ក្រុមអ្នកពន្លត់អគ្គិភ័យនៅរដ្ឋ California ដោយទទួលកម្លាំងពង្រឹងនិងឧបករណ៍បន្ថែម បានត្រៀមខ្លួនចំពោះភ្លើងឆេះព្រៃកាន់តែខ្លាំងឡើងនៅភាគខាងត្បូងរដ្ឋ California កាលពីថ្ងៃអង្គារ ខណៈមានការគំរាមកំហែងពីខ្យល់ខ្លាំងនិងស្ថានភាពរាំងស្ងួតនៅតំបន់នោះ។
ទីភ្នាក់ងារជាតិធាតុអាកាសអាមេរិក (National Weather Service) និយាយថាខ្យល់បក់នៅថ្ងៃអង្គារអាចមានសន្ទុះល្បឿនលើស១០០គីឡូម៉ែត្រក្នុងមួយម៉ោង ដែលនេះដាក់តំបន់ជាច្រើននៅភាគខាងត្បូងរដ្ឋ California ក្រោមការគំរាមកំហែងពីភ្លើងឆាបឆេះធ្ងន់ធ្ងរ។
ប្រធានអង្គភាពពន្លត់អគ្គិភ័យនៃស្រុក Los Angeles លោក Anthony Marrone បាននិយាយកាលពីថ្ងៃចន្ទថា ក្រុមអ្នកពន្លត់អគ្គិភ័យ«ប្រាកដជាបានត្រៀមលក្ខណៈល្អជាងមុន» ជាងកាលពីសប្តាហ៍មុន ប៉ុន្តែថាសន្ទុះខ្យល់ខ្លាំង អាចបង្ខំឱ្យអាជ្ញាធរដាក់បម្រាមការហោះហើររបស់យន្តហោះទម្លាក់ទឹកលើភ្លើង ដែលជួយច្រើនក្នុងកិច្ចប្រឹងប្រែងពន្លត់ភ្លើងឆេះព្រៃ។
បម្រាមទាំងនេះត្រូវបានគេដាក់កាលពីសប្តាហ៍មុន ខណៈមានភ្លើងព្រៃ៤កន្លែងបានឆាបឆេះ។ ជារួមភ្លើងឆេះព្រៃទាំងនេះបានឆាបឆេះផ្ទៃដីជាង១៦០គីឡូម៉ែត្រការ៉េ។
ក្រុមអ្នកពន្លត់អគ្គិភ័យបានពន្លត់ទាំងស្រុងភ្លើងព្រៃមួយកន្លែង ខណៈភ្លើងឆេះព្រៃមួយកន្លែងទៀតនៅភាគខាងជើងក្រុង Los Angeles ត្រូវបានពន្លត់ ៩៧%។
គ្រោះថ្នាក់គំរាមកំហែងនៅតែមានពីភ្លើងឆេះធំជាងគេពីរកន្លែង រួមទាំងភ្លើងឆេះនៅតំបន់ Palisades នៅភាគខាងលិចក្រុង Los Angeles ដែលបានឆាបឆេះផ្ទៃដីប្រមាណ៩៦គីឡូម៉ែត្រការ៉េ ហើយដែលត្រូវបានពន្លត់ ១៤% ត្រឹមយប់ថ្ងៃចន្ទ។ នេះបើតាមមន្ទីរគ្រប់គ្រងព្រៃឈើនិងអគ្គិភ័យរដ្ឋ California (Cal Fire)។ ភ្លើងព្រៃសំខាន់មួយទៀតគឺភ្លើង Eaton ដែលឆាបឆេះតំបន់ជើងភ្នំ San Gabriel Mountains នៅភាគខាងកើតទីក្រុង។ ភ្លើងនេះត្រូវបានគេពន្លត់បាន៣៣% ដោយបានឆាបឆេះផ្ទៃដីប្រមាណ៥៧គីឡូម៉ែត្រការ៉េ។
មកដល់ពេលនេះ ភ្លើងឆេះព្រៃទាំងអស់នេះ បានសម្លាប់មនុស្សយ៉ាងតិច២៤នាក់ ខណៈអាជ្ញាធរបន្តស្វែងរកមនុស្សរាប់សិបនាក់ទៀតដែលបានបាត់ខ្លួន។
មនុស្សប្រមាណ១០០.០០០នាក់ក្នុងតំបន់នេះនៅស្ថិតក្រោមបទបញ្ជាឲ្យភៀសខ្លួនចេញពីតំបន់៕
វេទិកាបញ្ចេញមតិ