នៅពេលដែលក្រុមអ្នកគាំទ្រប្រកបដោយហិង្សារបស់លោកប្រធានាធិបតី Donald Trump បានសម្រុកចូលវិមានសភាសហរដ្ឋអាមេរិក ដែលបានបង្ខំឲ្យមានការបិទវិមានសភា កាលពីថ្ងៃពុធម្សិលមិញ លោកប្រធានាធិបតីជាប់ឆ្នោត Joe Biden បានអំពាវនាវដល់លោក Trump ឲ្យថ្លែងសុន្ទរកថាទៅកាន់ប្រទេសជាតិ និងជំរុញឲ្យមានសន្តិភាព។
លោក Biden បាននិយាយកាលពីថ្ងៃពុធថា៖ «ខ្ញុំអំពាវនាវដល់លោកប្រធានាធិបតី Trump ឲ្យថ្លែងសុន្ទរកថា តាមកញ្ចក់ទូរទស្សន៍នៅពេលឥឡូវនេះ ដើម្បីបំពេញទៅតាមសម្បថរបស់លោក [ពេលស្បថចូលកាន់តំណែង] និងដើម្បីការពាររដ្ឋធម្មនុញ្ញនិងទាមទារឲ្យមានការបញ្ចប់ការឡោមព័ទ្ធ [សភា] នេះ»។
លោក Biden បានបញ្ជាក់ថា៖ «វាមិនមែនជាការតវ៉ាទេ។ វាជាកុបកម្ម»។
លោក Biden បានថ្កោលទោសអ្វីដែលបានកើតមានឡើងនៅឯវិមានសភា ហើយបានហៅអ្នកដែលបានសម្រុកចូលឡោមព័ទ្ធអាគារសភាថាជា «ពួកជ្រុលនិយម» ដែលមិនតំណាងឲ្យសហរដ្ឋអាមេរិក។
លោកថ្លែងបន្តថា៖ «នៅម៉ោងនេះ លទ្ធិប្រជាធិបតេយ្យរបស់យើងកំពុងស្ថិតក្រោមការវាយប្រហារដែលមិនធ្លាប់មានពីមុនមក មិនដូចជាអ្វីដែលយើងបានឃើញក្នុងសម័យទំនើបនេះទេ។ នេះជាការវាយប្រហារលើវិមានសភាដែលជាបន្ទាយសេរីភាព»។
លោក Biden បានបន្ថែមថា៖ «នេះមិនមែនជាភាពសមរម្យទេ។ វាជាភាពគ្មានរបៀបរៀបរយ។ វាជា ការនាំឲ្យមានការបះបោរ ហើយវាត្រូវតែបញ្ចប់នៅពេលឥឡូវនេះ»។
ភ្លាមៗក្រោយមក លោក Trump បានបង្ហោះវីដេអូមួយរយៈពេលមួយនាទីនៅលើ Twitter ដោយស្នើឲ្យក្រុមអ្នកគាំទ្ររបស់លោក «ត្រឡប់ទៅផ្ទះ» វិញ។ ទោះជាយ៉ាងណាក៏ដោយ លោក Trump បានចាប់ផ្តើមសារវីដេអូរបស់លោកនេះ ដោយនិយាយឡើងវិញអំពីការអះអាងគ្មានភស្តុតាងរបស់លោកដែលថាការបោះឆ្នោតត្រូវបាន «លួចបន្លំ»។
ក្រុមហ៊ុន Twitter បានរារាំងមិនឲ្យអាចចុច Like និងចែកចាយសាររបស់លោក Trump នេះបាន ដោយបានបញ្ជាក់ថា សេចក្ដីនៅក្នុងសារនេះគឺមិនពិត និងបានញុះញង់ឲ្យមានអំពើហិង្សា៕