ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​អង់គ្លេស​នឹង​បណ្តេញ​អ្នកការទូត​រុស្ស៊ី២៣​នាក់ដោយសារ​មានការ​បំពុល​អតីត​ចារបុរស​រុស្ស៊ីម្នាក់


បុរស​ម្នាក់​ស្រាយ​ទង់ជាតិ​ចេញ​ពី​ស្ថានទូត​រុស្ស៊ី​បន្ទាប់​ពី​​ប្រទេស​នេះ​បាន​ជាប់ទាក់ទិន​ជាមួយ​បុគ្គលិក​របស់​ខ្លួន​នៅ​ក្នុង​ទីក្រុង​ឡុងដ៍កាលទី​១៤ មីនា ២០១៨។
បុរស​ម្នាក់​ស្រាយ​ទង់ជាតិ​ចេញ​ពី​ស្ថានទូត​រុស្ស៊ី​បន្ទាប់​ពី​​ប្រទេស​នេះ​បាន​ជាប់ទាក់ទិន​ជាមួយ​បុគ្គលិក​របស់​ខ្លួន​នៅ​ក្នុង​ទីក្រុង​ឡុងដ៍កាលទី​១៤ មីនា ២០១៨។

ប្រទេស​អង់គ្លេសបានប្រកាស​អំពី​ការ​សងសឹក​ប្រឆាំង​នឹង​រដ្ឋាភិបាល​ក្រុង​ម៉ូស្គូ​ដោយមានរួម​បញ្ចូល​ទាំង​ការ​បណ្តេញ​អ្នកការទូត​រុស្ស៊ី​២៣នាក់​ផង​ដែរ​នៅ​ក្រោយ​រដ្ឋាភិបាល​រុស្ស៊ី​បាន​ព្រងើយ​កន្តើយ​នឹង​ការ​ទាមទារ​ឱ្យ​ពន្យល់អំពី​ហេតុដូច​ម្តេច​បាន​ជា​សារធាតុ​បំផ្លាញ​ប្រព័ន្ធ​សរសៃ​ប្រសាទ​ដ៍​ប្រល័យ​មួយ​ផលិត​ក្នុង​សម័យ​សហភាព​សូវៀត​បានត្រូវប្រើ​ប្រាស់នៅ​ក្នុង​ក្រុង​ Salisbury នៃ​ប្រទេស​អង់គ្លេស​ដើម្បី​បំពុល​លោក Sergei Skripal អតីតចារបុរស​រុស្ស៊ី​និងកូន​ស្រី​លោក​ឈ្មោះ Yulia។

លោកស្រី​នាយក​រដ្ឋមន្ត្រី​អង់គ្លេស Theresa May បាន​ប្រកាស​អំពី​ការសង​សឹក​នេះ​ដល់​ពួកអ្នក​តំណាង​រាស្ត្រ​ដែល​នៅ​ពេញ​ក្នុង​សភានោះ។​លោកស្រី​បានមាន​ប្រសាសន៍​ថា​រដ្ឋាភិបាល​លោកស្រី​នឹង​ព្រាង​សេចក្តី​ព្រាង​ច្បាប់​មួយ​ដើម្បី​ការពារ​ប្រទេស​អង់គ្លេស​ពីសកម្មភាព​ជា​អរិភាព​របស់​រដ្ឋ​បរទេស​ណាមួយ​និង​ពិចារណា​អំពី​វិធានការ​ថ្មីៗ​ប្រឆាំង​នឹង​ចារកម្មផង​ដែរ។​

ការ​សង​សឹក​របស់លោកស្រី​មានរួម​បញ្ចូល​ការ​អនុម័ត​វិសោធនកម្ម​បែប​ច្បាប់ Magnitsky ដើម្បីផ្តល់​ការ​យល់ព្រម​ដល់​សេចក្តី​ព្រាង​ច្បាប់​ដែល​អនុញ្ញាត​ឱ្យ​អាជ្ញាធរ​អង់គ្លេស​ផ្អឹប​ធន​ធាន​របស់​ជន​ជាតិ​រុស្ស៊ី​ទាំង​ឡាយ​ណា​ដែលជា​អ្នករំលោភ​លើ​សិទ្ធិមនុស្សនិង​ផ្អាក​ការ​ទាក់ទង​កម្រិត​ខ្ពស់ទាំង​អស់​រវាង​ប្រទេសអង់គ្លេស​និង​ប្រទេស​រុស្ស៊ី​ដោយ​មានរួម​បញ្ចូល​ទាំង​ទស្សនកិច្ច​មួយ​ដែល​បានត្រូវ​គ្រោង​ធ្វើ​ដោយ​លោក​រដ្ឋមន្ត្រី​ការបរទេសរុស្ស៊ី​ Sergei Lavrov ផង​ដែរ។​

ពួក​ជន​ជាតិ​រុស្ស៊ីដែល​បាន​ត្រូវ​បណ្តេញ​មាន​ពេល​មួយ​សប្តាហ៍​ដើម្បី​ចាកចេញ​ពី​ប្រទេស​អង់គ្លេសនៅ​ក្នុង​អ្វី​ដែល​ជា​ការ​បណ្តេញ​អ្នកការទូត​រុស្ស៊ីច្រើន​បំផុត​ចាប់​តាង​ពី​ឆ្នាំ១៩៧១នៅ​ពេល​សង្គ្រាម​ត្រជាក់​មាន​កម្រិតខ្លាំង​។​ លោកស្រី​ May បាន​មាន​ប្រសាសន៍​ថា​ការ​ឆ្លើយ​តប​របស់រុស្ស៊ី​ដល់​ការ​ចោទ​ប្រកាន់​របស់​ប្រទេស​អង់គ្លេស​អំពីការ​ទាក់ទិន​របស់អាជ្ញាធរ​វិមានក្រឹមឡាំង​ក្នុង​ការ​បំពុល​នេះ ​«បាន​បង្ហាញ​ការ​មើលងាយ​ទាំង​ស្រុង» ហើយ​រដ្ឋាភិបាល​ក្រុង​ម៉ូស្គូ​មិនបានពន្យល់​អំពី​សារធាតុ​បំផ្លាញ​ប្រព័ន្ធ​សរសៃ​ប្រសាទ​ Novichok ផលិត​ដោយ​រុស្ស៊ី​ដែល​បានត្រូវ​ប្រើ​ក្នុង​ការ​វាយ​ប្រហារ​នេះទេ៕

XS
SM
MD
LG