ព្រះមហាក្សត្រខ្មែរព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី និងព្រះមហាក្សត្រីយានី នរោត្តម មុនីនាថ សីហនុ ស្ដេចយាងតាមរថភ្លើងពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ខេត្តព្រះសីហនុជាលើកដំបូង ដើម្បីសួរសុខទុក្ខប្រជានុរាស្ត្រ និងចូលរួមឆ្លងឆ្នាំសកល២០១៦ ចូល ២០១៧។
នៅព្រឹកថ្ងៃសុក្រម៉ោងប្រមាណជា៧:៣០នាទីនេះ រថភ្លើងដែលជាព្រះទីនាំងរបស់ព្រះមហាក្សត្រ និងព្រះមហាក្សត្រិយានី បានចាប់ផ្ដើមចាកចេញពីស្ថានីយរថភ្លើងភ្នំពេញ ឆ្ពោះទៅកាន់ខេត្តព្រះសីហនុ។
រថភ្លើងដែលជាព្រះទីនាំងនោះ បានឈប់ចតនៅស្ថានីយចំនួន៣កន្លែង គឺស្ថានីយរថភ្លើងខេត្តតាកែវ ស្ថានីយរថភ្លើងខេត្តកំពត និងស្ថានីយរថភ្លើងខេត្តព្រះសីហនុ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកនេះ បានបង្ហោះសារលើទំព័រ Facebook របស់លោកថា ការយាងតាមរថភ្លើងពីរាជធានីភ្នំពេញឆ្ពោះទៅកាន់ខេត្តព្រះសីហនុរបស់ព្រះមហាក្សត្រ និងព្រះមហាក្សត្រិយានី គឺក្នុងគោលបំណងដើម្បីឆ្លងឆ្នាំសកល២០១៧។
លោកបន្ថែមក្នុងសារនោះថា ការយាងដំណើររបស់ព្រះមហាក្សត្រនេះ ក៏ដើម្បីបានទតទីតាំងភូមិសាស្ត្រ និងការវិវត្តន៍ថ្មីៗនៃផ្លូវរថភ្លើងរបស់ប្រទេសកម្ពុជានាពេលបច្ចុប្បន្ន បន្ទាប់ពីផ្លូវរថភ្លើងត្រូវបានខូចខាតស្ទើរទាំងស្រុងនិងត្រូវបានទុកចោលជាច្រើនឆ្នាំដោយសារសង្គ្រាម។
លោក អ៊ុំ តារាវុធ នាយកខុទ្ទកាល័យព្រះមហាក្សត្រប្រាប់ VOA ថា ព្រះមហាក្សត្រ និងព្រះមហាក្សត្រិយានី ស្ដេចយាងតាមរថភ្លើងជាលើកទី១ ដើម្បីចុះសួរសុខទុក្ខ និងចែកអំណោយដល់ប្រជានុរាស្ត្រ នៅតាមខេត្តដែលរថភ្លើងឆ្លងកាត់ និងឈប់ចតផងដែរ។
លោកបន្តថា ក្នុងឱកាសនោះដែរ ព្រះមហាក្សត្រ ក៏យាងចូលរួមឆ្លងឆ្នាំនៅខេត្តព្រះសីហនុនិងយាងត្រលប់មកវិញនៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៧ តាមរយៈរថយន្តជាព្រះទីនាំងវិញ។
«គោលបំណងលោកយាងដើរកម្សាន្ត មើលរាស្ត្រ មើលអីដែរ មិនមែនចេះតែនៅក្នុងរាជវាំងទេ។ ទតទេសភាព រាស្ត្រយ៉ាងម៉េចទៅ ប្រជារាស្ត្រយើងវេទនាយ៉ាងម៉េចអី។ លោកយាងទៅដើម្បីមិនមែនតែឆ្លងឆ្នាំទេ លោកអត់មានពេលទេ ព្រះមហាក្សត្រ។ លោកគិតតែពីប្រជារាស្ត្ររបស់លោក វេទនាយ៉ាងម៉េច ឬមិនវេទនាយ៉ាងម៉េច លោកយាងទៅទត ចែកព្រះរាជអំណោយ នៅខេត្តកំពតទៀតបើតាមខ្ញុំដឹង។ លោកបានឈប់នៅខេត្តកំពត ដើម្បីសួរសុខទុក្ខប្រជាពលរដ្ឋ និងចែកអំណោយ»។
ដើម្បីការពារព្រះរាជសុវត្ថិភាពព្រះរាជដំណើររបស់ព្រះមហាក្សត្រនៅព្រឹកនេះ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទជាច្រើនរយនាក់ ត្រូវបានដាក់ពង្រាយចាប់ពីស្ថានីយរថភ្លើងរាជធានីភ្នំពេញ ស្ថានីយរថភ្លើងតាកែវ ស្ថានីយរថភ្លើងកំពត រហូតដល់ខេត្តព្រះសីហនុ។
ក្នុងព្រះរាជដំណើរនោះ ក៏មានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់មួយចំនួនរួមដំណើរជាមួយផងដែរ។
នៅអមសងខាងផ្លូវដែក និងចំណតស្ថានីយនីមួយៗ មានប្រជាពលរដ្ឋជាច្រើនឈរអម និងស្រែកហ៊ោស្វាគមន៍ការយាងរបស់ព្រះមហាក្សត្រ។
រថភ្លើងដែលជាព្រះទីនាំងរបស់ព្រះមហាក្សត្រ បានទៅដល់គោលដៅក្នុងខេត្តព្រះសីហនុ នៅម៉ោងប្រមាណជា៤ និង៥០នាទីល្ងាច។
ផ្លូវរថភ្លើងពីភ្នំពេញ ទៅខេត្តព្រះសីហនុ ដែលមានប្រវែង២៦៦គីឡូម៉ែត្រ ត្រូវបានកសាងឡើងក្នុងឆ្នាំ១៩៦០ ដល់ឆ្នាំ១៩៦៩ ក្នុងសម័យសង្គមរាស្ត្រនិយមដែលមានព្រះមហាវីរក្សត្រព្រះបាទនរោត្តមសីហនុជាប្រមុខដឹកនាំប្រទេស។
ផ្លូវរថភ្លើងនេះ បានរងការខូចខាត និងត្រូវបានទុកចោលជាច្រើនឆ្នាំដោយសារសង្គ្រាម ។ រដ្ឋាភិបាលបច្ចុប្បន្ន បានផ្ដល់សិទ្ធិឲ្យក្រុមហ៊ុនឯកជន ឈ្មោះ Royal Railway របស់លោក គិត ម៉េង ដែលជាឧកញ៉ាល្បីឈ្មោះមួយរូប ជួសជុល និងដាក់ឲ្យប្រើប្រាស់ផ្លូវរថភ្លើងនេះឡើងវិញចាប់ពីដើមខែមេសា ឆ្នាំ២០១៦មក៕