នៅថ្ងៃទីពីរនៃដំណើរទស្សនកិច្ចរបស់មេដឹកនាំប្រទេសស្រីលង្កានេះ ប្រទេសកម្ពុជានិងប្រទេសស្រីលង្កាបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ចំនួនពីរ សំដៅពង្រឹងទំនាក់ទំនងការទូតនិងជំរុញការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរឲ្យកាន់តែប្រសើរឡើង។
អនុស្សរណៈយោគយល់គ្នាទាំងពីររួមមានអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចពិគ្រោះយោបល់ រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ និង អនុស្សរណៈនៃការយោគយល់គ្នារវាងសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មក្រុងកូឡំបូ។
ប្រទេសកម្ពុជានិងប្រទេសស្រីលង្កាបានភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នានៅឆ្នាំ១៩៥២ ប៉ុន្តែចំណងការទូតនេះបានផ្តាច់វិញក្នុងអំឡុងពេលដែលប្រទេសកម្ពុជាស្ថិតក្នុងសង្គ្រាមស៊ីវិលដ៏ច្របូកច្របល់អំឡុងទសវត្ស១៩៧០។ បន្ទាប់មកប្រទេសទាំងពីរភ្ជាប់ទំនាក់ទំនងការទូតឡើងវិញនៅឆ្នាំ១៩៩៦។
ដោយឡែកការដោះដូរពាណិជ្ជកម្មនៃប្រទេសទាំងពីរស្ថិតក្នុងកម្រិតទាបនៅឡើយ។
យោងតាមរបាយការណ៍ផ្លូវការរបស់រដ្ឋាភិបាល បណ្តូរពាណិជ្ជកម្មនៃប្រទេសទាំងពីរកាលពីឆ្នាំ២០១៨មានទំហំ៤លានដុល្លារគឺតិចជាងឆ្នាំ២០១៧ជិតមួយលានដុល្លារអាមេរិក។
នាយករដ្ឋមន្ត្រីកម្ពុជាលោកហ៊ុន សែន និងលោកលោកម៉ៃទ្រីប៉ាឡា ស្រ៊ីសេនា (Maithripala Sirisena) ប្រធានាធិបតីស្រីលង្កា បានធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាដើម្បីពង្រឹងទំនាក់ទំនងការទូតនិងជំរុញការធ្វើពាណិជ្ជកម្មទៅវិញទៅមកខាងលើនេះ។
មុនពិធីចុះហត្ថលេខាលើអនុស្សរណៈនោះ ប្រមុខដឹកនាំនៃប្រទេសទាំងពីរជួបសន្ទនាគ្នាដើម្បីដោះដូរទស្សនវិស័យរវាងគ្នា។
លោកអ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានប្រាប់ក្រុមអ្នកកាសែតថា ប្រទេសកម្ពុជានិងប្រទេសស្រីលង្កានឹងធ្វើការរួមគ្នាបន្ថែមទៀតដើម្បីជំរុញការដាក់ទុនវិនិយោគ។
លោកអ៊ាង សុផល្លែត បញ្ជាក់ថា ក្នុងកិច្ចសន្ទនាទ្វេភាគីនោះ លោកហ៊ុន សែន បានជំរុញឲ្យប្រទេសទាំងពីរពង្រីកទំហំពាណិជ្ជកម្មទ្វេភាគីឲ្យបានធំជាងកម្រិតបច្ចុប្បន្នផងដែរ។
«សម្តេចបានមានប្រសាសន៍ថា ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរគឺនៅតូចនៅឡើយ ដូច្នេះប្រទេសទាំងពីរគប្បីពិនិត្យលើលទ្ធភាពដទៃទៀត ដើម្បីជំរុញឲ្យមានទំហំពាណិជ្ជកម្មកាន់តែធំឡើងថែមទៀត និងវិនិយោគកាន់តែច្រើនឡើងថែមទៀតរវាងប្រទេសទាំងពីរ»។
នៅក្នុងវេទិកាធុរកិច្ចនៃប្រទេសទាំងពីរកាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានស្នើឲ្យប្រទេសកម្ពុជានិងប្រទេសស្រីលង្កាសម្លឹងមើលឱកាសវិនិយោគទៅវិញទៅមក ព្រមទាំងស្វែងរកឱកាសទីផ្សារក្នុងសមាគមអាស៊ានដែលមានប្រជាជនសរុបប្រមាណ៦០០លាននាក់ផងដែរ។
លោកបណ្ឌិតឈាង វណ្ណារិទ្ធ នាយកវិទ្យាស្ថានចក្ខុវិស័យអាស៊ី មានប្រសាសន៍ប្រាប់ VOA តាមបណ្តាញទំនាក់ទំនងសង្គមថា ការពង្រីកទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរអាចមានការពិបាក ដោយសារសមត្ថភាពនៃការផលិតទំនិញរបស់ប្រទសទាំងពីរនៅមានកម្រិតនៅឡើយ។
«លទ្ធភាពនៃការពង្រីកពាណិជ្ជកម្ម វានៅមានកម្រិត ពីព្រោះថា ផលិតផលវាប្រហាក់ប្រហែលគ្នា។ វាស្រដៀងនឹងនេប៉ាល់ដែរ។ កាលលើកមុន ថ្នាក់ដឹកនាំនេប៉ាល់គាត់មកធ្វើទស្សនកិច្ចកម្ពុជាហ្នឹង ក៏ផ្នែកកម្ពុជាជំរុញផ្នែកពាណិជ្ជកម្មហ្នឹងដែរ ក៏ប៉ុន្តែបើយើងមើលទៅវា សក្តានុពល ក្នុងការជំរុញហ្នឹង វាមានកម្រិតនៅឡើយ»។
បើតាមលោកបណ្ឌិតឈាង វណ្ណារិទ្ធ កម្ពុជាអាចពិនិត្យលើការវិនិយោគក្នុងវិស័យមីក្រូហិរញ្ញវត្ថុទេសចរណ៍ និងវិស័យកម្មន្តសាល ដែលរួមមានការផលិតគ្រឿងបន្លាស់សម្រាប់ការនាំចេញ។ ដោយឡែកលើចំណុចពង្រឹងទំនាក់ទំនងទ្វេភាគីវិញ លោកយល់ថា ប្រទេសទាំងពីរមានជំហររួមដែលបានគាំទ្រ«គម្រោងក្រវ៉ាត់ផ្លូវពាណិជ្ជកម្ម»ឬ BRI របស់រដ្ឋាភិបាលប្រទេសចិន ដែលជំរុញឲ្យធ្វើសហប្រតិបតិ្តការទាំងពហុភាគី និងទេ្វភាគី។
លោកម៉ៃទ្រីប៉ាឡា ស្រ៊ីសេនា ប្រធានាធិបតីស្រីលង្កា បានចាប់ផ្តើមទស្សនកិច្ចរយៈពេលបួនថ្ងៃរបស់លោកនៅប្រទេសកម្ពុជាកាលពីថ្ងៃពុធម្សិលមិញនេះ។ លោកបានចូលរួមវេទិកាធុរកិច្ចកម្ពុជា និងស្រីលង្កា។
នៅថ្ងៃនេះលោកបានចូលគាល់ព្រះមហាក្សត្រខ្មែរសម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងជួបសន្ទនាជាមួយលោកនាយកដ្ឋមន្ត្រីហ៊ុន សែន។ លោកគ្រោងនឹងទៅទស្សនាប្រាសាទអង្គរវត្ត និងប្រាសាទបាយ័នក្នុងខេត្តសៀមរាប មុននឹងបន្តដំណើរទៅកាន់ប្រទេសសិង្ហបុរី៕