ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទូត​អង់គ្លេស​បង្ហាញ​កង្វល់​អំពី​សិទ្ធិនយោបាយ​នៅ​កម្ពុជា​ក្នុង​ជំនួប​ជាមួយ​លោក​ ស សុខា


ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជាលោក Dominic Williams និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស សុខា ពិភាក្សាគ្នាក្នុងជំនួបមួយ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤។ (Facebook / Ministry of Interior)
ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជាលោក Dominic Williams និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស សុខា ពិភាក្សាគ្នាក្នុងជំនួបមួយ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤។ (Facebook / Ministry of Interior)

ឯក​អគ្គ​រាជទូត​ចក្រភព​អង់គ្លេស​ប្រចាំ​កម្ពុជា​លោក ​Dominic Williams ​បាន​លើក​ឡើង​អំពី​កង្វល់​របស់​លោក​ចំពោះ​សិទ្ធិ​នយោបាយ​នៅ​កម្ពុជា ​ក្នុង​ជំនួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ​លោក​ ស សុខា ​ក្នុង​ទីក្រុង​ភ្នំពេញ ​កាលពី​ថ្ងៃ​អង្គារ។​

ក្នុង​ចំណោម​ប្រទេស​នៅ​ប្លុកសេរី​ អង់គេ្លស​ជាដៃ​គូ​ពាណិជ្ជ​កម្ម​សំខាន់​មួយ​របស់​ប្រទេស​កម្ពុជា ​ហើយ​បាន​បន្ត​តាមដាន​យ៉ាង​ដិត​លើ​ស្ថានភាព​នៃ​ដំណើរ​ការ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា​ដែល​អ្នក​សង្កេត​ការណ៍​មួយ​ចំនួន​មើល​ឃើញ​ថា​ មិន​ទាន់​មាន​ភាព​ល្អ​ប្រសើរ​នៅ​ឡើយ។​

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការរបស់​ស្ថានទូត​អង់គ្លេស​នៅ​ទីក្រុង​ ភ្នំពេញ​នា​ថ្ងៃ​ពុធ​នេះ​ លោក​ឯកអគ្គ​រាជទូត​ Dominic ​បាន​ជួប​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ​លោក​ ស សុខា​ នៅថ្ងៃ​ទី​ ២៤ ​ខែ​កញ្ញា​ ឆ្នាំ​ ២០២៤។ ​ក្នុង​ជំនួប​នោះ​ ភាគីទាំង​ពីរ​បាន​ផ្តល់​ការ​កត់​សម្គាល់​អំពី​បរិយាកាស​វិជ្ជមាន​សម្រាប់​ភ្ញៀវ​ទេសចរ​ដែល​មក​ទស្សនា​ប្រទេស​កម្ពុជា​ និង​ការ​បើក​ដំណើរ​ការ​ថ្មីៗ​នៃ​នីតិវិធី​អន្តោ​ប្រវេសន៍​ឌីជីថល។ ​បញ្ហា​ប្រឈម​នៃ​ការ​បោកប្រាស់​តាម​អ៊ិនធឺណិត​ក៏​ត្រូវ​បាន​លើក​មក​ពិភាក្សា​ផង​ដែរ។​

បន្ថែម​លើ​នោះ ​លោក​ឯក​អគ្គ​រាជទូត​ Dominic​ បានលើក​ឡើង​ពី​កង្វល់​របស់​ចក្រភព​អង់គ្លេស​អំពី​សិទ្ធិ​នយោបាយ​នៅ​កម្ពុជា។​

ជំនួប​រវាង​លោក​ឯក​អគ្គ​រាជទូត​ Dominic ​និង​លោក​ ស សុខា​ កើត​ឡើង​ចំ​ពេល​ប្រទេស​កម្ពុជា​ប្រារព្ធ​ខួប​ ៣១ ​ឆ្នាំ​នៃ​ការ​ប្រកាស​ឱ្យ​ប្រើប្រាស់​រដ្ឋ​ធម្មនុញ្ញ​ដែល​បាន​មក​ពី​ការ​ជួយ​ជ្រោមជ្រែង​របស់​អង្គការ​សហ​ប្រជាជាតិ។ ​

សាស្ត្រា​ចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​នៅ​កម្ពុជា​លោក ​ឯម សុវណ្ណារ៉ា​ យល់​ថា អង់គ្លេស​ជា​ហត្ថលេខី​មួយ​លើ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​បារីស​ ដែល​នាំមក​ឱ្យ​កម្ពុជា​នូវ​ប្រព័ន្ធ​នយោបាយ​សេរី​ពហុបក្ស​ដូចមាន​ចែង​ក្នុង​រដ្ឋ​ធម្មនុញ្ញ​បច្ចុប្បន្ន។ ​លោក​ជឿ​ថា ​អង់​គ្លេស​មាន​តួនាទី​ក្នុង​ការ​ពង្រឹង​សិទ្ធិ​នយោបាយ​របស់​ពលរដ្ឋ​កម្ពុជា​ដូចមាន​ចែង​ក្នុង​រដ្ឋ​ធម្មនុញ្ញ​ដែល​ត្រូវ​បាន​ប្រកាសឱ្យ​ប្រើ​ប្រាស់​ជាផ្លូវ​ការ​កាលពី​ថ្ងៃទី​ ២៤ ​ខែ​កញ្ញា​ ឆ្នាំ ​១៩៩៣។​

លោក​ថ្លែង​ថា៖ ​«ដូច្នេះ​ អង់គ្លេស​គាត់​មាន​តួនាទី​ភារកិច្ច​ក្នុង​ការ​ជួយ​ជំរុញ​កម្ពុជា​ជា​ប្រទេស​ម្ចាស់​ផ្ទះ​ហ្នឹង​ ជា​អ្នក​អនុវត្ត​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ហ្នឹង​ឱ្យ​បាន​ពេញ​លេញ ​ដោយសារ​តែ​កន្លង​មក ​មាន​លោក​ខាងលិច​ មាន​អង់គ្លេស ​អឺរ៉ុប ​មាន​អាមេរិក​ជាដើម​តែង​តែ​លើក​ឡើង​កង្វះ​ខាត​នៃ​ការ​អនុវត្ត​នូវ​គោល​ការណ៍​ច្បាប់​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​បារីស​ ឬ​ក៏​គេ​ហៅ​ថា​ គោល​ការណ៍​ដែល​ភាគី​កម្ពុជា​ថា​ សន្យា​នឹង​អនុវត្ត​ហ្នឹង»។​

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​លោក ​អំ សំអាត​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ អង់គ្លេស​គឺ​ជា​ប្រទេស​ប្រជា​ធិបតេយ្យ​ចាស់​ទុំមួយ​ដែល​ប្រកាន់​ខ្ជាប់​ការ​គោរព​សិទ្ធិ​មនុស្ស​ ដែល​អាច​ជួយ​បំពេញ​ចន្លោះ​ខ្វះខាត​របស់​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ​ក្នុង​ការ​អនុវត្ត​លទ្ធិ​ប្រជា​ធិបតេយ្យ​ និង​ការ​គោរព​សិទ្ធិ​មនុស្ស​ឱ្យ​បាន​ពេញ​លេញ​នៅ​កម្ពុជា។​

ដោយ​ឡែក​ រដ្ឋ​លេខាធិការ​ក្រសួង​មហាផ្ទៃ ​និង​ជា​អនុ​ប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ អ្នកស្រី​ ជូ ប៊ុនអេង ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​នេះ​ថា ​ការ​ជួប​សម្តែង​មតិ​គួរ​សម​រវាង​លោក​ Dominic ​ជា​មួយ​នឹង​រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​លោក​ ស សុខា ​ដោយ​មាន​ការ​លើក​ពី​បញ្ហា​នៃ​ការ​បោក​ប្រាស់​តាម​ប្រព័ន្ធអ៊ីនធឺណិត ​គឺ​ជា​រឿង​ល្អ​មួយ​ បើ​ទោះបី​ជា​អង់គ្លេស​មិន​ទាន់​មាន​វត្តមានចូលរួម​ជាមួយ​កម្ពុជា​ក្នុង​ការ​បង្ក្រាប​អំពើ​ឆបោក​អនឡាញ​ក៏​ដោយ។​

អ្នកស្រី​ថ្លែង​ថា៖​ «ខ្ញុំ​មិន​ដឹង​ខាង​ណា​ដឹង​ទេ! ​ព្រោះ​ខ្ញុំ​អត់​ទាន់​ដឹង​ទេ ​ក៏​ដូច​ជា​មិន​ដែល​ឃើញ​ អត់​មាន​ក្នុង​ Report​ [​របាយ​ការណ៍]​ផង»។​

ទាក់ទិន​អំពើ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ​នេះ សហ​រដ្ឋ​អាមេរិក​ដែល​ជា​សម្ព័ន្ធ​មិត្ត​របស់​អង់គ្លេស​ បាន​សម្រេច​ដាក់​ទណ្ឌកម្ម​កាលពី​ពេល​ថ្មីៗ​នេះ​លើ​លោក​ឧកញ៉ា​ លី យ៉ុងផាត់​ ដែល​ជាសមាជិក​ព្រឹទ្ធ​សភា​មកពី​គណបក្ស​កាន់​អំណាច​ ដោយ​ការ​បង្កក​ទ្រព្យ​សម្បត្តិ​របស់​សេដ្ឋី​រូប​នេះ​ ក្រោយ​លោក​ត្រូវ​បាន​រក​ឃើញ​ថា​ ​មាន​ការ​ពាក់​ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ ដែល​ផ្តើម​ចេញ​ពី​មុខ​ជំនួញ​របស់​លោក​ ដូច​ជា​ការ​ជួញ​ដូរ​មនុស្ស​នៅ​ក្នុង​ប្រតិបត្តិ​ការ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ​ (Scam)​ និង​សកម្ម​ភាព​ឧក្រិដ្ឋ​ផ្សេង​ទៀត ​ដូច​ជា​ការ​វិនិយោគ​បោកប្រាស់​តាម​រូបិយ​បណ្ណ​គ្រីបតូ(cryptocurrency)។​

ភ្លាមៗ​ក្រោយ​ការ​ប្រកាស​ដាក់​ទណ្ឌកម្ម​នោះ​ ក្រសួង​ការ​បរទេស​កម្ពុជា​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​សម្តែង​ការ​សោក​ស្តាយ​យ៉ាង​ខ្លាំង​ចំពោះ​ «ការ​សម្រេច​ចិត្ត​ដោយ​អយុត្តិ​ធម៌» ​ក្នុង​ការ​ដាក់​ទណ្ឌកម្ម​លើ​លោក ​លី យ៉ុងផាត់ ​និង​ក្រុមហ៊ុន​របស់​លោក៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG