ចក្រភពអង់គ្លេសបានប្រាប់ឲ្យដឹងនៅថ្ងៃព្រហស្បត៍នេះថា នាវាអ៊ីរ៉ង់បានព្យាយាមរារាំងការធ្វើដំណើររបស់កប៉ាល់ដឹកប្រេងរបស់ចក្រភពអង់គ្លេសដែលឆ្លងកាត់ច្រកសមុទ្រ Hormuz។
សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាល ប្រាប់ឲ្យដឹងថា នាវា ៣គ្រឿងរបស់អ៊ីរ៉ង់ បានទាក់ទិនក្នុងឧបទ្ទវហេតុ ហើយថា នាវាទាំងនោះបានបើកត្រឡប់ទៅវិញនៅពេលដែលពួកគេបានទទួលការព្រមានពីនាវាចំបាំងរបស់ចក្រភពអង់គ្លេស។
ឆ្មាំបដិវត្តន៍របស់អ៊ីរ៉ង់បានបដិសេធការចោទប្រកាន់របស់ចក្រភពអង់គ្លេស។ សេចក្តីថ្លែងការណ៍នោះ បានធ្វើឡើងដោយទីភ្នាក់ងារព័ត៌មានពាក់កណ្តាលផ្លូវការណ៍ Fars បានប្រាប់ឲ្យដឹងថា នាវាយាមល្បាតឆ្មាំការពារបដិវត្តិន៍ បានបំពេញភារកិច្ចជាធម្មតាហើយមិនមានការប៉ះទង្គិចជាមួយកប៉ាល់បរទេស ជាពិសេស កប៉ាល់របស់អង់គ្លេសទេ។
លោក Hassan Rouhani ប្រធានាធិបតីនៃប្រទេសអ៊ីរ៉ង់ បានព្រមានកាលពីថ្ងៃពុធថា អង់គ្លេស នឹងប្រឈមផលវិបាកយ៉ាងខ្លាំងអំពីការចាប់កប៉ាល់ដឹកប្រេងអ៊ីរ៉ង់កាលពីសប្តាហ៍មុនដែលកប៉ាល់នោះត្រូវបានគេសង្ស័យដឹកប្រេងទៅកាន់ប្រទេសស៊ីរីដែលជាការរំលោភការដាក់ទណ្ឌកម្ម។
ការតានតឹងក្នុងឈូងសមុទ្រពែកបានរីកកាន់តែធំឡើងរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់អាមេរិកចាប់តាំពីរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានបង្កើនការដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងរដ្ឋាភិបាលក្រុងតេរ៉ង់ ហើយនឹងចាត់វិធានការដើម្បីទប់ស្កាត់ការនាំប្រេងចេញរបស់អ៊ីរ៉ង់ដែលជាផ្នែកមួយនៃគោលនយោបាយនៃ «ការដាក់សម្ពាធជាអតិបរមា» ដើម្បីបង្ខំឲ្យអ៊ីរ៉ង់បញ្ចប់សកម្មភាពដែលត្រូវបានគេចាត់ទុកធ្វើឲ្យអន្តរាយដល់សន្តិសុខនៅក្នុងតំបន់៕