សហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃពុធថា ខ្លួនបានធ្វើ«សំណើដ៏សំខាន់» ទៅប្រទេសរុស្ស៊ី ឱ្យមានការដោះដូរអ្នកទោសដែលនឹងបញ្ជូនអ្នកជួញដូរអាវុធជនជាតិរុស្ស៊ីឈ្មោះ Viktor Bout ដែលត្រូវបានកាត់ទោសនោះ ត្រឡប់ទៅទីក្រុងម៉ូស្គូវិញដើម្បីជាថ្នូរនឹងការដោះលែងតារាបាល់បោះអាមេរិកគឺលោកស្រី Brittney Griner និងលោក Paul Whelan ដែលត្រូវចោទប្រកាន់ថាជាចារបុរស។
សំណើនេះត្រូវបានធ្វើឡើងជាច្រើនសប្តាហ៍កន្លងទៅក្នុងខែមិថុនា បើទោះបីជាយ៉ាងណាមិនមានសញ្ញាវិជ្ជមានទេមកដល់ពេលនេះ សូម្បីនៅពេលមន្ត្រីរដ្ឋាភិបាលទាំងពីរបានពិភាក្សាគ្នាក៏ដោយ។ ខណៈបដិសេធមិននិយាយលម្អិតអំពីសំណើនេះនោះ លោក Antony Blinken រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកបានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងវ៉ាស៊ីនតោនថា លោករំពឹងថានឹងលើកបញ្ហានេះម្តងទៀតនៅសប្តាហ៍នេះ នៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយសមភាគីរបស់លោក គឺរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov។
អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ការចរចាអំពីការដោះដូរអ្នកទោសកំពុងបន្ត ហើយមិនទាន់ទទួលបានកិច្ចព្រមព្រៀងនៅឡើយទេ។
ព័ត៌មាននៃការដោះដូរអ្នកទោសនេះកើតឡើងនៅថ្ងៃដែលលោកស្រី Griner បានផ្តល់សក្ខីកម្មនៅក្នុងសវនាការតុលាការដែលមានអ្នកបកប្រែភាសាផ្តល់សេវាឱ្យលោកស្រី។ លោកស្រីបានសារភាពថា មានបំពង់ប្រេងរុក្ខជាតិស្រវឹងនៅក្នុងវ៉ាលីសរបស់លោកស្រីពេលលោកស្រីទៅដល់ប្រទេសរុស្ស៊ីក្នុងខែកុម្ភៈនោះ ប៉ុន្តែនៅពេលសវនាការនិយាយអំពីព្រឹត្តិការណ៍ពេលអាជ្ញាធរចាប់ខ្លួនលោកស្រីនោះ អ្នកបកប្រែបានបកប្រែតែផ្នែកខ្លះប៉ុណ្ណោះ។
លោកស្រី Griner ដែលប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់១០ ឆ្នាំប្រសិនបើត្រូវបានផ្តន្ទាទោសពីបទដឹកជញ្ជូនគ្រឿងញៀននោះ បាននិយាយថា មន្ត្រីបានឱ្យលោកស្រីចុះហត្ថលេខាលើឯកសារនៅឯអាកាសយានដ្ឋានទីក្រុងម៉ូស្គូដោយគ្មានផ្តល់ការពន្យល់អំពីអ្វីដែលលោកស្រីកំពុងទទួលស្គាល់នោះទេ។ តុលាការរុស្ស៊ីបានអនុញ្ញាតឱ្យឃុំខ្លួនលោកស្រីរហូតដល់ថ្ងៃទី២០ ខែធ្នូ។
លោក Whelan ដែលជាអតីតទាហានម៉ារីនរបស់សហរដ្ឋអាមេរិកត្រូវបានចាប់ដាក់គុកនៅក្នុងប្រទេសរុស្ស៊ីពីបទចារកម្មចាប់តាំងពីឆ្នាំ២០១៨ ដោយក្រុមគ្រួសាររបស់លោកនិងក្រុមគ្រួសាររបស់លោកស្រី Griner បានអង្វរសេតវិមានឱ្យពន្លឿនកិច្ចខិតខំប្រឹងប្រែងដើម្បីឱ្យមានការដោះលែងពួកគេ។ ជាច្រើនឆ្នាំមកហើយ រុស្ស៊ីបានស្វះស្វែងឱ្យមានការដោះលែងលោក Bout ឈ្មួញអាវុធដែលធ្លាប់មានរហស្សនាមថា «ឈ្មួញមរណៈ»។ លោកត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ២៥ឆ្នាំក្នុងឆ្នាំ២០១២ បន្ទាប់ពីការកាត់ទោសលោកក្នុងគម្រោងលក់អាវុធខុសច្បាប់មានទឹកប្រាក់រាប់លានដុល្លារ។
បណ្តាញទូរទស្សន៍ CNN បានរាយការណ៍ថា ដំណើការដោះដូរអ្នកទោសដែលអាចកើតមាននេះ ត្រូវបានអនុម័តដោយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden។ ការគាំទ្ររបស់លោក Biden មានប្រសិទ្ធភាពលើការប្រឆាំងរបស់ក្រសួងយុត្តិធម៌ ដែលជាទូទៅប្រឆាំងនឹងការដោះដូរអ្នកទោសដោយបារម្ភថា វានឹងជំរុញឱ្យរដ្ឋាភិបាលផ្សេងទៀតចាប់ជនជាតិអាមេរិកនៅក្រៅប្រទេសដោយសង្ឃឹមថា នឹងមានការដោះដូរអ្នកទោសរបស់គេ។
នៅឯសេតវិមាន អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិ លោក John Kirby បានបដិសេធមិននិយាយលម្អិតអំពីការចរចាជាមួយរុស្ស៊ីទេ ខណៈសហរដ្ឋអាមេរិកបានដឹកនាំពិភពលោកប្រឆាំងការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនក្នុងខែកុម្ភៈ។
លោកស្រី Griner បានផ្តល់សក្ខីកម្មកាលពីថ្ងៃពុធថាប្រេងរុក្ខជាតិស្រវឹងនោះត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងសហរដ្ឋអាមេរិកសម្រាប់ជាឱសថ ហើយមានផលប៉ះពាល់អវិជ្ជមានតិចជាងថ្នាំបំបាត់ការឈឺចាប់មួយចំនួនទៀត។ ប៉ុន្តែអ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីបាននិយាយកាលពីសប្តាហ៍មុនថា រុក្ខជាតិស្រវឹងដែលស្របច្បាប់សម្រាប់ការប្រើប្រាស់ជាឱសថ និងការកំសាន្តនៅក្នុងផ្នែកខ្លះនៃសហរដ្ឋអាមេរិកនោះមិនអាចអនុវត្តនៅក្នុងប្រទេសរុស្ស៊ីបានទេ៕
ព័ត៌មានខ្លះក្នុងសេចក្តីរាយការណ៍នេះដកស្រង់ពីទីភ្នាក់ងារសារព័ត៌មាន The Associated Press និង Reuters។