បន្ទាប់ពីមានភាពជូរចត់អស់រយៈពេលជាច្រើនឆ្នាំមក មេដឹកនាំសភាកំពូលៗខាងគណបក្សសាធារណរដ្ឋ ក៏ដូចជាលោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា នៅទីបញ្ចប់បានព្រមព្រៀងគ្នាថា រកដំណោះស្រាយបញ្ហាដែលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនកំពុងប្រឈម នោះគឺការវាយប្រហារតាមប្រព័ន្ធកុំព្យូទ័រដែលទំនងកើតឡើងពីប្រទេសរុស្ស៊ី ដែលការវាយប្រហារនេះមានឥទ្ធិពលដល់ការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក។
លោក Mitch McConnell មេដឹកនាំសំឡេងភាគច្រើនរបស់ព្រឹទ្ធសភា និងលោក Paul Ryan ប្រធានសភាតំណាងរាស្រ្តសហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទបានយល់ព្រមឲ្យមានការស៊ើបអង្កេតនៅក្នុងការបោះឆ្នោតនោះ។ លោក McConnell បានមានប្រសាសន៍ថា «រុស្ស៊ីមិនមែនជាមិត្តភក្តិរបស់យើងទេ»។
លោក Rayn បានមានប្រសាសន៍ថា ការស៊ើបអង្កេតរបស់សភាតំណាងរាស្រ្ត គ្មានការងឿងឆ្ងល់ឡើយស្តីពីជ័យជម្នះរបស់លោក ត្រាំ ក៏ប៉ុន្តែលោកថា «ការជ្រៀតជ្រែករបស់បរទេសនៅក្នុងការបោះឆ្នោតរបស់សហរដ្ឋអាមេរិកជាការមិនអាចទទួលយកបានជាដាច់ខាត ហើយជាពិសេសបញ្ហានៃការពាក់ព័ន្ធរបស់រុស្ស៊ី»។
លោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា នៅក្នុងការបង្ហាញខ្លួនកាលពីយប់ថ្ងៃចន្ទក្នុងកម្មវិធី Comedy Central បានពន្យល់ថា តើហេតុអ្វីបានជាលោកប្រធានាធិបតីបានបញ្ជាឲ្យពិនិត្យមើលឡើងវិញឲ្យបានហ្មត់ចត់ពីការវាយប្រហារតាមប្រព័ន្ធកុំព្យូទ័រដោយរុស្ស៊ី។
លោកមានប្រសាសន៍ថា៖ «មូលហេតុដែលខ្ញុំបានអំពាវនាវឲ្យពិនិត្យមើលឡើងវិញ គឺគ្រាន់តែដើម្បីប្រមូលការស៊ើបអង្កេតទាំងអស់ពាក់ព័ន្ធនឹងការគំរាមកំហែង។ ការងារស៊ើបការសម្ងាត់ដែលបានធ្វើឡើងអស់រយៈពេលជាច្រើនខែដែល អាចឲ្យសាធារណជន និងអ្នកតំណាងជាប់ឆ្នោតរបស់យើង ស្វែងរកមធ្យោបាយដើម្បីរារាំងការជ្រៀតជ្រែតបែបនេះ កុំឲ្យមានផលប៉ះពាល់ការបោះឆ្នោតនៅថ្ងៃអនាគត»៕