តំណាងសមាគមមូលនិធិក្រុមហ៊ុនបញ្ជាទិញអន្តរជាតិធំៗចំនួនប្រាំមួយ ដែលភាគច្រើនមកពីសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានព្រមានរដ្ឋាភិបាលកម្ពុជា អំពីភាពគ្រោះថ្នាក់នៃវិស័យកាត់ដេររបស់កម្ពុជា ដែលពួកគេបានពណ៌នាថា ជាឧស្សាហកម្មជោគជ័យមួយរបស់ប្រទេសនេះ។ នេះបើយោងតាមលិខិតរបស់តំណាងសមាគមមូលនិធិក្រុមហ៊ុនបញ្ជាទិញធំៗទាំងប្រាំមួយនេះដែល VOA បានទទួលនៅថ្ងៃ អង្គារ នេះ។
ការព្រមានរបស់តំណាងសមាគមមូលនិធិក្រុមហ៊ុនបញ្ជាទិញនេះបានធ្វើឡើងក្នុងពេលប្រាំខែដែលរដ្ឋាភិបាល មិនបានធ្វើឲ្យប្រសើរឡើងក្នុងការអនុវត្តសិទ្ធិរបស់កម្មករដើម្បីជ្រើសរើសភាពជាតំណាងសម្រាប់ការចរចាដោះស្រាយវិវាទការងារ និងបញ្ហាជាច្រើនទៀត ដែលក្នុងនោះមានបញ្ហាពាក់ព័ន្ធការស្រាវជ្រាវរកតួលេខប្រាក់ឈ្នួលអប្បបរមា ខណៈដែលមេដឹកនាំសហជីព ដែលធ្វើការបម្រើប្រយោជន៍កម្មករកំពុងជាប់ក្នុងបណ្តឹងព្រហ្មទណ្ឌជាច្រើនករណី និងការរឹតត្បិតសេរីភាពសហជីពនៅបន្តកើតមានឡើងនៅឡើយ។
លិខិតរបស់តំណាងសមាគមមូលនិធិក្រុមហ៊ុនបញ្ជាទិញធំៗចំនួនប្រាំមួយ ដែលក្នុងនោះមានស្ថាប័នគំនិតផ្តួចផ្តើមសីលធម៌ពាណិជ្ជកម្ម (Ethical Trading Initiative) និង American Apparel and Footwear Association ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨ និងបានផ្ញើជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែននោះ បានទទូចឲ្យរដ្ឋាភិបាលអនុវត្តជាបន្ទាន់នូវការប្តេជ្ញានានារបស់ខ្លួន ដែលបានប្រកាសកាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ ដើម្បីធ្វើឲ្យមានការផ្លាស់ប្តូរសំខាន់ៗ សម្រាប់កំណែទម្រង់ច្បាប់ការងារ។
ដោយភ្ជាប់ជាមួយការវិវត្តនានានៃការគោរពសិទ្ធិមនុស្សនៅកម្ពុជា លិខិតដែលមានឈ្មោះលោក Peter McAllister នាយកប្រតិបត្តិនៃគំនិតផ្តួចផ្តើមសីលធម៌ពាណិជ្ជកម្មបានសរសេរតាមន័យដើមថា៖
«ជាងនេះទៅទៀត យើងសរសេរដើម្បីបញ្ជាក់ពីការបារម្ភដែលបន្តកើនឡើងរបស់ពួកយើងចំពោះការវិវត្តជាច្រើនដែលទំនងជានឹងមិនត្រឹមតែធ្វើឲ្យខូចខាតវឌ្ឍនភាពឆ្ពោះទៅពង្រឹងសិទ្ធិកម្មករនោះទេ ប៉ុន្តែវាហាក់ដូចជាបង្កើតបរិយាកាសមួយ ដែលបានធ្វើឲ្យចុះខ្សោយការការពារសិទ្ធិមនុស្សទៀតផង»។
លិខិតដដែលនោះបានបន្តក្នុងន័យដើមថា៖
«ហេតុដូចនេះ យើងក៏សូមទទូចឲ្យរដ្ឋាភិបាលរបស់លោក ធានាការគោរពសិទ្ធិមនុស្ស និងសេរីភាពមូលដ្ឋានជាច្រើនទៀត និងផ្តល់ការការពារពេញលេញដល់អ្នកការពារសិទ្ធិមនុស្សទាំងអស់នៅក្នុងប្រទេសរបស់លោក។ សេរីភាពនយោបាយ នីតិរដ្ឋ និងការអនុវត្តសិទ្ធិកម្មករនិងជនស៊ីវិលអន្តរជាតិ គឺជាកត្តាបាច់ខ្លាំងណាស់ សម្រាប់ពាណិជ្ជកម្មអន្តរជាតិ និងជំនួញដែលមានការទទួលខុសត្រូវ»។
កាលពីថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០១៧ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារបានចេញសេចក្តីប្រកាសមួយអំពីការសម្រួលលក្ខខណ្ឌមួយចំនួន ដើម្បីពង្រីកលំហសេរីភាពសម្រាប់ដោះស្រាយបញ្ហានានាទាក់ទិននឹងទំនាក់ទំនងការងារក្នុងឧស្សាហកម្មកាត់ដេរនៅកម្ពុជា។
តាមសេចក្តប្រកាសនោះ លោក អ៊ិត សំហេង បានប្រាប់លោក Peter McAllister អំពីការប្រែប្រួលមួយចំនួនក្នុងវិស័យការងារក្នុងឧស្សាហកម្មកាត់ដេរ រួមមានការបញ្ឈប់ការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីនីតិវិធីជម្រះក្តីវិវាទការងារទៅតាមមតិយោបល់របស់សិក្ខាសាលាត្រីភាគី និងភាគីពាក់ព័ន្ធនានា ដោយបន្តប្រើយន្តការផ្សះផ្សា និងដោះស្រាយវិវាទដែលមានស្រាប់ និងការកែសម្រួលមាត្រា១៦នៃសេចក្តីព្រាងច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា ដោយអនុញ្ញាតឲ្យមានការសិក្សាស្រាវជ្រាវឯករាជ្យអំពីប្រាក់ឈ្នួលអប្បបរមា និងការបើកឲ្យមានការពិភាក្សាត្រីភាគីបន្ថែមទៀត។
លោក អ៊ិត សំហេង បញ្ជាក់ឲ្យដឹងពីការកែប្រែចំណុចសំខាន់ៗពីរផ្សេងទៀត គឺការរៀបចំប្រកាស ដើម្បីដាក់ជូនសិក្ខាសាលាត្រីភាគីពិនិត្យ ផ្តល់យោបល់ដោយផ្តល់សិទ្ធិដល់សហជីព ដែលមានសមាជិកភាគតិច ក្នុងការធ្វើជាតំណាងសមាជិករបស់ខ្លួនដើម្បីដោះស្រាយវិវាទការងាររួម និងការរៀបចំសិក្ខាសាលាថ្នាក់ជាតិដើម្បីពិនិត្យ និងកែសម្រួលនីតិវិធីនៃការចុះបញ្ជីសហជីពឲ្យកាន់តែមានតម្លាភាព មានប្រសិទ្ធភាព និងធានាបានការអនុវត្តសិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈនៅកម្ពុជា។
យ៉ាងណាមិញ ក្រោយការប្រកាសនេះរយៈពេល៥ខែ ការវិវត្តទៅមុខមានតិចតួចក្នុងការបើកទូលាយឡើងវិញនូវការអនុវត្តសិទ្ធិកម្មករ និងសហជីព។ នេះបើយោងតាមលិខិតរបស់តំណាងសមាគមមូលនិធិក្រុមហ៊ុនបញ្ជាទិញធំៗចំនួនប្រាំមួយ ដែលបានចម្លងជូនលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ រដ្ឋមន្ត្រីនិងមន្ត្រីការទូតប្រាំរូបផ្សេងទៀតផងដែរ។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល ថ្លែងថា លោកមិនបានដឹងពីលិខិតនេះទេ។ VOA ព្យាយាមសុំការអធិប្បាយពីលោក ហេង សួ អ្នកនាំពាក្យក្រសួងការងារ តែមិនអាចទាក់ទងបានទេ នៅថ្ងៃអង្គារនេះ។ VOAក៏មិនទាន់អាចទាក់ទងមេដឹកនាំសហជីពធំៗមួយចំនួន ដែលមានឈ្មោះនៅក្នុងលិខិតរបស់តំណាងសមាគមមូលនិធិក្រុមហ៊ុនបញ្ជាទិញនេះដែរ ក្នុងនោះមានលោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា និងលោក ប៉ាវ ស៊ីណា ប្រធានសហភាពចលនាកម្មករកម្ពុជា ដែលអ្នកទាំងពីរសុទ្ធតែជាប់បទចោទប្រកាន់ខាងព្រហ្មទណ្ឌ។
លិខិតរបស់តំណាងសមាគមមូលនិធិក្រុមហ៊ុនបញ្ជាទិញធំៗនេះក៏បានពណ៌នាអំពីភាពដឹកនាំខ្លាំងកា្លរបស់រដ្ឋាភិបាលកម្ពុជា ដែលបានប្រែក្លាយឧស្សាហកម្មកាត់ដេរ ដែលមានទឹកប្រាក់ត្រឹមតែ២៧លានដុល្លារអាមេរិក កាលពីឆ្នាំ១៩៩៥ មកជាឧស្សាហកម្មដែលមានទឹកប្រាក់ជាង ៦ពាន់លានដុល្លារអាមេរិក ហើយបានផ្តល់ការងារដល់កម្មករជាង៦៥០.០០០នាក់។ ក៏ប៉ុន្តែការរំលោភបំពានលើសិទ្ធិកម្មករ សហជីព និងបញ្ហាអសកម្មផ្សេងទៀតក្នុងវិស័យកាត់ដេរ បានបន្តជាក្តីបារម្ភរបស់តំណាងសមាគមមូលនិធិក្រុមហ៊ុនបញ្ជាទិញ។
លិខិតរបស់តំណាងសមាគមមូលនិធិក្រុមហ៊ុនបញ្ជាទិញធំៗចំនួនប្រាំមួយដដែលនោះ បានសរសេរ ដោយសង្កត់ធ្ងន់តាមន័យដើមថា៖
«ហេតុដូច្នេះ យើងនៅតែព្រួយបារម្ភថា ការខ្វះវិធានការដើម្បីដោះស្រាយឲ្យបានឆាប់ចំពោះបញ្ហាទាំងអម្បាលម៉ាន ដែលមានសារៈសំខាន់ខ្លាំងដល់សមាជិករបស់ពួកយើង ក៏ដូចជាប្រជាជនកម្ពុជានោះ នឹងធ្វើឲ្យមានគ្រោះថ្នាក់ដល់រឿងរ៉ាវជោគជ័យដ៏ធំធេងនេះ»។
លិខិតនោះបានបន្ថែមថា៖
«ហេតុដូចនេះយើងរង់ចាំធ្វើការជាមួយរដ្ឋាភិបាលរបស់លោក ឆ្ពោះទៅដោះស្រាយបញ្ហាទាំងនេះ ដែលនឹងធ្វើឲ្យឧស្សាហកម្មរបស់ប្រទេសកម្ពុជានិងប្រទេសរបស់លោកបន្តរីកចម្រើនល្អនិងរុងរឿងទៅថ្ងៃអនាគត»។
តំណាងសមាគមមូលនិធិក្រុមហ៊ុនបញ្ជាទិញក៏បានទាមទារឲ្យបញ្ឈប់រាល់ទម្រង់នៃការធ្វើទុក្ខបុកម្នេញ រាប់ទាំងតាមផ្លូវតុលាការ ប្រឆាំងនឹងអ្នកការពារសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា។ តំណាងសមាគមមូលនិធិក្រុមហ៊ុនបញ្ជាទិញក៏បានយល់ស្របជាមួយការថ្លែងរបស់អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិដែលបាននិយាយថា៖
«ការរឹតត្បិតសំឡេងប្រជាពលរដ្ឋកម្ពុជា នៅទីបំផុត អាចជាការគំរាមកំហែងដល់ស្ថិរភាពដែលរដ្ឋាភិបាល និងប្រជាពលរដ្ឋបានធ្វើការយ៉ាងលំបាកដើម្បីកសាងវា»។
តំណាងសមាគមមូលនិធិក្រុមហ៊ុនបញ្ជាទិញទាំងប្រាំមួយ ដែលបានផ្ញើលិខិតជូនលោក ហ៊ុន សែន រួមមាន American Apparel and Footwear Association, amfori-Trade with Purpose, Ethical Trading Initiative, Fair Labor Association, Fair Wear Foundation និង Social Accountability International៕