ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អគ្គិភ័យ​ឆេះ​អាគារ Grenfell Tower ក្នុង​ទីក្រុង​ឡុងដ៍ ត្រូវ​បាន​ពន្លត់​ហើយ


លោកស្រី Theresa May នាយក​រដ្ឋ​មន្ត្រី​អង់គ្លេស​អញ្ជើញ​ទៅ​ដល់​អគារ Grenfield Tower ក្នុង​ក្រុង​ឡុងដ៍ កាលពី​ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧។
លោកស្រី Theresa May នាយក​រដ្ឋ​មន្ត្រី​អង់គ្លេស​អញ្ជើញ​ទៅ​ដល់​អគារ Grenfield Tower ក្នុង​ក្រុង​ឡុងដ៍ កាលពី​ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧។

មន្ត្រី​ពន្លត់​អគ្គិភ័យ​នៃ​ទីក្រុង​ឡុងដ៍​ចក្រភព​អង់គ្លេស បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ បាន​ពន្លត់​អគ្គិភ័យ​ឆេះ​អាគារ​ផ្ទះ Apartment កម្ពស់ ២៤ ជាន់ ដែល​បាន​សម្លាប់​មនុស្ស ១២ នាក់ កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ បាន​ទាំង​ស្រុង​ហើយ និង​បាន​បញ្ជាក់​ទៀត​ថា មាន​មនុស្ស​មួយ​ចំនួន​កំពុង​នៅ​ជាប់​ក្នុង​អាគារ​នោះ។

លោកស្រី Dany Cotton ស្នងការ​ពន្លត់​អគ្គិភ័យ​ប្រចាំ​ទីក្រុង​ឡុងដ៍ បាន​ប្រាប់​ទូរទស្សន៍ Sky News ថា៖ «ជា​អកុសល ឥឡូវ​នេះ យើង​មិន​រំពឹង​ថា​នឹង​រក​ឃើញ​អ្នក​ណា​ម្នាក់​ដែល​នៅ​រស់​នោះ​ទេ។ វា​ប្រាកដ​ជា​រឿង​អស្ចារ្យ​មិន​នឹក​ស្មាន​ដល់​ជា​មិន​ខាន ប្រសិន​បើ​មាន​មនុស្ស​នៅ​រស់ ដោយសារតែ​អគ្គិភ័យ​នេះ​មាន​កម្ដៅ និង​ឥទ្ធិពល​ខ្លាំងក្លា​បំផុត‍»។

អណ្ដាត​ភ្លើង​បាន​ឆាបឆេះ​រាលដាល​យ៉ាង​សន្ធោសន្ធៅ​ពេញ​មួយ​អាគារ​ផ្ទះ Apartment Grenfell Tower នៅ​ក្នុង​តំបន់ West London នៅ​មុន​ថ្ងៃ​រះ កាល​ពី​ព្រឹក​ថ្ងៃ​ពុធ​ម្សិលមិញ ដែល​ធ្វើ​ឲ្យ​អ្នក​រស់នៅ​ក្នុង​អាគារ​នោះ​មិន​អាច​គេច​ចេញ​ទៅ​ណា​រួច។ អាគារ​នេះ​មាន​ផ្ទះ Apartment ចំនួន ១២០ ខ្នង និង​មាន​មនុស្ស​ចំនួន​ដល់​ទៅ ៦ រយ​នាក់ រស់​នៅ។

លោកស្រី Cotton បាន​និយាយ​ថា ក្រុម​អ្នក​ជួយ​សង្គ្រោះ​ត្រូវ​ការ​ពេលវេលា​ដើម្បី​ស្វែង​រក​មនុស្ស​ជាប់​ក្នុង​អាគារ​នោះ។ លោកស្រី​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ស្រប​ពេល​ដែល​អ្នក​ស៊ើប​អង្កេត​កំពុង​ព្យាយាម​កំណត់​មូលហេតុ​ដែល​បណ្ដាល​ឲ្យ​មាន​អគ្គិភ័យ​នេះ​កើត​ឡើង វា​ហាក់​ដូច​ជា​ឆាប់​ពេក​ក្នុង​ការ​ដាក់​ការ​សង្ស័យ​លើ​មូលហេតុ​ណា​មួយ​ដែល​បង្ក​ឲ្យ​មាន​អគ្គិភ័យ​នេះ​កើត​ឡើង​នោះ។

ក្រៅ​ពី​ជន​រងគ្រោះ ១២ នាក់ ដែល​ស្លាប់​ដោយសារ​អគ្គិភ័យ​នេះ មន្ត្រី​ពន្លត់​អគ្គិភ័យ​បាន​និយាយ​ថា យ៉ាង​ហោច​ណាស់​ក៏​មាន​មនុស្ស ៧៤ នាក់​ដែរ ដែល​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ៕

XS
SM
MD
LG