ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ត្រាំ​បង្ហាញ​ការ​គាំទ្រ​ចំពោះ​បុរស​ខ្លាំង​ ខណៈ​ដែល​ពលរដ្ឋអាមេរិកាំង​ភាគច្រើន​គាំទ្រ​សម្ព័ន្ធមិត្ត​ចាស់


រូបឯកសារ៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ថ្លែង​អំឡុងពេលយុទ្ធនាការឃោសនាមួយនៅរដ្ឋ Michigan កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩។
រូបឯកសារ៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ថ្លែង​អំឡុងពេលយុទ្ធនាការឃោសនាមួយនៅរដ្ឋ Michigan កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩។

លោក​ប្រធានាធិបតី ដូណាល់ ត្រាំ មាន​វិធីសាស្ត្រ​ផ្ទាល់​ខ្លួន​របស់​លោក​សម្រាប់​គោលនយោបាយ​ការបរទេស​របស់​សហរដ្ឋអាមេរិក។ លោក​ជារឿយៗ​និយាយ​រិះគន់​អង្គការ​អូតង់និង​ក្រុមសម្ព័ន្ធមិត្ត​ជា​យូរ​អង្វែង​របស់​សហរដ្ឋអាមេរិក​ដោយ​ប្រើពាក្យ​សម្ដី​ធ្ងន់ៗ។

ជាក់ស្ដែង​ដូចជា​ពេល​ដែល​លោក​បាន​និយាយ​វាយប្រហារ​មេដឹកនាំ​កាណាដា ដែល​ត្រូវ​បាន​គេ​ចាប់​បាន​តាម​វីដេអូ​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​របស់​អង្គការ​អូតង់​ក្នុង​ទីក្រុង​ឡុងដ៍ កាល​ពី​ពេល​ថ្មីៗ​នេះ ដែល​ទំនង​ជា​និយាយ​សើចចំអក​លោក ត្រាំ។ ​

លោក ត្រាំ បាន​ថ្លែង​ថា៖ «លោក​គឺ​ជា​មនុស្ស​លាក់​ពុត»។​

ប៉ុន្តែ​លោក ត្រាំ ជារឿយៗ​និយាយ​កោតសរសើរ​មេដឹកនាំ​ផ្ដាច់ការ ដូចជា​ប្រធានាធិបតី​រុស្ស៊ី លោក Vladimir Putin និង​ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង។ លោក​ ត្រាំ សរសេរ​សារ​លើ Twitter ដោយ​បាន​ហៅ​ពួកគេ​ថា​ជា​បុរស​ល្អ​នៅ​ក្នុង​កិច្ចការ​ដ៏​លំបាក។

លោក ត្រាំ បាន​សរសេរ ​tweet យ៉ាង​ដូច្នេះ​ថា៖

«ខ្ញុំ​ស្គាល់​ប្រធានាធិបតី​ចិន លោក ស៊ី ច្បាស់​ណាស់។ លោក​គឺ​ជា​មេដឹកនាំ​ដ៏​អស្ចារ្យ​ម្នាក់​ ដែល​ទទួល​បាន​ការ​គោរព​យ៉ាង​ខ្លាំង​ពី​ប្រជាជន​របស់​លោក។ លោក​ក៏​ជា​បុរស​ល្អ​នៅ​ក្នុង​កិច្ចការ​ដ៏​លំបាក​ផង​ដែរ។ ខ្ញុំ​គ្មាន​មន្ទិល​សង្ស័យ​ទេ​ថា ប្រសិន​បើ​លោក​ប្រធានាធិបតី ស៊ី ចង់​ដោះស្រាយ​បញ្ហា​នៅ​ហុងកុង​ឲ្យ​បាន​ឆាប់រហ័ស​និង​ប្រកប​ដោយ​មនុស្សធម៌​នោះ លោក​ពិត​ជា​អាច​ធ្វើ​វា​បាន។ តើ​លោក​ចង់​ធ្វើ​ជំនួប​ឯកជន​មួយ​ដែរ​ឬ​ទេ?»

មិន​តែ​ប៉ុណ្ណោះ អ្វី​ដែល​ខុស​ពី​ប្រធានាធិបតី​សហរដ្ឋអាមេរិក​មុនៗ គឺ​ថា លោក ត្រាំ បាន​សរសេរ​សំបុត្រ​ល្អៗ និង​បាន​ធ្វើ​ទស្សនកិច្ច​ទៅ​ជួប​លោក គីម ជុងអ៊ុន​ មេដឹកនាំ​កូរ៉េខាងជើង។

លោក ត្រាំ បាន​ថ្លែង​ថា៖

«ខ្ញុំ​គិត​ថា លោក​នឹង​កសាង​ប្រទេស​របស់​លោក​បាន​យ៉ាង​ល្អ​នា​ពេល​អនាគត។ លោក​គឺ​ជា​មេដឹកនាំ​ដ៏​អស្ចារ្យ​ម្នាក់»។
លោក ត្រាំ ទំនង​ជា​មាន​ភាព​ស្និទ្ធស្នាល​ពិតប្រាកដ​ជាមួយ​បុរស​ខ្លាំង​ដែល​ផ្ដាច់ការ។

នេះ​បើ​តាម​សម្ដី​របស់​លោក Frances Brown ដែល​ធ្លាប់​បាន​បម្រើការ​នៅ​ក្នុង​ក្រុមប្រឹក្សា​សន្ដិសុខ​ជាតិ ទាំង​ក្នុង​អំឡុង​រដ្ឋបាល​លោក បារ៉ាក់ អូបាម៉ា អតីត​ប្រធានាធិបតី​សហរដ្ឋអាមេរិក និង​រដ្ឋបាល​លោក ត្រាំ។ ​

លោកស្រី Brown នៃ​មជ្ឈមណ្ឌល The Carnegie Endowment for International Peace បាន​ថ្លែង​ថា៖ ​

«ខ្ញុំ​គិត​ជារឿយៗ​ថា បុរស​ខ្លាំង​ទាំង​នេះ​ធ្លាប់​សរសើរ​លោក ត្រាំ ដោយ​ផ្ទាល់ ហើយ​លោក ត្រាំ ចូលចិត្ត​ការ​សរសើរ​ដូច្នេះ។ បញ្ហាគឺ​ថា ផ្នែក​ដទៃ​នៃ​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​កំពុង​តែ​ព្យាយាម​ប្រឆាំង​នឹង​បុរស​ខ្លាំង ​ដែល​មាន​និន្នាការ​ប្រឆាំង​នឹង​ប្រជាធិបតេយ្យ»។

ការ​ស្ទង់​មតិ​សាធារណជន​បង្ហាញ​ថា ពលរដ្ឋអាមេរិកាំង​ភាគច្រើន​មាន​ការ​គាំទ្រ​ច្រើន​ជាង​ចំពោះ​គោលនយោបាយ​ការបរទេស​កាល​ពី​មុន។

លទ្ធផល​នៃ​ការ​ស្ទង់​មតិ​ឆ្នាំ​២០១៩ ​របស់ Chicago Council បង្ហាញ​ថា ប្រជាពលរដ្ឋ​អាមេរិកាំង​៧៨%​យល់​ថា សហរដ្ឋអាមេរិក​គួរ​តែ​រក្សា​ឬ​បង្កើន​ការ​គាំទ្រ​ចំពោះ​អង្គការ​អូតង់។ ពលរដ្ឋ​ជិត​៦០%​យល់​ថា ការ​លើក​កម្ពស់​ប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស​នៅ​បរទេស​ធ្វើ​ឲ្យ​សហរដ្ឋអាមេរិក​មាន​សុវត្ថិភាព​ជាងមុន។

ពលរដ្ឋ​អាមេរិកាំង​ទំនង​ជា​បដិសេធ​ចំពោះ​ការ​ដក​សហរដ្ឋអាមេរិក​ចេញ​ពី​ក្រុម​សម្ព័ន្ធភាពសកលលោក។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Ivo Daalder អតីត​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​អង្គការ​អូតង់។ ​

លោក Daalder បាន​និយាយ​ថា៖

«ពលរដ្ឋ​អាមេរិកាំង​តែ​២០%​ប៉ុណ្ណោះ​ដែល​គិត​ដូច​អ្វី​ដែល​លោក​ប្រធានាធិបតី​គិត​គឺ​ថា សម្ព័ន្ធភាព​ផ្ដល់​អត្ថប្រយោជន៍​ឲ្យ​តែ​ក្រុម​សម្ព័ន្ធមិត្ត​ប៉ុណ្ណោះ ហើយ​ការ​ធ្វើ​ពាណិជ្ជកម្ម​ក៏​ដូច្នេះ​ដែរ»។

នៅ​ពេល​សួរ​អំពី​ថា តើ​គោលនយោបាយ​ការបរទេស​របស់​លោក ត្រាំ នឹង​ជះ​ឥទ្ធិពល​ទៅ​លើ​អ្នក​បោះឆ្នោត​អាមេរិកាំង​នៅ​ឆ្នាំ​២០២០​ខាង​មុខ​នេះ​ឬ​ទេ អ្នក​ជំនាញ​ម្នាក់​និយាយ​ថា អ្នក​ខ្លះ​ប្រហែល​ជា​មាន​អារម្មណ៍​ថា វា​អាស្រ័យ​លើ​អត្តចរឹត​ច្រើន​ជាង។

លោកស្រី Dina Smeltz នៃ​ក្រុមប្រឹក្សា Chicago ទទួល​បន្ទុក​កិច្ចការ​សកលលោក​បាន​ថ្លែង​ថា៖

«ខ្ញុំ​គិត​ថា ប្រហែល​ជា​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លើក​នេះ ដែល​ខុស​ពី​លើក​មុនៗ ប្រជាពលរដ្ឋ​នឹង​វិនិច្ឆ័យ​ទៅ​តាម​ចរិត​លក្ខណៈ និង​ការណ៍​ដែល​លោក​ប្រធានាធិបតីខ្លួន​ឯង​ប្រព្រឹត្ត​ចំពោះ​ក្រុម​សម្ព័ន្ធមិត្ត​របស់​យើង​និង​ពិភពលោក​ទាំង​មូល»។​

វិធីសាស្ត្រ​របស់​លោក ត្រាំ ចំពោះ​គោលនយោបាយ​ការ​បរទេស​ប្រហែល​ជា​មិន​មែន​ជា​កត្ដា​សម្រេច​សម្រាប់​ការ​បោះឆ្នោត​នៅ​ឆ្នាំ​ក្រោយទេ ដោយសារ​តែ​ពលរដ្ឋ​អាមេរិកាំង​បាន​លើកឡើង​ពី​ការ​ថែទាំសុខភាព សេដ្ឋកិច្ច និង​អន្តោប្រវេសន៍​ជា​បញ្ហា​អាទិភាព​របស់​ពួកគេ៕​

ប្រែសម្រួល​ដោយ​អ្នកស្រី ហុង ចិន្ដា

XS
SM
MD
LG