ក្រៅពីការប្រឡងឆមាសដែលនិស្សិតនៃសាកលវិទ្យាល័យ Loyola Marymount ក្នុងទីក្រុង Los Angeles រដ្ឋ Californiaកំពុងតែគិតនោះ នៅមានរឿងមួយទៀតដែលពួកគេចាប់អារម្មណ៍ផងដែរ ដែលនោះគឺការជជែកដេញដោលដែលមានការចាក់ផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍របស់ក្រុមបេក្ខជនដែលប្រជែងដើម្បីបានការតែងតាំងជាបេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យ ដែលនឹងធ្វើឡើងនៅក្នុងសាកលវិទ្យាល័យនេះ នៅល្ងាចថ្ងៃព្រហស្បតិ៍នេះ។
នាង Havana Campo និស្សិតផ្នែកជីវៈគីមីវិទ្យានៃសាកលវិទ្យាល័យ Loyola Marymount មកពីរដ្ឋ Texas បាននិយាយថា៖ «នៅពេលដែលខ្ញុំដឹងថា ការជជែកដេញដោលនេះនឹងធ្វើឡើងនៅសាកលវិទ្យាល័យនេះ គំនិតដំបូងរបស់ខ្ញុំគឺត្រូវប្ដូរថ្ងៃធ្វើដំណើរត្រឡប់ទៅកាន់ស្រុកកំណើតរបស់ខ្ញុំ ដើម្បីឲ្យខ្ញុំអាចចូលស្ដាប់ការជជែកដេញដោលនេះបាន»។
លោក Peter Martin និស្សិតផ្នែកវិទ្យាសាស្ត្រនយោបាយនៃសាកលវិទ្យាល័យ Loyola Marymountមកពីរដ្ឋ California និយាយថា៖ «ខ្ញុំរំភើបណាស់។ ខ្ញុំគិតថា វាល្អណាស់សម្រាប់សាកលវិទ្យាល័យនេះក្នុងការធ្វើជាអ្នករៀបចំការជជែកដេញដោលនេះ»។
រដ្ឋ California ដែលមានប្រតិភូតំណាងចំនួន ៤៩៥ នាក់ កំពុងប្រជែងគ្នានេះ នឹងដើរតួនាទីធំជាងមុននៅក្នុងការបោះឆ្នោតបឋមរបស់គណបក្សប្រជាធិបតេយ្យនៅឆ្នាំក្រោយ ជាពិសេសបន្ទាប់ពីបានពន្លឿនការបោះឆ្នោតបឋមរបស់ខ្លួនចំនួន ៣ ខែ លឿនជាងកាលពីឆ្នាំ ២០១៦ ដែលការបោះឆ្នោតបឋមបានធ្វើឡើងនៅខែមិថុនា។ នេះគឺជាមូលហេតុមួយដែលធ្វើឲ្យគណបក្សប្រជាធិបតេយ្យជ្រើសរើសយកទីក្រុង Los Angeles ជាកន្លែងជជែកដេញដោលលើកចុងក្រោយរបស់ខ្លួននៅក្នុងឆ្នាំនេះ។
លោក Michael Genovese ប្រធានវិទ្យាស្ថានគោលនយោបាយសាកលលោកនៃសាកលវិទ្យាល័យ Loyola Marymountនិយាយថា៖ «ការជជែកដេញដោលនៅរដ្ឋ California លើកនេះគឺត្រូវនឹងស្ថានការណ៍បច្ចុប្បន្ននេះជាងកាលពីលើកមុនៗ ដោយសារតែក្នុងករណីភាគច្រើន យើងនឹងដឹងថាបេក្ខជនមួយណាដែលនឹងត្រូវគេតែងតាំងឲ្យធ្វើជាបេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យ នៅពេលដែលបេក្ខជននោះមកធ្វើការជជែកដេញដោលនៅរដ្ឋ California ហើយយើងគ្រាន់តែសម្រេចចុងក្រោយលើអ្វីដែលគេបានសម្រេចរួចមកហើយតែប៉ុណ្ណោះ។ រឿងនេះវាហាក់ដូចជាទៅជាទម្លាប់រួចទៅហើយសម្រាប់ប្រជាពលរដ្ឋភាគច្រើននៅរដ្ឋ California។ ហើយឥឡូវនេះ រដ្ឋ California នឹងក្លាយជារដ្ឋដ៏សំខាន់ និងមានឥទ្ធិពលខ្លាំងណាស់»។
អ្នកបោះឆ្នោតបឋមនៅក្នុងរដ្ឋ California ដែលជារដ្ឋគាំទ្រគណបក្សប្រជាធិបតេយ្យយ៉ាងរឹងមាំ នឹងទៅបោះឆ្នោតនៅថ្ងៃអង្គារទី ៣ ខែមិនាខាងមុខនេះ ដែលគេហៅថា Super Tuesday។ នៅថ្ងៃ Super Tuesday នេះ រដ្ឋផ្សេងៗទៀតភាគច្រើនក៏នឹងធ្វើការបោះឆ្នោតបឋមផងដែរ។ មូលហេតុមួយទៀតដែលបេក្ខជនទាំងនេះមកជជែកដេញដោលនៅរដ្ឋ California គឺដោយសារស្វះស្វែងរកថវិកា។
លោក Michael Genovese បញ្ជាក់ថា៖ «ទីក្រុង Los Angeles ជាកន្លែងដែលបេក្ខជននីមួយៗមកស្វះស្វែងរៃអង្គាសថវិកា មិនមែនមកធ្វើយុទ្ធនាការឃោសនាប៉ុន្មានទេ។ មានអ្នកឧបត្ថម្ភថវិកាមកពីប្រភពជាច្រើន ដូចជាតំបន់ Hollywood និងសហគមន៍បុរសស្រលាញ់ភេទដូចគ្នាជាដើម»។
លោក Joe Biden លោក Bernie Sanders អ្នកស្រី Elizabeth Warren និងលោក Pete Buttigieg នៅតែជាបេក្ខជននាំមុខទាំង ៤ រូបដដែល។ ប៉ុន្តែអ្នកវិភាគនានានិយាយថា គេគួរតែតាមដានមើលបេក្ខជនម្នាក់ទៀតគឺលោកសហគ្រិន Andrew Yang ផងដែរ ដែលបានបំពេញលក្ខខណ្ឌគ្រប់គ្រាន់ទាំងប្រផឹតប្រផើយសម្រាប់បានចូលរួមនៅក្នុងការជជែកដេញដោលលើកនេះ។
លោក Andrew Yang ប្រហែលជានឹងមិនអាចក្លាយជាបេក្ខជននាំមុខគេទេនៅលើកនេះទេ ប៉ុន្តែលោក Michael Genovese បញ្ជាក់ថា៖ «លោក Yang បានធ្វើឲ្យខ្លួនលោកក្លាយជាបេក្ខជនចម្បងម្នាក់។ ដូច្នេះចំណុចសំខាន់គឺមិនមែនស្ថិតនៅលើអ្វីដែលលោក Yang នឹងធ្វើនៅពេលឥឡូវនេះទេ គឺវានៅលើអ្វីដែលលោកនឹងធ្វើនៅក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ។ អ្នកអាចឃើញលោកស្ថិតនៅក្នុងក្រុមបេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យ ដោយលោកបានធ្វើឲ្យខ្លួនលោកក្លាយជាមនុស្សម្នាក់ដែលមានឥទ្ធិពល និងធ្វើឲ្យឥទ្ធិពលនេះកាន់តែខ្លាំងក្លាឡើងនៅពេលអនាគត»។
និស្សិតសាកលវិទ្យាល័យ Loyola Marymount ភាគច្រើន ដែលតាមដានការជជែកដេញដោលនេះគឺផ្ដោតលើសមាជិកព្រឹទ្ធសភាលោក Bernie Sanders និងសមាជិកព្រឹទ្ធសភាអ្នកស្រី Elizabeth Warren។ ប្រធានបទដែលពួកគេចាប់អារម្មណ៍គឺមានភាពចម្រុះដូចជាប្រវត្តិចម្រុះរបស់និស្សិតទាំងនេះដែរ។
នាង Havana Campo និយាយថា៖ «ខ្ញុំចាប់អារម្មណ៍ខ្លាំងលើប្រធានបទចំនួន ៣ សម្រាប់ការបោះឆ្នោតលើកនេះ ដែលនោះគឺការប្រែប្រួលអាកាសធាតុ ការថែរក្សាសុខភាព និងការកែទម្រង់អន្តោប្រវេសន៍»។
ចំណែកឯលោក Peter Martin ដែលជានិស្សិតផ្នែកវិទ្យាសាស្ត្រនយោបាយវិញ និយាយថា៖ «រឿងមួយដែលខ្ញុំគិតថា ខ្ញុំមិនទាន់បានឮគ្រប់គ្រាន់ពីបេក្ខជនខាងគណបក្សប្រជាធិបតេយ្យគឺការលើកឡើងពីសន្តិសុខនៃការបោះឆ្នោត និងភាពស្របច្បាប់នៃការបោះឆ្នោត ដោយសារតែក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះ គេឃើញមានការព្រួយបារម្ភជាច្រើនអំពីការកំណត់ផែនទីមណ្ឌលបោះឆ្នោតសភាដើម្បីប្រយោជន៍គណបក្ស ការដកសិទ្ធិអ្នកបោះឆ្នោតតាមរយៈច្បាប់អត្តសញ្ញាណអ្នកបោះឆ្នោត និងរឿងដូចនេះផ្សេងៗទៀត»។
នាង Gabriella Jeakle និស្សិតអក្សរសាស្ត្រអង់គ្លេសនៃសាកលវិទ្យាល័យ Loyola Marymountដែលមកពីរដ្ឋ Washington ចង់ឲ្យបេក្ខជននីមួយៗនិយាយអំពីបញ្ហាដែលនិស្សិតភាគច្រើនព្រួយបារម្ភ។
នាងបញ្ជាក់ដូច្នេះថា៖ «យើងចាប់ផ្ដើមឮច្រើនអំពីបញ្ហាបំណុលរបស់និស្សិត។ បញ្ហាដែលប៉ះពាល់អ្នកបោះឆ្នោតវ័យក្មេងគឺសំខាន់ខ្លាំងណាស់»។
អ្នកគាំទ្រគណបក្សប្រជាធិបតេយ្យទាំងវ័យក្មេង និងវ័យចំណាស់នៅក្នុងរដ្ឋ California និងរដ្ឋ ១៣ ផ្សេងទៀត នឹងទៅបោះឆ្នោតបឋមនៅថ្ងៃ Super Tuesday ខាងមុខនេះ។ លទ្ធផលនៃការបោះឆ្នោតនេះអាចកំណត់រកអ្នកដែលអាចប្រជែងជាមួយនឹងលោកប្រធានាធិបតី Donald Trump បាននៅក្នុងការបោះឆ្នោតថ្នាក់ជាតិនៅខែវិច្ឆិកាខាងមុខនេះ៕
ប្រែសម្រួលដោយ ភី សុភាដា