ផ្លូវរថភ្លើងដែលតភ្ជាប់ប្រទេសកម្ពុជា និងប្រទេសថៃ ត្រូវបានសម្ពោធជាផ្លូវការនៅថ្ងៃចន្ទនេះ ដែលនេះជាកិច្ចប្រឹងប្រែងមួយដើម្បីបង្កើនការធ្វើពាណិជ្ជកម្ម និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។ នេះបើយោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងនាយករដ្ឋមន្ត្រីថៃលោក Prayut Chan-O-Cha បានអញ្ជើញជាអធិបតីនៅក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រតិបត្តិការរួមគ្នាលើការដឹកជញ្ជូនផ្លូវដែកឆ្លងកាត់ព្រំដែនកម្ពុជា-ថៃ និងពិធីប្រគល់-ទទួលក្បាលរថភ្លើង មុនពេលធ្វើដំណើររួមគ្នាតាមរថភ្លើងពីស្ថានីយរថភ្លើងបានក្លងលឹកនៃប្រទេសថៃ ទៅកាន់ស្ថានីយរថភ្លើងប៉ោយប៉ែតនៃប្រទេសកម្ពុជា។
លោក ហ៊ុន សែន បានបញ្ជាក់ថានេះគឺជា «ប្រវត្តិសាស្ត្រ» សម្រាប់ប្រទេសទាំងពីរ និងបានថ្លែងអំណរគុណដល់រដ្ឋាភិបាលថៃ ដែលបានជួយតភ្ជាប់ជាថ្មីនូវផ្លូវដែកនៃប្រទេសទាំងពីរ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្ថែមថា ផ្លូវរថភ្លើងនេះក៏រួមចំណែកដ៏ប្រសើរផងដែរដល់ការតភ្ជាប់ និងអភិវឌ្ឍតំបន់អាស៊ីអាគ្នេយ៍។
ប្រទេសកម្ពុជាបានស្ដាររួចហើយនូវផ្លូវរថភ្លើងពីទីក្រុងភ្នំពេញ ទៅព្រំដែនថៃ ដែលមានប្រវែង ៣៨៦ គីឡូម៉ែត្រ។
ផ្លូវដែកភាគច្រើនរបស់ប្រទេសកម្ពុជា ដែលបានកសាងឡើងនៅក្នុងសម័យអាណានិគមបារាំង ត្រូវបានបំផ្លិចបំផ្លាញដោយសារសង្គ្រាមដែលកើតឡើងក្នុងប្រទេសកម្ពុជានៅសម័យសង្គ្រាមត្រជាក់។
ប្រទេសកម្ពុជាមានផ្លូវដែកប្រវែងជាង ៦០០ គីឡូម៉ែត្រ តភ្ជាប់ពីព្រំដែនថៃ ទៅកាន់តំបន់មាត់សមុទ្រនៅភាគខាងត្បូងប្រទេស៕