ក្រុមប្រវត្តិវិទូកំពុងធ្វើការជជែកដេញដោលអំពីតួនាទីរបស់សហរដ្ឋអាមេរិកក្នុងការទទួលបានជ័យជម្នះលើក្រុមណាហ្ស៊ីអាល្លឺម៉ង់ក្នុងសង្គ្រាមលោកលើកទី២។ សហរដ្ឋអាមេរិកបានជួយសម្ព័ន្ធមិត្តនៅតំបន់អឺរ៉ុបខាងលិចហើយបានផ្តល់រថយន្ត គ្រឿងសព្វាវុធ និងម្ហូបអាហារដែលតម្លៃរាប់ពាន់លានដុល្លារដល់សហភាពសូវៀតក្នុងអំឡុងសង្គ្រាមលោកលើកទី២នោះ។
ប្រទេសរុស្ស៊ីបានប្រារព្ធខួបលើកទី៧៥នៃការបញ្ចប់សង្គ្រាមលោកលើកទី២នៅក្នុងទ្វីបអឺរ៉ុបកាលពីថ្ងៃសៅរ៍សប្តាហ៍មុន មួយថ្ងៃក្រោយសម្ព័ន្ធមិត្តចាស់របស់ខ្លួននៅក្នុងការប្រយុទ្ធប្រឆាំងណាហ្ស៊ីអាល្លឺម៉ង់។
នេះជាការបន្តប្រពៃណីតាំងពីសករាជនៃមេដឹកនាំផ្តាច់ការកុំម្មុយនិស្តស្តាលីន ដែលជំទាស់ទៅនឹងការអះអាងដែលថា ពួកណាហ្ស៊ីបានចុះចាញ់សម្ព័ន្ធមិត្តប្រទេសលោកខាងលិចដែលបានចុះហត្ថលេខាទីក្រុង Reims នៃប្រទេសបារាំងនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ១៩៤៥។ ស្តាលីនទទូចឲ្យមានការចុះហត្ថលេខានៃការចុះចាញ់មួយទៀតនៅថ្ងៃបន្ទាប់នៅក្នុងរដ្ឋធានីបែរឡាំងនៃប្រទេសអាល្លឺម៉ង់ ដែលបានចុះចាញ់កងកម្លាំងសូវៀត។
ព្រឹត្តិការណ៍នយោបាយ និងការឃោសនាដែលកើតឡើងក្រោយមក ការវាយតម្លៃឡើងវិញ និងការងើបឡើងនៃការពិតថ្មីក្នុងសង្គ្រាម និងការផ្លាស់ប្តូររសជាតិនៃវប្បធម៌ និងតម្រូវការជាបន្ទាន់របស់មេដឹកនាំនយោបាយ និងមនុស្សនៅពេលបច្ចុប្បន្ននេះបានផ្លាស់ប្តូរការចងចាំនេះ។
ក្រុមអ្នកប្រវត្តិសាស្រ្តនិយាយថា ពួកគេក៏បានផ្លាស់ប្តូរពេលវេលាថាតើការបញ្ចប់នៃការតស៊ូប្រកបដោយវិនាសកម្មដែលត្រូវបានកត់សម្គាល់នោះយ៉ាងដូចម្តេច និងថាតើត្រូវចងចាំយ៉ាងដូចម្តេច។
ប្រទេសរុស្ស៊ីបានប្រារព្ធជ័យជម្នះនៅក្នុងអ្វីដែលខ្លួនហៅថា «សង្គ្រាមស្នេហាជាតិដ៏មហិមា» ជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ១៩៤៥មក ក៏ប៉ុន្តែពិធីនេះបានធ្វើការផ្លាស់ប្តូរ។
ក្បួនព្យុះហយាត្រាជារឿយៗបានធ្វើឡើងដោយមានរថក្រោះនិងកាំជ្រួចមីស៊ីលលាន់សូរសន្ធឹកនៅទីលានក្រហមនៅក្រោមក្រសភ្នែកដ៏គួរឲ្យខ្លាចរបស់ពួកអគ្គលេខាធិការបក្សកុំម្មុយនិស្តដែលមានអាយុ៧០ឆ្នាំ និង៨០ឆ្នាំ។
ទោះជាយ៉ាងណាក៏ដោយ នៅក្រោមការដឹកនាំរបស់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ថ្ងៃជ័យជម្នះនេះបានក្លាយជាកិច្ចការនៃលទ្ធិយោធានិយមកាន់តែធំឡើងដែលគ្រឿងអាវុធធន់ធ្ងន់ជឿនលឿនបានត្រូវបង្ហាញ ហើយស្តាលីនបានត្រូវគេលើកតម្កើនសរសើរថា ជាអ្នកស្នេហាជាតិឡើងវិញ។
ក៏ប៉ុន្តែ នៅឆ្នាំនេះ ដោយសារវីរុសកូរ៉ូណា ពិធីដ៏ធំនៅក្នុងទីក្រុងមូស្គូដែលបានគ្រោងធ្វើឡើងសម្រាប់ទិវាជ័យជម្នះខួបលើកទី៧៥ បានត្រូវលុបចោល ដូចនៅតំបន់អឺរ៉ុបដែរ។ រដ្ឋាភិបាលទាំងឡាយនៅអឺរ៉ុបបានផ្អាកផែនការក្រុមតន្រ្តីវង់ត្រែ និងហ្វូងមនុស្ស ក្បួនព្យុះហយាត្រាកងទ័ព ការប្រគុំភ្លេង និងពិធីនៅតាមផ្លូវ។
ទោះជាយ៉ាងណាក៏ដោយ មានរឿងមួយដែលមិនដែលផ្លាស់ប្តូរទេ។
ក្នុងសៀវភៅរបស់លោកដែលមានចំណងជើងថា «ទីកន្លែងនរក៖ សង្គ្រាមពិភពលោក ឆ្នាំ១៩៣៩ដល់ឆ្នាំ១៩៤៥» លោក Max Hastings អ្នកប្រវត្តិសាស្រ្តយោធាចក្រភពអង់គ្លេសបាននិយាយថា «បណ្តាប្រទេសដែលបានទទួលជ័យជម្នះចេញពីសង្គ្រាមលោកលើកទី២ មានទំនុកចិត្តក្នុងជំនឿជឿជាក់ថា តួនាទីផ្ទាល់របស់ខ្លួននាំឲ្យមានជ័យជម្នះនេះ»។
នរណាជាអ្នកដើរតួនាទីដ៏សំខាន់នៅក្នុងការផ្តួលពួកណាហ្ស៊ីនៅតំបន់អឺរ៉ុប នៅតែជាសំណួរមួយ ទោះជាមានការលុបចោលពិធីរំឭកខួប និងមានការរាតត្បាតជំងឺជាសាកលក្តី។
ខណៈដែលប្រទេសភាគច្រើនមើលឃើញសហរដ្ឋអាមេរិកថាបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការទទួលបានជ័យជម្នះលើ Adolf Hitler ទិន្នន័យនៃការស្ទង់មតិដែលបានចេញផ្សាយកាលពីសប្តាហ៍មុនបានប្រាប់ឲ្យដឹងថា ចក្រភពអង់គ្លេសមើលឃើញខ្លួនឯងថា មានតួនាទីដ៏ធំបំផុតនៅក្នុងសង្គ្រាមនេះ ថ្វីបើពួកគេបានទទួលស្គាល់ថា គេមិនអាចយកជ័យជម្នះលើពួកណាហ្ស៊ីបានទេ បើសិនជាគ្មានសហភាពសូវៀតបង្ហូរឈាមកងទ័ព Wehrmacht របស់អាល្លឺម៉ង់នៅសមរភូមិខាងកើតនោះទេ។
ផ្ទុយទៅវិញ ពលរដ្ឋអាមេរិកាំង អាល្លឺម៉ង់ និងបារាំងជឿថា ការខំប្រឹងប្រែងធ្វើសង្គ្រាមដោយសហរដ្ឋអាមេរិក ការរួមវិភាគទានដ៏សំខាន់បំផុតក្នុងការធ្វើឲ្យសម្រេចបានជ័យជម្នះនៅក្នុងទ្វីបអឺរ៉ុប នេះបើតាមការស្ទង់មតិដែលធ្វើឡើងដោយបណ្តាញស្ទង់មតិ YouGov ដែលមានទីស្នាក់ការនៅអង់គ្លេស។ ទោះជាយ៉ាងណាក៏ដោយ ការស្ទង់មតិនៅពេលថ្មីៗនេះ ដែលបានធ្វើនៅក្នុងប្រទេសរុស្ស៊ីបង្ហាញថា ពលរដ្ឋរុស្ស៊ីជឿថា ពួកគេជាអ្នកដែលសក្តិសមទទួលបានកិត្តិនាមដ៏សំខាន់ក្នុងការផ្តួល Hitler តាមការឆ្លុះបញ្ចាំងនៃចំនួនមនុស្សលាប់ដ៏ច្រើនក្នុងប្រទេសរុស្ស៊ី ក្នុងសង្គ្រាមលោកលើកទី២។
ជនជាតិរុស្ស៊ីប្រហែលពី២៥ទៅ៣១លាននាក់បានត្រូវសម្លាប់នៅក្នុងសង្គ្រាម ក្នុងនោះមានជនស៊ីវិល១៦លាននាក់ និងកងទ័ពក្រហមជាង៨លាននាក់។ ពលរដ្ឋរុស្ស៊ីក៏បានចង្អុលបង្ហាញដែរថា កងទ័ពរុស្ស៊ីបានសម្លាប់ទាហានអាល្លឺម៉ង់ច្រើនជាងកងទ័ពរបស់ប្រទេសលោកខាងលិច ដែលមានចំនួន៧៦ភាគរយនៃទាហានស្លាប់ទាំងអស់របស់អាល្លឺម៉ង់។
អ្នកប្រវត្តិសាស្រ្តយោធាខ្លះនិយាយថា ចំនួនមនុស្សស្លាប់ និងចំនួននៃការខូចខាត មិនត្រូវចាត់ទុកជាការឆ្លុះបញ្ចាំងដ៏សំខាន់អំពីអ្វីជាការបរាជ័យនៃពួកណាហ្ស៊ីនោះទេ។ អ្នកប្រវត្តិសាស្រ្ត Anthony Beevor បានប្រាប់ទស្សនាវដ្តី Times ថា ស្តាលីនឥតមានមេត្តាធម៌ ជាងពួកមេដឹកនាំប្រទេសលោកខាងលិចដែលបានព្យាយាមធ្វើឲ្យមានការស្លាប់ និងខូចខាតតិចបំផុត។
លោកបាននិយាយទៀតថា «កងទ័ពក្រហមបានបញ្ជូនពួកកងជីវពលទៅច្បាំង ដោយមិនមានអាវុធហើយរំពឹងថា ពួកគេនឹងបញ្ឈប់កងពលទ័ពរថក្រោះ Panzer របស់អាល្លឺម៉ង់ដោយប្រើរាង្គកាយរបស់ខ្លួន។ ពួកកងជីវពលនោះស្លាប់អស់ចំនួន៤២ភាគរយ។ ពួកគេបានបាត់អាយុជីវិតមនុស្សជាង២៥ម៉ឺននាក់»។
អ្នកប្រវត្តិសាស្រ្តផ្សេងទៀតនិយាយថា ឥរិយាបថរបស់ប្រទេសលោកខាងលិច ចំពោះសហភាពសូវៀត មានភាពលម្អៀង ដោយសារស្តាលីនបានបញ្ចប់សន្ធិសញ្ញាមិនឈ្លានពានគ្នាជាមួយ Hitler នៅឆ្នាំ១៩៣៩ដែលជាឧបករណ៍អនុញ្ញាតឲ្យមេដឹកនាំណាហ្ស៊ីនេះ ធ្វើឲ្យមានការផ្ទុះសង្គ្រាមលោក មុនពេល Hitler ងាកទៅចាប់អារម្មណ៍ប្រទេសរុស្ស៊ី។
អ្នកប្រវត្តិសាស្រ្តខ្លះ បានចង្អុលបង្ហាញដល់រោងចក្រអាមេរិកាំងដែលបានផលិតយន្តហោះច្រើនជាងមហាអំណាចសង្គ្រាមសំខាន់រួមបញ្ចូលគ្នាទាំងអស់ថា សហរដ្ឋអាមេរិកបានប្រើចំនួនកងទ័ពដូចគ្នានឹងរុស្ស៊ីដែរ ក៏ប៉ុន្តែបានប្រយុទ្ធនៅសមរភូមិជួរមុខសំខាន់ៗច្រើនជាង មិនត្រឹមតែនៅក្នុងទ្វីបអឺរ៉ុប ក៏ប៉ុន្តែក៏នៅក្នុងតំបន់មហាសមុទ្រប៉ាស៊ីហ្វិក និងតំបន់អាហ្វ្រិកខាងជើងទៀត។ផលិតកម្មសង្គ្រាមរបស់អាមេរិក គឺសមត្ថភាពរបស់ខ្លួនដើម្បីផលិតយន្តហោះទម្លាក់គ្រាប់បែក រថក្រោះ និងនាវាចម្បាំងដ៏ច្រើនអាចជាកត្តាដ៏សំខាន់មួយនៃការឈ្នះសង្គ្រាមនេះ។
ហើយបើគ្មានការផ្គត់ផ្គង់របស់សហរដ្ឋអាមេរិក ការខំប្រឹងប្រែងធ្វើសង្គ្រាមរបស់សូវៀត មានសមត្ថភាពអន់ខ្សោយបំផុត។ អាមេរិកាំងបានផ្តល់ឲ្យស្តាលីននូវរថយន្តត្រាក់ចំនួន៤សែនគ្រឿង ក្បាលរថភ្លើង២ពាន់ ទូរទេះភ្លើងជាង១ម៉ឺន និងយន្តហោះ រថក្រោះ ម្ហូបអាហារ និងសម្លៀកបំពាក់ដែលមានតម្លៃជាប្រាក់រាប់ពាន់លានដុល្លារ។ នៅពេលជាមួយគ្នានោះដែរ សហរដ្ឋអាមេរិកក៏បានផ្គត់ផ្គង់ជិត១ភាគ៤នៃគ្រាប់រំសេវដល់ចក្រភពអង់គ្លេស។
លោក Anatoly Razumov ប្រវត្តិវិទូរុស្ស៊ីបានប្រាប់ VOA កាលពីពេលថ្មីៗនេះថា «យើង មានសំណាងដោយមានប្រទេសអាមេរិកជាសម្ព័ន្ធមិត្ត»។ លោកនិយាយទៀតថា បច្ចេកវិទ្យា និងការផ្គត់ផ្គង់របស់សហរដ្ឋអាមេរិកបង្កើតជាមូលដ្ឋាននៃការខំប្រឹងប្រែងធ្វើសង្គ្រាមរបស់រុស្ស៊ី។ លោក និយាយបន្តទៀតថា «ហើយយើងចង់បិទភ្នែករបស់យើងអំពីបញ្ហានេះ។ វាជាការអៀនខ្មាស់។ជួលកាល ខ្ញុំនិយាយទៅកាន់ពលរដ្ឋធម្មតាដែលមិនចង់យល់ដឹងអំពីបញ្ហានេះ។ យើងបានស្ថិតនៅជាមួយគ្នាក្នុងអំឡុងសង្គ្រាម។ តើវានឹងក្លាយជាយ៉ាងដូចម្តេច បើយើងមិនមានការជួយនេះ។ វា មិនមែនជាជ័យជម្នះប្រទេសមួយលើ Hitler ប៉ុណ្ណោះទេ។ វាជាជ័យជម្នះរបស់ពិភពលោកទាំងមូលលើ Hitler»។
ទស្សនៈនេះបានត្រូវបន្លឺឡើងកាលពី៧៥ឆ្នាំមុនដោយលោក Winston Chrchill មេដឹកនាំក្នុងសង្គ្រាមដ៏ល្បីល្បាញរបស់ចក្រភពអង់គ្លេស នៅពេលដែលលោកផ្សាយទៅកាន់ពលរដ្ឋចក្រភពអង់គ្លេសដើម្បីប្រកាសជ័យជម្នះនៅទ្វីបអឺរ៉ុបនៅម៉ោង៣រសៀលម៉ោងនៅចក្រភពអង់គ្លេស នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ១៩៤៥។
លោកនាយករដ្ឋមន្ត្រី Churchill បានសង្ខេបពីការងើបឈរម្នាក់ឯងរបស់ប្រទេសលោកប្រឆាំងនឹង Hitler នៅឆ្នាំ១៩៤០។ លោកបាននិយាយទៀតថា «នៅទីបញ្ចប់ ពិភពលោកទាំងមូលបានរួបរួមគ្នាប្រឆាំងនឹងពួកអ្នកប្រព្រឹត្តអំពើបិសាចដែលឥឡូវនេះបានក្រាបនៅពីមុខយើង»។
ពលរដ្ឋអង់គ្លេសបានដកឃ្លាកាលពីថ្ងៃសុក្រសប្តាហ៍មុនចេញពីវីរុសកូរ៉ូណាដើម្បីប្រារព្ធទិវាជ័យជម្នះដែលហៅថា «VE Day»។ ពិធីនោះមានភាពស្ងាត់ស្ងៀមហើយនៅនឹងមួយកន្លែងជាងអ្វីដែលបានគ្រោងទុក ដូចជាបារាំង និងប្រទេសផ្សេងៗទៀតរបស់ខ្លួននៅអឺរ៉ុបដែរ។
ពួកអ្នកក្រុងប៉ារីសបានគ្រវីទង់ជាតិបារាំងដែលមានបីពណ៌ពីយ៉ាបខាងក្រៅផ្ទះ។ ពលរដ្ឋអង់គ្លេសបានផឹកតែក្នុងសួនច្បាររបស់ខ្លួន និងនៅតាមផ្លូវ ដោយធ្វើឲ្យប្រាកដថា ពួកគេនៅតែរក្សាសុវត្ថិភាពដោយស្ថិតនៅឆ្ងាយពីគ្នានៅពេលដែលពួកគេលើកកែវដើម្បីជូនពរដល់ការលះបង់រាប់មិនអស់របស់បុគ្គលដែលបាននាំឲ្យមានជ័យជម្នះនៅក្នុងទ្វីបអឺរ៉ុបនៅឆ្នាំ១៩៤៥។
តើសង្គ្រាមនេះឈ្នះយ៉ាងដូចម្តេច? តើនរណាសក្តិសមទទួលបានកិត្តិនាមពីមហាសង្គ្រាមនេះដែលហាក់ដូចជាបានបាត់បង់ចំពោះការប្រារព្ធពិធីនេះ ហើយនៅពេលដែលពួកគេ បានស្តាប់ការផ្សាយរបស់ព្រះមហាក្សត្រយានី Elizabeth ដែលដូចជាប្រទេសលោកខាងលិចផ្សេងៗទៀតដែរ បានប្រើការលះបង់ពេលសង្គ្រាមដើម្បីជំរុញឲ្យមានក្តីសង្ឃឹមក្នុងការប្រយុទ្ធប្រឆាំងមេរោគកូរ៉ូណានៅពេលឥឡូវនេះ។
នៅរដ្ឋធានីវ៉ាស៊ីនតោន អតីតយុទ្ធជនសង្គ្រាមបានចូលរួមជាមួយប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ ត្រាំក្នុងការដាក់កម្រងផ្កានៅឯវិមានរំឭកគុណយុទ្ធជនសង្គ្រាមលោកលើកទី២។លោក Judd Deere អ្នកនាំពាក្យសេតវិមានបាននិយាយថា «វីរៈជនទាំងនោះជាមតកសាសន៍ដ៏រស់រវើកដល់ស្មារតីនៃការលះបង់ និងជ័យជម្នះរបស់ពលរដ្ឋអាមេរិកាំង ជាពិសេសក្នុងថ្ងៃដ៏ខ្មៅងងឹតតាមរយៈសូរគគ្រឹកគគ្រែងនៃការជជែកដេញដោលជាប្រវត្តិសាស្រ្ត»៕
ប្រែសម្រួលដោយជឹង ប៉ូជីន