ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹកនាំ​អង់គ្លេស​ថ្កោល​ទោស​ការ​វាយ​ប្រហារ​ដ៏​គួរ​ឲ្យ​ស្អប់​ខ្ពើម​លើ​អ្នក​កាន់​សាសនា​ឥស្លាម


ប៉ូលិស​ការពារ​សន្តិសុខ​នៅ​កន្លែង​កើត​ហេតុ​ ដែល​មាន​រថយន្ត​មួយ​បាន​បើក​បុក​ទៅ​លើ​ផ្លូវ​សម្រាប់​អ្នក​ថ្មើ​ជើង​ នៅ​ស្រុក Finsbury Park នៅ​ខាង​ជើង​ទីក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មិថុនា។
ប៉ូលិស​ការពារ​សន្តិសុខ​នៅ​កន្លែង​កើត​ហេតុ​ ដែល​មាន​រថយន្ត​មួយ​បាន​បើក​បុក​ទៅ​លើ​ផ្លូវ​សម្រាប់​អ្នក​ថ្មើ​ជើង​ នៅ​ស្រុក Finsbury Park នៅ​ខាង​ជើង​ទីក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មិថុនា។

រថយន្ត​ដឹក​ទំនិញ​មួយ​គ្រឿង​បាន​បើក​ទៅ​បុក​អ្នក​ថ្មើរ​ជើង​នៅ​ខាង​ក្រៅ​វិហារ​សាសនា​ឥស្លាម​មួយ​ក្នុង​ទីក្រុងឡុងដ៍ កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស​១០​នាក់​រងរបួស នៅ​ក្នុង​ហេតុការណ៍​ដែល​លោកស្រី​នាយករដ្ឋមន្ត្រី​អង់គ្លេស Theresa May បាន​ហៅ​ថា ជា​ការ​វាយប្រហារ​«ដ៏​គួរ​ឲ្យ​ស្អប់ខ្ពើម‍»​ទៅ​លើ​អ្នក​កាន់​សាសនា​ឥស្លាម។ ​

រថយន្ត​នោះ​បាន​បត់​យ៉ាង​លឿន​ទៅ​រក​ហ្វូង​មនុស្ស​មួយ​ក្រុម ក្រោយ​ពាក់​កណ្តាល​អាធ្រាត្រ​បន្តិច​ ខណៈ​ដែល​អ្នក​ថ្មើរ​ជើង​ទាំង​នោះ​ចាកចេញ​ពី​កន្លែង​បន់ស្រន់ Muslim Welfare House និង​វិហារ Finsbury Park ដែល​នៅ​ក្បែរ​នោះ នៅ​ប៉ែក​ខាង​ជើង​ទីក្រុង ឡុងដ៍ ដែល​ជា​វិហារ​ដ៏​ធំ​បំផុត​មួយ​នៅ​អង់គ្លេស។

មនុស្ស​ម្នាក់​ស្លាប់​នៅ​នឹង​កន្លែង ប៉ុន្តែ​គេ​នៅ​មិន​ទាន់​ច្បាស់​នៅ​ឡើយ​ទេ ថា​បុរស​ម្នាក់​នោះ​ស្លាប់​ដោយ​សារ​ការ​វាយ​ប្រហារ​នោះ​ឬ​យ៉ាង​ណា។

ប៉ូលិស​នឹង​វាយ​តម្លៃ​ទៅ​លើ​សន្តិសុខ​របស់​វិហារ​សាសនា​ឥស្លាម​នោះ និង​ផ្តល់​ធនធាន​បន្ថែម​ដែល​ចាំបាច់​សម្រាប់​ប្រារព្ធ​ការ​បញ្ចប់​ពិធី​រ៉ាម៉ាដន។ នេះ​បើ​យោង​តាម​ការ​ប្រកាស​របស់​លោកស្រី May។​

លោកស្រី​បាន​ថ្លែង​សុន្ទរកថា​តាម​កញ្ចក់​ទូរទស្សន៍​ថា «នេះ​គឺ​ជា​ការ​វាយ​ប្រហារ​ទៅ​លើ​អ្នក​កាន់​សាសនា​ឥស្លាម​ក្បែរ​កន្លែង​សក្ការៈបូជា​របស់​ពួកគេ‍។ ហើយ​ដូច​អំពើ​ភេរវកម្ម​ដទៃទៀត​ដែរ ទោះ​ក្នុង​ទម្រង់​ណា​ក៏​ដោយ អំពើ​នេះ​មាន​គោលបំណង​ដូចៗ​គ្នា។ វា​ធ្វើ​ឲ្យ​យើង​បែក​បាក់​គ្នា ហើយ​បំបែក​សាមគ្គីភាព​របស់​យើង និង​ភាព​ជា​ពលរដ្ឋ​នៅ​ក្នុង​ប្រទេស​នេះ។ យើង​នឹង​មិន​ឲ្យ​វា​កើត​ឡើង​នោះ​ទេ‍»។

លោក ​Sadiq Khan អភិបាល​ក្រុង​ឡុងដ៏ បាន​ហៅ​ហេតុការណ៍​នេះ ថា​ជា​«ការ​វាយ​ប្រហារ​ភេរវកម្ម​ដ៏​អាក្រក់​ទៅ​លើ​ទីក្រុង​របស់​យើង‍»។

អាជ្ញាធរ​និយាយ​ថា ប៉ូលិស​បាន​ចាប់​ខ្លួន​អ្នក​បើក​រថយន្ត​ដឹក​ទំនិញ​អាយុ​៤៨​ឆ្នាំ​នោះ ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​សាធារណជន​នៅ​នឹង​កន្លែង​កើតហេតុ៕

XS
SM
MD
LG