ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នករកស៊ី​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ពិបាក​រក​ប្រាក់​ចំណូល ខណៈ​បំណុល​កើនឡើង


​​រូបឯកសារ៖ ស្ត្រី​ម្នាក់​អង្គុយ​លក់​បន្លែ​ក្នុង​ផ្សារ​មួយ​ក្នុង​រាជធានី​ភ្នំពេញ​ប្រទេស​កម្ពុជា​នៅពេល​ចុងសប្តាហ៍​កាលពី​ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០។ (ទុំ ម្លិះ/វីអូអេ)
​​រូបឯកសារ៖ ស្ត្រី​ម្នាក់​អង្គុយ​លក់​បន្លែ​ក្នុង​ផ្សារ​មួយ​ក្នុង​រាជធានី​ភ្នំពេញ​ប្រទេស​កម្ពុជា​នៅពេល​ចុងសប្តាហ៍​កាលពី​ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០។ (ទុំ ម្លិះ/វីអូអេ)

អាជីវករនិង​អ្នកប្រកប​របរ​សេដ្ឋកិច្ច​ក្រៅប្រព័ន្ធមួយ​ចំនួន បានថ្លែង​ពី​ផលវិបាក​នៃ​ការ​រកប្រាក់​ចំណូល​ដែល​បន្ត​ថយចុះ​ ខណៈពួកគេ​កំពុង​បន្ត​ជាប់បំណុល​ធនាគារ​ និងគ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ។​

ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ ហៅកាត់​ថា IDEA លោក​ វន់​ ពៅ ប្រាប់​វីអូអេ​នា​ពេល​ថ្មីៗ​នេះថា អ្នក​រកស៊ីក្នុងសេដ្ឋកិច្ច​ក្រៅប្រព័ន្ធ​បាន​និង​កំពុង​ប្រឈម​មុខ​នឹង​ការ​ធ្លាក់​ប្រាក់​ចំណូល​យ៉ាង​គំហុក ហើយអ្នកខ្លះ​បាន​បាត់​បង់​មុខ​របរ​ ដូច​ជា​អ្នកលក់​ដូរ​នៅ​ជុំវិញ​បរិវេណ​មន្ទីរ​ពេទ្យ​ និងនៅ​តាម​ទីកន្លែង​មួយចំនួន​ទៀត​ គ្រា​ដែលអាជ្ញាធរ​រៀប​ចំទីតាំង​ទាំង​អស់​នោះឲ្យ​មាន​សណ្តាប់ធ្នាប់​ប្រសើរ​ជាង​មុន។

លោក​ថ្លែង​ថា​៖ «​សព្វថ្ងៃនេះ​ បើ​និយាយ​ពី​ប្រាក់​ចំណូល​មិន​អាច​មាន​តុល្យភាព​ទៅ​នឹង​ការ​សង​ទៅ​នឹង​ធនាគារ​វិញ​ទេ​ ហើយ​មិនត្រឹម​តែ​ប៉ុណ្ណុង​ កន្លែង​គាត់​លក់​មួយចំនួន​ ដូច​ផ្សារ​មួយចំនួន​ត្រូវ​បាន​ថៅកែ​គេរុះរើ​ផ្សារអ៊ីចឹងទៅ​ អាតម្លៃ​តូប​ធ្លាប់​ទិញ​ហ្នឹង​ វារឹតតែធ្ងន់ធ្ងរ អត់​មានលុយ​បង់​ថ្លៃ​តូប​ ថ្លៃអី​ជាដើម»។

បើតាម​លោក ​វន់​ ពៅ​ អ្នករក​ស៊ីសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ស្ទើរ​តែ ​១០០ ភាគរយ ​បាន​ខ្ចីប្រាក់​ពី​ធនា​គារ​ និង​គ្រឹះ​ស្ថានមីក្រូហិរញ្ញ​វត្ថុ។ រីឯអ្នកខ្លះទៀត ​ខ្ចីបុល​ពីឯកជនបន្ថែម​លើបំណុល​ដែល​មាន​ស្រាប់។

អ្នកស្រី​ ឃុន ស៊ីដែត អ្នក​លក់​ដូរ​ត្រីវ័យ​ ៤០ ឆ្នាំ ​នៅផ្សារគីឡូម៉ែត្រលេខ៦ ឬផ្សារឆេកូ នៅខណ្ឌ​ឫស្សី​កែវ បានកត់​សម្គាល់​ថា នៅក្នុង​រយៈពេល​ ២ ឆ្នាំ​ចុងក្រោយ​នេះ​ ការ​លក់​ដូរ​ជួបការ​លំបាក​ខ្លាំង​ ដោយសារមិន​សម្បូរ​អតិថិជនដូច​មុនៗ។

អ្នកស្រី​ថ្លែងថា៖ «ជំពាក់​គេ​ ក៏ជំពាក់​គេ​ ហើយ​កូន​រៀន​សូត្រផង​ អី​ផង​ ហើយ​រក​អត់​បាន​អ៊ីចឹង។​ រាល់​ថ្ងៃ​រំពឹង​ថា​យើង​ហ្នឹង​ហើយ​ អ្នករក​លុយ​ផ្គត់​ផ្គង់​ពួកគាត់​ ហើយ​សម្រាប់​ចំណាយ​អីប្រចាំថ្ងៃ​ ដល់យើង​រក​អត់​បាន​អ៊ីចឹង​ វាពិបាក»។

ស្រដៀងគ្នា​នេះ​ដែរ អ្នកស្រី​ លាង​ លីហួយ​ វ័យ ៣៣ ឆ្នាំ​ មើល​ឃើញ​ថា ​ស្ថានភាព​នៃ​ការ​លក់​ដូរ​របស់​អ្នក​ស្រី​មានចំណូល​កាន់តែ​ធ្លាក់​ចុះខ្លាំង​នៅឆ្នាំ​ ២០២៥ នេះ គ្រាដែលប្រជាពលរដ្ឋផ្សេងទៀត​ដែល​ជា​អតិថិជនរអ៊ូ​រទាំ​នឹង​ការ​ពិបាក​រក​ប្រាក់​ចំណូល​ដូចគ្នា។

អ្នកស្រីប្រាប់វីអូអេថា៖ «ស៊ឹងតែ​គ្រប់​គ្នា មក​រអ៊ូតែ​រឿង​អត់​លុយ​ រកអី​មិន​បាន មិនដឹង​ទៅ​ធ្វើអី​ តែ​អ្នកដើរ​លក់​ ក៏គាត់​មកនិយាយ​អ៊ីចឹង​ដែរ​។ អ៊ីចឹង​ទៅ​ យើង​ទៅ​រក​អី​ អ្នកធ្វើ​ការ​ ធ្វើ​ការ​ប្រចាំ​ខែ​ នៅ​គេ​រអ៊ូថាលុយ​ចាយ​អត់​គ្រប់​ មក​ទិញ​អីវ៉ាន់យើង ​ពេលខ្លះ​ គ្នា​ខ្វះខាត​ មក​ជឿ​យើង​ដាក់​ខែ​យើង​ ទម្រាំតែ​បាន​បើក​លុយ​ បាន​យក​មក​សងបន្ត​ៗចឹង អត់មាន​លុយ​ អត់​សូវ​មាន​លុយ​ទិញ​ទេ​»។

អ្នករត់​ម៉ូតូ​កង់​បី​លោក​ ហឿន​ ស៊ីណែត​ បាន​សង្កេត​ឃើញ​ពី​ការ​កើនឡើងនៃ​តម្លៃ​ទំនិញ​នៅ​លើ​ទីផ្សារ​ ដែលកាន់តែ​ឡើងខ្ពស់​ជាង​ប្រាក់ចំណូល​ដែលលោក​រកបាន។

លោក​ថ្លែងថា៖ «​សម្រាប់​ទំនិញ​ គឺ​ថា វាឡើង ទីផ្សារ​វាឡើង​រហូត​ចឹង​ ចំណែក​ប្រាក់​ចំណូល​យើង​វា​ដូច​ថា​ វា​រឹតតែធ្លាក់​ចុះ ធ្លាក់​ចុះ​វិញ។ ចំណែក​ទំនិញលើ​ទីផ្សារ​បែរ​ជាឡើង​អ៊ីចឹង»។

អង្គការពលកម្ម​អន្តរជាតិ​ ​ហៅកាត់​ថា ​ILO​ បាន​បញ្ជាក់​ឲ្យ​ដឹងកាលពី​ពេលកន្លង​ទៅថា​ នៅក្នុង​ប្រទេស​កម្ពុជា អ្នកពឹងផ្អែក​ចំណូល​នឹងសកម្មភាពសេដ្ឋកិច្ចក្រៅប្រព័ន្ធ​មាន​ចំនួនជាង​ ៧ លាន​ ៥ សែន​នាក់។ នេះបើយោង​តាម​ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ ហៅកាត់​ថា IDEA ​លោក​ វន់​ ពៅ។

លោក​ វន់ ពៅ បាន​ឲ្យដឹង​ទៀត​ថា​ បច្ចុប្បន្ន​នេះ​ក៏​មាន​អ្នកពឹងផ្អែក​លើ​ចំណូលដែលបាន​មក​ពី​របរនៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ដែល​បាន​ចុះ​បញ្ជី​ក្នុង​បេឡា​ជាតិ​សន្តិសុខ​សង្គម​ ហៅកាត់​ថា​ (ប.ស.ស.) ដើម្បី​ទទួល​បាន​ការ​ទំនុក​បម្រុង​ពី​រដ្ឋាភិបាល​។ ប៉ុន្តែអ្នក​ខ្លះ​ទៀត​បាន​និង​កំពុង​ពើបប្រទះនឹងការ​លំបាកនៅក្នុង​ការ​រកចំណូល​ ខណៈស្ថានភាព​សេដ្ឋកិច្ច​មិនសូវ​អំណោយ​ផល​ គិត​ចាប់តាំងពី​វិបត្តិជំងឺកូវីដ១៩មក។ លោក​ វន់ ពៅ ចង់​ឃើញ​រដ្ឋាភិបាលផ្តល់​ប្រាក់​ឧបត្ថម្ភ​ធនដល់​អ្នករកស៊ី​សេដ្ឋកិច្ច​ក្រៅប្រព័ន្ធ​ និង​រក​វិធីសាស្ត្រ​ធ្វើយ៉ាង​ណា​ឲ្យ​វិស័យ​ទេសចរណ៍​កម្រើក​ឡើងវិញ។

លោក​ថ្លែងថា៖ ​«​ខ្ញុំ​សូម​ឲ្យ​រដ្ឋាភិបាល​អន្តរាគមន៍​ជា​បន្ទាន់​ ឆ្លើយ​តប​ទៅនឹង​តម្រូវ​ការ​របស់​អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ ជាពិសេស​គួរ​តែ​រៀបចំ​កញ្ចប់​ថវិកាឧបត្ថម្ភធន​ទៅដល់​អ្នក​សេដ្ឋ​កិច្ច​ក្រៅ​ប្រព័ន្ធ​ដែល​ខ្វះធន​ ហើយ​មួយ​ទៀត​ត្រូវ​តែ​រៀបចំ​កន្លែង​ប្រកប​មុខ​របរ​អាជីវកម្ម​សម្រាប់​អ្នកសេដ្ឋកិច្ច​ក្រៅប្រព័ន្ធ​ឲ្យ​មាន​ភាព​សមរម្យ​ និង​រដ្ឋ​មាន​គោល​នយោបាយ​យ៉ាង​ច្បាស់​លាស់​ទាក់​ទាញ​ភ្ញៀវ​ទេសចរដើម្បី​ឲ្យ​ពួក​យើង​បាន​អាស្រ័យ​ផល​ជាមួយ​ភ្ញៀវ​ទេសចរផង​បាទ​»។

អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ​លោក​ កត្តា អ៊ន ប្រាប់​វីអូអេ​តាម​ប្រព័ន្ធទំនាក់​ទំនង​តេឡេក្រាម​ថា រដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​គោល​នយោបាយ​ ដើម្បី​ជួយ​អ្នក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ដូច​ជា​ការ​ជួយ​បញ្ចូល​អ្នក​មាន​អាជីវកម្ម​ខ្នាត​តូច​ទៅក្នុង​ប្រព័ន្ធ​ដោយ​ស្របច្បាប់​ និង​ផ្តល់​ប្រាក់​កម្ចី​ខ្នាត​តូច​ដល់​ពួក​គេ​ជាដើម​។

លោក​ថ្លែង​ថា៖​ «​កន្លង​មក​ រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​គោល​នយោបាយ​លើក​កម្ពស់​អ្នក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​តាម​រយៈ​ការ​ចុះបញ្ជី​អាជីវកម្ម​ដើម្បី​ឲ្យ​អាជីវកម្មអ្នក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​អាច​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​បាន​យ៉ាង​ងាយ​ស្រួល​និងលឿន​ បាន​លើក​ទឹក​ចិត្ត​ដល់​អាជីវ​កម្ម​ខ្នាត​តូច​ ក៏ដូច​ជា​អាជីវកម្ម​ឯករាជ្យ​នានា​ ក្នុង​ការ​ចូល​ទៅក្នុង​ប្រព័ន្ធដោយ​ស្រប​ច្បាប់​ បាន​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​ផ្តល់​ប្រាក់កម្ចី​ខ្នាត​តូច​ តាមរយៈ​ធនាគារ​ ឬក៏មីក្រូ​ហិរញ្ញ​វត្ថុ​ដែល​មាន​ការ​ប្រាក់​ទាប​សម្រាប់​សម្រួល​ដល់​ដើម​ទុន​របស់​បងប្អូន​អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធក្នុង​ការ​ពង្រីក​សេដ្ឋកិច្ច​របស់​ខ្លួន​»។

លោក​ កត្តា អ៊ន បាន​ថ្លែង​បន្ថែម​ថា រដ្ឋាភិបាល​ក៏បាន​បញ្ចូល​កម្មករ និង​អ្នកប្រកប​របរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ទៅក្នុងប្រព័ន្ធ​ធានា​រ៉ាប់​រង​សង្គម​ ផ្តល់​វិជ្ជាជីវៈ​បច្ចេកទេស​ដល់​យុវជន​មក​ពី​គ្រួសារ​ក្រី​ក្រ​ និង​គ្រួសារ​ងាយរង​ហានិភ័យ ​ក៏​ដូច​ជា​យុវជន​មក​ពី​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ដើម្បី​ឲ្យ​ពួក​គេមាន​ជំនាញ​ និង​ទទួលបាន​ការងារ​ដើម្បី​រក​ប្រាក់​ចំណូល​ផ្គត់​ផ្គង់​គ្រួសារ។

ក្រោយ​វិបត្តិជំងឺ​កូវីដ​១៩​ អ្នក​ប្រកប​របរ​សេដ្ឋ​កិច្ច​ក្រៅ​ប្រព័ន្ធ​បាន​និង​កំពុង​ប្រឈម​មុខ​នឹង​ការ​លំបាក​ជាច្រើន​ រួមមាន​ការ​កើន​ឡើងនូវបំណុលជាបន្ត​បន្ទាប់​ ការ​ដណ្តើម​មុខ​របរ​ពីជនបរទេស​ កង្វះ​ភ្ញៀវ​ទេសចរ ការ​ប្រឈម​មុខ​នឹង​គ្រោះ​ថ្នាក់​ចរាចរណ៍​ជា​ញឹក​ញាប់​ និង​ការជួប​គ្រោះថ្នាក់ដល់​អាយុជីវិត​ដោយសារប្រឹង​ធ្វើ​ការ​ហួស​កម្លាំង​ជាដើម។ នេះ​បើតាម​ការ​បញ្ជាក់​របស់​លោក ​វន់ ពៅ៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG