ចក្រភពអង់គ្លេសបានអនុញ្ញាតឱ្យអ្នកដំណើរពីសហរដ្ឋអាមេរិកនិងអឺរ៉ុបភាគច្រើនដែលបានចាក់វ៉ាក់សាំងរួចហើយចូលប្រទេសខ្លួនបាន ខណៈរដ្ឋាភិបាលនេះបន្តបន្ធូរបន្ថយការរឹតត្បិតការធ្វើដំណើរដើម្បីទប់ទល់នឹងវីរុសកូរ៉ូណា។ ថ្ងៃច័ន្ទគឺជាថ្ងៃដំបូងដែលអ្នកដំណើរពីសហរដ្ឋអាមេរិកនិងផ្នែកភាគច្រើននៃសហភាពអឺរ៉ុបធ្វើដំណើរចូលចក្រភពអង់គ្លេសបានដោយមិនចាំបាច់ធ្វើចត្តាឡីស័ក។
អ្នកដំណើរត្រូវធ្វើតេស្តវីរុសកូរ៉ូណាក្នុងរយៈពេលពីរថ្ងៃមុនពេលឡើងយន្តហោះទៅអង់គ្លេស។ ចក្រភពអង់គ្លេសនៅតម្រូវឱ្យអ្នកដំណើរពីប្រទេសបារាំងធ្វើចត្តាឡីស័កដោយនិយាយថា ប្រទេសបារាំងមានករណីឆ្លងវីរុសកូរ៉ូណាបំប្លែងថ្មីប្រភេទបេតា(beta) ដែលគួរឲ្យបារម្ភក្នុងតំបន់ខ្លះ។ វីរុសកូរ៉ូណាប្រភេទបេតាត្រូវបានរកឃើញជាលើកដំបូងនៅអាហ្វ្រិកខាងត្បូង។
ប្រទេសអង់គ្លេសមានអត្រាចាក់វ៉ាក់សាំងច្រើនបំផុតសម្រាប់ពលរដ្ឋ គឺ៩០%នៃ មនុស្សពេញវ័យបានចាក់វ៉ាក់សាំងយ៉ាងហោចណាស់មួយដូស។
កាសែត The Telegraph បានរាយការណ៍កាលពីថ្ងៃអាទិត្យថា ចក្រភពអង់គ្លេសនឹងចាប់ផ្តើមផ្តល់វ៉ាក់សាំងកូវីដ១៩ដល់ជនជាតិអង់គ្លេសចំនួន៣២លាននាក់នៅដើមខែកញ្ញានេះ។ ការចាក់វ៉ាក់សាំងបង្ការនេះនឹងមាននៅតាមឱសថស្ថានចំនួន២០០០ កន្លែងដោយមានគោលដៅចាក់នៅដើមខែធ្នូ។
រដ្ឋាភិបាលអង់គ្លេសបានត្រៀមយ៉ាងហោចណាស់តាំងពីខែមិថុនានៅពេលគណៈកម្មាធិការចម្រុះស្តីពីវ៉ាក់សាំងនិងភាពស៊ាំ (JCVI) បានអំពាវនាវឱ្យផ្តល់វ៉ាក់សាំងដូសទី៣ ដល់មនុស្សអាយុ ៧០ ឆ្នាំឡើង អ្នកថែទាំសុខភាពតាមផ្ទះនិងអ្នកងាយរងគ្រោះផ្នែកសុខភាព។
ចំណែកឯមន្រ្តីចិននិយាយថា អ្នកស្រុកទាំងអស់នៅទីក្រុងវូហាននឹងត្រូវធ្វើតេស្តជំងឺកូវីដ១៩ បន្ទាប់ពីការផ្ទុះឡើងជាលើកដំបូងនៅទីនោះជាងមួយឆ្នាំមកនេះ។ មន្រ្តីសាលាក្រុងលោក Li Tao បានប្រកាសនេះនៅថ្ងៃអង្គារនៅក្នុងសន្និសីទព័ត៌មាន។
វីរុសនេះត្រូវបានរកឃើញដំបូងនៅក្រុងវូហាននៅចុងឆ្នាំ២០១៩ ហើយទីក្រុងដែលមានប្រជាជនចំនួន១១លាននាក់នេះត្រូវរាំងខ្ទប់យ៉ាងតឹងរ៉ឹងនៅខែមករាឆ្នាំ២០២០ រយៈពេល ៧៦ថ្ងៃ៕
(ព័ត៌មានខ្លះក្នុងសេចក្តីរាយការណ៍នេះត្រូវបានដកស្រង់ពីទីភ្នាក់ងារព័ត៌មាន AP, AFP និង Reuters)