លោកសាស្ត្រាចារ្យ Chris Whitty ប្រធានផ្នែកវេជ្ជសាស្ត្ររបស់ចក្រភពអង់គ្លេសបានផ្តល់អនុសាសន៍កាលពីថ្ងៃច័ន្ទថា ក្មេងអាយុចន្លោះពី១២ឆ្នាំទៅ១៥ឆ្នាំត្រូវចាក់វ៉ាក់សាំងជំងឺកូវីដ១៩ដោយលោកនិយាយថា អត្ថប្រយោជន៍គឺបន្ថយការរំខានដល់ការសិក្សារបស់ពួកគេ។
កាលពីជាងមួយសប្តាហ៍មុនគណៈកម្មការចម្រុះស្តីពីវ៉ាក់សាំងនិងថ្នាំបង្ការរោគរបស់ចក្រភពអង់គ្លេសបានចេញសេចក្តីថ្លែងការណ៍មួយថា«កម្រិតនៃផលប្រយោជន៍»ចាក់វ៉ាក់សាំងឱ្យកុមារអាយុចន្លោះពី១២ឆ្នាំទៅ១៥ឆ្នាំគឺមានតិចតួចពេកហេតុនេះហើយបានជាពួកគេមិនអាចផ្តល់អនុសាសន៍ឱ្យរដ្ឋាភិបាលចាក់វ៉ាក់សាំងឱ្យកុមារអាយុចន្លោះពី១២ឆ្នាំទៅ១៥ឆ្នាំ។
ប៉ុន្តែនៅថ្ងៃច័ន្ទលោក Chris Whitty រួមជាមួយសមភាគីមកពីប្រទេសស្កុតលែន វេល និងអៀរឡង់ខាងជើងបានប្រាប់អ្នកយកព័ត៌មានថា ពួកគេកំពុងផ្តល់អនុសាសន៍ដល់រដ្ឋមន្រ្តីសុខាភិបាលប្រទេសរៀងៗខ្លួនថាក្មេងអាយុចន្លោះពី១២ឆ្នាំទៅ១៥ឆ្នាំត្រូវចាក់វ៉ាក់សាំង Pfizer-BioNTech មួយដូស។ ពួកគេមិនទាន់សម្រេចចិត្តថា តើត្រូវចាក់វ៉ាក់សាំងដូសទី២ដល់សិស្សឬយ៉ាងណាទេ។
លោក Whitty បាននិយាយសង្កត់ធ្ងន់ថា ការចាក់វ៉ាក់សាំងគួរតែជា«ជម្រើស» មិនមែនតម្រេូវការទេដោយលោកបន្ថែមថា«យើងមិនគិតថា នេះជាថ្នាំព្យាបាលរោគទេ។ នេះមិនមែនជាវត្ថុទិព្វទេ ... ប៉ុន្តែយើងគិតថា សំខាន់និងមានផលប្រយោជន៍ជាសក្តានុពលដើម្បីជួយកាត់បន្ថយផលប៉ះពាល់សុខភាពសាធារណៈតាមរយៈការរំខានដល់ការសិក្សា»។
លោក Whitty បាននិយាយថា ប្រធានផ្នែកវេជ្ជសាស្ត្របានចែករំលែកអនុសាសន៍របស់ជាមួយរដ្ឋមន្រ្តីរបស់ពួកគេ ហើយឥឡូវនេះវាអាស្រ័យលើរដ្ឋមន្រ្តីក្នុងការសម្រេចថា តើត្រូវឆ្លើយតបយ៉ាងដូចម្តេច។
សហរដ្ឋអាមេរិកប្រទេសអ៊ីស្រាអែលនិងបណ្តាប្រទេសអឺរ៉ុបមួយចំនួនបានចាក់វ៉ាក់សាំងដល់កុមារ ហើយរដ្ឋាភិបាលអង់គ្លេសគួរធ្វើដូចគ្នា។
ប្រទេសអង់គ្លេសមានមនុស្សស្លាប់ជាង១៣៤.០០០នាក់ដោយសារជំងឺកូវីដ១៩ ហើយការចាក់ថ្នាំបង្ការមានសភាពយឺតយ៉ាវគឺ៨១% អ្នកដែលមានអាយុលើសពី១៦ឆ្នាំបានចាក់វ៉ាក់សាំងពីរដូស៕
(ព័ត៌មានខ្លះក្នុងសេចក្តីរាយការណ៍នេះដកស្រង់ពីទីភ្នាក់ងារសារព័ត៌មាន The Associated Press, Reuters និង Agence France-Presse)