ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹកនាំ​អាស៊ី ចាប់​ផ្តើម​ពិភាក្សា​តំបន់​ពាណិជ្ជកម្ម​ដ៏​ធំមួយ


ការ​ពិភាក្សា​​លើ​លទ្ធភាព​បង្កើត​តំបន់​ពាណិជ្ជ​កម្ម​សេរី​​ដែល​អាច​ភ្ជាប់​​សេដ្ឋកិច្ច​របស់​ខ្លួន​ជាមួយ​ប្រទេស​ចិន ​ឥណ្ឌា​ កូរ៉េខាង​ត្បូង​​ ជប៉ុន ​អូស្រ្តាលី​និង​ញូវ៉ែល​ហ្សេឡង់។
ការ​ពិភាក្សា​​លើ​លទ្ធភាព​បង្កើត​តំបន់​ពាណិជ្ជ​កម្ម​សេរី​​ដែល​អាច​ភ្ជាប់​​សេដ្ឋកិច្ច​របស់​ខ្លួន​ជាមួយ​ប្រទេស​ចិន ​ឥណ្ឌា​ កូរ៉េខាង​ត្បូង​​ ជប៉ុន ​អូស្រ្តាលី​និង​ញូវ៉ែល​ហ្សេឡង់។
រាជធានី​ភ្នំពេញ៖ កាល​ពី​ថ្ងៃ​អង្គារ​ សមាជិក​១០​ប្រទេស​របស់​សមា​គម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ បាន​ព្រម​ព្រៀង​គ្នា​ចាប់​ផ្តើម​ការ​ពិភាក្សាលើ​លទ្ធភាព​បង្កើត​តំបន់​ពាណិជ្ជ​កម្ម​សេរីដែល​អាច​ភ្ជាប់សេដ្ឋកិច្ច​របស់​ខ្លួន​ជាមួយ​ប្រទេស​ចិន ​ឥណ្ឌា​ កូរ៉េខាង​ត្បូង ជប៉ុន ​អូស្រ្តាលី​និង​ញូវ៉ែល​ហ្សេឡង់។

មេដឹកនាំ​អាស៊ាន ​បាន​ចាប់​ផ្តើមចរចា​ជាផ្លូវការដើម្បី​បង្កើតដៃគូសេដ្ឋកិច្ចតំបន់​ដ៏​ធំទូលំទូលាយ ឬ RCEP ក្នុង​អំឡុង​ពេលនៃថ្ងៃ​ចុងក្រោយ​នៃ​សន្និសីទ​កំពូល​របស់មេដឹកនាំ​ក្នុង​ប្រទេស​កម្ពុជា។ ដោយ​ស្វះស្វែងរក​ភ្ជាប់​ប្រ​ទេសមាន​សេដ្ឋកិច្ចសំខាន់​ៗ រួមមានចិន​និងឥណ្ឌា​ជាមួយ​ប្រទេសទាំងនោះ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ចំណាត់​ការ​នេះ អាច​ជា​ជំហាន​មួយ​ឆ្ពោះ​ទៅកាន់ការបង្កើត​ប្លុក​ពាណិជ្ជកម្ម​ដ៏​សំខាន់​ថ្មី​មួយ។

ទោះ​បី​បញ្ហា​សិទ្ធិ​មនុស្ស​និង​ជម្លោះ​ដែន​សមុទ្រ បាន​ក្លាយ​ជាប្រធានបទនៃ​ការ​ពិភាក្សាក្នុង​អំឡុងពេល​នៃ​ជំនួប​នោះ​ក៏ដោយ មេដឹកនាំ​តំបន់​ បាន​ស្វះ​ស្វែង​ផ្តោតលើ​ពាណិជ្ជកម្ម។

ចិន​ កាល​ពី​ពេល​ថ្មី​ៗ​នេះ​ បាន​បន្ត​យក​ចិត្ត​ទុកដាក់​ជំរុញ​ឲ្យមានការ​ជឿនលឿន​ទៅមុខដល់​កិច្ច​ពិភាក្សា​នៃ​ការ​ផ្តួចផ្តើម​នេះ។ អ្នក​សង្កេតការ​ និយាយ​ថាកិច្ច​ផ្តួច​ផ្តើម​នេះ អាច​ជា​ប្រតិកម្ម​មួយ​ដល់​យុទ្ធសាស្រ្ត​របស់​សហរដ្ឋអាមេរិក​ឆ្ពោះ​ទៅ​កាន់​ទ្វីប​អាស៊ី។

ដោយ​សារ​សហរដ្ឋ​អាមេរិក គ្មាន​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរីជាមួយ​អាស៊ាន ខ្លួន​ គ្មាន​លទ្ធភាព​ចូលរួម​ការចរចា​ស្តីពី​ RCEP ទេ។ តែ​ផ្ទុយ​ទៅ​វិញ រដ្ឋាភិបាល​ទីក្រុងវ៉ាស៊ីនតោន កំពុង​ធ្វើ​តំបន់ពាណិជ្ជ​កម្មសេរី​ដាច់​ដោយ​ឡែក​ដែល​ហៅ​ថាដៃគូ​ឆ្លង​កាត់​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​ ឬ TPP ។ ការបង្កើត​នេះ មិន​រួម​បញ្ចូល​ប្រទេស​ចិនទេ។

លោក Ernie Bower ​នៅ​មជ្ឈមណ្ឌល​ការសិក្សា​យុទ្ធសាស្រ្ត​និង​កិច្ច​ការ​អន្តរជាតិដែល​មាន​ទីតាំង​ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីន​តោន​បាន​បញ្ជាក់​ថា៖

«ខ្ញុំ​គិតថាវាមាន​សារៈ​សំខាន់​ណាស់។ វាមាន​សារៈសំខាន់​បំផុត​នៅ​ពេល​ឥឡូវ​នេះពីព្រោះ​វាជា​ការទាក់​ទង​ខាង​ពាណិជ្ជកម្ម​តែមួយ​គត់​នៅ​ពេល​បច្ចុប្បន្ន​នេះ​ជាមួយ​តំបន់អាស៊ីក្នុង​កិច្ចព្រម​ព្រៀង​ថ្មីនេះ។ ដូច្នេះ​ យើង​មាន FTAs ជាមួយ​អូស្រ្តាលី សឹង្ហបូរី និង កូរ៉េ​ ហើយ​ ដៃគូ​ឆ្លង​កាត់​មហាសមុទ្រ​ប៉ាស៊ីហ្វិកTPP នឹង​ធ្វើ​ឲ្យ​យើង​ចូលក្នុង​ល្បែង​ក្នុង​កិច្ច​ព្រម​ព្រៀងបើកចំហរ​ពាណិជ្ជកម្ម​តំបន់​។ ប៉ុន្តែ ​កិច្ច​ព្រម​ព្រៀងនេះនៅមិនទាន់​គ្រប់​គ្រាន់ទេ​។​យើង នឹង​ត្រូវ​ធ្វើ​ឲ្យច្រើនទៀត»។​

ដៃគូ​ឆ្លង​កាត់​មហា​សមុទ្រ​ប៉ាស៊ីហ្វិក TPP អាច​មិនមែន​ជា​មូលដ្ឋាន​របស់​អាស៊ាន ប៉ុន្តែ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ បារ៉ាក់ ​អូបាម៉ា​ បាន​ចំណាយពេល​វេលាក្នុង​សន្និសីទ​កំពូលនៅ​សប្តាហ៍​នេះ ពិភាក្សា​ពីកិច្ច​ព្រម​ព្រៀង​ដៃគូ​ឆ្លង​កាត់​មហា​សមុទ្រប៉ាស៊ីហ្វិកជាមួយ​ប្រទេស​មួយ​ចំនួនដែល​ជាចូល​ជាសមាជិក។
ប្រែ​សម្រួល​ដោយ​ ជឹង ប៉ូជីន
XS
SM
MD
LG