លោក Trump បានថ្លែងយ៉ាងដូច្នេះថា៖ «រុស្ស៊ីគ្មានការប៉ះពាល់ណាមួយដល់ការបោះឆ្នោតរបស់សហរដ្ឋអាមេរិកនោះទេ។ ប៉ុន្តែ ពិតប្រាកដណាស់ គឺមានការជ្រៀតជ្រែកកើតឡើង ហើយប្រហែលជាមានការជ្រៀតជ្រែកពីប្រទេសផ្សេងទៀត ឬពីបុគ្គលផ្សេងទៀតក៏ថាបាន»។
ប៉ុន្តែ លោកបាននិយាយថា រដ្ឋបាលរបស់លោកត្រៀមខ្លួនរួចហើយដើម្បីប្រឆាំងនឹងការប៉ុនប៉ងណាមួយក្នុងការជ្រៀតជ្រែកចូលក្នុងការបោះឆ្នោតពាក់កណ្ដាលអាណត្តិប្រធានាធិបតីនៅក្នុងឆ្នាំ ២០១៨ នេះ។
លោក Trump បញ្ជាក់យ៉ាងដូច្នេះថា៖ «យើងនឹងមិនអនុញ្ញាតឲ្យរឿងនេះកើតឡើងនោះទេ។ យើងបានធ្វើការសិក្សាយ៉ាងហ្មត់ចត់បំផុតលើបញ្ហានេះ ហើយយើងនឹងមាននូវការស្នើដ៏ខ្លាំងក្លាបំផុតមួយចំនួនទាក់ទិននឹងការបោះឆ្នោតឆ្នាំ ២០១៨ នេះ។ ខ្ញុំគិតថា យើងនឹងធ្វើបានល្អបំផុតនៅក្នុងការបោះឆ្នោតឆ្នាំ ២០១៨ នេះ ទោះបីជាកាលពីលើកមុនៗ មន្ត្រីរដ្ឋាភិបាលអាមេរិកមិនសូវបានធ្វើល្អលើរឿងនេះក៏ដោយ»។
ប៉ុន្តែ អ្នកវិភាគនានាបានព្រមានថា រុស្ស៊ីមិនដែលឈប់ព្យាយាមជ្រៀតជ្រែក និងជះឥទ្ធិពលទៅលើនយោបាយរបស់សហរដ្ឋអាមេរិកនោះទេ។
លោក Janusz Bugajski អ្នកស្រាវជ្រាវជាន់ខ្ពស់នៃមជ្ឈមណ្ឌលវិភាគគោលនយោបាយអឺរ៉ុប (Center for European Policy Analysis) បានបញ្ជាក់ថា រុស្ស៊ីនឹងព្យាយាមម្ដងទៀតដើម្បីជ្រៀតជ្រែកចូលក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកពាក់កណ្ដាលអាណត្តិនៅក្នុងឆ្នាំ ២០១៨ នេះ ជាពិសេសតាមបណ្ដាញប្រព័ន្ធផ្សព្វផ្សាយសង្គម។
លោក Janusz Bugajski និយាយថា៖ «រុស្ស៊ីកំពុងតែជ្រៀតជ្រែកមិនគួរឲ្យជឿតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គមដូចជា Facebook ជាដើម។ រុស្ស៊ីធ្វើដូច្នេះតាមរយៈ Facebook និងប្រព័ន្ធផ្សព្វផ្សាយដទៃទៀត ដើម្បីផ្សព្វផ្សាយព័ត៌មានដូចនេះ ដើម្បីណែនាំប្រជាពលរដ្ឋឲ្យគាំទ្របេក្ខជនណាម្នាក់ ឬក៏ប្រឆាំងនឹងបេក្ខជនណាមួយ ឬក៏ដើម្បីធ្វើឲ្យសង្គមអាមេរិកមានការបែកបាក់គ្នាជាដើម។ រុស្ស៊ីនៅតែបន្តធ្វើដូច្នេះដដែល»។
លោក Janusz Bugajski បាននិយាយថា សហរដ្ឋអាមេរិកត្រូវតែមានការប្រុងប្រយ័ត្ន និងត្រៀមខ្លួនដើម្បីវាយប្រហារនៅពេលណាដែលចាំបាច់។ លោកបានបន្ថែមថា រុស្ស៊ីប្រហែលជាងាយនឹងទទួលរងការបង្អាក់រារាំងតាមរយៈប្រព័ន្ធនយោបាយរបស់ខ្លួនជាងសហរដ្ឋអាមេរិក។
លោកបានបញ្ជាក់យ៉ាងដូច្នេះថា៖ «សហរដ្ឋអាមេរិកគឺជាប្រទេសប្រជាធិបតេយ្យរឹងមាំ ដែលមានការការពារបានល្អ។ រុស្ស៊ីគឺជាប្រទេសផ្ដាច់ការសាហាវឃោរឃៅមួយ ដែលអាចនឹងប្រេះស្រាំបាន។សហរដ្ឋអាមេរិកអាចបញ្ជូនសញ្ញាដ៏ខ្លាំងក្លាបំផុតមួយទៅដល់រុស្ស៊ីថា ប្រសិនបើអ្នកចង់លេងជាមួយយើង យើងអាចធ្វើបានខ្លាំងជាងអ្នកទៅទៀតនៅក្នុងដែនព័ត៌មាន»។
ប៉ុន្តែអ្នកវិភាគផ្សេងទៀតបានបញ្ជាក់ថា ការសង្ស័យកើនឡើងរវាងប្រទេសទាំងពីរ និងការគំរាមកំហែងតបតវិញនឹងមិនមានប្រយោជន៍អ្វីនោះទេសម្រាប់ទំនាក់ទំនងដែលប្រេះស្រាំរួចទៅហើយរវាងសហរដ្ឋអាមេរិក និងប្រទេសរុស្ស៊ី។
លោក Thomas Greminger អគ្គលេខាធិការអង្គការសន្តិសុខ និងកិច្ចសហប្រតិបត្តិការនៅទ្វីបអឺរ៉ុប បាននិយាយថា៖ «វាគឺជារឿងដែលធ្វើឲ្យខូចប្រយោជន៍ធំចំពោះទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ និងចំពោះការមិនសូវទុកចិត្តគ្នាស្រាប់រួចទៅហើយរវាងប្រទេសទាំងពីរ»។
លោក Dan Coats ប្រធានទីភ្នាក់ងារជាតិស៊ើបការណ៍សម្ងាត់សហរដ្ឋអាមេរិក បានប្រាប់គណៈកម្មាធិការស៊ើបការណ៍សម្ងាត់នៃព្រឹទ្ធសភាថា ប្រទេសរុស្ស៊ីមើលឃើញការបោះឆ្នោតពាក់កណ្ដាលឆ្នាំ ២០១៨ នេះនៅក្នុងសហរដ្ឋអាមេរិកថាជា «គោលដៅដែលអាចជះឥទ្ធិពលទៅលើបាន»។ ប៉ុន្តែ លោកក៏បានព្រមានផងដែរថា ប្រទេសចិន កូរ៉េខាងជើង និងអ៊ីរ៉ង់ក៏បង្កការគំរាមកំហែងធ្ងន់ធ្ងរផងដែរចំពោះលទ្ធិប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិក៕
ប្រែសម្រួលដោយ ភី សុភាដា