ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

របាយ​ការណ៍​សមាគម​សិទ្ធិ​មនុស្ស​បង្ហាញ​ថា ​ឆ្នាំ​២០១២​មាន​ការ​រំលោភដីធ្លី​ច្រើន​​


ប្រធាន​សមាគម​សិទ្ធិ​មនុស្ស​អាដហុក លោក​ធន សារ៉ាយ​
ប្រធាន​សមាគម​សិទ្ធិ​មនុស្ស​អាដហុក លោក​ធន សារ៉ាយ​
ភ្នំពេញ​៖ អាដហុក​នៅថ្ងៃ​ព្រហស្បតិ៍​នេះ​បាន​ចេញ​របាយ​ការណ៍​ដោយ​បាន​វាយ​ប្រហារ​ចំៗ​ចំពោះ​ការ​រំលោភ​ដីធ្លី​នៅ​ឆ្នាំ​២០១២​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ ក្រោម​ការ​ដឹក​នាំ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ថា​ បាន​កើន​ឡើង​ប្រមាណ​១៤៤%​ បើ​ធ្វើ​ការ​ប្រៀប​ធៀប​ទៅ​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​២០១១។

លោក​ធន សារ៉ាយ​ ប្រធាន​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​ បាន​ប្រាប់​អង្គ​សន្និសីទ​កាសែត​ថា​ យ៉ាង​តិចមាន​មនុស្ស​ចំនួន​២៣២​នាក់​កំពុង​ជាប់​ឃុំ​ឃាំង​ក្នុង​ពន្ធនាគារ ​ដោយ​សារ​រឿង​ទំនាស់​ដី​ធ្លី​ ក្នុង​នោះ​មាន​៣៨​នាក់​កំពុង​ជាប់​ឃុំ​ ហើយ​៥០​នាក់​ផ្សេង​ទៀត​កំពុង​រត់​គេច​ខ្លួន។​

«យើង​ឃើញ​ថា​ នៅ​ក្នុង​ឆ្នាំ​២០១២​នេះ​ ទំនាស់​បាន​កើន​ឡើង​ហើយ​និង​មាន​ការ​តវ៉ា​ក៏​កើន​ឡើង​ខ្លាំង​ច្រើន»។​

នៅ​ក្នុង​របាយ​ការណ៍​របស់​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​ ដែលមាន​ចំណង​ជើង​ថា​ «ផ្លូវ​របត់?»​ សិទ្ធិ​ដី​ធ្លី ​សិទ្ធិ​លំនៅដ្ឋាន​ និង​ធនធាន​ធម្មជាតិ​នៅ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា​ មក​ដល់ចុង​ខែធ្នូ​ឆ្នាំ​២០១២​ រដ្ឋា​ភិបាល​បាន​ផ្តល់​ដី​ ឬ​ដី​បម្រុង​ទុក​យ៉ាង​តិច​ជាង​២លាន​៦​សែន​ហិចតា​ទុក​ឲ្យ​ក្រុម​ហ៊ុន​ឯក​ជន​ ក្រោម​គម្រោង​សម្បទាន​ដី​សេដ្ឋ​កិច្ច។​ បើប្រៀប​ធៀប​ឆ្នាំ​២០១១​ចំនួន​នេះ​បាន​កើន​ឡើង​១៦,៧​%។​

កាលពី​ថ្ងៃទី​៧​ខែ​ឧសភា​ឆ្នាំ​២០១២ ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​ប្រកាស​ដាក់​ចេញ​នូវ​បទ​បញ្ជា​មួយ​ឲ្យ​ផ្អាក​ជា​បណ្តោះ​អាសន្ន​ ជាផ្លូវ​ការ​ក្នុង​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ថ្មី​និង​ពង្រឹង​អ្វី​ដែល​ជា​គោល​នយោបាយ​ស្បែក​ខ្លា។​
បទ​បញ្ជា​លេខ​០០១​ក៏​អំពាវនាវ​ឲ្យ​ធ្វើការ​ពិនិត្យ​ឡើង​វិញ​នូវ​រាល់​សម្បទាន​កន្លង​មក​ដើម្បីផ្ទៀង​ផ្ទាត់​ការ​អនុវត្ត​បទ​បញ្ញត្តិ​ និង​ច្បាប់​ជាធរមាន។

ដី​សម្បទាន​សេដ្ឋកិច្ច​ ដែល​កំពុង​ស្ថិត​នៅ​ក្រោម​ការ​ពិចារណា​ផ្អាក​ជា​បណ្តោះ​អាសន្ន។ ​សមាគម​អាដហុក​បាន​រក​ឃើញ​ថា ​មាន​ដី​សម្បទាន​សេដ្ឋ​កិច្ច​ចំនួន​៣៣​ត្រូវ​បាន​ផ្តល់​ចាប់​តាំង​ពី​ថ្ងៃ​ទី​៧​ខែ​ឧសភា ​រាប់​បញ្ជូល​ទាំង​១៣​កន្លែង​ក្នុង​ខែ​មិថុនា និង​១០​កន្លែង​ក្នុង​ខែ​សីហា​ឆ្នាំ​២០១២។​ ហើយ​ចាប់​ពី​ខែ​កញ្ញា​ដល់​ខែ​ធ្នូ​ មាន​ដី​សម្បទាន​សេដ្ឋកិច្ច​ចំនួន​៤​កន្លែង​តែ​ប៉ុណ្ណោះ​ត្រូវ​បាន​ផ្តល់។​

លោក​ធន សារ៉ាយ​បាន​និយាយ​ថា​ មាន​ដី​សម្បទាន​សង្គម​កិច្ច​ក៏​រដ្ឋាភិបាល​បាន​ផ្តល់​ផង​ដែរ។​ មកដល់ពេលនេះមាន​ចំនួន​៣៨​កន្លែង ហើយ​មាន​១៣​កន្លែង​កើត​មាន​ទំនាស់។​

«ក្នុង​ចំនួន​ជាង​១​សែន​ហិចតា​នេះ​ យើង​ឃើញ​ថា​ មាន​ចំនួន​ទំហំដី​ពីរ​ដង​លើ​ទំហំដី​សម្បទាន​សង្គម​កិច្ច​ឆ្នាំ​២០១១ ហើយ​ស្នើ​នឹង​១​ភាគ​៤​នៃ​ដី​សម្បទាន​សេដ្ឋកិច្ច​នៅ​ឆ្នាំ​២០១២​នេះ»។​

នៅ​ក្នុង​ឆ្នាំ​២០១២​ សមាគម​សិទ្ធិ​មនុស្ស​អាដហុក​បាន​ទទួល​វិវាទ​ដីធ្លី​ចំនួន​៧០​ករណី​ប៉ះ​ពាល់​ដី​សរុប​ចំនួន​ជាង​១០​ម៉ឺនហិចតា​ និង​១0៦៦៩​គ្រួសារ។​បន្ថែម​លើនេះ​ទៅ​ទៀត​មាន​វិវាទ​ដីធ្លី​ចំនួន​៦២​ករណី​ទៀត​នៅ​មិន​ទាន់​បាន​ដោះស្រាយ​នៅឡើយ​ ដែល​នៅ​សេសសល់​ពីឆ្នាំ​មុនៗ។​

លោក​ផៃ ស៊ីផាន​ អ្នក​នាំពាក្យ​នៃ​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​ បាន​ច្រាន​ចោល​ការ​លើក​ឡើង​នេះ។ ​លោក​បាន​និយាយ​ថា​ អង្គការ​ក្រៅ​រដ្ឋាភិបាល​មិន​ទាន់​មាន​លក្ខណៈ​គ្រប់គ្រាន់​ក្នុង​ការ​វាយ​តម្លៃ​នោះ​ទេ​ ដោយសារ​តែ​គោល​នយោបាយ​នៃការ​ផ្តល់ដី​សម្បទាន​សេដ្ឋកិច្ច​បាន​បញ្ចប់​រួចស្រេច​បាច់​ហើយ។​

«ហើយ​អ្វីដែល​អង្គការ​ក្រៅ​រដ្ឋាភិបាល​បាន​ឃើញ​ គ្រាន់​តែ​ឃើញ​ពីអ្វី​ដែល​បន្ត​ដែល​ទទួល​បាន​ការ​យល់​ព្រម​ជា​គោល​ការណ៍​នេះ ​ហើយ​បន្ទាប់​ពី​គោល​ការណ៍​គឺ​ត្រូវ​តែ​ទទួល​បាន​ជា​ផ្លូវ​ការ»។
ខេត្ត​ដែល​ទទួល​រង​ផល​ប៉ះពាល់​ជាងគេ​គិត​ពី​ចំនួន​ និង​កម្លាំង​នៃ​វិវាទ​ដីធ្លី​គឺ​មាន​ខេត្ត​បាត់ដំបង​ កំពង់ចាម​ កោះកុង ​ក្រចេះ​ មណ្ឌល​គីរី​ រតនៈគីរី​ និង​ ខេត្ត​សៀមរាប ​នេះបើ​តាម​ការ​បញ្ជាក់​នៅ​ក្នុង​របាយ​ការណ៍​របស់​សមាគម​សិទ្ធិ​មនុស្ស​អាដហុក៕​
XS
SM
MD
LG