ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ឱ្យ​កម្ពុជា​រួច​ខ្លួន​រឿង​ចាប់​បញ្ជូន​ជនជាតិ​អ៊ុយហ្គ័រ​ទៅ​ចិន


រូបឯកសារ៖ អគារតុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិនៅក្នុងទីក្រុងឡាអេ ប្រទេសហូឡង់កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩។
រូបឯកសារ៖ អគារតុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិនៅក្នុងទីក្រុងឡាអេ ប្រទេសហូឡង់កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩។

តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ ​(International Criminal Court) បាន​សម្រេច​បដិសេធ​បណ្ដឹង​ប្រឆាំង​កម្ពុជា ទាក់ទិន​សំណុំ​រឿង​ចាប់​បញ្ជូន​បណ្ដា​ជន​ភៀស​ខ្លួន​អ៊ុយហ្គ័រ​ទៅ​ឱ្យ​ចិន​ កាល​ពី​ឆ្នាំ​២០០៩។

ខុទ្ទកាល័យ​រដ្ឋ​អាជ្ញា Fatou Bensouda របស់ ICC បាន​ឱ្យ​ដឹង​កាល​ពីថ្ងៃ​ច័ន្ទ​ថា ខ្លួន​បាន​ទទួល​បណ្ដឹងមួយ​ កាលពី​ថ្ងៃទី៦ ខែ​កក្កដា ឆ្នាំ​២០២០ ចោទ​ប្រកាន់​ទង្វើ​មន្ត្រី​ចិន​ក្នុង​ការ​យាយី​ចាប់​ឃុំឃាំង​លើ​បណ្ដា​ជន​អ៊ុយហ្គ័រ​ ដែល​សង្ស័យថាជា​ការ​ប្រល័យ​ពូជ​សាសន៍។

បណ្ដឹង​នោះ​ក៏​រាប់​បញ្ចូល​ផង​ដែរ​នូវ​ចំណាត់ការរបស់​កម្ពុជា​ និង​ប្រទេសតាហ្ស៊ីគីស្ថាន ក្នុង​ការ​ចាប់​បញ្ជូន​ជន​ភៀស​ខ្លួន​អ៊ុយហ្គ័រ​ឱ្យ​ទៅ​ប្រទេស​ចិន ដែល​ត្រូវចោទ​ប្រកាន់​ថា​មាន​ការ​ធ្វើទុក្ខ​បុក​ម្នេញ​លើ​ពួក​គេ។

កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០០៩ កម្ពុជា​បាន​ចាប់​បញ្ជូនជន​ភៀស​ខ្លួន​សុំ​សិទ្ធិ​ជ្រក​កោន​ក្នុង​ក្រប​ខណ្ឌ​អង្គការ​សហប្រជាជាតិ​ដើម​កំណើត​អ៊ុយហ្គ័រ​២២​នាក់​ទៅ​ប្រទេស​ចិន ទី​ដែល​ពួកគេ​រង​ការ​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​ពី​១៦ឆ្នាំ​ដល់​មួយ​ជីវិត។​

ខុទ្ទកាល័យ​របស់​លោកស្រី Fatou Bensouda បាន​ស្នើ​ថា៖

«វា​មិន​ទាន់​មាន​លក្ខណៈគ្រប់​គ្រាន់នោះ​ទេ ក្នុង​ការ​ចោទ​[បញ្ជូនដោយបង្ខំ​ទាំង​នោះ]​ថា​ជា​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្សជាតិ​ ទាក់​ទិន​នឹង​ការ​និរទេស​នោះ​ទេ»។

ដោយ​សារ​ចិន​មិន​មែន​ជា​រដ្ឋ​ហត្ថលេខី​ដែល​បាន​ផ្ដល់​សច្ចាប័ន​ទទួល​ស្គាល់​តុលាការ​ICC ស្ថាប័ន​យុត្តិធម៌​អន្តរ​ជាតិនេះថា​ខ្លួនខ្វះអំណាចយុត្តាធិការ​លើ​ទង្វើ​ដែល​កើត​ឡើងលើ​ទឹក​ដី​ចិន។

ទង្វើ​សង្ស័យ​អំពី​ឧក្រិដ្ឋកម្ម​លើ​បណ្ដា​ជន​អ៊ុយ​ហ្គ័រក្នុង​ខេត្ត​ស៊ីនជាំង​នោះ ​រួម​មានអំពើ​ប្រល័យពូជ​សាសន៍ ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​ទាក់​ទង​នឹង​ការ​សម្លាប់ ការ​ដាក់គុក​ឬ​ដក​ហូត​សេរី​ភាព​យ៉ាង​សម្បើម ទារុណ​កម្ម ការ​បង្ខំ​បង្អាក់​ការ​បន្ត​ពូជ​ពង្ស​និង​ទង្វើ«អមនុស្ស​ធម៌»​ដទៃ។ នេះ​បើ​យោង​តាម​ខុទ្ទកាល័យ​រដ្ឋ​អាជ្ញា​ ICC។

ទោះ​តុលាការ ICC ​ថា​ខ្លួន​មាន​យុត្តាធិការ​លើ​សកម្មភាព​ចាប់​បញ្ជូន​ឱ្យ​ចិន​នូវ​បណ្ដា​ជន​អ៊ុយ​ហ្គ័រពី​កម្ពុជា និង​តាជីគីស្ថាន ដ្បិត​ប្រទេស​ទាំង​ពីរ​នេះ​ជា​រដ្ឋ​ហត្ថលេខីទទួល​ស្គាល់​តុលាការ ខ្លឹមសារ​នៃ​កិច្ច​ពិភាក្សា​របស់​អង្គ​បុរេ​ជំនុំជម្រះ​របស់​ICC ក៏​លើក​ឡើង​ពី​កង្វះ​លក្ខណៈ​សម្បត្តិ​ផ្នែក​អង្គ​ច្បាប់​ក្នុងការ​ចាត់បញ្ចូល​ការ​បញ្ជូន​ដោយ​បង្ខំ​ទាំងនោះ​ជា​«ឧក្រិដ្ឋកម្ម»។

ខុទ្ទកាល័យ​រដ្ឋ​អាជ្ញា​អន្តរជាតិ​ដដែល​ក៏​បាន​ស្នើ​ឱ្យ​អ្នក​ដាក់​ពាក្យ​បណ្ដឹង​ដែល​មិន​បង្ហាញ​ឈ្មោះ​នោះ បញ្ជូន​នូវ​អង្គហេតុ​និង​ភស្ដុតាង​បន្ថែម។

លោក ខៀវ សុភ័គ រដ្ឋ​លេខាធិការ​ក្រសួង​មហា​ផ្ទៃ ប្រាប់​ VOA នៅ​ថ្ងៃ​ពុធ​នេះ​ថា​ការ​ចាប់​បញ្ជូន​បណ្ដា​ជន​អ៊ុយហ្គ័រ​ កាល​ពី​ឆ្នាំ​២០០៩ ដោយ​សារ​ពួកគេ​ស្ថិត​ក្នុងប្រទេស​កម្ពុជា ដោយ«ខុស​ច្បាប់» និង«អត់​មានលិខិតស្នាម»។

លោក​មាន​ប្រសាសន៍​ថា៖

«មាន​អ្នក​ណា​ទៅ​ធ្វើ​ស្អី គេ​អនុវត្ត​ច្បាប់​កម្ពុជា​ទេ​តើ មើល​ច្បាប់​អន្តោ​ប្រវេសន៍​មើល។ ហើយ ​ICC ហ្នឹង​ក៏​ដោយ អ្នក​ថា​ហ្នឹង​ក៏​ដោយ ហ៊ាន​ចូល​ស្រុក​ខ្មែរអត់​ច្បាប់​មើល​ ចាប់​បញ្ជូន​ចេញ​ឥឡូវ​ហ្នឹង»។

មន្ត្រី​ជាន់ខ្ពស់​ក្រសួង​មហាផ្ទៃ​រូបនេះ បានបដិសេធ​ថា​កម្ពុជា​រង​សម្ពាធ​ពី​ចិន​បង្ខំ​ឱ្យ​បញ្ជូន​បណ្តា​ជន​ទាំង​នោះត្រឡប់​ទៅវិញ។

លោក​បញ្ជាក់​ថា៖ «ចិន​ស៊ី​បាយ​ផ្ទះ​ចិន ខ្មែរ​ស៊ី​បាយ​ផ្ទះ​ខ្មែរ​ទេ​តើ»។

តែ​ក្នុង​សៀវភៅ​«សមុទ្រ​ចិន​ខាង​ត្បូង៖​ការ​តស៊ូ​ដើម្បី​អំណាច​នៅ​អាស៊ី» បោះពុម្ភ​ឆ្នាំ​២០១៤ អ្នក​និពន្ធ​ជាតិ​អង់គ្លេស Bill Hayton បាន​ស្រង់​សម្ដី​លោក​ឧបនាយក​រដ្ឋ​មន្ត្រី ស ខេង ប្រាប់​មន្ត្រី​ថ្នាក់​តំបន់​នៃ​ឧត្តមស្នង​ការដ្ឋានអង្គ​ការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​ជនភៀស​ខ្លួន​ថា ក្នុង​ការ​ចាប់​បញ្ជូន​ជន​អ៊ុយហ្គ័រនោះ​ កម្ពុជា​ស្ថិត​ក្នុង​«ស្ថាន​ភាព​ដ៏​លំបាក​ដោយ​សារតែ​សម្ពាធ​ពី​កម្លាំង​ខាង​ក្រៅ»។

មួយ​ថ្ងៃ​ក្រោយ​ការ​ចាប់​បញ្ជូន​ជន​ទាំង​នោះ ប្រធានាធិបតី​ចិន​បច្ចុប្បន្ន​ លោក Xi Jinping ដែល​កាល​នោះ​ជា​អនុប្រធានាធិបតី បាន​មក​បំពេញទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​ភ្នំពេញ ជាមួយ​នឹងការ​សន្យា​កញ្ចប់​ជំនួយ១,២ពាន់​លាន​ដុល្លារ។

រដ្ឋាភិបាល​សហរដ្ឋអាមេរិក នា​គ្រា​នោះ បាន​សម្ដែង​ការ​ខឹង​សម្បារ​ជុំវិញ​ចំណាត់​ការ​របស់កម្ពុជា​និង​បាន​ផ្អាក​ការ​បញ្ជូន​ជំនួយ​ជា​រថយន្ត​យោធា​២០០​គ្រឿង។ រដ្ឋាភិបាល​ចិន​បាន​តប​ដោយ​បាន​បញ្ជូន​រថយន្ត​យោធា​ជា​ជំនួយ​សរុប​២៥៦​គ្រឿង​មក​ឱ្យ​កម្ពុជា ក្រោយ​ការ​ផ្អាក​របស់​អាមេរិក។

លោក Phil Robertson នាយក​រង​ផ្នែក​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស Human Rights Watch បាន​ថ្កោល​ទោស​រដ្ឋ​អំណាច​កម្ពុជា​ថា​បាន«ជួញដូរ​អាយុ​ជីវិត»​ជន​ភៀស​ខ្លួន​ជា​ថ្នូរ​នឹង​ជំនួយ​សេដ្ឋកិច្ច ​និង​នយោបាយ ក្នុង​ការ​ចាប់​បញ្ជូន​ជន​អ៊ុយហ្គ័រ​ឱ្យ​ចិន​នា​គ្រា​នោះ។​

ទាក់​ទិន​នឹង​សេចក្ដី​សម្រេច​របស់ ​ICC លោក​បាន​លើក​ឡើង​ថា៖

«នេះ​សូម្បី​តែ​មួយ​វិនាទី​ក៏​មិន​អាច​ក្លាយ​ជា​លេស​បាន​ដែរ​ក្នុង​កា​របង្ហាញ​ថា​ទង្វើ​កម្ពុជា​ត្រឹមត្រូវ។ ទង្វើ​ដែល​បាន​ផ្ដន្ទាទោសទណ្ឌ​ទៅ​លើ​អ្នកស្វែងរក​សិទ្ធិ​ជ្រក​កោន​ដ៏កម្សត់​ទាំងនោះ​ដោយ​បញ្ជូនទៅ​ជួប​នូវ​វាសនាដែល​ពួកគេ​ខ្លាច​បំផុត រួម​មាន​ការ​ឃុំឃាំង ទារុណ​កម្ម និង​ទី​បំផុត​បាត់​ខ្លួន​ក្នុង​គុកនៅ​ស្រុក​ចិន»។

រដ្ឋាភិបាល​ចិន​តែង​តែ​បដិសេធ​ការចោទ​ប្រកាន់​អំពី​ការ​ប្រល័យ​ពូជ​សាសន៍​លើបណ្ដា​ជន​អ៊ុយហ្គ័រ។

កាលពី​ខែ​កក្កដា​ឆ្នាំ​២០១៩ កម្ពុជា​ស្ថិត​ក្នុង​ចំណោម​៣៧​រដ្ឋ ​ដែលបាន​ចូលរួម​ក្នុង​ញត្តិ​គាំទ្រ​ចិន​លើ​សំណុំ​រឿង​ជនជាតិ​ភាគ​តិច​អ៊ុយ​ហ្គ័រ​នៅ​ខេត្ត​ស៊ីនជាំង​ភាគ​ខាង​លិច​មហា​អំណាច​មួយ​នេះ។

ទីភ្នាក់​ព័ត៌មាន​បារាំង ​AFP ​បាន​ចុះ​ផ្សាយ​ថា ​ក្រុម​សិទ្ធិ​មនុស្ស​បាន​ប៉ាន់​ប្រមាណ​ថា ជន​ភាគ​តិច​អ៊ុយហ្គ័រ​ជាង​មួយ​លាន​នាក់ ​និង​ភាគ​ច្រើន​ជាជន​ភាគ​តិច​មូស្លីម​ ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ជំរំ​ជា​ច្រើន ដែល​មាន​ការ​លើក​ឡើង​ថា​ត្រូវ​បានគ្រប់​គ្រង​ដូច​ជា​ពន្ធនាគារ​និង​មាន​បំណង​លុប​បំបាត់​វប្បធម៌សាសនា​របស់​ជនជាតិ​ភាគ​តិច​អ៊ុយហ្គ័រ៕

XS
SM
MD
LG