ប្រទេសអង់គ្លេសត្រូវបានរុញចូលទៅក្នុងភាពមិនប្រាកដប្រជាខាងនយោបាយនៅថ្ងៃសុក្រនេះ ក្រោយពីគណបក្សពលករ ដែលជាបក្សប្រឆាំងដ៏ធំក្នុងប្រទេសនេះ បានឈ្នះការបោះឆ្នោតវិសាមញ្ញមួយ ដោយមិនផ្ដល់សំឡេងភាគច្រើនក្នុងរដ្ឋសភា ដល់នាយករដ្ឋមន្ត្រីគឺលោកស្រី Theresa May និងគណបក្សអភិរក្សនិយមរបស់លោកស្រី ដែលកំពុងកាន់អំណាច។
ជោគជ័យរបស់គណបក្សប្រឆាំងនេះ គឺភាគច្រើនដោយសារការកើនឡើងនូវសំឡេងឆ្នោតរបស់យុវជន។
ជាអ្វីមួយដែលត្រូវបានចាត់ចំណាត់ថ្នាក់ថាជាការបោះឆ្នោតដ៏គួរចាប់អារម្មណ៍បំផុតមួយក្នុងប្រវត្តិសាស្ត្រសម័យទំនើបរបស់អង់គ្លេស ល្បែងនយោបាយរបស់លោកស្រី May ក្នុងការពង្រីកមតិភាគច្រើននៅក្នុងសភា សម្រាប់គណបក្សរបស់លោកស្រីនោះ បានបរាជ័យគួរឲ្យកត់សម្គាល់។ ការណ៍នេះ បានធ្វើឲ្យមានមន្ទិលថាតើលោកស្រី នឹងអាចរក្សានិងដឹកនាំរដ្ឋាភិបាលសំឡេងភាគតិច ដោយមានការគាំទ្រពីគណបក្សសហជីពនៅអៀវឡង់ខាងជើងបានដែរ ឬអត់។
ការអំពាវនាវឲ្យលោកស្រីនាយករដ្ឋមន្ត្រី ចុះចេញពីតំណែង កាន់តែមានសភាពខ្លាំងក្លាឡើង ពីសំណាក់គណបក្សពលករ និងមេដឹកនាំគណបក្សទី៣ ព្រមទាំងពីសមាជិកមួយចំនួននៃគណបក្សអភិរក្សនិយមរបស់លោកស្រីផ្ទាល់ផងដែរ។
ប៉ុន្តែ លោកស្រី May បានបញ្ជាក់យ៉ាងច្បាស់ថា លោកស្រី នឹងប្រឹងជម្នះ ដើម្បីដឹកនាំរដ្ឋាភិបាលបន្តទៀត បន្ទាប់ពីទទួលបានការធានាអះអាងពីក្រុមសហជីពដែលគាំទ្រលោកស្រី។
មន្ត្រីរដ្ឋាភិបាល និយាយថា លោកស្រីនាយករដ្ឋមន្ត្រី នឹងធ្វើដំណើរទៅកាន់ព្រះបរមរាជវាំងអង់គ្លេស ដើម្បីស្នើសុំរាជានុញ្ញាតពីព្រះមហាក្សត្រិយានី ដើម្បីបង្កើតរដ្ឋាភិបាល។
គម្រោងការរបស់លោកស្រីMayគឺគ្រប់គ្រងរដ្ឋាភិបាល ដោយមានការគាំទ្រពីគណបក្សសហជីពនៅអៀវឡង់ខាងជើង ហើយ លោកស្រី នឹងមានសំឡេងភាគច្រើន លើសតែមួយអាសនៈប៉ុណ្ណោះនៅក្នុងសភា។
នៅពេលនោះ ផែនការរបស់លោកស្រីនាយករដ្ឋមន្ត្រី នឹងប្រឈមមុខនឹងការបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តពីរដ្ឋសភា នៅសប្ដាហ៍ក្រោយ៕