រដ្ឋអាជ្ញានៃតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC បានសច្ចាថានឹងប្រកាន់ «គោលជំហររឹងមាំ» បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានអនុញ្ញាតឲ្យមានការដាក់ទណ្ឌកម្មប្រឆាំងនឹងតុលាការនេះ ស្របពេលដែលតុលាការនេះកំពុងស៊ើបអង្កេតលើការសង្ស័យដែលថា ទាហានអាមេរិកាំងបានប្រព្រឹត្តិឧក្រិដ្ឋកម្មសង្គ្រាមនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។
រដ្ឋអាជ្ញាតុលាការ ICC អ្នកស្រី Fatou Bensouda ដែលមកពីប្រទេសហ្គំប៊ី បានប្រាប់ VOA ថា អ្នកស្រីនឹងមិនងាករេចេញពីបេសកកម្មរបស់អ្នកស្រីនៅក្នុងការកាត់ទោសឧក្រិដ្ឋជនសង្គ្រាមអន្តរជាតិនោះទេ។
អ្នកស្រី Bensouda បានបញ្ជាក់កាលពីថ្ងៃច័ន្ទតាម Skype ថា៖ «ការវាយប្រហារទាំងនេះបង្កើតឲ្យមានជម្លោះ និងជាការប៉ុនប៉ងមិនអាចទទួលយកបាននៅក្នុងការជ្រៀតជ្រែកជាមួយនឹងនីតិវិធី និងតុលាការ។ ការវាយប្រហារលើតុលាការ ICC ក៏តំណាងឲ្យការវាយប្រហារប្រឆាំងនឹងប្រយោជន៍ជនរងគ្រោះនៃឧក្រិដ្ឋកម្មសង្គ្រាមផងដែរ ដោយសារតុលាការ ICC តំណាងឲ្យក្ដីសង្ឃឹមចុងក្រោយសម្រាប់យុត្តិធម៌សម្រាប់ពួកគេជាច្រើន»។
កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន លោក Trump បានអនុញ្ញាតឲ្យមានការដាក់ទណ្ឌកម្មលើតុលាការ ICC ដោយកន្លងមក តុលាការនេះបានបញ្ជាក់ថា ខ្លួនកំពុងស៊ើបអង្កេតលើការចោទប្រកាន់ដែលថា ទាហានសហរដ្ឋអាមេរិកនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន បានប្រព្រឹត្តិឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ក៏ដូចជាការចោទប្រកាន់ថា កងកម្លាំងអាហ្វហ្គានីស្ថាន និងកងកម្លាំងតាលីបង់បានប្រព្រឹត្តិឧក្រិដ្ឋកម្មសង្គ្រាមផងដែរ៕