លទ្ធផលចុងក្រោយពីការបោះឆ្នោតបឋម Causus ដ៏ចម្រូងចម្រាស់របស់គណបក្សប្រជាធិបតេយ្យនៅរដ្ឋ Iowa ត្រូវបានគេប្រកាសកាលពីថ្ងៃព្រហស្បតិ៍ ដោយអ្នកទទួលបានការគាំទ្រច្រើនជាងគេពីររូបមានចំនួនប្រតិភូស្ទើរស្មើគ្នា។
អតីតអភិបាលក្រុង South Bend រដ្ឋ Indiana លោក Pete Buttigieg បានឈ្នះ ២៦.២ភាគរយ នៃប្រតិភូដែលនឹងចូលរួមសន្និបាតគណបក្សប្រជាធិបតេយ្យនៅរដ្ឋ Iowa ដែលនេះមាន២សំឡេងច្រើនជាងលោក Bernie Sanders សមាជិកព្រឹទ្ធសភាពីរដ្ឋ Vermont ដែលទទួលបាន២៦.១ភាគរយ។ ប៉ុន្តែលោក Sanders បានទទួលសំឡេងសំឡេងឆ្នោតសរុបច្រើនជាងគេ។
សន្និបាតគណបក្សប្រជាធិបតេយ្យរបស់រដ្ឋ Iowa នឹងកំណត់ថា តើបេក្ខជននិមួយៗនឹងទទួលបានប្រតិភូប៉ុន្មានរូបក្នុងចំណោមប្រតិភូ៤១ ដែលនឹងចូលរួមសន្និបាតថ្នាក់ជាតិរបស់គណបក្សប្រជាធិបតេយ្យ។
សមាជិកព្រឹទ្ធសភារដ្ឋ Massachusetts អ្នកស្រី Elizabeth Warren បានចំណាត់ថ្នាក់លេខ៣ ហើយថ្លែងថាអ្នកស្រីនឹង«ផ្តោតទៅលើសកម្មភាពយុទ្ធនាការបន្តទៀត»។
អតីតអនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានហៅការជាប់ចំណាត់ថ្នាក់លេខ៤ថាការបោះឆ្នោតបឋម Caucus នៅរដ្ឋ Iowa ថាជាការ«ខកចិត្តយ៉ាងខ្លាំង» ប៉ុន្តែថាលោកនឹង«មិនទៅណាទេ»។
លោកស្រី Amy Klobuchar សមាជិកព្រឹទ្ធសភាតំណាងរដ្ឋ Minnesota ជាប់ចំណាត់ថ្នាក់លេខ៥ពីក្រោយលោក Biden៕