កាលពីថ្ងៃពុធ ពួកសមាជិកសភានៃប្រទេសអង់គ្លេសមានប្រតិកម្មខឹងសម្បានឹងប្រធានាធិបតី Donald Trump ដែលបានបង្ហោះតាមបណ្តាលសង្គម Twitter ជាថ្មីនូវវីដេអូប្រឆាំងនឹងពួកអ្នកកាន់សាសនាឥស្លាម ដែលបានត្រូវផ្សាយដំបូងដោយមេដឹកនាំអង់គ្លេសនិយមនយោបាយស្តាំបំផុតម្នាក់ដែលបានត្រូវកាត់ទោសពីការថ្លែងសុន្ទរកថាបង្ហាញសម្អប់។
ពួកអ្នកតាក់តែងច្បាប់អង់គ្លេសមួយចំនួនបានអំពាវនាវដល់លោកស្រីនាយករដ្ឋមន្ត្រី Theresa May ឱ្យលុបចោល «ទស្សនកិច្ចធ្វើការងារ» មួយដោយប្រធានាធិបតី Trump ដែលកំណត់នឹងធ្វើនៅឆ្នាំក្រោយ។
លោក David Lammy សមាជិកសភាអង់គ្លេសខាងគណបក្សការងារបានមានប្រសាសន៍ថា «គាត់មិនមែនជាសម្ព័ន្ធមិត្តឬជាមិត្តភក្តិយើងទេ» ដោយលោកបានថ្លែងបន្ថែមថាប្រធានាធិបតីស.រ.អា.រូបនេះមិនត្រូវស្វាគមន៍ក្នុងប្រទេសអង់គ្លេសឡើយ។
លោក Sadiq Khan អភិបាលក្រុងឡុងដ៏ បានមានប្រសាសន៍ថាមានការច្បាស់លាស់ខ្លាំងឡើងៗថា Trump មិនគួរត្រូវស្វាគមន៍ទេហើយថាមនុស្សច្រើននាក់នៅក្នុងប្រទេសអង់គ្លេសនឹងឃើញសកម្មភាព Twitter របស់គាត់ជាការក្បត់ទំនាក់ទំនងរវាងស.រ.អា.និងប្រទេសអង់គ្លេស។
លោក Khan បានមានប្រសាសន៍នៅថ្ងៃព្រហស្បតិ៍នេះថា «នាយករដ្ឋមន្ត្រីនៃប្រទេសយើងគួរប្រើប្រាស់ឥទ្ធិពលដែលលោកស្រីនិងរដ្ឋាភិបាលលោកស្រីអះអាងថាមានជាមួយប្រធានាធិបតី Trump និងរដ្ឋបាលគាត់ដោយសុំឱ្យគាត់លុបចោល tweets ទាំងនេះនិងសុំអភ័យទោសដល់ប្រជារាស្ត្រអង់គ្លេស»៕