លោកប្រធានាធិបតីសហរដ្ឋអាមេរិកដូណាល់ ត្រាំបានមានប្រសាសន៍ថា ការដាក់ទណ្ឌកម្មដ៏សំខាន់មួយនឹងត្រូវធ្វើឡើងប្រឆាំងនឹងកូរ៉េខាងជើង បន្ទាប់ពីរដ្ឋាភិបាលក្រុងព្យុងយ៉ាងបានសាកល្បងកាំជ្រួចមីស៊ីលបាល់លីស្ទិកអន្តរទ្វីបដែលពួកអ្នកជំនាញនិយាយថា ទំនងមានលទ្ធភាពបាញ់ដល់ដីគោករបស់សហរដ្ឋអាមេរិក។
ក្នុងសារតាមប្រព័ន្ធ Twitter កាលពីថ្ងៃពុធ លោកប្រធានាធិបតីត្រាំបាននិយាយថា លោកបាននិយាយជាមួយលោកស៊ី ជីងពីង ប្រធានាធិបតីនៃប្រទេសចិនអំពី «សកម្មភាពបង្កហេតុ» របស់កូរ៉េខាងជើង។ ប្រធានាធិបតីត្រាំបានសន្យាម្តង ទៀតថា «ស្ថានភាពនោះនឹងត្រូវបានដោះស្រាយ» ក៏ប៉ុន្តែ លោកប្រធានាធិបតីមិនបាននិយាយលម្អិតទេ។
សេតវិមានបានប្រាប់ឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយស្តីពីការសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីចិនស៊ី ជីងពីងថា «លោកប្រធានាធិបតីត្រាំបានបញ្ជាក់ពីការតាំងចិត្តរបស់សហរដ្ឋអាមេរិកដើម្បីការពារខ្លួនរបស់យើងនិងសម្ព័ន្ធមិត្តរបស់យើងពីការគំរាមកំហែងកាន់តែខ្លាំងឡើងដែលបណ្តាលមកពីរបបកូរ៉េខាងជើង»។
សេចក្តីថ្លែងការណ៍នោះក៏បានប្រាប់ឲ្យដឹងដែរថា «លោកប្រធានាធិបតីត្រាំបានបញ្ជាក់ពីភាពចាំបាច់សម្រាប់ប្រទេសចិនប្រើប្រាស់ឥទ្ធិពលទាំងអស់ដើម្បីជំរុញឲ្យកូរ៉េខាងជើងបញ្ចប់ការបង្ករហេតុរបស់ខ្លួនហើយវិលត្រឡប់ទៅកាន់មាគ៌ាដើម្បីធ្វើមិនឲ្យមានអាវុធនុយក្លែអ៊ែ»។
កូរ៉េខាងជើងបានប្រាប់ឲ្យដឹងកាលពីថ្ងៃពុធថា ខ្លួនបានសាកល្បងកាំជ្រួចមីស៊ីលធុន Hwasong-15 ដែលមានក្បាលកាំជ្រួចធំដែលមានលទ្ធភាពបាញ់ទៅដល់ដីគោករបស់សហរដ្ឋអាមេរិក៕