំអ្នកដទៃមិនឱ្យឆ្លងកាត់ព្រលាននេះថែមទៀតផង។
បើតាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍ អាជ្ញាធរបានខិតខំប្រឹងប្រែងក្នុងការជំរុញការអនុវត្តច្បាប់ ស្តីពីអន្តោប្រវេសន៍យ៉ាងម៉ឺងមាត់បំផុត និងបានក្រើនរំឭកជាញឹកញាប់ដល់មន្ត្រីក្រោមឱវាទនៅក្នុងកិច្ចប្រជុំនានា។
អគ្គនាយកដ្ឋានអន្តោប្រវេសន៍បញ្ជាក់ថា៖ «ជាពិសេស លើការគ្រប់គ្រងដំណើរចេញ-ចូលតាមច្រកទ្វារអន្តរជាតិ ដែលស្ថិតក្រោមសមត្ថកិច្ចរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងបានណែនាំឱ្យដាក់ផ្លាកជាចំហអំពីតម្លៃទិដ្ឋាការ នៅមុខទីតាំងផ្តល់ទិដ្ឋាការនៃប៉ុស្តិ៍ច្រកទ្វារអន្តរជាតិនានា ដោយមានសរសេរជាភាសាអង់គ្លេស ដាក់នៅចំពីមុខបញ្ជរស្នើសុំទិដ្ឋាការ ជូនអ្នកដំណើរ និងភ្ញៀវបរទេសឱ្យបានឃើញច្បាស់ផងដែរ»។
ក្នុងបទសម្ភាសន៍ជាមួយវីអូអេ អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ លោក កែវ វណ្ណថន លើកឡើងថា អគ្គនាយកដ្ឋានអន្តោប្រវេសន៍នឹងពិនិត្យទៅលើមន្ត្រីរបស់ខ្លួន និងថា បើរកឃើញភាពមិនប្រក្រតីណាមួយកើតឡើង នោះនឹងមានវិធានការលើពួកគេ។
លោកបញ្ជាក់ថា៖ «អគ្គនាយកដ្ឋានអន្តោប្រវេសន៍នឹងចុះពិនិត្យជាក់ស្តែង បើសិនជាពាក់ព័ន្ធមន្ត្រីណា អគ្គនាយកដ្ឋានអន្តោប្រវេសន៍នឹងចាត់វិធានការដាក់វិន័យទៅតាមបទបញ្ជា ០០៦ ដែលជាវិន័យរបស់កងកម្លាំងនគរបាលជាតិ»។
បើតាមអ្នកនាំពាក្យរូបនេះ ការពិន័យនេះអាចឈានរហូតដល់ទម្លាក់ឋានៈ ឬក៏បណ្តេញចេញពីក្របខណ្ឌរដ្ឋទៅតាមទោសជាក់ស្តែង។
អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល លោក ស៊ីន ចាន់សិរីវត្ថា ច្រានចោលនូវព័ត៌មានដែលបានចុះផ្សាយទាំងនោះ ហើយថា វាមិនឆ្លុះបញ្ចាំងនូវតថភាពបច្ចុប្បន្នឡើយ។
លោកបញ្ជាក់ថា៖ «រឿងវាពាក់ព័ន្ធនៅពេលដែលយើងបើកដំបូង។ វានៅក្នុងការសាងសង់។ ប៉ុន្តែឥឡូវមិនមានបញ្ហាមិនស្អាតមិនអីនោះទេ។ សុទ្ធតែរឿងចាស់ទាំងអស់។ វាអត់ឆ្លុះបញ្ចាំងអ្វីជាតថភាពពិតបច្ចុប្បន្ន»។
អាកាសយានដ្ឋានថ្មីក្នុងខេត្តសៀមរាបដែលមានតម្លៃប្រមាណ ១.១០០ លានដុល្លារអាមេរិក ក្រោមគម្រោងក្រវាត់ផ្លូវពាណិជ្ជកម្មរបស់ចិន ឬ BRI ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ កាលពីខែវិច្ឆិកា ឆ្នាំ ២០២៣។ ព្រលានយន្តហោះនេះត្រូវបានវិនិយោគក្នុងទម្រង់«សាងសង់ ប្រតិបត្តិការផ្ទេរ» ឬ BOT ដោយក្រុមហ៊ុនចិន ដែលមានន័យថា ព្រលានយន្តហោះនេះនឹងត្រូវផ្ទេរមករដ្ឋាភិបាលកម្ពុជាគ្រប់គ្រងវិញ នៅក្នុងឆ្នាំ ២០៧៣ ក្រោយការសាងសង់រយៈពេលប្រមាណ ៥ ឆ្នាំ និងប្រតិបត្តិការរយៈពេល ៥០ ឆ្នាំ៕
វេទិកាបញ្ចេញមតិ