មេធាវីការពារក្តីរបស់តារាបាល់បោះអាមេរិកាំង Brittney Griner ដែលត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ ៩ឆ្នាំនៅក្នុងច្បាប់ព្រហ្មទណ្ឌរបស់រុស្ស៊ីពីបទរត់ពន្ធគ្រឿងញៀនបាននិយាយថា ពួកគេបានប្តឹងឧទ្ធរណ៍ប្រឆាំងនឹងការកាត់ទោសនេះ។
គេមិនដឹងថាការប្តឹងឧទ្ធរណ៍នេះ នឹងត្រូវបានចូលក្នុងសវនាការនៅពេលណានោះទេ។
អ្នកនាង Brittney Griner ត្រូវបានកាត់ទោសនៅថ្ងៃទី៤ ខែសីហា ប្រហែល ៦ខែបន្ទាប់ពីនាងត្រូវបានចាប់ខ្លួននៅក្នុងប្រទេសរុស្ស៊ីពីបទយកឧបករណ៍ជក់ផ្សែង VAPE ដែលមានផ្ទុកប្រេងកញ្ឆា នៅក្នុងវ៉ាលីរបស់នាង។ អ្នកនាង Brittney Griner បានសារភាពថាបានយកឧបករណ៍នោះមក ប៉ុន្តែបាននិយាយថានាងមិនមានចេតនាឧក្រិដ្ឋកម្មទេ។
សហរដ្ឋអាមេរិកនិយាយថា ម្ចាស់មេដាយមាសអូឡាំពិកពីរលើករូបនេះ ដែលបានប្រកួតនៅ ប្រទេសរុស្ស៊ីអស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ត្រូវបានឃុំខ្លួនខុសច្បាប់។
មានការរំពឹងទុកយ៉ាងទូលំទូលាយថា អ្នកនាង Brittney Griner រួមជាមួយនឹងលោក Paul Whelan អតីតទាហានជើងទឹកអាមេរិកាំងដែលត្រូវបានកាត់ទោសនៅក្នុងប្រទេសរុស្ស៊ីពីបទចារកម្ម អាចនឹងត្រូវបានដោះលែងជាថ្នូរនឹង លោក Viktor Bout ដែលជាឈ្មួញអាវុធរុស្ស៊ីកំពុងត្រូវបានឃុំខ្លួននៅក្នុងសហរដ្ឋអាមេរិក។
កាលពីចុងខែកក្កដា រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក លោក Antony Blinken បានសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្រ្តីក្រសួងការបរទេសរុស្ស៊ី លោក Sergey Lavrov ដោយជំរុញឱ្យលោកទទួលយកសំណើររបស់សហរដ្ឋអាមេរិក ឱ្យមានការដោះលែង អ្នកនាង Brittney Griner និងលោក Paul Whelan។
រុស្ស៊ីបដិសេធថា ការចាប់ខ្លួននិងកាត់ទោស អ្នកនាង Brittney Griner គឺមិនមានហេតុផលនយោបាយនោះទេ។
ការចរចានេះកើតឡើងចំពេលមានភាពតានតឹងជុំវិញការឈ្លានពានរបស់រុស្ស៊ីមកលើអ៊ុយក្រែនក្នុងខែកុម្ភៈ៕
ប្រែសម្រួលដោយ អ៊ុន សុដាវី