លោកមេធាវី Sergei Magnitsky បានស្លាប់នៅក្នុងពន្ធនាគារមូស្គូមួយ ក្នុងឆ្នាំ២០០៩ បន្ទាប់ពីលោកបានជាប់ពន្ធនាគារជិតមួយឆ្នាំ ដោយគ្មានការជំនុំជម្រះ។ លោកត្រូវបានគេចោទប្រកាន់ពីបទឃុបឃិតទុច្ចរិត ប៉ុន្តែ អ្នកគាំទ្ររបស់លោកនិយាយថា លោកត្រូវបានប្រទេសរុស្ស៊ីតាមប្រមាញ់ បន្ទាប់ពីលោក Sergei Magnitsky បានរកឃើញបទល្មើសឆបោកដែលមានទឹកប្រាក់ចំនួន២៣០លានដុល្លារ ដោយមន្ត្រីជាន់ខ្ពស់ជាច្រើន ដោយប្រើសាខាក្រុមហ៊ុននៅក្រោមមូលនិធិវិនិយោគ Hermitage Capital។
ការស៊ើបអង្កេតឯករាជ្យមួយបានសន្និដ្ឋានថា លោក Sergei Magnitsky ត្រូវបានឆ្មាំយាមពន្ធនាគារ ៨នាក់ធ្វើទារុណកម្មនៅថ្ងៃដែលលោកស្លាប់។ មិនមាននរណាម្នាក់ត្រូវបានកាត់ទោសនោះទេ។
លោក Bill Browder អគ្គនាយករបស់ក្រុមហ៊ុន Hermitage Capital បានតស៊ូមតិរហូតទទួលបានជោគជ័យ ដើម្បីឲ្យមានការអនុម័តច្បាប់ Magnitsky ក្នុងច្បាប់អាមេរិក ដោយច្បាប់នេះកំណត់ចំពោះជនទាំងឡាយណាដែលពាក់ព័ន្ធនឹងបទល្មើសឆបោក និងការស្លាប់របស់លោកមេធាវី Sergei Magnitsky។ ឥឡូវនេះ លោក Browder កំពុងតស៊ូមតិដើម្បី ឲ្យមានច្បាប់ស្រដៀងគ្នានេះដែរ អនុម័តនៅចក្រភពអង់គ្លេស។ លោកបានប្រាប់ VOA ថា លោកមានសុទិដ្ឋិនិយមចំពោះបញ្ហានេះ។
«កត្តាចង្អុលបង្ហាញទាំងអស់គឺថា យើងមានក្រុមដ៏ខ្លាំងមួយដែលមានការគាំទ្រពីគណបក្សជាច្រើនក្នុងចំណោមគណបក្សធំៗទាំងអស់»។
លោក Browder និយាយថា សកម្មភាពរបស់រដ្ឋាភិបាលក្រុងមូស្គូនៅក្នុងប្រទេសអ៊ុយក្រែន និងប្រទេសស៊ីរី កំពុងតែជំរុញឲ្យលោកប្រឹងប្រែងកាន់តែខ្លាំងថែមទៀត។
លោក Browder ថ្លែងថា៖ «សកម្មភាពរបស់រុស្ស៊ីក្នុងរយៈពេល២ឆ្នាំកាន់តែរីករាលដាលដែលវាអាចបញ្ចុះបញ្ចូលសាខាប្រតិបត្តិផ្សេងៗដែលយល់ថាវាជារឿងត្រឹមត្រូវ ត្រូវតែអនុវត្ត»។
ការស្នើច្បាប់ Magnitsky របស់អង់គ្លេសមួយនេះ ត្រូវបានគេជជែកដេញដោល ខណៈដែលមានវិសោធនកម្មច្បាប់មួយឲ្យទៅជាច្បាប់មួយកាន់តែទូលាយ ដែលគេហៅថាច្បាប់ព្រហ្មទណ្ឌហិរញ្ញវត្ថុ។ លោក Andrew Foxall ជាប្រធានកម្មវិធីរុស្ស៊ីរបស់ក្រុមអ្នកវិភាគមួយដែលមានឈ្មោះថា Henry Jackson Society។
លោក Foxall និយាយថា៖ «អ្វីដែលប្រទេសអង់គ្លេសព្យាយាមធ្វើគឺពង្រីកវិសាលភាពនៃច្បាប់ពាក់ព័ន្ធនឹងលោក Magnitsky ឲ្យចូលក្នុងបរិបទសាកលមួយ»។
លោក Browder និយាយថា អ្នកណាក៏អាចស្នើឲ្យមានការបង្កកទ្រព្យសម្បត្តិនៅក្រោមច្បាប់ដែលបានស្នើឡើងនេះ ធ្វើឲ្យច្បាប់នេះក្លាយជាឧបករណ៍ដ៏មានអំណាចមួយ។
«ភាគីឯកជន អង្គការក្រៅរដ្ឋាភិបាល អាចនឹងត្រូវទៅតុលាការជាមួយនឹងមេធាវីស្ម័គ្រចិត្ត ហើយអាចទៅស៊ើបរកជនទុច្ចរិតណាមួយ និងទទួលការចាត់តាំងពីតុលាការ ដោយឯករាជ្យភាពទាំងស្រុងពីរដ្ឋាភិបាល។
ក្រុងឡុងដ៍ ជាផ្ទះដែលពេញនិយមទី២របស់អ្នកមានអំណាចជាច្រើន មកពីប្រទេសរុស្ស៊ី និងអតីតរដ្ឋសូវៀត ដែលមួយចំនួននៃអ្នកទាំងនោះត្រូវបានគេចោទប្រកាន់ពីបទរំលោភសិទ្ធិមនុស្ស និងអំពើពុករលួយ។
លោក Andrew Foxall និយាយថា៖ «ទីភ្នាក់ងារប្រឆាំងឧក្រិដ្ឋកម្មជាតិ ឬ The National Crime Agency បានឲ្យដឹងថា ជារៀងរាល់ឆ្នាំ ទ្រព្យសម្បត្តិ លើសពី ១០០ ពាន់លានផោន ឬ ១២៣ ពាន់លានដុល្លារ នៃប្រាក់ពុករលួយ ឆ្លងកាត់ចក្រភពអង់គ្លេស»។
តំណាងរាស្រ្តនឹងបោះឆ្នោតលើវិសោធនកម្មនៅក្នុងសប្ដាហ៍ខាងមុខ។ អ្នកគាំទ្រច្បាប់នេះសង្ឃឹមថា ការអនុម័តច្បាប់នេះនឹងអាចដាក់សម្ពាធលើសហភាពអឺរ៉ុបឲ្យអនុម័តច្បាប់ស្រដៀងគ្នានេះ៕
ប្រែសម្រួលដោយ ប៊ុន ប៉េងហ៊ុយ