ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចំនួន​អ្នក​​ទូរស័ព្ទ​ទៅ​លេខ​១១៥​កើន​ឡើង​១០ដង​ ក្រោយ​មាន​ករណី​មេរោគ​កូរ៉ូណាវីរុស​ដំបូង​នៅ​កម្ពុជា


មន្ត្រីកម្ពុជាកំពុងចែកម៉ាស់ជូនដល់ពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ក្នុងយុទ្ធនាការចែកម៉ាសចំនួន ១លាន ដើម្បីទប់ស្កាត់ការឆ្លងមេរោគកូរ៉ូណាវីរុសប្រភេទថ្មី កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០។
មន្ត្រីកម្ពុជាកំពុងចែកម៉ាស់ជូនដល់ពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ក្នុងយុទ្ធនាការចែកម៉ាសចំនួន ១លាន ដើម្បីទប់ស្កាត់ការឆ្លងមេរោគកូរ៉ូណាវីរុសប្រភេទថ្មី កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០។

ក្រោយក្រសួងសុខាភិបាល​កម្ពុជា​ប្រកាស​ថា​ ​មាន​ករណី​ឆ្លង​មេរោគ​កូរ៉ូណា​ថ្មី​មួយ​ករណី​មក​ ចំនួន​អ្នកទូរស័ព្ទ​ទៅ​លេខ​ទូរស័ព្ទ​ទាន់​ហេតុការណ៍​១១៥​ដើម្បី​រាយការណ៍​អំពី​ស្ថាន​ភាព​សុខភាព​របស់​ខ្លួន​កើន​ឡើង។ ​អ្នក​លើក​ទូរស័ព្ទ​ឆ្លើយ​សំណួរ​អំពី​រោគ​សញ្ញា​នៃ​មេរោគ​កូរ៉ូណា​វីរុស​ប្រភេទ​ថ្មី​នេះ​ទទួល​ការ​ហៅ​ចូល​ពី​ប្រជាពលរដ្ឋ​ជាង​១០០នាក់​ក្នុង​មួយ​ថ្ងៃៗ។​

អ្នក​ទទួល​ទូរស័ព្ទ​ទាំង​នោះ​និយាយ​ថា មុន​ពេល​ដែល​រដ្ឋាភិបាល​ប្រកាស​ថា​ មាន​ករណី​ឆ្លង​នោះ ពួកគេ​ម្នាក់ៗ​ទទួលទូរស័ព្ទ​ប្រហែល​១០​នាក់​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ។ ​

ក្រសួង​សុខាភិបាល​បាន​ដាក់​កម្លាំង​ប្រចាំ​ប្រមាណ​១០​នាក់​សម្រាប់​ទទួលទូរស័ព្ទលេខ​១១៥។

​ប្រជាពលរដ្ឋ​ដែល​ព្រួយ​បារម្ភ​អំពី​ស្ថានភាព​សុខភាព​របស់​ពួកគេហៅ​ទូរស័ព្ទទៅ​កាន់​លេខ​១១៥។​ វីអូអេ បាន​សាកសួរ​ ព័ត៌មាន​មួយ​ចំនួន​ ទៅកាន់​អ្នកកាន់​ប្រព័ន្ធ​ទូរស័ព្ទ​នេះ។

មន្ត្រី​មួយ​រូប​ដែល​បាន​លើក​ទួរស័ព្ទនិយាយ​ថា៖ «ឥឡូវ​នេះ ថយ​បន្តិច​ហើយ​នៅ​ថ្ងៃទី២៧​ ទី២៨​ នោះ​ គ្រាន់​តែ​កំពុង​និយាយ​អញ្ចឹង​ណា​ មាន​អ្នក​តេ​មក​ប្រហែល​ជា​ ៥​ អត់​បាន​លើក​ ក្នុង​ពេល​តែ​មួយ។ អ្នក​លើក​ហ្នឹង​មិន​មែន​តែ​ម្នាក់​ទៀត​ គឺ​ដប់​ទូរស័ព្ទ»។​

នៅ​ក្នុងការ​ជជែក​សួរ​ប្រមាណ​ពី១០នាទីទៅ១៥​នាទី ​មន្ត្រី​ដែល​លើក​ទូរស័ព្ទ​ស្តាប់​អំពី​អាការៈ​របស់​អ្នក​ទូរស័ព្ទ​ចូល​ជាមុនសិន។ ក្រោយ​មកទៀត​ ប្រសិន​បើ​សិន​អ្នកទូរស័ព្ទ​ចូលរៀបរាប់អំពី​អាការៈ​របស់គេ​ហើយ​ តែមិនមែនជាអាការៈនៃជំងឺរលាក​សួតថ្មី​ ដែល​បង្ក​ដោយ​មេរោគ​កូរ៉ូណាវីរុស​នេះ​ទេ​ មន្ត្រី​ដែល​ទទួល​ទូរស័ព្ទ​នោះ​នឹងបន្តពន្យល់​បន្ថែម​ អំពី​ស្ថានភាព​ទូទៅ​នៃ​ជំងឺ។

​ ប្រសិនបើអ្នក​សួរ​នៅ​មិន​អស់​ចិត្ត​និង​នៅ​សង្ស័យ​ថា​ខ្លាច​មាន​ឆ្លង​មេរោគ​នោះ មន្ត្រី​សុខាភិបាលដែល​ទទួល​ទូរស័ព្ទ​នោះ​ប្រាប់​អ្នក​ទូរស័ព្ទ​ចូល​ឲ្យ​ទៅ «មន្ទីរ​ពេទ្យ​ដែល​មានវេជ្ជបណ្ឌិត»​ ដើម្បីឲ្យ​គ្រូពេទ្យ ពិនិត្យ​ជំងឺនិង​ធ្វើរោគ​វិនិច្ឆ័យ​។ អ្នកទទួលទូរស័ព្ទ​ទាន់​ហេតុការណ៍បាន​និយាយ​ថា ​ចំពោះ​ពលរដ្ឋ​ដែល​នៅ​ភ្នំពេញ​ ពួក​គួរ​ទៅ​មន្ទីរ​ពេទ្យ​មិត្ត​ភាព​ខ្មែរ​-សូវៀត​ប៉ុន្តែ បើពលរដ្ឋនៅ​តាម​ខេត្ត​ ពួក​គេ​ទៅ​ពេទ្យ​បង្អែក​ខេត្ត។​

មន្ត្រី​សុខាភិបាល​នោះ​បន្តថា​៖ «បើ​កាល​ណា [ការ​រៀបរាប់​អំពី​អាការៈ​ អ្នកជំងឺ​] ចូល​ទៅ​ក្នុង​និយម​ន័យ​ [រោគ​សញ្ញានៃ​ជំងឺ​រលាកសួតថ្មី]​ ហើយ បាន​ន័យថា​ ឲ្យ​ប្អូនឯង​ហ្នឹងនៅ​ផ្ទះឲ្យស្ងៀម​ អត់​ឲ្យ​ទៅ​ណា​ទេ ហើយ​សុំលេខ​ទូរស័ព្ទ​មួយមក​ ក្រុម​ការងារ​យើង​នឹង​ចុះ​ទៅ​ដល់​ ហើយ​នឹង​ប្រមូល​វត្ថុវិភាគ​យក​ទៅ​បាស្ទ័រ​តែម្តង។​»

លោក​បន្ត​ថា​ អ្នក​ដែល​ស្ថិត​នៅ​ក្នុង​ការ​សង្ស័យមិន​ត្រូវ​ទៅ​មន្ទីរ​ពិសោធន៍​ដោយ​ខ្លួនឯង​ទេ​ តែ​រាយការណ៍​ដល់​មន្ត្រី​សុខាភិបាល​ដែល​នឹង​មក​យក​សំណាក ​ហើយត្រូវ​ចាំ​លទ្ធផល​។​ ក្នុង​អំឡុង​ពេល​ពួកគេ​ស្ថិត​ក្នុងការ​សង្ស័យ​ ពួកគេ​គួរ​នៅ​ដាច់ដោយឡែក នៅ​ក្នុង​បន្ទប់​មួយ​នៅ​មន្ទីរពេទ្យ​ដោយ​មាន​បុគ្គលិក​សុខាភិបាលមើល​ថែ​ទាំ។​

លទ្ធផល​សំណាក​ ដែលយក​ពី​កំហាក​ និង​សំណល់​ក្នុង​ផ្លូវ​ដង្ហើម​ត្រូវ​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពិសោធន៍​ នៅ​វិទ្យាស្ថាន​បាស្ទ័រ​តែមួយគត់ ហើយ​វា​ត្រូវ​ការ​រយៈពេល​ ២៤ ម៉ោង​ទៅ​៤៨ម៉ោង ដើម្បី​ទទួល​លទ្ធផល។

សិស្សានុសិស្សឈរតម្រង់ជួរលាងសម្អាតដៃ ដើម្បីបង្ការការឆ្លងមេរោគកូរ៉ូណាវីរុស មុនពេលចូលថ្នាក់រៀននៅវិទ្យាល័យមួយ ក្នុងរាជធានីភ្នំពេញ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០។
សិស្សានុសិស្សឈរតម្រង់ជួរលាងសម្អាតដៃ ដើម្បីបង្ការការឆ្លងមេរោគកូរ៉ូណាវីរុស មុនពេលចូលថ្នាក់រៀននៅវិទ្យាល័យមួយ ក្នុងរាជធានីភ្នំពេញ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០។

ប្រធាន​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​ សូវៀត​ លោក​វេជ្ជបណ្ឌិត​ ងី​ ម៉េង​បាន​ប្រាប់​វីអូអេ ​ថា​មក​ទល់​ពេល​នេះ​ នៅ​មន្ទីរពេទ្យ​នេះ​ទទួល​បាន​វត្ថុសំណាក​ ដើម្បី​ធ្វើ​តេស្ត​រក​មេរោគ​វីរុស​ចំនួន​៧ករណី ដែល​មាន​លទ្ធផល​អវិជ្ជមាន​ទាំងអស់។​ លោក​ថា​ពុំ​អាច​ផ្តល់​ព័ត៌មាន​ថា មាន​ប៉ុន្មាន​នាក់​ជា​ជនជាតិ​ចិន​ ប៉ុន្មាន​នាក់​ជា​ជនជាតិ​ខ្មែរ​នោះ​ទេ។

លោក​វេជ្ជ​បណ្ឌិត​មួយ​រូបទៀត​ដែល​បម្រើ​ការនៅមន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ-​សូវៀត​ដែល​មិន​ចង់​បង្ហាញ​អត្តសញ្ញាណ​ដោយ​លោក​ថា​ លោក​មិនមាន​តួនា​ទី​ក្នុង​ការ​ផ្តល់​ព័ត៌មាន​ បាន​បញ្ជាក់​ថា​ មក​ទល់​ពេល​នេះ​ លោក​ពុំឃើញ​មាន​ការសង្ស័យ​ថា មាន​មេរោគ​នោះទេ​ ចំពោះ​ក្រុម​ប្រជាពលរដ្ឋ​ដែល​ចូលមក​ពិនិត្យ​ជំងឺ​ទូទៅនៅ​មន្ទីរពេទ្យ​នេះ។

លោក​បន្ត​ថា​ មាន​លក្ខខណ្ឌ​ពីរ​ដែល​លោក​ ក៏​ដូចជា​វេជ្ជបណ្ឌិត​ នឹង​បញ្ជូន​សំណាក ពី​អ្នកជំងឺ​ទៅ​ពិនិត្យ។ ទីមួយ ក្នុង​ករណី​ដែល​អ្នកជំងឺ​មាន​បញ្ហា​ផ្លូវ​ដង្ហើម​ធ្ងន់ធ្ងរ​ និង​ទីពីរ ​ប្រសិន​បើ​អ្នកជំងឺ​មាន​ប្រវត្តិដំណើរ​ឆ្លង​កាត់ប្រទេស​ចិន។

មក​ទល់​ពេល​នេះ​ ក្រសួង​សុខាភិបាល​ពុំ​ទាន់​ប្រកាស​ថា​ មាន​ការឆ្លង​ករណី​ផ្សេង​ទៀត ក្រៅ​ពី​ករណី​ដំបូង​ដែល​បាន​រកឃើញ​នៅ​ខេត្ត​ព្រះសីហនុ​នោះ​ទេ។​ ក្រោយ​ពិភពលោក​ប្រកាស​អាសន្ន ក្រសួង​សុខាភិបាល​អះអាង​ថា​ ប្រព័ន្ធ​សុខាភិបាល​ខ្លួន​ «រឹងមាំ»​ នឹង​ឆ្លើយតប​វិធានការ​ការពារ​មិន​ឲ្យ​មាន​ការ​រាតត្បាតបន្ត។

មក​ដល់​ពេល​នេះ​ អ្នក​ដែល​ស្លាប់​ដោយសារ​មេរោគ​កូរ៉ូណា​ថ្មី​នេះ​មាន​ចំនួន​ប្រមាណ ​៣៦០​ នាក់​ ហើយ​អ្នក​ដែល​ឆ្លង​មេរោគ​នេះ ​មាន​ចំនួន​ជាង​ ១៧៣០០នាក់។ មេរោគ​នេះ​បាន​ឆ្លង​រាលដាល​ដល់​ជិត​៣០​ប្រទេស។

អង្គការ​សុខភាពពិភព​លោកប្រកាស​ថា​ មេរោគ​កូរ៉ូណាវីរុស​ថ្មី​ជា​បញ្ហាអាសន្ន​របស់​ពិភពលោក​និង​ក្រើន​រំឭក​ឲ្យ​ប្រទេស​នានាចាត់​វិធានការ​ក្នុងស្រុក​រៀងៗ​ខ្លួន​ ដើម្បី​បញ្ឈប់​ការ​រីករាល​ដាល​នៃ​មេរោគ​នេះ។

ខណៈ​ប្រទេស​ជាច្រើន​បាន​ជម្លៀស​ប្រជាជន​របស់​ខ្លួន​ចេញ​ពី​ប្រទេស​ចិន​និង​បាន​បិទ​ជើង​ហោះ​ហើរ​ចេញ​ចូល​ប្រទេស​ចិន​ផង​ដែរ រដ្ឋាភិបាល​កម្ពុជា​ថា​ ខ្លួន​មិន​ផ្លាស់​ប្តូរ​ជំហរ​របស់​ខ្លួន​ទៅលើការ​បិទ​ជើង​ហោះ​ហើយពី​ខេត្ត​ផ្សេងៗ​នៃ​ប្រទេស​ចិន​ និង​មិនជម្លៀស​ប្រជាពលរដ្ឋ​ខ្មែ​ចេញ​ពី​ទីក្រុង​វូហាន​នោះ​ទេ។

លោក​ កុយ​ គួង​ អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ ប្រាប់​វីអូអេ​ថា៖​ «ដូចជា​ខ្ញុំបាន​ជម្រាប​អញ្ចឹង​ថា​ ប្រសាសន៍​សម្តេច​ហ្នឹង​ គឺ​នៅ​ជា​ធរមាន​ដដែល​ អត់​មាន​អី​ប្រែប្រួល​ទេ»។

ទំព័រ​ហ្វេស​ប៊ុក​ របស់​ស្ថាន​ទូត​ចិន​ ដែល​ដក​ស្រង់​ពាក្យ​សម្តី​លោក ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា Wang Wentian​ បាន​និយាយ​កោត​សរសើរកម្ពុជា​ក្នុងការ​ឆ្លើយ​តប​ទៅនឹង​ជំងឺ​រលាក​សួត​ថ្មី​ដែល​ជា​អាសន្ន​របស់​ពិភពលោក។ ហើយ​លោក​បាន​រំឭក​ឡើងនូវប្រសាសន៍លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ ដែល​បានថ្លែង​ក្នុង​សន្នីសីទ​កាសែត​ មុន​ពិភពលោក​ប្រកាស​អាសន្ន​លើ​មេរោគ​កូរ៉ូណាវីរុស​ថ្មី។​

លោកWang Wentian និយាយថា​ ​៖ «មាន​តែវា​យោបក់​បោកខ្លាំង​ទើបអាច​ដឹងពី​ភាពស៊ូទ្រាំ​នៃ​ស្មៅ។​ មានតែ​ក្នុង​កាលៈទេសៈ​នៃ​ការ​លំបាកទើប​ស្គាល់​ពី​មិត្តភក្តិ​ពិត​ប្រាកដ»។ ហើយលោក​ បន្តថា៖«ប្រទេស​កម្ពុជា​ជា​មិត្តដែក​ថែប​នៃ​ប្រទេស​ចិន​យ៉ាង​ពិត​ប្រាកដ​មែន‍»៕​

XS
SM
MD
LG